នាយករដ្ឋមន្រ្តី ហុងគ្រី៖ ជនភៀសខ្លួនមិនបានរត់ពីសង្រ្គាម ប៉ុន្តែ ពីជីវិតលំបាក នៅក្នុងជំរំ
មនុស្សរាប់ពាន់នាក់ត្រូវគេរំពឹងថា នឹងជួបជុំគ្នា នៅថ្ងៃសៅរ៍ ទី ១២ កញ្ញា នៅទីក្រុងឡុងដ៍ ប៊ែរឡាំង ម៉ាឌ្រីដ និងនៅទីក្រុងរបស់ប្រទេសអឺរ៉ុបផ្សេងទៀត ដើម្បីធ្វើបាតុកម្មគាំទ្រឲ្យមានការទទួលយកជនភៀសខ្លួន នៅទឹកដីអឺរ៉ុប។ នៅថ្ងៃសៅរ៍នេះ នៅទន្ទឹមនឹងការជួបជុំ ស្វាគម ក្រុមជនភៀសខ្លួន ក៏មានផងដែរ បាតុកម្មតវ៉ាប្រឆាំងមិនឲ្យជនភៀសខ្លួន នៅប៉ូឡូញ សាធារណរដ្ឋឆែក និងហុងគ្រីជាដើម។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៦:៥៣
បាតុកម្មគំាទ្រឲ្យមានការទទួលជនភៀសខ្លួនស៊ីរី អ៊ីរ៉ាក់ត្រូវបានរៀបចំឡើងនៅតាមទីក្រុងធំៗ ដូចជាឡុងដ៍ ប៊ែរឡាំង ប៉ារីស ម៉ាឌ្រីដ។ បាតុកម្មដើម្បី បុព្វហេតុជនភៀសខ្លួនធ្វើនៅឡើងនៅចំពេលដែលលំហូរជនភៀសខ្លួននៅតែមានច្រើនក្នុងអឺរ៉ុប ក្នុងពេលដែលថ្នាក់ដឹកនាំរបស់បណ្តាប្រទេសអឺរ៉ុប នៅតែខ្វែងគំនិតពីរឿងកូតាទទួលយកជនភៀសខ្លួន។
នៅប្រទេសបារាំង រដ្ឋមន្រ្តីមហាផ្ទៃបានកោះប្រជុំចៅហ្វាយក្រុងរាប់រយ នៅទីក្រុងប៉ារីស ដើម្បីជួបប្រជុំរកមធ្យោបាយទទួលជនភៀសខ្លួន ជាង ២ម៉ឺននាក់ ក្នុងចំណោម ជនភៀសខ្លួនសរុប ១សែន ៦ម៉ឺននាក់ ដែលអឺរ៉ុបត្រូវទទួល។
អាជ្ញាធរបារាំង និងប្រជាជនចាប់ដៃស្រុះគ្នា គាំទ្រ ទទួលជនភៀសខ្លួន នៅបន្ទាប់ពីប្រធានាធិបតីបារាំង លោកហ្វ្រង់ស័រ ហូឡង់ បានប្រកាសថា បារាំង ដែលសាមគ្គីភាពជាមួយអាល្លឺម៉ង់ នឹងទទួលជនភៀសខ្លួន ជាង២ម៉ឺននាក់ ក្នុងរយៈពេល២ឆ្នាំ។
ក្នុងចំណែកទទួលរបស់ខ្លួន បារាំងចង់ទទួលជនភៀសខ្លួន ក្នុងរយៈពេល ២ឆ្នាំ គឺមិនទាំងអស់ភ្លាមៗទេ។ ដូច្នេះ ដើម្បីអនុញ្ញាតឲ្យអាជ្ញាធរ នៅមូលដ្ឋានមានពេលវេលាគ្រប់គ្រាន់ និងមធ្យោបាយដើម្បីទទួលជនភៀសខ្លួន។ នៅថ្ងៃសៅរ៍នេះ ចៅហ្វាយក្រុង និងអ្នកទទួលខុសត្រូវក្រុងបារាំង មិនថា មកពីគណបក្សកាន់អំណាច ឬប្រឆាំង ប្រមាណ ៦០០នាក់បានចូលរួមប្រជុំជាមួយលោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារំង ដើម្បីសម្រេចថា តើក្រុងណាមានសមត្ថភាព ទទួលជនភៀសខ្លួន ប៉ុណ្ណា ហើយតើពួកគេត្រូវការជំនួយ មធ្យោបាយពីអ្វីពីរដ្ឋ។
ក្រុមរដ្ឋមន្រ្តីហិរញ្ញវត្ថុរបស់អឺរ៉ុប បានស្នើទៅគណៈកម្មការអឺរ៉ុប ឲ្យធ្វើផែនការលម្អិត ព្រោះគេបារម្ភថា តម្លៃចាយវាយដ៏សន្ធឹកសន្ធាប់ដើម្បីដោះស្រាយវិបត្តិជនភៀសខ្លួន នឹងអាចដាក់បន្ទុក ទាញទម្លាក់សេដ្ឋកិច្ចរបស់ស្ថាប័នអឺរ៉ុប ក៏ដូចជាប្រទេសសមាជិក ដែលមួយចំនួន ដូចជាក្រិកជាដើម កំពុងជួបវិបត្តិសេដ្ឋកិច្ចរួចទៅហើយនោះ។
បារាំង និងប្រទេសអឺរ៉ុបនៅខាងលិច ចាប់ដុតដៃ ដុតជើងខ្លាំង នៅពេលនេះ ក៏ដោយសារតែកាលៈទេសៈតម្រូវ ព្រោះថា តាមអង្គការសហប្រជាជាតិ ជនភៀសខ្លួន និងជនអន្តោប្រវេសន៍ ដល់ទៅជាង ៤សែននាក់ បានធ្វើដំណើរ យ៉ាងគំហុកចូលក្នុងទឹកដី អឺរ៉ុប។ តាមអង្គការសហប្រជាជាតិ គ្រាន់តែក្នុងរយៈពេល ១២ម៉ោង នៅថ្ងៃសុក្រ មានជនភៀសខ្លួន ដល់ទៅ៧៦០០នាក់ បានឆ្លងចូលប្រទេសម៉ាសេដ្វាន ក្នុងបំណងឆ្លងបន្ទាប់ទៀត ចូលទៅក្នុងដែនសហភាពអឺរ៉ុប។
នាយករដ្ឋមន្រ្តីហុងគ្រីនឹងស្នើថវិកា ៣ពាន់លានអឺរ៉ុប ដើម្បី ជួយប្រទេសជិតខាងស៊ីរី ដែលបានទទួលជនភៀសខ្លួនដំបូងគេ
សមាជិកអឺរ៉ុប ខ្នះខ្នែងផ្តល់ជំនួយដល់ជនភៀសខ្លួន គឺមិនស្មើដៃគ្នាទេ មិនថា នៅថ្នាក់មេដឹកនាំ ឬប្រជាជន។ ក្នុងពេលដែលប្រជាជនក្នុងទីក្រុងឡុងដ៍ ទីក្រុងប៊ែរឡាំង ឬប៉ារីស រៀបចំបាតុកម្មដើម្បី គាំទ្រ ការទទួលជនភៀសខ្លួន នៅតាមបណ្តាទីក្រុងក្នុងប្រទេសអឺរ៉ុបខាងកើតឯណោះវិញ គឺមានតែបាតុកម្ម ដើម្បីប្រឆាំង មិនចង់ស្វាគមជនភៀសខ្លួន។
ប្រទេសនៅអឺរ៉ុបខាងកើត ដូចជាហុងគ្រី ប៉ូឡូញ ឆែក ឈរនៅជួរមុខគេ ដើម្បីប្រឆាំងនឹងកូតា បែងចែកចំនួនជនភៀសខ្លួន ដែលស្នើឡើងដោយអាល្លឺម៉ង់ និងគណៈកម្មការអឺរ៉ុប។ កាលពីថ្ងៃសុក្រ រូម៉ានី និងដាណឺម៉ាក បានចូលរួម ប្រទេសអឺរ៉ុបខាងកើត ដើម្បីប្រឆាំង មិនចង់ទទួលកូតាជនភៀសខ្លួន ដែលគណៈកម្មការអឺរ៉ុបចង់ដាក់កម្រិតឲ្យទទួល។
ហុងគ្រីដែលទទួលចុះឈ្មោះជនភៀសខ្លួន ប្រមាណ ១សែន ៥ម៉ឺននាក់ តាំងពីដើមឆ្នាំ ២០១៥ អះអាងថា ខ្លួនមិនអាចទទួលជនភៀសខ្លួន ដែលតាមពិតចង់ទៅរស់នៅប្រទេសអាល្លឺម៉ង់ ឬសុយអ៊ែតនោះទេ។ ម្យ៉ាងទៀត ការទទួលជនភៀសខ្លួននៅទឹកដីអឺរ៉ុបមិនមែនជាដំណោះស្រាយ ដើម្បីបិទបញ្ចប់ការហូរចូលជនភៀសខ្លួនក្នុងទឹកដីអឺរ៉ុបនោះដែរ។ អាចថាមានលុយប៉ុន្មាន ក៏មិនអាចបញ្ចប់បញ្ហាជនភៀសខ្លួននៅ អឺរ៉ុបដែរ។
តាមនាយករដ្ឋមន្រ្តីហុងគ្រី គឺមានតែផ្តល់ជំនួយដល់ប្រទេសជិតខាងស៊ីរី ដែលបានជួយផ្តល់ជំរំ ស្នាក់នៅដល់ជនភៀសខ្លួនស៊ីរីរហូតមក។ លោកនាយករដ្ឋមន្រ្តីហុងគ្រី វិចទ័រ អរបង់ និយាយនៅថ្ងៃសៅរ៍នេះថា លោកនឹងស្នើ ទៅគណៈកម្មការអឺរ៉ុប នូវកញ្ចប់ថវិកា ៣ពាន់លានអឺរ៉ូ ដើម្បីយកទៅជួយរដ្ឋាភិបាលតួកគី លីបង់ ហ្សកដានី ដែលជាម្ចាស់ផ្ទះ ទទួល ជនភៀសខ្លួនស៊ីរី មុនគេ។ នាយករដ្ឋមន្រ្តីហុងគ្រី នៅបាននិយាយថា ជនភៀសខ្លួន មិនមែនមកអឺរ៉ុបដើម្បីគេចចេញពីសង្រ្គាមនោះទេ ប៉ុន្តែ គឺរត់គេចចេញជីវិតលំបាក នៅក្នុងជំរំភៀសខ្លួន។ នៅជំរំក្នុងប្រទេសតួកគី ឬលីបង់ជាដើម ជនភៀសខ្លួនស៊ីរី រស់នៅដោយសុវត្ថិភាព។ ដូច្នេះ ពួកគេទាំងនោះ មកអឺរ៉ុប មិនមែនដើម្បីស្វែងរកសន្តិសុខ សម្រាប់ជីវិតរបស់ពួកគេទេ ប៉ុន្តែ ដើម្បីស្វែងរកជីវិតល្អប្រសើរជាងមុន ដែលគេអាចរកបាននៅ អាល្លឺម៉ង់ ឬស៊ុយអែត។
ក្រៅតែ មិនចង់ទទួល នាយករដ្ឋមន្រ្តីហុងគ្រី ដែលមានប្រជាប្រិយភាពខ្លាំង នៅបានបញ្ជាឲ្យគេសាងសង់ដាក់បន្លាពីរជាន់នៅតាមព្រំដែនជាមួយប្រទេសស៊ែរប៊ី ដើម្បីទប់ស្កាត់កុំឲ្យជនភៀសខ្លួនឆ្លងចូលក្នុងទឹកដីហុងគ្រីតទៅទៀត នោះបើទោះបីជាទិសដៅចុងក្រោយរបស់ពួកគេគឺ អាល្លឺម៉ង់ក្តី។ មួយវិញទៀត ហុងគ្រី នឹងអនុវត្តពង្រឹងច្បាប់ជនអន្តោប្រវេសន៍ ចាប់ពីថ្ងៃអង្គារទី ១៥ កញ្ញា។ ប៉ូលិសនឹងចាប់ដាក់ឃុំ រាល់ជនណា ដែលឆ្លងចូលដោយខុសច្បាប់ក្នុងទឹកដីហុងគ្រី។ បើសិនហុងគ្រី និងប្រទេសអឺរ៉ុបខាងកើត នៅតែមានជំហររឹងត្អឹងយ៉ាងដូច្នេះ កិច្ចប្រជុំរដ្ឋមន្រ្តីមហាផ្ទៃអឺរ៉ុប នៅថ្ងៃចន្ទ ទី ១៤ កញ្ញា ស្តីពីការបែងចែកកូតាជនភៀសខ្លួន ទំនងនឹងមិនអាចចេញលទ្ធផលអ្វីទេ។ កិច្ចប្រជុំកំពូលរបស់ថ្នាក់ដឹកនាំអឺរ៉ុបស្តីពី វិបត្តិជនភៀសខ្លួននៅអឺរ៉ុប នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨តុលាខាងមុខ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ