អានតួអត្ថបទ
អ៊ីតាលី-បុរីវ៉ាទីកង់

បុរីវ៉ាទីកង់៖ប្រមុខសង្ឃ​កាតូលិក​សម្តែង​ក្តី​សង្ឃឹម​សន្តិភាព​ចំពោះ​ប្រទេស​ស៊ីរី

នៅ​ថ្ងៃ​ទី២៧ មីនា​ដែល​ជា​ថ្ងៃ​បុណ្យ​សម្រាប់​អ្នកកាន់​សាសនាគ្រិស្ត ប្រមុខសង្ឃ​កាតូលិក​សម្តេច​ប៉ាប​ហ្រ្វង់ស័រ​បាន​ថ្លែង​សារ​ទៅ​តាម​ទំនៀមទម្លាប់ប្រពៃណី​នៅ​ទីលាន​សាំងព្ជែរ បុរីវ៉ាទីកង់​ក្នុង​ប្រទេស​អ៊ីតាលី។ នៅ​ក្នុង​សារ​នោះ សម្តេចប៉ាប​បាន​បន់ស្រន់​ឲ្យ​កិច្ចចរចា​សន្តិភាព​ស្តីពី​ស៊ីរី​ទទួល​បាន​ជោគជ័យ ព្រម​ទាំង​លើកឡើង​ពី​ស្ថានភាព​របស់​ជនភៀសខ្លួន និង​អំពើ​ភេរវកម្ម។

សម្តេចប៉ាប​ហ្រ្វង់ស័រ ប្រមុខសង្ឃកាតូលិក
សម្តេចប៉ាប​ហ្រ្វង់ស័រ ប្រមុខសង្ឃកាតូលិក REUTERS/Max Rossi
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​ទំនៀមទម្លាប់​ប្រពៃណី​មួយ​ដែល​ប្រមុខ​សង្ឃ​កាតូលិក​សម្តេចប៉ាប​ហ្រ្វង់ស័រ​បាន​ថ្លែង​សារ​នៅ​ក្នុង​ថ្ងៃ​បុណ្យ​សាសនា​របស់​អ្នក​កាន់សាសនា​គ្រិស្ត។ តែ​អ្វី​ជា​ការ​កត់សម្គាល់​សម្រាប់​បុណ្យ​សាសនាគ្រិស្ត​ឆ្នាំ​នេះ សារ​របស់​សម្តេចប៉ាប​បាន​ផ្តោត​សំខាន់​លើ​ប្រធានរឿង​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​លោក​សព្វថ្ងៃ ពិសេស​គឺ​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដែល​បាន​ធ្លាក់​ក្នុង​សង្រ្គាមស៊ីវិល​ហែកហួរ​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ។ ការ​បន់ស្រន់​របស់​ប្រមុខ​សង្ឃ​កាតូលិក គឺ​ចង់​ឃើញ​កិច្ចខិតខំ​ប្រឹងប្រែង​តាម​ផ្លូវទូត​របស់​សហគមន៍​អន្តរជាតិ​សព្វថ្ងៃ​ទទួល​បាន​ផ្លែផ្កា​សន្តិភាព​ឲ្យ​ប្រទេស និង​ប្រជាជន​ស៊ីរី។

ក្រៅ​ពី​បន់ស្រន់​ឲ្យ​មាន​សន្តិភាព​នៅ​ក្នុង​ប្រទេស​ស៊ីរី សារ​ចង់​បាន​សន្តិភាព​របស់​សម្តេចប៉ាប​ក៏​បាន​ផ្តោត​លើ​ប្រទេស​អ៊ុយក្រែន អ៊ីរ៉ាក់ យេម៉ែន ប៊ូរុនឌី និង​ប្រទេស​ស៊ូដង់ខាងត្បូង​ដែរ។ ទន្ទឹម​គ្នា​នេះ និង​អ្វី​ដែល​ប្រមុខ​សង្ឃ​កាតូលិក​មិន​អាច​បំភ្លេច​បាន​នោះ គឺ​កំណើន​អំពើ​ភេរវកម្ម​សម្លាប់​ជន​ស្លូត​ត្រង់​នៅ​ក្នុង​ពិភពលោក។ ត្រង់​ចំណុច​នេះ សម្តេចប៉ាប​បាន​លើក​ឡើង​ពី​អំពើ​ភេរវកម្ម​ថ្មីៗ​នៅ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក នៅ​ក្នុង​ប្រទេស​តួកគី ប្រទេស​ឆាដ ប្រទេស​កាមេរូន ឬ​មួយ​ក៏​ប្រទេស​កូដឌីវ័រ​ជា​ដើម។ សម្តេចប៉ាប​បាន​ចាត់​ទុក​ទង្វើ​ភេរវកម្ម​ទាំង​អស់​នោះ​ថា ជា​ទង្វើ​ដ៏​ងងឹតងងុល​ដែល​បង្ហូរ​ឈាម​អ្នក​ស្លូតត្រង់ គ្មាន​កំហុស។

ដោយឡែក សំណុំរឿង​មួយ​ដែល​ប្រមុខ​សង្ឃកាតូលិក​មិន​អាច​បំភ្លេច​បាន​នោះ គឺ​ជនភៀសខ្លួន​ដែល​បាន និង​កំពុង​បន្ត​មក​កាន់​ទ្វីបអឺរ៉ុប​ដើម្បី​គេច​ពី​សង្រ្គាម ពី​ភាព​អត់ឃ្លាន ពី​ភាព​ក្រីក្រ​តោកយ៉ាក និង​ពី​ភាព​អយុត្តិធម៌​នៅ​ក្នុង​សង្គម។ នៅ​ក្នុង​ន័យ​នេះ សម្តេច​ប៉ាប​ហ្រ្វង់ស័រ​មិន​ញញើត​នឹង​បរិហារ​ប្រទេស​អឺរ៉ុប​ខ្លះ​ដែល​បាន​បដិសេធ​ក្នុង​ការ​ទទួល និង​ជួយ​សង្រ្គោះ​ជនភៀសខ្លួន​ទាំង​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ