អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វេទិកាកំពូលG7 បើកទ្វារ​ជាមួយ​នឹង​ភ្លើង​ឆេះព្រៃ​នៅ​អាម៉ាហ្សូន និង​ភ្លើង​ជម្លោះ​ពាណិជ្ជកម្ម

ចុះផ្សាយ​នៅ​ថ្ងៃ៖

វេទិកាកំពូល នៃក្រុមប្រទេសសេដ្ឋកិច្ចនាំមុខG7 បើកទ្វារនៅថ្ងៃទី​២៤សីហានេះ នៅឯទីក្រុងប្យ៉ារីត្ស ភាគនិរតីប្រទេសបារាំង។ ប្រមុខដឹកនាំនៃក្រុមប្រទេសសេដ្ឋកិច្ចនាំមុខG7 មាន៖​ បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី កាណាដា ជប៉ុន នឹងជួបប្រជុំគ្នា រយៈពេល​៣ថ្ងៃ នៅទីក្រុង​ប្យ៉ារីត្ស ខណៈដែលចលនាបាតុកម្មតវ៉ា ត្រូវបានសកម្មជន​ និងអង្គការនានា រៀបចំធ្វើ​នៅតាមទីក្រុងផ្សេងៗ មិនឆ្ងាយប៉ុន្មានពីទីតាំងជំនួបកំពូល ដើម្បីបរិហា អំពី​ភាពអសកម្មរបស់មេដឹកនាំប្រទេសមហាអំណាចទាំងនេះ ក្នុងការជួយលប់បំបាត់វិសមភាពសង្គម-សេដ្ឋកិច្ច ព្រមទាំងដោះស្រាយ​បញ្ហា​​អាកាសធាតុ​។

លោក​អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី​បារាំង
លោក​អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី​បារាំង Michel Spingler/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

លោកម៉ាក្រុង មានសុទិដ្ឋិនិយម

លោកអេម៉ានុយអែល ម៉ាក្រុង បានថ្លែងសន្ទករថា រយៈពេល​១០នាទី ពីទីក្រុងប៊ីយ៉ារីត ភាគនិរតី​ប្រទេសបារាំង។ ជាសន្ទរៈកថាដែលលោកថ្លែងទៅកាន់ ប្រជាជនបារាំងទាំងមូល​ ស្តីពីកម្មវត្ថុរបស់លោក ក្នុងនាមជាប្រធានាធិបតីបារាំង នៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសG7 លើកនេះ។

មានសំណុំរឿងធំៗជាច្រើន ដែលលោកម៉ាក្រុង បានលើកឡើងថា ហើយថាបារាំង នឹងព្យាយាមដឹកនាំការនិយាយគ្នា ឲ្យបានលទ្ធផលវិជ្ជមាន នៅក្នុងជំនួបកំពូលលើកនេះ។ សំណុំរឿងទាំងនោះ មានជាអាទិ គឺបញ្ហា នៅដើមបូព៌ា ដែលពាក់ព័ន្ធជាមួយអ៊ីរ៉ង់ បញ្ហាសង្រ្គាមពាណិជ្ជកម្ម រវាងចិននិងសហរដ្ឋអាមេរិក និងពិសេសចុងក្រោយ គឺការ​ប្រយុទ្ធប្រឆាំងនឹងវិសមភាព​សង្គម និងសេដ្ឋកិច្ច នៅទូទាំងពិភពលោក ដែលបញ្ហានេះ គឺវាជាប់ទាក់ទិនដោយផ្ទាល់ ទៅនឹងបញ្ហាបរិស្ថាន អាកាសធាតុ។

លោកម៉ាក្រុងបានអះអាងថា លោកនឹងប្រឹងប្រែងយកវេទិកានេះ ជាទីកន្លែងនិយាយគ្នា ស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីស្រោចស្រង់ភពផែនដី ជួយសង្រ្គោះព្រៃឈើនៅអាម៉ាហ្សូន។ ក្រៅពីនេះទៀត លោកថា លោក​នឹងប្រឹងប្រែងអូសទាញ​ ឲ្យ​គ្រប់គ្នា​​កាត់បន្ថយ ឬរំលាយចោលនូវជម្លោះនានា ទាក់ទិននឹងសេដ្ឋកិច្ច បញ្ហាពាណិជ្ជកម្ម ព្រមទាំងបញ្ហា​ការទូតអន្តរជាតិជាដើម។ ជារួម យើងឃើញថា លោកម៉ាក្រុង មាន​សុទិដ្ឋិនិយមច្រើននៅក្នុងឱកាស ជំនួបកំពូលG7 បើទោះបីជាគាត់បានទទួលស្គាល់ដែរ ថាប្រហែលជាមិនអាច បានជោគជ័យគ្រប់សំណុំរឿងនោះទេ។

ផ្សែងភ្លើងឆេះព្រៃអាម៉ាហ្សូន ធ្វើឲ្យអួរអាប់ដល់​វេទិកាកំពូលG7

វេទិកាG7 លើកនេះ មានបរិយាកាសអួរអាប់រួចទៅហើយ ដោយសារតែបញ្ហា​ភ្លើងឆេះព្រៃនៅតំបន់អាម៉ាហ្សូន ក្នុងប្រទេសប្រេស៊ីល។អ្នកដែលផ្តើមលើកយកបញ្ហា ភ្លើងឆេះព្រៃនៅតំបន់អាម៉ាហ្សូន គឺលោកអេម៉ានុយអែល ម៉ាក្រុង​ ប្រធានាធិបតីបារាំង ដែលជាប្រទេសម្ចាស់ផ្ទះរៀបចំវេទិកាកំពូលនេះ។

លោកម៉ាក្រុង បានលើកឡើងថាបញ្ហាភ្លើងឆេះព្រៃនៅអាម៉ាហ្សូននេះ មិនមែនជារឿងតូចទេ តែគឺជាបញ្ហាប្រឈមរបស់សកលលោកទាំងមូល ព្រោះថាព្រៃអាម៉ាហ្សូន គឺជាសួត​ដកដង្ហើមរបស់ផែនដីយើង។​ បើបាត់បងព្រៃបៃតងដ៏ធំនេះ មានន័យសមត្ថភាព​នៃការផលិតអុកស៊ីសែន របស់ផែនដី ក៏នឹងបាត់បង់ដែរ។ ប្រមាណមួយសប្តាហ៍មកនេះ ព្រៃអាម៉ាហ្សូន ចំនួន​ប្រមាណ​ជា​៤៧ម៉ឺនហិកតា ត្រូវបានភ្លើងឆាបត្របាក់គ្មានសល់។ លោកម៉ាក្រុង ចង់យកឱកាសនេះ ដើម្បីពញ្ញាក់ស្មារតី​ទូទៅ អំពី​សារៈសំខាន់នៃព្រៃឈើ ក្នុងការ​ទប់ស្កាត់​បំរែបំរួលអាកាសធាតុ។

សង្រ្គាមពាក្យសំដីចាប់ផ្តើមផ្ទុះឡើង បន្ទាប់ពីលោកម៉ាក្រុង បានចោទលោក​ប្រធានាធិបតីប្រេស៊ីល បុលសូណារ៉ូ ថាបានកុហក ទាក់ទិននឹងផលប៉ះពាល់ដល់បរិស្ថាននិងអកាសធាតុ នៅប្រេស៊ីល។ លោកម៉ាក្រុងក៏បានអះអាងថា បារាំងនឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងសហភាពអឺរ៉ុប និងក្រុម​ប្រទេស​Mercosur ដែលក្នុងនោះមាន​ប្រេស៊ីល ដែរនោះទេ។ លោកម៉ាក្រុងចោទលោកប្រធានាធិបតីប្រេស៊ីល ថាមិនបានចាត់វិធានការ ទប់ស្កាត់ភ្លើងឆេះព្រៃនៅអាម៉ាហ្សូនទេ។

បើផ្អែកតាម​អង្គការក្រៅរដ្ឋាភិបាល​ជាច្រើន បានលើកឡើងថា ភ្លើងឆេះព្រៃនៅអាម៉ាហ្សូន គឺកើតចេញពីការដុតរានដីព្រៃ ដើម្បីយកដីធ្វើកសិកម្ម។ អ្នកដែលដុតនោះ គឺសុទ្ធសឹងជាក្រុមហ៊ុនកសិដ្ឋានធំៗនៅប្រេស៊ីល ដែលពួកគេ ត្រូវបាន​រដ្ឋាភិបាល​លោកបុលសាណារ៉ូ លើកទឹកចិត្ត ជំរុញ​ឲ្យដុត​រានដីព្រៃឲ្យបានច្រើន ដើម្បីបង្កើនផលិតផលកសិកម្ម​នាំចេញ មានដូចជាគ្រាប់ធុញ្ញជាតិ សណ្តែក ឬក៏សាច់គោជាដើម។

លោក​បុលសូណារ៉ូ បាន​វាយបកមកវិញ ដោយបានចាត់ទុកលោកម៉ាក្រុងជាអ្នកដាក់អាណានិគមជំនាន់ថ្មី។ មួយវិញទៀត ការប្រកាសរបស់លោកម៉ាក្រុង ដែលថាបារាំងនឹងរារាំងការអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី Mercosur វាបានធ្វើឲ្យមានបញ្ហាជាមួយ​អាល្លឺម៉ង់ដែរ ព្រោះថាអាល្លឺម៉ង់ ជាអ្នកគាំទ្រកិច្ចព្រមព្រៀងនេះខ្លាំងជាងគេ។ ហើយលោក​ដូណាល់ ត្រាំទៀតសោត ក៏គេដឹងថាជាអ្នកចូលចិត្ត​លោកបុលសូណារ៉ូខ្លាំងណាស់ដែរ។ ដូច្នេះយើងអាចនិយាយបាន​ថា វេទិកាកំពូលG7លើក​នេះ គឺថាត្រូវអាប់អួរដោយសារតែផ្សែង នៃភ្លើងឆេះព្រៃនៅតំបន់​អាម៉ាហ្សូន។

ភ្លើងសង្រ្គាមពាណិជ្ជកម្មដែលលោកដូណាល់ ត្រាំបានបញ្ឆេះ នៅតែងំ

ក្រៅពី​បញ្ហាភ្លើងឆេះព្រៃ សំណុំរឿង​សង្រ្គាមពាណិជ្ជកម្ម ក៏ជាសំណុំរឿងធំមួយទៀត ដែលវេទិកាកំពូល​នេះ ត្រូវដោះស្រាយគ្នា។ បញ្ហាសង្រ្គាមពាណិជ្ជកម្ម កាន់តែធំទៅៗ ហើយកំពុងគំរាមសេដ្ឋកិច្ចសកលលោកយើង។ មុននឹងចេញដំណើរមកបារាំង គេសង្កេតឃើញថា លោកដូណាល់ ត្រាំ បានប​ង្ហាញជំហរ កាន់តែក្អេងក្អាង ក្នុងចេតនាធ្វើសង្រ្គាម​ពាណិជ្ជកម្ម ជាមួយ​បារាំង និងជាមួយចិន។

លោកដូណាល់ ត្រាំ បានលើកឡើងថា អាមេរិកនឹងសងសឹកបារាំងវិញ តាមរយៈការដំឡើងពន្ធលើផលិតផលស្រាបារាំង។ លោកដូណាក់ ត្រាំ ធ្លាប់បាន​ចាត់ទុកការសម្រេចរបស់រដ្ឋាភិបាល​បារាំង ទាក់ទិននឹងការប្រមូលពន្ធ ពីក្រុមហ៊ុន​បច្ចេកវិទ្យាធំៗរបស់អាមេរិក ថាជាការសម្រេចចិត្តបែប “ឆ្កួតល្ងីល្ងើ”។ ដើម្បីសងសឹកវិញ លោកត្រាំថា ដំឡើងពន្ធឲ្យណាណី លើផលិតរបស់បារាំង ដែលនាំចូលទៅអាមេរិក ក្នុងនោះមានជាអាទិ គឺសា្របារាំងនេះតែម្តង។

ទាក់ទិននឹងសង្រ្គាមពាណិជ្ជកម្មជាមួយចិនវិញ លោកប្រធានាធិបតី​អាមេរិក បានអះអាងដែរ កាលពីថ្ងៃម្សិលមិញថា អាមេរិកនឹងតំឡើងពន្ធបន្ថែម លើផលិតផលចិនដែរ។ គម្រោងពីមុន​ ដែលអាមេរិកគំរាម​តំឡើងអត្រាពន្ធចំនួន​១០% លើផលិតផលចិនប្រមាណ​៣០០ពាន់លានដុល្លារនោះ នឹងឡើងដល់​១៥% រាប់ចាប់ពី​ចុងឆ្នាំ២០១៩នេះទៅ។ លោកត្រាំនិយាយទៀតថា សេដ្ឋកិច្ចអាមេរិកបញ្ចុប្បន្ននេះល្អណាស់ គ្មានអ្វីគួរឲ្យបារម្ភទេ។ អាមេរិកមានបញ្ហាតិចតួចជាមួយចិន តែមិនអីទេ អាមេរិកនឹងឈ្នះជានិច្ច។

សម្តី​នេះ យើងឃើញថា គោលជំហររបស់លោក ត្រាំ មិនមានអ្វីប្រែប្រួលទេ ពោលគឺមិនចុះចាញ់ងាយៗជាដាច់ខាត។ ដូច្នេះក្នុងសំណុំរឿងសង្រ្គាមពាណិជ្ជកម្មនេះ គឺគេពិបាកសង្ឃឹមណាស់ ថាវេទិកា G7នេះ អាចនឹងជួយដោះស្រាយអ្វីបាន​ បើទោះបីលោកម៉ាក្រុង អះអាងថា លោក​នឹងព្យាយាម និយាយ​ដើម្បីឲ្យភាគីទាំងអស់ បន្ថយកំហឹង ឈប់គម្រាមសំឡុតគ្នា ក្នុងសង្រ្គាមពាណិជ្ជកម្មនេះតទៅទៀត។ តាមការគ្រោងទុក នៅថ្ងៃចន្ទ លោកម៉ាក្រុង និងលោក​ដូណាល់ ត្រាំ និងធ្វើសន្និសីទកាសែតរួមគ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ