អានតួអត្ថបទ
អ៊ីតាលី-ជីហាត

ប្រទេស​នៅ​អឺរ៉ុប​បើក​ប្រតិបត្តិការ​គាស់រំលើង​បណ្តាញ​ជីហាត

ប៉ូលិស​អ៊ីតាលី កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១២​វិច្ឆិកា បាន​ប្រកាស​ថា ខ្លួន​បាន​បើក​ប្រតិបត្តិការ​បង្រ្កាប​បណ្តាញ​ក្រុមជីហាត នៅក្នុង​ទឹកដី​អឺរ៉ុប។ ទៅតាម​ដីការ​ប្រឆាំង​នឹង​ជនសង្ស័យ​១៧​នាក់ មនុស្ស​៦នាក់ ត្រូវ​បាន​ចាប់ខ្លួន​នៅ​អ៊ីតាលី ៤​នាក់ នៅ​អង់គ្លេស និង​៣នាក់​នៅ ប្រទេស​ន័រវែស។ តាម​ប៉ូលិស​អ៊ីតាលី បណ្តាញ​របស់​ក្រុមជីហាត មាន​គម្រោង​ធ្វើ​ភេរវកម្ម ឬ​ការចាប់​ជំរិត ដើម្បី​ដាក់​គំនាប​ឲ្យ​រដ្ឋាភិបាល​ន័រវែស​ដោះលែង​មេដឹកនាំ​ជនជាតិ​គួដ​អ៊ីរ៉ាក់ ម៉ូឡា ក្រេកា។ 

Najmaddin Faraj Ahmad ហៅ​ក្រៅ  ម៉ូឡា ក្រេការ ជា​មេក្រុម​សាសនា​អ៊ីស្លាម​ជ្រុលនិយម​លេច​មុខ​នៅ​តុលាការ​នរវ៉ែស ក្នុង​បទ​ចោទប្រកាន់​គំរាមកំហែង​សម្លាប់​អ្នកនយោបាយ​នរវ៉ែស
Najmaddin Faraj Ahmad ហៅ​ក្រៅ ម៉ូឡា ក្រេការ ជា​មេក្រុម​សាសនា​អ៊ីស្លាម​ជ្រុលនិយម​លេច​មុខ​នៅ​តុលាការ​នរវ៉ែស ក្នុង​បទ​ចោទប្រកាន់​គំរាមកំហែង​សម្លាប់​អ្នកនយោបាយ​នរវ៉ែស ©REUTERS/Jon Olav Nesvold
ផ្សាយពាណិជ្ជកម្ម

ជនសង្ស័យ​ទាំង ១៧​នាក់ ដែល​ជា​មុខសញ្ញា​របស់​ប៉ូលិស​អ៊ីតាលី មាន​១៦នាក់ ជា​ជនជាតិ​គួដ​អ៊ីរ៉ាក់ និង​ម្នាក់​ជា​ជនជាតិ​កូសូវ៉ូ។ តាម​ប៉ូលិស​អ៊ីតាលី ដែល​ជាអ្នកផ្តើម​គំនិត បើក​ប្រតិបត្តិការ​ប្រឆាំង ក្រុមជីហាត នៅអឺរ៉ុប មនុស្ស​សរុប ១៣​នាក់ ត្រូវ​បាន​ចាប់ខ្លួន នៅក្នុង​ប្រទេស​បី​ផ្សេងគ្នា អ៊ីតាលី អង់គ្លេស និង​ន័រវែស ចំណែក​ជនសង្ស័យ​ផ្សេង​ទៀត បាន​ចេញ​ដំណើរ​រួចហើយ​ទៅ​ប្រយុទ្ធ​ក្នុង​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម នៅ​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់។

 
តាម​អ្នកស៊ើបអង្កេត ជនសង្ស័យ​ដែល​ប៉ូលិស​អឺរ៉ុប​ចាប់ខ្លួន​បាន គឺ​ជា​សមាជិក កូនសិស្ស​របស់​មេដឹកនាំ​សាសនា​គួដ អ៊ីរ៉ាក់​ម្នាក់ ឈ្មោះ ម៉ូឡា ក្រេការ ដែល​បច្ចុប្បន្ន​កំពុង​ជាប់​ក្នុងពន្ធនាគារ​នៅ​ប្រទេស ន័រវែស។ ម៉ូឡា ក្រេការ ដែល​បាន​មកដល់​ទឹកដី​ន័រវែស ឆ្នាំ ១៩៩១ ក្នុង​នាម​ជា​ជនភៀស​ខ្លួន អ៊ីរ៉ាក់ បាន​បង្កើត​ក្រុមអ៊ីស្លាម ជ្រុលនិយម ឈ្មោះ អានសារ អាល់ អ៊ីស្លាម។ ម៉ូឡា ក្រេការ ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ជាច្រើន​លើក ដោយសារ​តែ​បាន​គំរាម​សម្លាប់​មន្រ្តី ន័រវែស។ មេគ្រូសាសនា​រូបនេះ ត្រូវ​បាន​ចាប់ខ្លួន​សាជាថ្មី នៅ​ឆ្នាំ ២០១៥ បន្ទាប់ បាន​និយាយ​កោតសរសើរ​ស្នាដៃ បងប្អូន​ភេរវជន​បារាំង ដែល​បានបាញ់​សម្លាប់​អ្នកកាសែត​របស់​Charlie Hebdo នៅ​ទីក្រុង​ប៉ារីស នៅ​ដើម​ឆ្នាំនេះ។ ម៉ូឡា ក្រេការ និង​សមាជិក​របស់​ក្រុមអានសារ អាល់ អ៊ីស្លាម ស្ថិតនៅ​ផងដែរ ក្នុង​បញ្ជី​ក្រុមភេរវនិយម​របស់​អាមេរិក និង​អង្គការ​សហប្រជាជាតិ។

តាម​អ្នកទទួល​ខុសត្រូវ​អ៊ីតាលី ដែល​ចាត់ចែង ផ្ទាល់​ប្រតិបត្តិការ​លើកនេះ អ្វី​ដែល​សំខាន់ គឺ​គេ​បាន​បំផ្លាញ បណ្តាញ ក្រុម​ជីហាត ដែល​មាន​ខ្សែ​បណ្តាញ​ចាក់ស្រែះ​គ្នា នៅ​អឺរ៉ុប គឺ​ពី​អ៊ីតាលី ទៅ​អង់គ្លេស ន័រវែស ហ្វាំងឡង់ ស្វ៊ីស និង​អាល្លឺម៉ង់។ ទីភ្នាក់ងារ​ព័ត៌មាន អ៊ីតាលី Ansa​បាន​រាយការណ៍​ថា ជន​សង្ស័យ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ចូលរួម​ក្នុង​បណ្តាញ​ភេរវជន​អន្តរជាតិ។ តាមអាជ្ញាធរ​អ៊ីតាលី ក្រុមជីហាត​​កំពុង​ត្រៀមខ្លួន រើស​បញ្ចូល​មនុស្ស​ឲ្យ​ទៅ​ប្រយុទ្ធ​ក្នុង​ក្រុមជីហាត នៃអង្គការ​រដ្ឋ​អ៊ីស្លាម។ ក្រៅតែ​ពី​មាន​ផែនការ​ចាប់ជំរិត​មន្រ្តី​រដ្ឋាភិបាល​ន័រវែស ដើម្បី​ធ្វើ​ជាថ្នូរ​នឹង​ការដោះលែង​មេដឹកនាំ​របស់ខ្លួន សមាជិក​របស់​ក្រុមជីហាត​នេះ​មួយចំនួន​មាន​គម្រោង​ផងដែរ ធ្វើភេរវកម្ម​អត្តឃាត ក្នុង​ទឹកដី​អ៊ឺរ៉ុប។ ប៉ូលិស​អ៊ីតាលី​ចាប់​ពង្រឹង​សន្តិសុខ​ខ្លាំង នៅ​មុន​ពិធីទស្សនកិច្ច​របស់​សម្តេច​សង្ឃ​កាតូលិក ហ្រ្វង់ស័រ ដែល​ត្រូវ​ធ្វើ​នៅ​ពាក់​កណ្តាល​ខែ​ធ្នូ​ខាងមុខ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ