rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង សន្និសីទ​អាកាសធាតុ​ប៉ារីស២០១៥ កសិកម្ម ព្រៃឈើ គមនាគមន៍

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

កសិកម្ម​ជួយ​ទ្រទ្រង់​ជីវិត​មនុស្ស ប៉ុន្តែ វា​ក៏​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​សំខាន់​ដែរ

media
កសិដ្ឋាន​ក្នុង​ប្រទេស​បារាំង RFI/Agnès Rougier

សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្តីពី​អាកាសធាតុ​កំពុង​ប្រព្រឹត្ត​ទៅ នៅ​ទីក្រុង​ប៉ារីស។ សន្និសីទ​ប៉ារីស ប្រៀបបាន​នឹង​ទីផ្សារ​ដែល​ប្រទេស​នីមួយៗ​ត្រូវ​ចរចា​គ្នា ការពារ​ប្រយោជន៍​របស់ខ្លួន ក្នុង​រឿង​កាត់បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់ ដែលជា​​អ្នកទទួល​ខុសត្រូវ​ធ្វើ​ឲ្យ​​ផែនដី​ឡើង​កំដៅ និង​ការប្រែប្រួល​អាកាសធាតុ។ សម្រាប់​អង្គការ​​បរិស្ថាន កសិកម្ម មធ្យោបាយ​ដឹកជញ្ជូន ជាអ្នកបញ្ចេញ​ឧស្ម័នកាបូនិក និង​មេតាន ដែល​ជាអ្នកបង្ក​ឧស្ម័ន​ផ្ទះ​កញ្ចក់។ ការផ្លាស់ប្តូរ​ទម្លាប់​រស់នៅ ដោយ​លះបង់​ការប្រើ​ថាមពល​បាន​មក​ពី​ប្រេង ទៅ​ប្រើ​ថាមពល​មិន​ចេះរីងស្ងួត ដូចជា​ពន្លឺ​ព្រះអាទិត្យ ជា​ដំណោះស្រាយ​មួយ​ល្អ​សម្រាប់​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក។


បន្ទាប់​ពី​កសិកម្ម​ដែល​ជា​អ្នកបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ សន្និសីទ​ស្តីពី​អាកាសធាតុ នៅថ្ងៃ​នេះ​ផ្តោត​ទៅ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន។ តាម​អ្នកជំនាញ​ខាង​បរិស្ថាន ឧស្ម័ន​កាបូនិក​ដែល​បញ្ចេញ​ដោយ​មធ្យោបាយ​ដឹកជញ្ជូន ដូចជា​ឡាន ម៉ូតូ យន្តហោះ កប៉ាល់ តំណាង​ឲ្យ​២៦​ភាគរយ​ ​នៃ​ឧស្ម័ន​កាបូនិក​សរុបក្នុង​បរិយាកាស។ សព្វថ្ងៃនេះ មនុស្ស​កាន់តែច្រើន​ប្រើប្រាស់​រថយន្ត ឬ​មធ្យោបាយ​ដឹកជញ្ជូន ដែល​ប្រើ​ប្រេង​ច្រើន។ គេ​បារម្ភថា បើសិន​ជា​មនុស្ស​​មិន​ចោល​​ទម្លាប់ នោះ​ឧស្ម័ន​កាបូនិក បញ្ចេញ​ដោយ​មធ្យោបាយ​ធ្វើ​ដំណើរ នឹង​កើនឡើង​កាន់តែ​ច្រើន គឺ​ពី ១​ភាគ៤​ទៅ មួយ​ភាគបី​នៃ​ឧស្ម័ន​កាបូនិក​សរុប នៅក្នុង​បរិយាកាស នៅ​ឆ្នាំ ២០៥០។

 
គេ​ទាមទារ​ឲ្យ​កាត់បន្ថយ​មធ្យោបាយ​ដឹកជញ្ជូន​ដែល​ប្រើប្រាស់​ប្រេង ឬ​ថាមពល​បាន​មក​ពី​ហ្វូស៊ីល​ដែល​ជា​ប្រភព​បង្ក​ឧស្ម័ន​កាបូនិក ប៉ុន្តែ គេ​មិន​បាន​ហាម​ ឈប់​ឲ្យ​ប្រើ​មធ្យោបាយ​ទាំងស្រុង​នោះទេ។ សារសំខាន់​របស់​អ្នកជំនាញ គឺ គេ​ត្រូវ​ផ្លាស់ប្តូរ​របៀប​ប្រើប្រាស់​មធ្យោបាយ​​ដឹកជញ្ជូន។ មានន័យថា ជាជាង​មាន​រថយន្ត​រៀងៗ​ខ្លួន គេ​គួរប្រើ​រថយន្ត​ក្រុង ឬ​ផ្លូវដឹកជញ្ជូន​សាធារណៈ​ផ្សេងទៀត។ នៅក្នុង​សន្និសីទ​ គេ​បាន​ធ្វើ​បទ​បង្ហាញ​ជា​ច្រើន​ដែល បង្ហាញថា ការប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន​ ដែល​មិន​បំផ្លាញ​បរិស្ថាន គឺ​អាច​ទៅរួច ហើយ​និង​មិនជា​ឧបសគ្គ​សម្រាប់​ការអភិវឌ្ឍ​នោះទេ។ ឧទាហរណ៍ គេ​បាន​និយាយ​ពី​​រថយន្ត​ រទេះភ្លើង ដើរ​ដោយ​ថាមពល​​អគ្គិសនី ជា​ដើម។ តាម​អ្នកជំនាញ បើសិន​ជា​គេ​ធ្វើ​ឲ្យ​សីតុណ្ហភាព​នៅ​ត្រឹម​២​អង្សារសេ នោះ មធ្យោបាយ​ធ្វើដំណើរ​នៅ​លើ​ផែនដី ប្រមាណ​២០​ត្រូវ​តែ​ពឹង​ទៅ​លើ​ថាមពល​មិនចេះ​រីងស្ងួង ពន្លឺព្រះអាទិត្យ ឬ​អគ្គិសនី ប៉ុន្តែ មិនមែន​ប្រេង​នោះទេ។ អគ្គិសនី នោះ ទៀត​សោត ក៏​ត្រូវ​តែ​ចេញ​មកពី​ថាមពល​មិនចេះ​រីងស្ងួត​ដែរ។

កសិកម្ម​ក៏​ជាប់ក្នុង​សំណាញ់​រិះគន់​របស់​អង្គការ​បរិស្ថាន
អ្នកបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ មិនមែន​មាន​តែ​ថាមពល​បានមក​ពី​ប្រេង ឬ​ផ្សែង​នៃ​ភ្លើង​ឆេះព្រៃ​នោះទេ។ កសិកម្ម​ក៏​ត្រូវ​ទទួល​ខុសត្រូវ​សំខាន់​មួយដែរ ក្នុង​រឿង​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់។ គេ​ប៉ាន់​ប្រមាណ​ថា ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​បញ្ចេញ​ដោយ​កសិករ​ក្នុង​ពិភពលោក មាន​ប្រមាណ ២៥ភាគរយ​នៃ​ឧស្ម័ន​ផ្ទះកញ្ចក់​សរុប។ ក្រៅតែ​ពី​ផ្សែង​កាបូនិក ដែល​ចេញ​ពី​ត្រាក់ទ័រ​ជា​ដើម គឺ​កសិកម្ម​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មាន​ការកាប់​ព្រៃឈើ​ដែល​ជា​កន្លែង​ស្រូប​ស្តុក​ឧស្ម័ន​កាបូនិក។ គេ​រកឃើញថា ៨០ភាគរយ​នៃ​ការកាប់​ព្រៃឈើ គឺ​បណ្តាល​មក​ពី​គម្រោង​ធ្វើ​កសិកម្ម។

កត្តាចំបង​មួយទៀត ដែល​ធ្វើ​ឲ្យ​កសិកម្ម​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ច្រើន​សំខាន់​ដែរ នោះ​លាមក​របស់​សត្វ​ពាហនៈ។ ក្រៅតែ​ពី​ឧស្ម័ន​កាបូនិក មេតាន និង​អាហ្សូត ក៏​អាច​បង្ក​ឲ្យ​មាន​ឧស្ម័ន​ផ្ទះកញ្ចក់ដែរ។ លាមក​សត្វ​មាន​ឧស្ម័ន​មេតាន ដែល​ពុល​ខ្លាំង​មែនទែន។ ឥទ្ធិពល​របស់​វា ខ្លាំង​ជាង​ឧស័្មន​កាបូនិក​ទៅទៀត។ គឺ​វា​អាច​ធ្វើ​ឲ្យ​កំដៅ​លើក្នុង​បរិយាកាស ឡើង​ក្តៅ ដល់​ទៅ ២៨​ដង បើប្រៀបធៀប​នឹង​ឧស្ម័នកាបូនិក។ ប៉ុន្តែ មេតាន​នេះ មាន​អាយុ​ខ្លី គឺ​២៥​ឆ្នាំ តិចជាង ឧស្ម័ន​កាបូនិក ដែល​អាច​នៅ​រេរា នៅ​ក្នុង​បរិយាកាស​ដល់​ទៅ ១០០​ឆ្នាំ​ឯណោះ។

ទោះ​មាន​អាយុ​ខ្លី ប៉ុន្តែ មេតាន​អាច​ដុតកំដៅ​ផែនដី​បាន​ខ្លាំង ជាង​ឧស្ម័នកាបូនិក។ អីចឹង​ហើយ​បាន​ជា​គេ​បារម្ភ ខ្លាំង។ ម្យ៉ាង សព្វថ្ងៃនេះ ឧស្សាហកម្ម​ចិញ្ចឹម​សត្វ ដើម្បី​យក​សាច់ ក៏​មាន​កាន់​តែ​ច្រើន ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ របស់​មនុស្ស។ មនុស្ស​ជា​អ្នក​ទទួល​ខុសត្រូវ​បញ្ចេញ​ឧស្ម័ន​កាបូនិក។ អ្នកជំនាញ​បាន​គន់គូរថា គ្រាន់តែ​បរិភោគ​សាច់​មាន់ នោះ​គេ​កំពុង​បញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់ ប្រមាណ ៥គីឡូក្រាម​ទៅក្នុង​បរិយាកាស។ ចំណែក​សាច់គោ វិញ គឺ​មាន​ដល់​ទៅ ១៨​គីឡូក្រាម​ឯណោះ។ នេះ​គេ​នៅ​មិនទាន់​និយាយ​ពី​ជីគីមី ដែល​គេ​ប្រើ​ក្នុង​ដីស្រែ ដី​ចំការ​នោះផង។ ក្រៅតែ​ពី​ធ្វើ​ឲ្យ​ដី​រេចរិល និង​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នកប្រើប្រាស់ ជីគីមី ក្នុង​ដីស្រែ​ក៏​ជា​អ្នកបញ្ចេញ​ឧស្ម័ន​មេតាន ឧស្ម័ន​ដែលធ្វើ​ឲ្យ​ផែនដី​ឡើងកំដៅ។

គោលដៅ​សំខាន់​នៃ​សន្និសីទ គឺ​គេ​ពិភាក្សារ​រិះរក​មធ្យោបាយ​ណា ដែល​ប្រសើរ ដែល​ជួយ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់។ ប្រទេស​បារាំង ដែល​ជា​ម្ចាស់ផ្ទះ រៀបចំ​សន្និសីទ​ស្តីពី​អាកាសធាតុ ក៏​ជា​ប្រទេស​ដែល​ចិញ្ចឹម​សត្វពាហនៈ ច្រើន គឺ​បន្ទាប់​ពី​អូស្ត្រាលី អាមេរិក និង​ក្រុមប្រទេស​អាមេរិកឡាទីន។ តាម​រដ្ឋមន្រ្តី​បារាំង គេ​កំពុង​រកវិធីសាស្រ្ត​ប្រែក្លាយ​ឧស្ម័ន​មេតានឲ្យ​ទៅ​ជា​ប្រយោជន៍​វិញ គឺ​យក​ទៅ​ផលិត​ជា​ជីវ​ថាមពល ដូចជា​ជីវឧស្ម័ន​ជាដើម។ មួយវិញទៀត បារាំង​ក៏​កំពុង​សិក្សា​លើ​មធ្យោបាយ​ប្រើប្រាស់​ដី​កសិកម្ម​ដើម្បី​ស្រូប​យក​ឧស្ម័នកាបូនិក។

ដោយពិត​ទៅ មាន​តែ​អង្គការ​ការពារ​បរិស្ថាន ដែល​ចង្អុល ចោទ​ទម្លាក់​កំហុស​លើ​ផ្នែក​កសិកម្ម ថា ជាអ្នក​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​សំខាន់​មួយដែរ។ ចំណែក​អ្នកតំណាង​រដ្ឋាភិបាល​វិញ គឺ​មិនបាន​និយាយ​ច្រើន​រឿងនេះទេ ព្រោះធ្វើ​ដូច្នេះ គឺ​ដូចជាទម្លាក់​កំហុស លើ​កសិកម្ម ដែល​តាមពិត ជាអ្នកទ្រទ្រង់ ចិញ្ចឹម​មាត់​ប្រជាជន។ បារាំង បើទោះបី​ជា​សន្យា​ថា ចង់​ប្រើប្រាស់​ដីកសិកម្ម​ដើម្បី​ស្រូប​ស្តុក​ទុក​ឧស្ម័ន​កាបូនិក ប៉ុន្តែ បារាំង​និយាយ​ចុងមាត់ ចុងក មិន​ទម្លាក់​ទំនួល​ខុសត្រូវ​លើ​ការចិញ្ចឹម​សត្វ​ក្នុង​ប្រទេស​របស់ខ្លួន​ទេ។ ក្នុង​រឿង​កាត់បន្ថយ​ឧស្ម័នកាបូនិក មិន​ថា ប្រទេស​អ្នកមាន ឬ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ រក​មធ្យោបាយ​ រក​លេស មិន​និយាយ​ពាក់ព័ន្ធ​នឹង​កសិកម្ម​របស់ខ្លួន ប៉ុន្តែ ផ្ទុយទៅវិញ លើក​យក​បញ្ហា​ព្រៃឈើ ដែល​គេ​សំអាង​ថា អាច​តបស្នង​មកវិញបាន ព្រោះវា អាច​ស្រូប​ស្តុក ឧស្ម័ន​កាបូនិក៕