អានតួអត្ថបទ

Googleលួចផ្ទេរ​ប្រាក់​ទៅ​កោះប៊ែរមូដ ប្រមាណ​ជិត​២ម៉ឺន​លាន​អឺរ៉ូ ដើម្បី​គេច​មិន​បង់​ពន្ធ

ក្រុមហ៊ុនបច្ចេកវិទ្យា Google បានផ្ទេរប្រាក់ចំនួនប្រមាណជិត ២ម៉ឺនលានអឺរ៉ូ ពីប្រទេសហូឡង់ ទៅកាន់កោះប៊ែរមូដ ដើម្បីគេចមិនបង់ពន្ធ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតហូឡង់ ​ដោយយោងលើឯកសារផ្លូវការ។ នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុន Google ក៏ដូចជាក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀត ត្រូវរងការចោទប្រកាន់ ថាបានរៀបចំបង្វិលប្រាក់ដោយលួចលាក់ ដើម្បីគេចវេស មិនបង់ពន្ធ ឲ្យតាមត្រឹមត្រូវទៅតាមចំណូលដែលខ្លួនរកបាន។

ស្លាកយីហោ​Google នៅក្រុង​ហ្ស៊ុយរិច
ស្លាកយីហោ​Google នៅក្រុង​ហ្ស៊ុយរិច REUTERS/Arnd WIegmann
ផ្សាយពាណិជ្ជកម្ម

សារព័ត៌មានជំនាញហិរញ្ញវត្ថុ របស់ហូឡង់ បានចុះផ្សាយថា ប្រាប់ចំណូលប្រមាណជា ១ម៉ឺន៩ពាន់ ៩រយលានអឺរ៉ូ របស់ Google ត្រូវបានក្រុមហ៊ុននេះ​ ផ្ទេរចេញពីហូឡង់ ទៅកាន់កោះប៊ែរមូដ នៅក្នុងរវាងឆ្នាំ២០១៧។ មានន័យថា ក្នុងឆ្នាំ២០១៧ Google ដែលជាសាខារបស់ក្រុមហ៊ុន Alphabet Inc. បានផ្ទេរប្រាក់គេចចេញពីការបង់ពន្ធ លើសឆ្នាំ២០១៦ ដល់ទៅ៤ពាន់លានអឺរ៉ូ។ តួលេខនេះ គឺស្រង់បាន ពីឯកសារផ្លូវការ ដែលដាក់តំកល់ នៅសភាពាណិជ្ជកម្មហូឡង់ ដោយក្រុមហ៊ុន Google Netherlands Holding

ការផ្ទេរប្រាក់គេចពន្ធ ត្រូវបានកាសែតហូឡើងខាងលើ ពន្យល់ថា គឺជាបច្ចេកទេសរបស់ក្រុមហ៊ុន Google តាមរយៈការផ្ទេរប្រាក់ចេញពីក្រុមហ៊ុនGoogle ដែលចុះបញ្ជីនៅប្រទេសអៀរឡង់​ ទៅកាន់ក្រុមហ៊ុនមួយនៅហូឡើង ដែលជាក្រុមហ៊ុនគ្មានបុគ្គលិក។ បន្ទាប់មកទៀត ប្រាក់ដដែលនោះ ត្រូវផ្ទេរ​ចេញទៅក្រុមហ៊ុនខ្មោចមួយទៀត ដែលមាន​តែ​ឈ្មោះ និងអាស័យដ្ឋាននៅកោះ ប៊ែរមូដ។

បន្ទាប់ពីការបែកធ្លាយដំណឹងនេះ ក្រុមហ៊ុន Google បានចេញលិខិតប្រកាសមួយ​ ដោយបានអះអាងថា ក្រុមហ៊ុនខ្លួន បានបង់ពន្ធ ទៅតាមអ្វីដែលច្បាប់បានកំណត់ នៅតាមប្រទេស​ទាំងអស់។ Google បញ្ជាក់ថា ប្រមាណ១០ឆ្នាំ ចុងក្រោយនេះ ក្រុមហ៊ុនខ្លួន បាន​បង់​ពន្ធលើប្រាក់ចំណូល  នៅតាមប្រទេសដែលរកចំណូលបាន ចំនួន២៦% ដែលជា​កម្រិតពន្ធរួមទូទាំងពិភពលោក។

សូមរំលឹកថា Google ក៏ដូចជាក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួនទៀត មានដូចជា Amazon Apple Facebook ជាដើម ត្រូវបានគេចោទប្រកាន់ជារឿយៗ ថាបានកេងបន្លំ ក្រោមរូបភាពផ្សេងៗ ដើម្បីលៃធ្វើយ៉ាងណា ប្រកាសចំណូល​ដែលខ្លួនរកបានតិចបំផុត។ បច្ចេកទេសរៀបចំផ្នែកហិរញ្ញវត្ថុ ផ្ទេរប្រាក់ចុះឡើង បានធ្វើឲ្យក្រុមហ៊ុនយក្សទាំងនេះ អាច​គេចវេសមិនបង់ពន្ធតាមប្រទេសមួយចំនួននៅអឺរ៉ុប។ ជាងនេះទៅទៀត ក្រុម​ហ៊ុនទាំងនេះ ភាគច្រើន ប្រមូលផ្តុំប្រាក់ចំណូលដែលរកបាន​នៅតាម​បណ្តា​ប្រទេសអឺរ៉ុបទាំងអស់ ទៅប្រកាសនៅតែប្រទេសអៀរឡង់តែមួយប៉ុណ្ណោះ ដោយសារតែប្រទេសនេះ មានការអនុគ្រោះពន្ធ ខ្លាំងជាងគេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ