អានតួអត្ថបទ
អេស្តូនី-អាមេរិក

អេស្តូនី ចាប់ផ្តើមលំហាត់សឹក ជាមួយកងទ័ពអាមេរិក

តាម​ដែល​អគ្គសេនាធិការដ្ឋាន កង​កម្លាំង​ការពារ​ប្រទេស​អេស្តូនី ប្រកាស​ឲ្យដឹង សមយុទ្ធ​ក្រោមឈ្មោះ​ថា Tornado ដែលចាប់ផ្តើម ថ្ងៃចន្ទទី ២០​មេសា នឹង​ពន្យារ​ទៅ៥ថ្ងៃ គឺ ពេញមួយ សប្តាហ៍​ការងារ រហូត​ដល់​ថ្ងៃសុក្រ ២៤មេសា ដោយ​ដាក់​ឲ្យ​សកម្ម គឺ​យោធា​អេស្តូនី ២ពាន់​នាក់ និង​អង្គភាព​ទ័ពឆ័ត្រ យោង​អាមេរិក ដែល​ប្រចាំការ​ស្រាប់ នៅលើ​ដែនដី​អេស្តូនី។ លំហាត់​សឹក នេះ ជា​ការសមជើង​ផ្តាច់ព្រ័ត្រ សម្រាប់​សមយុទ្ធខ្នាតធំ នៅខែឧសភា​ខាងមុខ ចូលរួម​ដោយ ទ័ពជើង​គោកអេស្តូនី​ទាំងមូល និង កងកម្លាំង​បណ្តាប្រទេស​បក្ស​សម្ព័ន្ធអូតង់ ដើម្បី ប្រឈម​នឹង គ្រោះថ្នាក់​ពី​ខាងរុស្ស៊ី។ 

យោធា​អាមេរិក​ប្រចាំការ​នៅ​ប្រទេស​អេស្តូនី ក្នុង​ក្របខ័ណ្ឌ​នៃ​បេសកកម្ម​របស់​អូតង់​នៅ បាល់ទិក
យោធា​អាមេរិក​ប្រចាំការ​នៅ​ប្រទេស​អេស្តូនី ក្នុង​ក្របខ័ណ្ឌ​នៃ​បេសកកម្ម​របស់​អូតង់​នៅ បាល់ទិក © REUTERS/Michael Dalder
ផ្សាយពាណិជ្ជកម្ម

 

 

សេចក្តីជូនដំណឹង​របស់ អគ្គសេនាធិការដ្ឋាន កងកម្លាំងការពារប្រទេសអេស្តូនី​ លើកឡើងថា ក្នុងដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​លំហាត់នេះ ពួកយោធា​អេស្តូនី ប្រមាណ​២ពាន់នាក់ យាត្រា​ចេញ​ពី​បន្ទាយខ្លួន ទៅកាន់​វាលវង់​ល្បងពិសោធ ដើម្បី​បំពេញ សេណារីយោ កាលដែល សំណង់​យោធា​មួយចំនួន ស្រាប់តែ​ចាប់​យក​បាន​ដោយ ទ័ពសត្រូវ។ ដើរ​តួ​ជា​ទ័ព​សត្រូវនេះ គឺ ទ័ពឆ័ត្រ​យោង​អាមេរិក ដែល​ឈរជើង នៅលើ​ដែនដី​អេស្តូនី តែម្តង។ ហើយភារកិច្ច ចោទនៅ​ពី​មុខ ពួកទាហាន​អេស្តូនី គឺ​ត្រូវ​ដណ្តើមយក សំណង់​យោធា​របស់​ខ្លួន​មកវិញ។

 
ក្នុងដំណើរ​សមជើងនេះ គេនឹង​ប្រើប្រព័ន្ធ បញ្ចេញ​កាំរស្មី Laser ទុក​សម្រាប់​ធ្វើត្រាប់​តាម លក្ខណៈ​ដែលកើត​មានមែន​ពិតលើ​សមរភូមិ ខាងត្រៀម​ស្មារតី​ប្រយុទ្ធ​របស់​ពួកទាហាន ពេល ប៉ះទង្គិច​ជាមួយ​នឹង​ខ្មាំង។ ប្រព័ន្ធ​នោះឯង មាន​ទម្រង់​ជា​បណ្តុំម្យ៉ាង សម្រាប់ បញ្ចេញផង និង ស្រូបយកផង កាំរស្មី Laser ដំឡើង​នៅនឹង ឯកសណ្ឋាន  យុទ្ធបរិក្ខារ និង គ្រឿង​បច្ចេកទេស ចម្បាំង របស់​ពួកយោធា។

បច្ចុប្បន្ន ប្រចាំការ​តាម​របប​ផ្លាស់វេន​គ្នា នៅនឹង​មូលដ្ឋាន​យោធា Tapa លើដែនដី​អេស្តូនី គឺមាន រថក្រោះ​អាមេរិកាំង ៤គ្រឿងធុន M1A2 Abrams រួម​ជាមួយ​ក្រុម​បើកបរ​របស់វា និង ទ័ពឆ័ត្រ យោង​អាមេរិកចំនួន ២​កង​អនុសេនាតូច។

លំហាត់​សឹក​លើក​នេះ តាម​ការគូសបញ្ជាក់​នៃ ក្រសួង​ការពារ​ជាតិ​អេស្តូនី គឺជា​ដំណាក់​បង្ហើយ កិច្ច សម្រាប់​បើក​ធ្វើ សមយុទ្ធ​អន្តរជាតិ​ខ្នាតធំ ក្រោម​ឈ្មោះថា “ សត្វកាំប្រមា “ ដែល​នឹង​ប្រព្រឹត្ត ទៅ ពី ថ្ងៃទី៤ ដល់​ទី​១៥​ឧសភា​ខាងមុខ នៅ​លើ​ដែនដី​អេស្តូនី ដដែល ប៉ុន្តែ ដោយ​មាន​ការចូលរួម នៃ​កងកម្លាំង​បណ្តា​ប្រទេស សមាជិក​បក្ស​សម្ព័ន្ធ​អូតង់ ក្នុង​ចំនួន​ដល់ ១ម៉ឺន ៣ពាន់​នាក់។

ជា​ការកត់​សម្គាល់ លោក​ប្រធានាធិបតី​អេស្តូនី Toomas Hendrik iLves ក្នុង​សម្ភាសន៍​ទៅ កាសែត​អង់គ្លេស The Daily Telegraph ត្អូញ​ថា ប្រទេស​គាត់​ដែល​មាន​កងទ័ព​ចំនួនតែ ៥ពាន់​នាក់ ដោយមាន​ស្ថានការណ៍ នៅអ៊ុយក្រែន ជាឧទាហរណ៍​ស្រាប់ ថ្លែង​នូវ​ក្តីព្រួយបារម្ភ​ថា សម្រាប់​កងទ័ពរុស្ស៊ី គឺត្រូវការ ពេលតែ ៤ម៉ោងប៉ុណ្ណោះ ដើម្បី​បោះពួយ​ពី​ព្រំដែន​អេស្តូនី នៅជាប់ នឹងរុស្ស៊ី ទៅចាប់​យក​ក្រុង Tallinn រដ្ឋធានី​ប្រទេសគាត់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ