rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហភាពអឺរ៉ុប អង់គ្លេស Brexit

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

Brexit៖ លោកស្រី​តេរ៉េហ្សា ម៉េ ចង់​ចរចា​ឡើងវិញ​ជាមួយ​អឺរ៉ុប ស្តីពី​បញ្ហា​ព្រំដែន​អៀរឡង់

media
លោកស្រី តេរ៉េហ្សា ម៉េ និយាយទៅកាន់​សមាជីក​​សភា ថ្ងៃទី​​២៩ មករា ២០១៩ UK Parliament/Jessica Taylor/Handout via REUTERS

នៅប្រមាណ២ខែទៀត​ គឺដល់ឱស្សានុវាទ ដែលអង់គ្លេស ត្រូវផ្តាច់ខ្លួនពីសហភាពអឺរ៉ុប។ ក៏ប៉ុន្តែ មកទល់ពេលនេះ នៅតែគ្មានកិច្ចព្រមព្រៀងផ្តាច់ខ្លួន រវាងអឺរ៉ុប និងអង់គ្លេសទេ។ កិច្ចព្រមព្រៀង ដែលលោកស្រីតេរ៉េហ្សា ម៉េ បានចរចាជាមួយសហភាពអឺរ៉ុប ត្រូវបានសមាជិកសភាអង់គ្លេស បដិសេធចោល កាលពីថ្ងៃទី២៩មករា។ សមាជិកសភា បានបោះឆ្នោត ដើម្បីរុញលោកស្រីតេរ៉េហ្សា ម៉េ ឲ្យត្រលប់ទៅចរចា ជាមួយសហភាពអឺរ៉ុប ឡើងវិញ ស្តីពីចំនុចទាក់ទិននឹងបញ្ហាព្រំដែន រវាងដែនដីអៀរឡង់ខាងជើង និងប្រទេសអៀរឡង់។ តែយ៉ាងណា ភាគីអឺរ៉ុប បានបង្ហាញជំហរ ថាគេមិនអាចសើររើចរចាឡើងវិញបានទេ។


លោកស្រីតេរ៉េហ្សា ម៉េ បានទទួលភ្លើងខៀវ ពីសមាជិកសភាអង់គ្លេស ដើម្បីឲ្យលោកស្រី ត្រលប់ទៅចរចាជាថ្មី ជាមួយសហភាពអឺរ៉ុប។ ចំនុច ដែលនាយករដ្ឋមន្ត្រីអង់គ្លេស ត្រូវចរចាឡើងវិញនោះ គឺ បញ្ហាព្រំដែនអៀរ​ឡង់។ តែយ៉ាងណាក៏ដោយ លោកស្រីតេរ៉េហ្សា ម៉េ ខ្លួនឯង បានទទួលស្គាល់ថា ការចរចាឡើងវិញនេះ មិនមែនជារឿងងាយស្រួលទេ។

ជាការពិត នៅល្ងាចថ្ងៃទី២៩មករា ក្រោយបានដឹង អំពីគោលជំហរចង់ចរចាឡើងវិញ របស់រដ្ឋាភិបាលអង់គ្លេសនេះ ភាគីសហភាពអឺរ៉ុប បានបង្ហាញជំហរដាច់ណាត់ ថាគេមិនចរចាឡើងវិញឡើយ។ លោកម៉ាក្រុង ប្រធានាធិបតីបារាំង បានបញ្ជាក់ថា កិ​ច្ចព្រមព្រៀង ដែលបានសន្មត់គ្នារួចហើយកាលពីខែវិច្ឆិកា គឺជាដំណោះស្រាយដ៏ល្អជាងគេបំផុត ហើយ​មិនអាចរុះរើ ចរចាសារឡើងវិញ បានជាដាច់ខាត។ លោកម៉ាក្រុង បានផ្ញើរសារទៅកាន់រដ្ឋាភិបាលអង់គ្លេស ថាត្រូវបង្ហាញឲ្យ​បានឆាប់ នូវអ្វីដែលត្រូវធ្វើបន្ទាប់ទៀត ដើម្បីចៀសវាង ការផ្តាច់ខ្លួន ដោយគ្មានកិច្ចព្រមព្រៀង។

សូមរំលឹកថា បញ្ហាព្រំដែនអៀរឡង់ គឺជាចំណុចខ្ទាស់ធំបង្អស់​ នៅក្នុងកិច្ចព្រមព្រៀងផ្តាច់ខ្លួននេះ។ ក្រោយថ្ងៃផ្តាច់ខ្លួនជាស្ថាពរ ព្រំដែនរវាងប្រទេសអៀរឡង់ និងដែនដីអៀរឡង់ខាងជើង នឹងក្លាយជាព្រំដែនរវាងសហភាពអឺរ៉ុប និងអង់គ្លេស។ ការវិលត្រលប់មកវិញនូវព្រំដែននេះ ត្រូវបានគេព្រួយបារម្ភថា នឹងធ្វើ​ឲ្យរើឡើងវិញ នូវដំបៅសង្រ្គាម ទាមទារទឹកដីរវាងអៀរឡង់ និងអៀរឡង់ខាងជើង។ ដើម្បីចៀស កុំឲ្យមានព្រំដែននេះ រដ្ឋាភិបាលអង់គ្លេស និងសហភាពអឺរ៉ុប បានយល់ព្រមគ្នា បង្កើតជាប្រព័ន្ធ “Backstop” បណ្តោះអាសន្ន។ ក៏ប៉ុន្តែចំនុចនេះ ត្រូវបានសមាជិកសភាជាតិនិយម របស់អង់គ្លេសបដិសេធ ហើយបានរុញលោកស្រីតេរ៉ាហ្សា ម៉េ ថាត្រូវតែចរចាឡើងវិញលើចំនុចនេះ។

អ្នកវិភាគខ្លះលើកឡើងថា ការដែលលោកស្រីតេរ៉េហ្សា ម៉េ ព្រមវិលមកចរចាជាថ្មី បើទោះបីដឹងថា អឺរ៉ុបមិនព្រមក៏ដោយ គឺក្នុងគោលបំណង ធ្វើឲ្យបានសមាជិកសភាអង់គ្លេស បានអស់ចិត្ត។ លោកស្រីតេរ៉ាហ្សា ម៉េ បានដាក់កំហិតខ្លួនឯងថា ដល់ថ្ងៃទី​១៣កុម្ភៈ​ បើនៅតែគ្មានកិច្ចព្រមព្រៀងទេ នោះលោកស្រី និងសុំឲ្យសភាបោះឆ្នោត ដើម្បីផ្តាច់ខ្លួនដោយគ្មានកិច្ចព្រមព្រៀង។ បើតាមការវិភាគ លោកស្រីម៉េ ចង់ឲ្យសភាអង់គ្លេស បានភ្លឺភ្នែកដោយខ្លួនឯង ព្រោះថាចង់មិនចង់ អង់គ្លេសមាន​ជម្រើស​តែ២​ទេ គឺ​ទទួលយកកិច្ចព្រមព្រៀង​នេះ ឬមួយ​​ត្រូវផ្តាច់ខ្លួន ដោយគ្មានកិច្ចព្រមព្រៀង។ បណ្តាក្រុមហ៊ុន អ្នកវិនិយោគ​ ក៏ដូចជាបុគ្គលិកទូទៅ កំពុងព្រួយបារម្ភបំផុត ក្នុងករណីដែលគ្មានកិច្ចព្រមព្រៀង ដើម្បីចាត់ចែងការផ្តាច់ខ្លួនទេនោះ៕