អានតួអត្ថបទ
បារំាង-ម៉ាឡេស៊ី

បារំាង៖ក្រុមអ្នកជំនាញ​ផ្តើម​វិភាគ​លើ​បំណែក​ស្លាប​យន្តហោះ​ដែល​រក​ឃើញ​នៅ​រ៉េអ៊ុយញ៉ុង

នៅ​រសៀល​ថ្ងៃ​ពុធ ទី៥ សីហា ក្រុម​អ្នកស៊ើបអង្កេត និង​ក្រុម​អ្នក​ជំនាញ​បារំាង រួម​ទំាង​ប្រទេស​មួយ​ចំនួន​ផង​បាន​ផ្តើម​ការងារ​វិភាគ​លើ​បំណែក​ស្លាប​យន្តហោះ​ប្រភេទ​ប៊ូអ៊ីង ៧៧៧ ដែល​បាន​រក​ឃើញ​នៅ​ឆ្នេរសមុទ្រ​នៃ​កោះ​រ៉េអ៊ុយញ៉ុង​ក្នុង​ទឹកដី​បារំាង​កាល​ពី ១សប្តាហ៍​កន្លង​ទៅ។ ការងារ​វិភាគ​លើ​បំណែក​យន្តហោះ​នោះ​បាន​រៀបចំ​ធ្វើ​នៅ​ក្នុង​បន្ទប់ពិសោធន៍​យោធា​មួយ​ក្នុង​ខេត្ត​ទូលូ ប្រទេស​បារំាង។ កម្មវត្ថុ​គឺ​ដើម្បី​ចង់ដឹង​ថា តើ​ជា​ស្លាប​យន្តហោះ​របស់ Malaysia Airline ដែល​បាន​បាត់ខ្លួន​តំាង​ពី​ខែ​មីនា ឆ្នំា ២០១៤ ឬ​អត់?

បារំាង៖ក្រុមអ្នកជំនាញ​ផ្តើម​វិភាគ​លើ​បំណែក​ស្លាប​យន្តហោះ​ដែល​រក​ឃើញ​នៅ​រ៉េអ៊ុយញ៉ុង
បារំាង៖ក្រុមអ្នកជំនាញ​ផ្តើម​វិភាគ​លើ​បំណែក​ស្លាប​យន្តហោះ​ដែល​រក​ឃើញ​នៅ​រ៉េអ៊ុយញ៉ុង REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​វេលា​ម៉ោង ២រសៀល​ម៉ោង​ក្នុង​ប្រទេស​បារំាង​នា​ថ្ងៃ​ពុធ ទី៥ សីហា​ដែល​ក្រុម​អ្នកស៊ើបអង្កេត និង​ក្រុម​អ្នកជំនាញ​បារំាង​រួម​សហការណ៍​ជាមួយ​ប្រទេស​ម៉ាឡេស៊ី ចិន និង​អាមេរិកំាង​បាន​ផ្តើម​ការងារ​វិភាគ​លើ​បំណែក​យន្តហោះ​ដែល​បាន​រក​ឃើញ​លើ​ឆ្នេរសមុទ្រ​កោះ​រ៉េអ៊ុយញ៉ុង​ក្នុង​ទឹកដី​បារំាង​កាល​ពី​១សប្តាហ៍​កន្លង​ទៅ។ ការងារ​វិភាគ​នឹង​ត្រូវ​ធ្វើ​ឡើង​ជា ៣ដំណាក់កាល​ខុស​គ្នា។ នៅ​ក្នុង​ជំហាន​ទី១ ក្រុមអ្នកជំនាញ​នឹង​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ពី​ធម្មជាតិ​ពិត​របស់​បំណែក​ស្លាប​យន្តហោះ​នោះ​ដើម្បី​បញ្ជាក់​ថា គឺ​​ពិត​ជា​បំណែក​ស្លាប​យន្តហោះ​របស់​ប៊ូអ៊ីង ៧៧៧ មែន។ នៅ​ក្នុង​ជំហាន​ទី២ និង​បន្ទាប់​ពី​មាន​ការ​បញ្ជាក់​ថា​ជា​បំណែក​ស្លាប​យន្តហោះ​របស់​ប៊ូអ៊ីង ៧៧៧ មក ក្រុម​អ្នកជំនាញ​នឹង​បន្ត​ព្យាយាម​ចង់​ដឹង​ថា តើ​វា​ជា​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Malaysia Airline ឬ​អត់។

គួរ​ជម្រាប​ជូន​ថា ស្លាកស្នាម​ដែល​បាន​ធ្វើ​ឲ្យ​ក្រុម​អ្នកជំនាញ​ផ្តោត​អារម្មណ៍​ខ្លំាង​ជាង​គេ​នៅ​លើ​បំណែក​ស្លាប​យន្តហោះ​នោះ គឺ​ថ្នំាលាប ព្រោះ​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ប្រទេស​នីមួយៗ​បាន​កម្ម៉ង់​ឲ្យ​ក្រុមហ៊ុន​ផលិត​យន្តហោះ​លាបថ្នំា​ពណ៌​ខុសៗ​គ្នា​ទៅ​តាម​ការ​ចង់​បាន​របស់​ខ្លួន។ ទន្ទឹម​គ្នា​នេះ ក្រុម​អ្នកជំនាញ​ក៏​ចាប់​អារម្មណ៍​លើ​ចំណារ និង​អក្សរ​ដែល​មាន​សរសេរ​លើ​បំណែក​ស្លាប​យន្តហោះ​នោះ។ រូបមន្ត និង​ប្រភេទ​អក្សរ​ដែល​ចារ និង​សរសេរ​លើ​បំណែក​ស្លាប​យន្តហោះ​នោះ​អាច​ឲ្យ​គេ​ដឹង​ពី​ប្រភពដើម​របស់​យន្តហោះ ពិសេស​ថា​តើ​បំណែក​ស្លាប​យន្តហោះ​នោះ ពិត​ជា​របស់​យន្តហោះ Malaysia Airline ជើង​ហោះហើរ​លេខ MH៣៧០ ដែល​បាន​បាត់​ខ្លួន​កាល​ពី​ខែ​មីនា ឆ្នំា ២០១៤ ឬ​អត់។

ចំណែក​នៅ​ក្នុង​ជំហាន​ទី៣ ក្រុម​អ្នកជំនាញ​នឹង​ផ្តើម​សិក្សា វិភាគ​ដើម្បី​ចង់​ដឹង​ពី​មូលហេតុ​ពិត​នៃ​គ្រោះថ្នាក់​របស់​យន្តហោះ​នោះ ពោល​ចង់​ថា តើ​យន្តហោះ​នោះ​បាន​ជួប​គ្រោះថ្នាក់​ផ្ទុះ​ឆេះ​នៅ​ពេល​កំពុង​ហោះហើរ ឬ​មួយ​ក៏​បាន​ផ្ទុះ​ឆេះ​នៅ​ពេល​ធ្លាក់​ទៅ​ប៉ះ​នឹង​ផ្ទៃ​ទឹកសមុទ្រ។ យ៉ាង​ណា​ក៏​ដោយ លទ្ធផល​នៃ​ការ​សិក្សា វិភាគ​នឹង​ត្រូវ​គេ​ប្រកាស​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ