អានតួអត្ថបទ
ដាណឺម៉ាក

ប្រទេសដាណឺម៉ាក​បាន​រង​អំពើភេរវកម្ម​ផ្ទួន​គ្នា​បណ្តាល​ឲ្យ​ស្លាប់ ២នាក់ និង​របួស ៥នាក់

ប្រទេស​ដាណឺម៉ាក​កំពុង​ស្ថិត​ក្នុង​ភាពអាសន្ន​កម្រិត​ខ្ពស់។ នេះ​ក៏​ដោយសារ​តែ​នៅ​​ថ្ងៃ​សៅរ៍ ទី១៤ កុម្ភៈ​ម្សិលមិញ ទីក្រុង​កូប៉ិនហាក​បាន​ទទួល​រង​អំពើ​ភេរវកម្ម​ចំនួន​ពីរ​ដង​ដោយ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន ២នាក់ និង​របួស ៥នាក់។ តំាង​ពី​យប់​ថ្ងៃ​សៅរ៍​មក​ដល់​ពេញ​មួយ​ថ្ងៃ​អាទិត្យ ទី១៥ កុម្ភៈ​នេះ ទីកន្លែង​កើតហេតុ និង​​តំបន់​ក្បែរ​ខាង​មួយ​ចំនួន​ត្រូវ​បាន​ឡោមព័ទ្ធ​ដោយ​កម្លំាង​ប៉ូលិស​ជា​ច្រើន​រយនាក់។ នៅ​ព្រលឹម​ស្រាងៗ​ព្រឹក​មិញ ប៉ូលិស​បាន​បាញ់​សម្លាប់​យុវជន​ខ្មាន់កំាភ្លើង​ម្នាក់​នៅ​ក្បែរ​ស្ថានីយ៍រថភ្លើង​មួយ​នៅ​ក្នុង​តំបន់​កើតហេតុ។ យោង​តាម​ប៉ូលិស យុវជន​ខ្មាន់កំាភ្លើង​រូប​នោះ​អាច​ជា​ភេរវជន​នៅ​ក្នុង​ភេរវកម្ម​ទំាង​ពីរ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។

ក្រុមប៉ូលិស​ដាណឺម៉ាក​​ក្នុង​ប្រតិបត្តិការ នៅ​ក្រោយ​ភេរវកម្ម
ក្រុមប៉ូលិស​ដាណឺម៉ាក​​ក្នុង​ប្រតិបត្តិការ នៅ​ក្រោយ​ភេរវកម្ម Reuters
ផ្សាយពាណិជ្ជកម្ម

ការ​បាញ់​ប្រហារ​លើក​ទី១ បាន​កើត​មាន​នៅ​វេលា​ម៉ោង​ជិត ៤រសៀល ម៉ោង​ក្នុង​ប្រទេស​ដាណឺម៉ាក​ដោយ​ជនខ្មាន់កំាភ្លើង​បាន​បើក​ការ​បាញ់រះ​ប្រមាណ​ពី ៥០ ទៅ ២០០គ្រាប់​ទៅ​លើ​អាគារមណ្ឌល​វប្បធម៌​មួយ​ក្នុង​ទីក្រុង​កូប៉ិនហាក។ ទង្វើ​បាញ់​ប្រហារ​លើក​ទី១ នេះ​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ ជា​បុរស​អាយុ ៥៥ឆ្នំា និង​របួស​ប៉ូលិស ៣នាក់។ ប៉ូលិស​រងរបួស ជា​អ្នក​ការពារ​នៅ​មុខ​អាគារ​មណ្ឌល​វប្បធម៌ រីឯ​បុរសស្លាប់ ជា​អ្នកដំណើរ​តាម​ផ្លូវ។ ជិត ៧ម៉ោង ក្រោយ​ការ​បាញ់​រះ​លើ​អាគារមណ្ឌល​វប្បធម៌ ក៏​ស្រាប់​តែ​មាន​ការ​បាញ់រះ​លើក​ទី២ ទៅ​លើ​វិហារ​របស់​សហគមន៍​ជនជាតិ​ជ្វីហ្វ។ ឧប្បវហេតុ​ទី២ នេះ​បាន​បណ្តាល​ឲ្យ​ស្លាប់​ជនជាតិ​ជ្វីហ្វ​ម្នាក់​ជា​អ្នក​យាម បន្ទាប់​ពី​ត្រូវ​របួស​ក្បាល និង​របួស​ស្រាល​ប៉ូលិស​ចំនួន ២នាក់។ ជា​សរុប ទង្វើ​បាញ់​ប្រហារ​ផ្ទួន​គ្នា​ក្នុង​ទីក្រុង​កូប៉ិនហាក​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ២នាក់ និង​របួស ៥នាក់។

សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​សហគមន៍ជ្វីហ្វ​ជា​ផ្ទំាងស៊ីប​នៃ​ការ​វាយប្រហារ

ទង្វើ​បាញ់​ប្រហារ​លើ​អាគារ​មណ្ឌលវប្បធម៌​នោះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​នៅ​ក្នុង​អាគារ​នោះ​កំពុង​រៀបចំ​កិច្ចពិភាក្សា​មួយ​ស្តីពី​សាសនាអ៊ីស្លាម និង​សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ដោយ​មាន​វត្តមាន​មនុស្ស​ចូលរួម​ប្រមាណ​ជា ១០នាក់។ ក្នុង​ចំណោម​មនុស្ស​ទំាង ១០នាក់​នោះ​គេ​ឃើញ​មាន​វត្តមាន​លោក François Zimeray ឯកអគ្គរដ្ឋទូត​បារំាង​ប្រចំា​ប្រទេស​ដាណឺម៉ាក និង​សិល្បករ​ជនជាតិ​ស៊ុយអែត​លោក Lars Vilks។ លោក Lars Vilks ដែល​គេ​យល់​ថា ជា​គោលដៅ​បាញ់​ប្រហារ​របស់​ជនខ្មាន់កំាភ្លើង។

សូម​ជម្រាប​ជូន​ថា មាន​អាយុ ៦៨ឆ្នំា លោក Lars Vilks គឺ​ជា​ផ្ទំាងស៊ីប​របស់​អង្គការ​ភេរវនិយម​អាល់កៃដា។ មូលហេតុ មក​ពី​កាល​ពី​ឆ្នំា ២០០៧ លោក​បាន​យក​រូប​ព្យាការី​សាសនា​អ៊ីស្លាម​ម៉ូហាម៉េត​ទៅ​គូរ​ជា​រូប​ត្លុកកំប្លែង​ដោយ​យក​ខ្លួន​សត្វឆ្កែ​ទៅ​ដាក់​ជា​ខ្លួន​ព្យាការី​ម៉ូហាម៉េត។ តំាង​ពី​ពេល​នោះ​មក លោក Vilks បាន​ទទួល​ការ​គំរាមកំហែង​​សម្លាប់​ជា​ច្រើន​លើក ច្រើន​សារ និង​ដែល​តំាង​ពី​ឆ្នំា ២០០៧ មក​ដល់​សព្វថ្ងៃ​នេះ លោក​កំពុង​រស់នៅ​ដោយ​មាន​ការ ការពារ​សន្តិសុខ​ជាប់​ជា​ប្រចំា​របស់​ប៉ូលិស។

លោក Lars Vilks ត្រូវ​បាន​អាល់កៃដា​ដាក់​ក្នុង​កញ្ចប់​ជា​មនុស្ស​ដែល​ត្រូវ​កំចាត់​ជាមួយ​អ្នកគំនូរ​ត្លុកកំប្លែង​ជនជាតិ​ដាណឺម៉ាក​ម្នាក់ គឺ​លោក Krut Westergaard និង​ជនជាតិ​បារំាង លោក Charb នៃ​ទស្សនាវដ្តី Charlie Hebdo។ លោក Charb ដែល​ត្រូវ​បាន​ពួក​ភេរវជន​បាញ់​សម្លាប់​នៅ​ទីស្នាក់ការ Charlie Hebdo ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃទី៧ មករា​កន្លង​ទៅ។

អំពើភេរវកម្ម​នៅ​ដាណឺម៉ាក និង​បារំាង​មាន​សេណារីយ៉ូ​ស្រដៀង​គ្នា

បើ​គេ​ពិនិត្យមើល​ជា​រួម​ឃើញ​ថា អំពើភេរវកម្ម​នៅ​ដាណឺម៉ាក និង​នៅ​បារំាង​មាន​សេណារីយ៉ូ​ស្រដៀង​គ្នា។ ការ​បាញ់រះ​ទៅ​លើ​អាគារ​មណ្ឌលវប្បធម៌​ក្នុង​ទីក្រុង​កូប៉ិនហាក​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​កំពុង​មាន​កិច្ចពិភាក្សា​ស្តីពី​សាសនា​អ៊ីស្លាម និង​សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ពិសេស​គឺ​វត្តមាន​រូប​សិល្បករ​លោក Lars Vilks ដែល​ជា​ផ្ទំាងស៊ីប​របស់​អង្គការ​ភេរវនិយម​អាល់កៃដា។ រីឯ​ការ​បាញ់រះ​នៅ​ក្នុង​ទីស្នាក់ការ Charlie Hebdo បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​អ្នកកាសែត​កំពុង​ជួបប្រជុំ​គ្នា។ គោលដៅ​បាញ់ប្រហារ​នៅ​កូប៉ិនហាក និង​ប៉ារីស គឺ​សំដៅ​អ្នក​គូរ​ត្លុកកំប្លែង​ព្យាការី​ម៉ូហាម៉េត។

និយាយ​ពី​ទង្វើ​បាញ់រះ​ទី២ នៅ​កូប៉ិនហាក គឺ​ការ​បាញ់រះ​លើ​វិហារ​របស់​ជនជាតិ​ជ្វីហ្វ ចំណែក​នៅ​ប៉ារីស គឺ​ការ​ចាប់​មនុស្ស​ធ្វើ​ជា​ថ្នូរ​នៅ​ក្នុង​ហាង​លក់​ទំនិញ​របស់​ជនជាតិ​ជ្វីហ្វ។ តែ​អ្វី​ដែល​គេ​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​នៅ​ក្នុង​ការ​បាញ់​ប្រហារ​នៅ​ដាណឺម៉ាក​នោះ​គឺ​ថា តើ​ជនខ្មាន់កំាភ្លើង​ដែល​បាញ់​លើ​អាគារមណ្ឌល​វប្បធម៌ និង​លើ​វិហារជ្វីហ្វ​ជា​មនុស្ស​តែ​មួយ ឬ​យ៉ាង​ណា និង​ថា តើ​ព្រឹត្តិការណ៍​ទំាង​ពីរ​នេះ​មាន​ចំណងទាក់ទង​គ្នា ឬ​អត់។

ប៉ូលិស​បាន​បាញ់​សម្លាប់​ជនខ្មាន់កំាភ្លើង​ម្នាក់​ដែល​សង្ស័យ​ជា​ជនដៃដល់

មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ព័ត៌មាន​ណា​មួយ​ដែល​បញ្ជាក់​ពី​ការ​ចាប់​បាន​ជនដៃដល់ ឬ​មួយ​ក៏​ព័ត៌មាន​ទាក់ទង​នឹង​អត្តសញ្ញាណ​របស់​ជន​ដៃដល់​ដែរ។ អ្វី​ដែល​គេ​ដឹង​នោះ​គឺ​ថា នៅ​ព្រលឹម​ស្រាងៗ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ប៉ូលិស​បាន​បាញ់​សម្លាប់​ជនខ្មាន់កំាភ្លើង​ម្នាក់​នៅ​ក្បែរ​ស្ថានីយ៍​រថភ្លើង​មួយ។ យោង​តាម​ប៉ូលិស រូប​ជនខ្មាន់កំាភ្លើង​នោះ​អាច​ជា​ជន​ដៃដល់​នៅ​ក្នុង​ព្រឹត្តិការណ៍​បាញ់​ប្រហារ​ទំាង​ពីរ។ គួរ​ជម្រាប​ជូន​ថា ប៉ុន្មាន​ម៉ោង​ក្រោយ​ព្រឹត្តិការណ៍​បាញ់​ប្រហារ​ភ្លាម ប៉ូលិស​បាន​ផ្សព្វផ្សាយ​រូបភាព​មួយ​ដែល​កំាមេរ៉ា​ឃ្លំាមើល​នៅ​តាម​ផ្លូវ​សាធារណៈ​ថត​បាន។ នៅ​ក្នុង​រូបភាព​នោះ គេ​ឃើញ​រូប​បុរស​ម្នាក់​ពាក់អាវ​រងា​ពណ៌ក្រម៉ៅ ពាក់មួក​ការពារ​ត្រជាក់​ពណ៌​ឈាមជ្រូក មាន​អាយុ​ពី ២៥ ទៅ ៣០ឆ្នំា និង​មាន​កម្ពស់​ប្រហែល ១,៨៥ម៉ែត្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ