Brexit៖ នាយករដ្ឋមន្ត្រីអង់គ្លេស បង្ហើបថាលោកដូណាល់ ត្រាំ បញ្ចេះឲ្យអង់គ្លេសប្តឹងអឺរ៉ុប
លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ទើបតែបានបិទបញ្ចប់ដំណើរទស្សនកិច្ច រយៈពេល៤ថ្ងៃនៅអង់គ្លេស។ ជាដំណើរទស្សនកិច្ចផ្លូវរដ្ឋ ដែលលោកប្រធានាធិបតីអាមេរិក បានជួបជាមួយម្ចាស់ក្សត្រីអេលីហ្សាប៊ែត ទី២ របស់អង់គ្លេស និងលោកស្រីតេរ៉េហ្សា ម៉េ នាយករដ្ឋមន្ត្រីអង់គ្លេស។ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស បានបង្ហើបឲ្យដឹងថា ក្នុងពេលជួបគ្នា លោកដូណាល់ ត្រាំ បានប្រាប់ទៅលោកស្រី អំពីយុទ្ធសាស្ត្រយកឈ្នះអឺរ៉ុប ក្នុងដំណើរការផ្តាច់ខ្លួនពីអឺរ៉ុប គឺដោយត្រូវប្តឹងអឺរ៉ុប ចំពោះមុខតុលាការ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២៥
នៅក្នុងកម្មវិធីទូរទស្សន៍ The Andrew Marr Show របស់ទូរទស្សន៍BBC កាលពីថ្ងៃអាទិត្យ ទី១៥កក្កដា លោកស្រី តេរ៉េហ្សា ម៉េ នាយករដ្ឋមន្ត្រីអង់គ្លេស បាននិយាយថា លោកដូណាល់ ត្រាំ ពិតជាបានបញ្ចេះឲ្យលោកស្រី ប្តឹងសហភាពអឺរ៉ុប ដើម្បីមានប្រៀប អាចចរចាផ្តាច់ខ្លួនចេញពីអឺរ៉ុប ដោយមិនឲ្យអង់គ្លេសខាតបង់ច្រើន។ សម្តីនេះ គឺលោកស្រីតេរ៉ាហ្សា ម៉េ បានអះអាងថា លោកដូណាល់ ត្រាំ បានប្រាប់ទៅគាត់ ក្នុងពេលជួបប្រជុំគ្នា មួយទល់នឹងមួយ។
ទោះយ៉ាងណា ក្នុងពេលប្រជុំ លោកស្រីតេរ៉េហ្សា ម៉េ បានឆ្លើយទៅកាន់លោកដូណាល់ ត្រាំវិញថា អរគុណច្រើនណាស់ ចំពោះយោបល់នេះ តែក្នុងនាមប្រមុខរដ្ឋាភិបាលអង់គ្លេស លោកស្រីសុខចិត្តបន្តការចរចា តាមសម្រួល ជាមួយសហភាពអឺរ៉ុបវិញ មិនជ្រើសយកការប្តឹងប្តល់ទេ។
គួរកត់សំគាល់ថា ក្រោយបានជួបប្រជុំជាមួយលោកស្រីតេរ៉េហ្សា ម៉េ នៅទីក្រុងឡុងដ៍ លោកដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកកាសែតថា លោកបានផ្តល់ជូនលោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស នូវយុទ្ធសាស្ត្រមួយចំនួន ដើម្បីមានប្រៀបខ្លាំង ក្នុងការផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុប។ ដោយមិនបញ្ជាក់ឲ្យច្បាស់ ថាជាយុទ្ធសាស្ត្រអ្វីឲ្យពិតប្រាកដ លោកដូណាល់ ត្រាំ គ្រាន់តែបានបញ្ជាក់ថា លោកស្រីតេរ៉េហ្សា ម៉េ មិនយល់ស្របនិងយុទ្ធសាស្ត្រនោះទេ ព្រោះវាមានលក្ខណៈខ្លាំងក្លាពេក។ លោកដូណាល់ ត្រាំ បានទាំងបន្ថែមថា លោកសង្ឃឹមថា ថ្ងៃណាមួយ លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស និងព្រមធ្វើតាមការផ្តល់យោបល់ របស់គាត់ បើសិនជាអឺរ៉ុប មិនព្រមចុះកិច្ចព្រមព្រៀងផ្តាច់ខ្លួន ជាមួយអង់គ្លេសទេនោះ។
ដោយឡែក កាសែត The Sun បានចុះផ្សាយថា ទាក់ទិននឹងការផ្តាច់ខ្លួនរបស់អង់គ្លេស ចេញពីសហភាពអឺរ៉ុបនេះ លោកដូណាល់ បាននិយាយថា បើសិនលោក ជានាយករដ្ឋមន្ត្រីអង់គ្លេសវិញ លោកមិនចរចាររបៀបនេះទេ គឺលោកមានយុទ្ធសាស្ត្រផ្សេង។ លោកដូណាល់ ត្រាំ បានឆ្លៀតរិះគន់ទៀតថា លោកស្រីតេរ៉េហ្សា ម៉េ បានជ្រើសយកផ្លូវដើរ ដែលផ្ទុយពីស្មារតី នៃលទ្ធផលប្រជាមតិ របស់ប្រជាជនអង់គ្លេស កាលពីឆ្នំាំ២០១៦។
សូមរំលឹកថា នៅថ្ងៃទី២៩មីនា ឆ្នាំ២០១៩ខាងមុខ អង់គ្លេសនឹងត្រូវចាកចេញពីគ្រួសារសហភាពអឺរ៉ុប ជាស្ថាពរហើយ។ សម្រាប់ពេលនេះ អង់គ្លេសកំពុងចរចា ជាមួយសហភាពអឺរ៉ុប ដើម្បីគូសវាសនូវទំនាក់ទំនង ដែលអង់គ្លេស និងសហភាពអឺរ៉ុប ត្រូវមាននឹងគ្នា បន្ទាប់ពីការចាកចេញនេះ។ រដ្ឋាភិបាលអង់គ្លេស បានចេញផ្សាយ សៀវភៅស ដែលមានសរសេរអំពីផែនការ គោលនយោបាយរបស់រដ្ឋាភិបាល ស្តីពីទំនាក់ទំនងជាមួយសហភាពអឺរ៉ុប។ យោងតាមខ្លឹមសាររួមនៃផែនការនេះ លោកស្រីតេរ៉េហ្សា ម៉េ មានបំណងរក្សាអង់គ្លេស ឲ្យមានចំណងសហប្រតិបត្តិការពាណិជ្ជកកម្ម ក្នុងទីផ្សាររួមរបស់អឺរ៉ុប ឲ្យបានច្រើនជាទីបំផុត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ