អានតួអត្ថបទ
G7-សន្តិសុខ

រដ្ឋមន្ត្រី​មហា​ផ្ទៃ​G7 បារម្ភ​ខ្លាំង​ពីភេរវកម្ម ក្រោយ​​ការ​​បែក​សំបុក ​របស់​​ក្រុម​​ជីហាត​​អង្គការ​​រដ្ឋ​អ៊ីស្លាម​ ​នៅ​ស៊ីរី ​និង​អ៊ីរ៉ាក់

រដ្ឋមន្ត្រី​​ក្រសួង​មហាផ្ទៃ ​នៃ​ប្រទេស​មាន​សេដ្ឋកិច្ច​នាំមុខ​ទាំង​៧ ​កំពុង​ជួប​ប្រជុំ​គ្នា ​នៅ​កោះ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ីតាលី ​ដើម្បី​និយាយ​ពី​ការ​សហការ ​ក្នុង​ការ​ការពារ​សន្តិសុខ​ផ្ទៃក្នុង។ ក្នុង​នោះ ​បញ្ហា​ដ៏​រសើប ​និង​បន្ទាន់​បំផុត​ គឺ​ការ​សហការ​គ្នា ​ទប់​ស្កាត់​សកម្មភាព​ភេរវកម្ម​ របស់​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម ​ដែល​មាន​នៅ​ពាស​ពេញ​ពិភពលោក។ ជាងនេះ​ ​ទៅ​ទៀត ​ក្រោយការ​វាយ​បំបែក​សំបុក​ធំៗ ​របស់​ក្រុម​នេះ​ នៅ​ស៊ីរី ​និង​នៅ​អ៊ីរ៉ាក់ ​ក្រុម​ជីហាត​រាប់ម៉ឺន​នាក់ ​អាច​នឹង​រត់​ត្រលប់ ​ទៅ​ធ្វើ​សកម្មភាព​នៅ​តាម​ប្រទេសដើម​របស់​ពួក​គេ ​ឬ​ប្រទេស​ផ្សេង​ទៀត។

ក្រុមការងារ​ប្រទេស​​G7 ​រួម​ជាមួយ​​តំណាង​សន្តិសុខ​​សហភាព​​អឺរ៉ុប តំណាងInterpol និងតំណាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ​ក្នុងពេល​​ប្រជុំ​​នៅ​​កោះ​ ​Ischia ​អ៊ីតាលី​ ​ថ្ងៃទី​​២០​តុលា​ ២០១៧
ក្រុមការងារ​ប្រទេស​​G7 ​រួម​ជាមួយ​​តំណាង​សន្តិសុខ​​សហភាព​​អឺរ៉ុប តំណាងInterpol និងតំណាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ​ក្នុងពេល​​ប្រជុំ​​នៅ​​កោះ​ ​Ischia ​អ៊ីតាលី​ ​ថ្ងៃទី​​២០​តុលា​ ២០១៧ ANDREAS SOLARO / AFP
ផ្សាយពាណិជ្ជកម្ម

ការ​ទប់ស្កាត់​អំពើ​ភេរវកម្ម ​គឺ​ជា​ការ​ព្រួយ​បារម្ភ​ធំ​បំផុត​ របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​នៃ​ប្រទេស​សេដ្ឋកិច្ច​នាំមុខ​ទាំង​៧ ​​ដែល​កំពុង​តែ​ជួយ​ប្រជុំ​គ្នា ​នៅ​លើ​កោះ ​Ischia ​ខាង​មុខ​ទីក្រុង​Naples​ ប្រទេស​អ៊ីតាលី។ នៅ​ព្រឹក​ ​ថ្ងៃ​សុក្រ​​នេះ ​រដ្ឋមន្ត្រី​មហាផ្ទៃ​​ប្រទេស​ទាំង​៧ ​ មាន​បារាំង​ អាល្លឺម៉ង់ ​អង់គ្លេស​ អ៊ីតាលី ​សហរដ្ឋ​អាមេរិក ​ជប៉ុន​ កាណាដា ​និង​ដោយ​មាន​ការ​ចូលរួម​ ​ពី​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​សន្តិសុខ​របស់​សហភាព​អឺរ៉ុប​  និង​តំណាង Interpol​ ផង​នោះ​ នឹង​ពិភាក្សាគ្នា ​លើ​សំណុំ​រឿង​ទីមួយ ​ស្តីពី​ក្រុម​បណ្តាញ​ជីហាត​អ៊ីស្លាម​ភេរវកម្ម ​ ដែល​អាច​នឹង​ធ្វើ​សកម្មភាព ​គ្រប់​ពេល​វេលា ​និង​គ្រប់​ទី​កន្លែង។

ទីក្រុង​រ៉ាខា ​ក្នុង​ទឹកដី​ស៊ីរី ​ ទើបតែ​ត្រូវ​បាន​រំដោះ​មក​វិញ​ ពីដៃ​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម។ យ៉ាង​ហោច​ណាស់ ​មាន​ជន​ជីហាត ​ប្រមាណ​ពី​ ២៥០០០ ​ទៅ​ ៣០០០០​នាក់ ​ដែល​សុទ្ធ​តែ​ជា​ជន​ជីហាត ​មក​ពី​បរទេស ​ដែល​បាន​រត់​គេច​ចេញ​ពី​ទីក្រុង​នេះ។ ហើយ​ក្នុង​ចំណោម​នោះ ​មាន​យ៉ាងហោច​ណាស់ ​៥០០០​នាក់ ​ដែល​មក​ពី​ទ្វីប​អឺរ៉ុប។ ក្រុម​ជីហាត​ទាំង​នេះ ​អាច​នឹង​ត្រលប់ ​បញ្ច្រៀត​ខ្លួន​ទៅ​កាន់​ប្រទេស​ដើម​ ឬ​ប្រទេស​ផ្សេង​ទៀត​ ដើម្បី​បន្ត​ធ្វើ​សកម្មភាព​ភេរវកម្ម។

សំណុំ​រឿង​ទីពីរ ​គឺ ​ទាក់ទិន​ទៅនឹង​ សកម្មភាព​ភេរវកម្ម​ម្យ៉ាង​ទៀត ​ដោយ​ប្រើ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា ​ពោល​គឺ​តាម​ប្រព័ន្ធ​អ៊ីនធើនែត។ កិច្ចប្រជុំ​នេះ  ​ក៏បាន​ទទួល​ការ​ចូលរួម ​ ​ពី​តំណាង ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ ​ដែល​គ្រប់គ្រង​វិស័យ​អ៊ីនធើនែត ​ដូច​ជា​ក្រុមហ៊ុន​ Google​ Facebook ​Microsoft ​និង ​Twetter ជាដើម។ លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អ៊ីតាលី ​បាន​លើក​ឡើង​ថា ​គេ​ត្រូវ​តែ​រក​វិធី ​ដើម្បី​ធ្វើ​អន្តរាគមន៍​ ទប់​ស្កាត់ សកម្មភាព​ភេរវកម្ម​​ គ្រប់​រូបភាព​​​​  ដោយ​លៃលក​យ៉ាង​ណា ​មិន​ត្រូវ​ឲ្យ​ប៉ះពាល់ ​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​ របស់​អ្នក​ប្រើប្រាស់ ​បណ្តាញ​សង្គម​នានា​ឡើយ។

ទាក់ទិន​ទៅនឹង ​ការ​ទប់ស្កាត់​ភេរវកម្ម​ជីហាត​អ៊ីស្លាម ​ ក្រុម​រដ្ឋមន្ត្រី​ទាំង​៧​ប្រទេស ​សង្ឃឹម​ថា ​នឹង​អាច​ឈាន​ទៅ​ដល់​ការ​ព្រមព្រៀង​សហការ​គ្នា ​ផ្តល់​ដំណឹង​ឲ្យ​គ្នា ​ឲ្យ​បាន​ច្បាស់លាស់ ​និង​ទាន់​ពេល​វេលា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ