អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

BREXIT៖ អង់គ្លេស​ត្រៀម​លក្ខណៈ ក្នុង​ករណី “ផ្តាច់ខ្លួន​ពី​អឺរ៉ុប​ដោយ​គ្មាន​​កិច្ច​​ព្រមព្រៀង”

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅសល់ពេល១០០ថ្ងៃគត់ ដែលអង់គ្លេស ត្រូវចាកចេញពីសហភាពអឺរ៉ុប ជាស្ថាពរ។ ពេលវេលា កាន់តែខិតជិតមកដល់ ក៏ប៉ុន្តែក្តីបារម្ភ ក៏កាន់តែរីកធំឡើង ក៏ព្រោះតែគេមិនរំពឹង ថានឹងមានកិច្ចព្រមព្រៀងណាមួយ រវាងអង់គ្លេស និងសហភាពអឺរ៉ុប ដើម្បីចាត់ចែងរៀបចំ ទំនាក់ទំនង នៅក្រោយពេលផ្តាច់ខ្លួននេះ​ទេ។ លោកស្រីតេរ៉េសា ម៉េ នាយករដ្ឋមន្ត្រីអង់គ្លេស បានសម្រេចលើកពេល នាំយកកិច្ចព្រមព្រៀងទៅឲ្យសភាបោះឆ្នោត នៅពាក់កណ្តាលខែមករាខាងមុខ ខណៈដែលសមាជិកសភាអង់គ្លេស ជាច្រើននាក់ បានអះអាងថា នឹងមិនបោះឆ្នោតទទួលកិច្ចព្រមព្រៀងនេះជាដាច់ខាត។ នៅថ្ងៃពុធនេះ រដ្ឋាភិបាល​អង់គ្លេស បានបង្ហាញឲ្យដឹងពីវិធានការមួយចំនួន ដើម្បីត្រៀមលក្ខណៈ ក្នុងករណីដែលគ្មានកិច្ចព្រមព្រៀង ជាមួយសហភាពអឺរ៉ុប នៅក្រោយខែមីនា ឆ្នាំ២០១៩។

បាតុករ​ប្រឆាំង​នឹង​ការ​ចាកចេញ​​ពី​អឺរ៉ុប លើកទង់អឺរ៉ុប និងទង់​អង់គ្លេស នៅក្បែរ​អាគារ​រដ្ឋសភា​អង់គ្លេស។ ទីក្រុង​ឡុងដ៍ ថ្ងៃទី​​១៧ធ្នូ ២០១៨
បាតុករ​ប្រឆាំង​នឹង​ការ​ចាកចេញ​​ពី​អឺរ៉ុប លើកទង់អឺរ៉ុប និងទង់​អង់គ្លេស នៅក្បែរ​អាគារ​រដ្ឋសភា​អង់គ្លេស។ ទីក្រុង​ឡុងដ៍ ថ្ងៃទី​​១៧ធ្នូ ២០១៨ REUTERS/Toby Melville
ផ្សាយពាណិជ្ជកម្ម

លើកពេលបោះឆ្នោតក្នុងសភា ទៅខែមករាឆ្នាំ២០១៩

ក្តីបារម្ភកាន់តែរីកធំ ទាក់ទិននឹងការចាកចេញដោយគ្មានកិច្ចព្រមព្រៀងនេះ។ ក្តីបារម្ភ វាបានធ្វើឲ្យបរិយាកាសសង្គម និងនយោបាយនៅអង់គ្លេស មានភាពអាប់អួរ ស្រពិចស្រពិលជាទីបំផុត។ រដូវកាលបុណ្យណូអែលចុងឆ្នាំបែបនេះ សព្វមួយដង គឺមានភាពសប្បាយ​រីករាយ តែលើកនេះ គឺថាអ្វីៗវាអាប់អួរ ប្រកបដោយទុទិដ្ឋិនិយម។

សេណារីយ៉ូ ដែលថា អង់គ្លេស នឹងចាកចេញពីអឺរ៉ុប ដោយគ្មានកិច្ចព្រមព្រៀងអ្វីទាល់​តែ​សោះ​នោះ គឺកំពុងតែក្លាយជាការពិតហើយ។ កិច្ចព្រមព្រៀងដែលលោកស្រី តេរ៉េស ម៉េ បាន​​ចរចា​សម្រេច ជាមួយនឹងសហភាពអឺរ៉ុបនោះ គឺមានសង្ឃឹមតិចណាស់ ដែលថា សភាអង់គ្លេស នឹងបោះឆ្នោតយល់ព្រម។ ហេតុដូច្នេះហើយ បានជាកាលពីថ្ងៃចន្ទកន្លងទៅ លោកស្រីបានសម្រេចលើកពេល មិនយកកិច្ចព្រមព្រៀងនេះ ចូលសភាទេ។ ហើយនៅ​ថ្ងៃ​ពុធ ទី១៩ធ្នូនេះ​ លោកស្រី តេរ៉េស ម៉េ បានបញ្ជាក់ឲ្យដឹងថា លោកស្រីនឹងចូល​សភា យក​កិច្ច​ព្រមព្រៀងនេះ ទៅឲ្យសមាជិកសភាបោះឆ្នោត នៅរវាងអាទិត្យទី ២ ឬទី៣ ខែមករា ឆ្នាំក្រោយ។

លោក Jeremy Corbyn ប្រធានគណបក្សពលករ ដែលជាបក្សប្រឆាំង បានលើកឡើងថា​ លោកស្រី តេរ៉េស ម៉េ កំពុងតែប្រើស្នៀត យកពេលវេលា មកដាក់កំហិត​ លើសមាជិក​សភា។ ការដែលលោកស្រី តេរ៉េស ម៉េ លើកការបោះឆ្នោតទៅដល់ពាក់កណ្តាលខែមករា ឆ្នាំក្រោយ គឺក្នុងគោលបំណង បង្ខំឲ្យសភា ត្រូវតែបោះឆ្នោត យល់ព្រមទទួលកិច្ចព្រមព្រៀង ដែលលោកស្រីបានត្រូវរូវគ្នាជាមួយអឺរ៉ុប។ បើមិនទទួលទេ គឺអង់​គ្លេស នឹងប្រាកដ​ជាត្រូវ​ដើរចេញ ដោយគ្មានកិច្ចព្រមព្រៀងណាមួយទាំងអស់​ ព្រោះថាពេលវេលាខើច​ខ្លីណាស់ ដើម្បីចរចា រកកិច្ចព្រមព្រៀងថ្មី ជាមួយអឺរ៉ុប។ ពោល គឺបក្សប្រឆាំង កំពុង​ចោទ រដ្ឋាភិបាល​លោកស្រី តេរ៉េស ម៉េ ថាកំពុងតែ​ ប្រើស្នៀតបំភ័យ សមាជិកសភាទាំងអស់​។

ចលាចល បើគ្មានកិច្ចព្រមព្រៀង

ក្នុងករណីរដែលគ្មានកិច្ចព្រមព្រៀងទេនោះ នោះគឺមានន័យថា រវាងសហភាពអឺរ៉ុប និងអង់គ្លេស គឺប្រៀបបានដូចជាភពខ្មៅងងិតមួយ ដែលគ្មានច្បាប់ គ្មានវិធានបទដ្ឋានគតិយុទ្ធ ដើម្បីចាត់ចែងទាំងអស់។ រាល់ទំនាក់ទំនង ពាណិជ្ជកម្ម ចរាចរណ៍ទំនិញ និងការធ្វើដំណើរ របស់មនុស្ស និងត្រូវចោទជាបញ្ហា។

និយាយឲ្យខ្លី គឺព្រំដែននឹងត្រូវមានឡើងវិញ ដែលនេះមានន័យថា ទំនិញដែលពីមុន អាចចេញចូលដោយសេរី នឹងត្រូវតែឆ្លងកាត់ការត្រួតពិនិត្យនិងបង់ពន្ធ។ ប្រជាជនអឺរ៉ុប ដែលធ្លាប់រស់នៅដោយស្របច្បាប់លើដីអង់គ្លេស ក៏ត្រូវក្លាយជាជនអន្តោប្រវេសន៍ខុសច្បាប់។ ចំណែកជនជាតិអង់គ្លេស នៅលើដីអឺរ៉ុបវិញ ក៏ដូច្នេះដែរ។ បញ្ហាចោទធំចំបងបំផុតនោះ គឺក្រុមហ៊ុន សហគ្រាសរបស់អង់គ្លេស ដែលរកស៊ី មានទំនាក់ទំនង ឬមានសាខានៅពាសពេញសហភាពអឺរ៉ុប។ បញ្ហានេះ វានឹងចោទទៅលើ កិច្ចសន្យាការងារ របស់បុគ្គលិកជនជាតិអង់គ្លេស ក៏ដូចជាបុគ្គលិកជនជាតិអឺរ៉ុបផ្សេងទៀត។

ធនាគារកណ្តាលអង់គ្លេស បានលើកឡើងថា បញ្ហាទាំងអស់នេះ នឹងធ្វើឲ្យសេដ្ឋកិច្ចអង់គ្លេស ចុះអន់ខ្លាំង ហើយតម្លៃប្រាក់ផោនអង់គ្លេសក៏នឹងចុះថោកដែរ។ ៤៦ឆ្នាំហើយ ដែលអង់គ្លេសរួមរស់ជាមួយសហភាពអឺរ៉ុប ដូច្នេះការចាកចេញ ពិតជាជាប់សាំញ៉ាំទៅដោយបញ្ហា។ កំពង់ផែដឹកទំនិញ ឬ ​ព្រលានយន្តហោះអង់គ្លេសជាដើម នឹងប្រាដកជាជួបបញ្ហារញ៉េរញ៉ៃ ដោយសារតែលែងមានច្បាប់អឺរ៉ុបគ្រប់គ្រង។

ចំណែកខាងសហភាពអឺរ៉ុបវិញ សេណារីយ៉ូចាកចេញដោយគ្មានកិច្ចព្រមព្រៀង របស់អង់គ្លេសនេះ ក៏ហាក់ដូចជាកាន់តែ ក្លាយជាការពិតដែរ។ នៅ​ព្រឹកថ្ងៃពុធនេះ គេបានប្រកាស​ឲ្យដឹង ពីវិធានការបន្ទាន់នានា ដើម្បីចាត់ចែងដោះស្រាយបញ្ហា ក៏ដូចជាការពារពាណិជ្ជកម្ម ក្រុមហ៊ុនអឺរ៉ុប និងប្រជាជនអឺរ៉ុប ដែលមានទំនាក់ទំនងជាមួយអង់គ្លេស។

រដ្ឋាភិបាលអង់គ្លេស ត្រៀមប្រាក់៤៥៦លានអឺរ៉ូ

នៅថ្ងៃពុធ ទី១៩ធ្នូ​ រដ្ឋាភិបាលអង់គ្លេស បានបង្ហាញឲ្យដឹង ពីវិធានការមួយចំនួន ដើម្បីត្រៀមលក្ខណៈ ដោះស្រាយ ក្នុងករណីដែលគ្មានកិច្ចព្រមព្រៀង ជាមួយសហភាពអឺរ៉ុប។ ប្រភពពីលោក Philippe Hammond រដ្ឋមន្ត្រី​ហិរញ្ញវត្ថុអង់គ្លេស បានឲ្យដឹងថា គេគ្រោងនឹងចំណាយប្រាក់ ​៤៥៦លានអឺរ៉ូ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលប្រាក់នេះ នឹងត្រូវបែងចែកទៅតាមក្រសួងទាំង២៦។

ប្រភពពីអ្នកនាំពាក្យរដ្ឋាភិបាល អះអាងថា អង់គ្លេស អាចនឹងជួលនាវា ដើម្បីដឹកទំនិញនាំចូលមួយចំនួនដែលចាំបាច់ ព្រមទាំងកុម្មង់ទុកក្នុងស្តុក នូវថ្នាំពេទ្យ មួយចំនួន។ ក្រុមហ៊ុនប្រមាណ៨ម៉ឺនក្រុមហ៊ុន ដែលអាចរងគ្រោះជាងគេ នឹងទទួលបាននូវឯកសារណែនាំ នៅរវាងប៉ុន្មានថ្ងៃខាងមុខ ដើម្បីដោះស្រាយបញ្ហា​ប្រឈមនានា។ ចំណែកបញ្ហាព្រំដែនវិញ ក្រសួងមហាផ្ទៃ និងនាយកដ្ឋានគយពន្ធដា កំពុងតែត្រៀ​មខ្លួន រើសមនុស្សប​ន្ថែមរាប់ពាន់នាក់ ដើម្បីដាក់នៅតាមច្រកព្រំដែន។ ហើយកាលពីព្រឹកថ្ងៃអង្គារ ទី១៨ធ្នូ​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អង់គ្លេស បានលើកឡើងថា កងទ័ពបានត្រៀមកំលាំង៣៥០០០នាក់ ក្នុងករណីដែលរដ្ឋាភិបាលត្រូវការយកទៅប្រើ។

បោះឆ្នោតប្រជាមតិម្តងទៀត?

ទន្ទឹមនឹងក្តីបារម្ភថានឹងគ្មានកិច្ចព្រមព្រៀង មុនថ្ងៃចាកចេញពីអឺរ៉ុបនេះ គឺមានមតិមួយទៀត ដែលលើកឡើងថា ត្រូវតែបោះឆ្នោតធ្វើប្រជាមតិម្តងទៀត ដើម្បីឲ្យប្រជាជនអង់គ្លេស ជាអ្នកសម្រេច។ អ្វីៗវាអាចទៅរួចទាំងអស់ មកដល់ដំណាក់កាលនេះ។ ក៏ប៉ុន្តែ យ៉ាងណាក៏ដោយ វិបត្តិផ្ទៃក្នុង​ រវាងប្រជាជនអង់គ្លេស និងថ្នាក់ដឹកនាំនយោបាយគឺ មានកាន់តែជ្រៅ។ ក្នុងន័យនេះ ហើយ បានជាលោកស្រីតេរ៉េសា ម៉េ បានប្រឆាំងដាច់ខាត ថានឹងគ្មានការបោះឆ្នោតប្រជាមតិណាមួយទៀតទេ។ បើបោះឆ្នោតប្រជាមតិម្តងទៀត គឺមានន័យថា អ្នកនយោបាយអង់គ្លេស អសមត្ថភាព មិនអាចចរចាចាកចេញពីអឺរ៉ុប គោរពទៅតាមលទ្ធផលប្រជាមតិលើកទីមួយបាន។ ពោលគឺ ទំនុកចិត្តរបស់ប្រជាជនអង់គ្លេស មកលើថ្នាក់ដឹកនាំនយោបាយ មិនថារដ្ឋាភិបាល ឬសភាទេ គឺនឹងរលាយរលត់តែម្តង។

តែយ៉ាងណា នៅតែមានសមាជិកសភា និងអ្នកវិភាគសង្គមខ្លះ លើកឡើងថា បើគ្មានដំណោះស្រាយទេ ត្រូវប្រគល់នាទីនេះ ទៅឲ្យប្រជាជនបោះឆ្នោតប្រជាមតិ។ យោងតាមវិទ្យាស្ថានស្ថិតិ YouGov បានបង្ហាញតួលេខថា មានប្រជាជនអង់គ្លេស ប្រមាណ៤៥% ដែលចង់ឲ្យមានប្រជាមិតម្តងទៀត។ ហើយបើសិនជាមានប្រជាមតិម្តងទៀត នោះប្រជាជនប្រមាណ​៥៥% នឹងបោះឆ្នោតយល់ព្រមបន្តនៅក្នុងសហភាពអឺរ៉ុប។

ក៏ប៉ុន្តែ នេះគ្រាន់តែជាការស្ទាបស្ទង់មតិ ដែល​លទ្ធផល វាប្រែប្រួលទៅតាម​សំណួរ ដែលគេចោទសួរ។ ដូច្នេះបញ្ហានេះ នឹងត្រូវចោទឡើង ថា​តើ ត្រូវដាក់សំណួរយ៉ាងណា ទៅឲ្យប្រជាជន ដែលបោះឆ្នោត បើសិនជាត្រូវធ្វើប្រជាមិតម្តងទៀតមែន។ ត្រូវសួរម្តងទៀតថា ចង់ចេញឬមិនចង់ចេញពីអឺរ៉ុប ឬក៏សួរថា ត្រូវទទួលយកកិច្ចព្រមព្រៀងរបស់លោកស្រីតេរ៉េសា ម៉េ ឬមួយក៏ត្រូវទទួលយកការចាកចេញ ដោយគ្មានកិច្ចព្រមព្រៀង។ យើងឃើញ​ថា បញ្ហាមិនអាចចប់ងាយៗទេ។ សម្រាប់ពេលនេះ គ្មាននរណាអាចស្មានបានទាំងអស់ ដូចជាលទ្ធផល កាលពីបោះឆ្នោតប្រជាមតិកាលពីឆ្នាំ២០១៦ ដូច្នោះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ