អានតួអត្ថបទ
បារំាង-ម៉ាឡេស៊ី

តុលាការបារំាង៖បំណែកស្លាបយន្តហោះរកឃើញនៅកោះរ៉េអ៊ុយញ៉ុងពិតជារបស់ MH៣៧០

នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី៣ កញ្ញា តុលាការ​បារំាង​បាន​បញ្ជាក់​ដោយ​មាន​សុទិដ្ឋិនិយម​ថា បំណែក​ស្លាប​យន្តហោះ​ដែល​បាន​រក​ឃើញ​នៅ​លើ​ឆ្នេរ​កោះ​រ៉េអ៊ុយញ៉ុង​កាល​ពី​ថ្ងៃទី២៩ កក្កដា​កន្លង​ទៅ​ពិត​ជា​របស់​យន្តហោះ​ប៊ូអ៊ីង Malaysia Airline ដែល​បាន​បាត់​ខ្លួន​កាល​ពី​ថ្ងៃទី៨ មីនា ឆ្នំា ២០១៤ ជាមួយ​នឹង​អ្នកដំណើរ​ចំនួន ២៣៩នាក់។ ការ​ប្រកាស​របស់​តុលាការ​បារំាង​ពេល​នេះ​បាន​ធ្វើ​ឡើង ជិត​មួយ​ខែ​ក្រោយ​ពី​ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី Najib Razak ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី៦ សីហា​ដែល​ថា បំណែក​ស្លាប​យន្តហោះ​ដែល​បាន​រក​ឃើញ​នៅ​លើ​ឆ្នេរ​កោះ​រ៉េអ៊ុយញ៉ុង​ទឹកដី​បារំាង​ពិត​ជា​ស្លាប​យន្តហោះ​ប្រភេទ​ប៊ូអ៊ីង ៧៧៧ របស់ Malaysia Airline មែន។

រដ្ឋអាជ្ញា​បារំាង​លោក​ហ្វ្រង់ស័រ ម៉ូឡាំង
រដ្ឋអាជ្ញា​បារំាង​លោក​ហ្វ្រង់ស័រ ម៉ូឡាំង AFP PHOTO / STEPHANE DE SAKUTIN
ផ្សាយពាណិជ្ជកម្ម

ការ​សន្និដ្ឋាន​ប្រកប​ដោយ​សុទុដ្ឋិនិយម​របស់​តុលាការ​បារំាង​ពេល​នេះ​បាន​ធ្វើ​ឡើង ដោយ​សំអាង​លើ​លទ្ធផល​របស់​គណៈកម្មការ​ចម្រុះ​អន្តរជាតិ​ដែល​មាន​តួនាទី​ជា​អ្នក​ស៊ើបអង្កេត និង​សិក្សា​លើ​បំណែក​ស្លាប​យន្តហោះ​ដែល​បាន​រក​ឃើញ​នៅ​លើ​ឆ្នេរកោះ​រ៉េអ៊ុយញ៉ុង​ក្នុង​ទឹកដី​បារំាង​កាល​ពី​ថ្ងៃទី២៩ កក្កដា​កន្លង​ទៅ។ គួរ​រម្លឹក​ជូន​ថា បំណែក​ស្លាប​យន្តហោះ​ដែល​បាន​រក​ឃើញ​នោះ​ត្រូវ​បាន​គេ​យក​ទៅ​ពិនិត្យពិច័យ​នៅ​ក្នុង​បន្ទប់​ពិសោធន៍​យោធា​មួយ​ដោយ​មាន​ជំនួយ​ពី​ក្រុមហ៊ុន Airbus Defense and Space ដែល​ជា​ក្រុមហ៊ុន​ផលិត​គ្រឿង​យន្តហោះ​ជា​ច្រើន​ប្រភេទ​សម្រាប់​ក្រុមហ៊ុន​ប៊ូអ៊ីង។ តុលាការ​បារំាង​បាន​ពន្យល់​បក​ស្រាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា មាន​លេខ​មួយ​ក្នុង​ចំណោម​លេខ​ទំាង​បី​ដែល​អ្នកបច្ចេកទេស​របស់​ក្រុមហ៊ុន Airbus Defense and Space បាន​រក​ឃើញ​នៅ​លើ​បំណែក​ស្លាប​យន្តហោះ ពិត​ជា​លេខ​របស់​ស្លាប​យន្តហោះ​ប៊ូអ៊ីង ៧៧៧ ដែល​មាន​ជើង​ហោះហើរ​លេខ MH៣៧០។

គឺ​តាម​រយៈ​លទ្ធផល​របស់​ក្រុមហ៊ុន Airbus Defense and Space នេះ​ហើយ​ដែល​រដ្ឋអាជ្ញា​បារំាង​លោក​ហ្វ្រង់ស័រ ម៉ូឡាំង​ហ៊ាន​សន្និដ្ឋាន​ច្បាស់ៗ​ថា ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ គេ​អាច​បញ្ជាក់​ដោយ​សុទិដ្ឋិនិយម​ថា បំណែក​ស្លាប​យន្តហោះ​ដែល​បាន​រក​ឃើញ​នៅ​លើ​ឆ្នេរ​កោះ​រ៉េអ៊ុយញ៉ុង​កាល​ពី​ថ្ងៃទី២៩ កក្កដា​កន្លង​ទៅ​ពិត​ជា​របស់​យន្តហោះ​ប៊ូអ៊ីង Malaysia Airline មាន​ជើងហោះហើរ​លេខ MH៣៧០ មែន។ គួរ​រម្លឹក​ជូន​ថា កាល​ពី​ថ្ងៃទី៥ សីហា​កន្លង​ទៅ រដ្ឋអាជ្ញារង​បារំាង​ធ្លាប់​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ព័ត៌មាន​ជាក់ច្បាស់​ម្តង​ហើយ និង​ដែល​រដ្ឋអំណាច​ម៉ាឡេស៊ី​ក៏​ធ្លាប់​បាន​សន្និដ្ឋាន​យ៉ាង​ដូច​នេះ​ដែរ​កាល​ពី​ជិត ១ខែ​មុន។

សូម​ជម្រាប​ជូន​ថា តំាង​ពី​យន្តហោះ​ម៉ាឡេស៊ី​ជើង​ហោះហើរ​លេខ MH៣៧០ បាន​បាត់ខ្លួន​ជាង ១ឆ្នំា​មក បំណែក​ស្លាប​យន្តហោះ​ដែល​បាន​រក​ឃើញ​នៅ​កោះ​រ៉េអ៊ុយញ៉ុង​ក្នុង​ខែ​កក្កដា​កន្លង​ទៅ គឺ​ជា​បំណែក​ទី១ របស់​ប៊ូអ៊ីង ៧៧៧ មាន​ពាក់​ស្លាកលេខ ៩M-MRO។ យន្តហោះ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ប៊ូអ៊ីង​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន Malaysia Airline ក្នុង​ឆ្នំា ២០០២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ