អានតួអត្ថបទ
អាមេរិក

ប្រទេស Guatemala ចេញ​មុខ​គាំទ្រ​លោក​ត្រាំ រឿង Jerusalem

ដើម្បី​បង្ហាញ​ពី​ភក្តី​ភាព​របស់​ខ្លួន​ចំពោះ​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​អាទិត្យ ប្រធានាធិបតី​នៃ​ប្រទេស​ហ្កាតេម៉ាឡា (Guatemala) លោក Jimmy Morales បាន​ប្រកាស​ផ្លាស់​ប្តូរ​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​ប្រទេស​អ៊ីស្រាអែល ទៅ​កាន់​ទីក្រុង​ហ្សេរុយសាឡឹម ដែរ។ ហ្កាតេម៉ាឡា ជា​ប្រទេស​ដំបូង ដែល​ចេញ​មុខ​ចេញ​មាត់​គាំទ្រ​លោក​ត្រាំ ខណៈ​ប្រទេស ១២៨​ទៀត បាន​ទាត់​ចោល​ការ​សម្រេច​ចិត្ត​របស់​​​អាមេរិក ដែល​ទទួល​ស្គាល់​ហេ្សរុយសាឡឹម ជាទីក្រុង​ផ្តាច់​មុខ​របស់​អ៊ីស្រាអែល​នេះ។

លោក Jimmy Morales ប្រធានាធិបតី​ប្រទេស​ហ្កាតេម៉ាឡា
លោក Jimmy Morales ប្រធានាធិបតី​ប្រទេស​ហ្កាតេម៉ាឡា REUTERS/Jorge Dan Lopez
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​និយាយ​​ស្រុះ​ស្រួល​គ្នា​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក ប៊ិនយ៉ាមីន នេតានយ៉ាហូ រួច​ហើយ លោក Jimmy Morales ប្រធានាធិបតី​ប្រទេស​ហ្កាតេម៉ាឡា បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា កម្មវត្ថុ​ដ៏​សំខាន់​នា​ពេល​នេះ គឺ​ការ​ផ្លាស់ប្តូរ​ស្ថានទូត​ហ្កាតេម៉ាឡា ពីទីក្រុង​តេល អាវីវ ទៅ​កាន់​ទីក្រុង​ហ្សេរុយសាឡឹម​វិញ។ តាម​លោក Morales ការ​ផ្លាស់​ប្តូរ​នេះ គឺ​ជា​ការ​ចាប់​ផ្តើម​ក្នុង​ការ​សម្រប​សម្រួល​ស្ថានការណ៍​តាន​តឹង ដែល​កំពុង​តែ​កើត​មាន​ឡើង។

គួរ​កត់​សម្គាល់​ថា ការ​ប្រកាស​របស់​មេ​ដឹកនាំ​ប្រទេស​ហ្កាតេម៉ាឡា នា​ពេល​នេះ បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​បុណ្យ​ណូអែល ដែល​ជា​បុណ្យ​សាសនា​គ្រិស្ត​ដ៏ធំ​ និង​ដ៏​សំខាន់​របស់​ប្រជាជន​ប៉ាឡេស្ទីន។ ការ​ប្រកាស​នេះ​ ក៏​ធ្វើ​ឡើង​តែ​ប្រមាណ ៣​ថ្ងៃ បន្ទាប់​ពី​សមាជិក​របស់​អង្គការ​សហប្រជាតិ​ចំនួន​ ២​ភាគ​៣ បាន​បោះ​ឆ្នោត​ជំទាស់​ទៅ​នឹង​ការ​សម្រេច​ចិត្ត​របស់​លោក​ត្រាំ ដែល​ឲ្យ​អាមេរិក​ទទួល​ស្គាល់​ហ្សេរុយសាឡឹម ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ីស្រាអែល។

នៅ​ក្នុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ កាល​ពី​សប្តាហ៍​មុន មាន​ប្រទេស​សរុប​ចំនួន ១២៨​ប្រទេស ​ បាន​បោះ​ឆ្នោត​ប្រឆាំង​នឹង​ការ​សម្រេច​ចិត្ត​របស់​លោក​ត្រាំ ដោយ​គេ​យល់​ថា ការ​សម្រេច​នេះ​ មិន​ស្ថិត​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​ចរចា​សន្តិភាព​ រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ មាន​ប្រទេស​ចំនួន ៨ បាន​បោះ​ឆ្នោត​គាំទ្រ​សហរដ្ឋ​អាមេរិក ដោយ​ក្នុង​នោះ​មាន​សុទ្ធ​សឹង​តែ​ប្រទេស​ដែល​ស្ថិត​នៅ​តំបន់​អាមេរិក​កណ្តាល ដូច​ជា​ប្រទេស​ហ្កាតេម៉ាឡា​នេះ និង​ហុងដុយរ៉ា ជា​ដើម។

យ៉ាង​ណា​ក៏​ដោយ ការ​បោះ​ឆ្នោត​នេះ ត្រូវ​បាន​គេ​មើល​គេ​ថា ដោយសារតែអាមេរិក គឺជា​ប្រទេសដៃគូ​ផ្តល់ជំនួយ​ដ៏ធំ ដល់​ប្រទេសទាំងនោះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អាមេរិក​ក៏​ជា​ប្រទេស​ជើង​កាង​មួយ​ក្នុង​តំបន់ ចំពោះ​ដែន​អាធិបតេយ្យ​របស់​ប្រទេស​ទាំង​នោះ​ផង​ដែរ។ មុន​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ លោក​ដូណាល់ ត្រាំ ធ្លាប់​បាន​គម្រាម​ថា នឹង​កាត់​ផ្តាច់​ជំនួយ​ដល់​ប្រទេស​ទាំង​ឡាយ​ណា ដែល​ហ៊ាន​ប្រឆាំង​នឹង​លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ