អានតួអត្ថបទ

បារាំង៖លោកអេឌ័រ ហ្វីលីពទុកទ្វារចំហសម្រាប់ការចរចាបន្ថែមលើគម្រោងកំណែទម្រង់ច្បាប់ចូលនិវត្តន៍

បច្ចុប្បន្នភាព​ក្នុង​ប្រទេស​បារាំង​កំពុង​បន្ត​ជាប់គាំង​ដោយសារ​រឿង​គម្រោង​កំណែទម្រង់​លើ​ច្បាប់​ចូលនិវត្តន៍។ នៅ​ថ្ងៃ​សៅរ៍ ទី៧ ធ្នូ ចរាចរណ៍​រថភ្លើង រថយន្តក្រុង និង​សេវា​មួយ​ចំនួន​ធំ​បន្ត​ជាប់គាំង បន្ទាប់​ពី​មាន​មហាបាតុកម្ម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៥ ធ្នូ។ បន្ថែម​ពី​លើ​ព្រឹត្តិការណ៍​មួយ​នេះ ក្រុម​អ្នក​បើក​ឡាន​កាំមីញ៉ុង​បាន​នាំ​គ្នា​ខ្ទប់​ផ្លូវ​ធំ​ជា​ច្រើន​ជាមួយ​នឹង​ឡាន​របស់​ពួក​គេ​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ប្រេង​ម៉ាស៊ូត​ឡើង​ថ្លៃ។ បន្ទាប់​មក និង​ក៏​ដូច​ជា​រៀងរាល់​ថ្ងៃ​សៅរ៍ ក្រុម​បាតុករ​អាវកាក់លឿង​បន្ត​ធ្វើ​បាតុកម្ម​ដូច​ដែល​ពួក​គេ​បាន​ធ្វើ​តាំង​ពី​ជាង ១ឆ្នាំ​កន្លង​មក។ ដើម្បី​ឆ្លើយ​តប​នឹង​កំហឹង​របស់​ពលរដ្ឋ​លើ​គម្រោង​កំណែទម្រង់​ច្បាប់ចូលនិវត្តន៍ នាយករដ្ឋមន្រ្តី​លោក​អេឌ័រ ហ្វីលីព​បាន​ចេញ​អន្តរាគមន៍​ក្នុង​សម្តី​ទន់ភ្លន់​នា​ថ្ងៃ​សុក្រ ទី៦ ធ្នូ។ នៅ​ក្នុង​បទ​អន្តរាគមន៍​នោះ លោក​ហ្វីលីព​បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​បន្ត​កំណែទម្រង់ និង​ថា លោក​នឹង​លាត​ត្រដាង​លំអិត​បន្ថែម​លើ​គម្រោង​កំណែទម្រង់​នៅ​ថ្ងៃ​ពុធ ទី១១ ធ្នូ​សប្តាហ៍​ក្រោយ។ តាម​លោក​ហ្វីលីព លោក​មិន​ជឿ​ថា​ពលរដ្ឋ​បារាំង​អាច​បន្ត​ទទួល​យក​របប​ចូល​និវត្តន៍​ដែល​មាន​លក្ខណៈ​ខុស​គ្នា​ទៀត​ឡើយ។

នាយករដ្ឋមន្រ្តីបារាំងលោកអេឌ័រ ហ្វីលីព
នាយករដ្ឋមន្រ្តីបារាំងលោកអេឌ័រ ហ្វីលីព AFP Photos/Bertrand Guay
ផ្សាយពាណិជ្ជកម្ម

« ខ្ញុំ​គ្មាន​ជំនឿ​ថា ពលរដ្ឋ​បារាំង​អាច​នឹង​បន្ត​យល់ព្រម​ទទួល​យក​របប​ចូល​និវត្តន៍​ដូច​សព្វថ្ងៃ​ដែល​បាន​អនុញ្ញាត​ឲ្យ​អ្នក​ខ្លះ​អាច​ចូល​និវត្តន៍​មុន​អ្នក​ខ្លះ​ទៀត​ឡើយ ក្នុង​ពេល​ដែល​ពួក​គេ​មាន​ការងារ​ធ្វើ​ដូច​គ្នា។ ប្រសិន​បើ​ខ្ញុំ​និយាយ​យ៉ាង​ដូច​នេះ ខ្ញុំ​ក៏​ត្រូវ​និយាយ​ផង​ដែរ​ដល់​បុគ្គលិក​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​សាធារណៈ​តាម​រថយន្តក្រុង រថភ្លើងក្រោមដី និង​ក្រុមហ៊ុន​ដឹកជញ្ជូន​សាធារណៈ​តាម​រថភ្លើង​លើ​ដី រួម​ទាំង​ពលរដ្ឋ​បារាំង​គ្រប់រូប​ថា វា​ពិត​ជា​មិន​សមហេតុសមផល មិន​អាច​ទទួល​យក​បាន និង​មិន​យុត្តិធម៌​ដែល​ត្រូវ​ផ្លាស់ប្តូរ​លើ​របប​ចូលនិវត្តន៍​មួយ​ដែល​កំពុង​ដំណើរការ។

វា​ពិត​ជា​មិន​សមហេតុសមផល មិន​អាច​ទទួល​យក​បាន និង​មិន​យុត្តិធម៌​ដែល​ត្រូវ​ចាប់​បង្ខំ​មនុស្ស​ប្រុស ស្រី​ឲ្យ​ទទួល​យក​របប​ចូលនិវត្តន៍​មួយ​ដែល​ពួក​គេ​យល់​ថា បាន​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​របស់​ពួក​គេ។ ការ​ប្រកាន់​យក​របប​ចូលនិត្តន៍​សព្វថ្ងៃ​របស់​ពលរដ្ឋ​បារាំង​ជា​រឿង​ត្រឹមត្រូវ និង​ជា​ជម្រើស​ស្របច្បាប់​របស់​ពួក​គេ។ គឺ​ព្រោះ​តែ​ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​បញ្ជាក់​ពី​ការ​ត្រៀមខ្លួន​របស់​ខ្ញុំ​ដើម្បី​ធ្វើ​យ៉ាង​ណា ឲ្យ​ការ​ផ្លាស់ប្តូរ​របប​ចូល​និវត្តន៍​ត្រូវ​មាន​ការ​វិវឌ្ឍន៍​ទៅ​មុខ​ដោយ​សន្សឹមៗ។ ការ​វិវឌ្ឍន៍​ទៅ​មុខ​ដោយ​សន្សឹមៗ គឺ​ដើម្បី​ចៀសវាង​ធ្វើ​ឡើង​ដោយ​គំហុក។

យើង​ត្រូវ​តែ​ធ្វើ​ការងារ​មួយ​នេះ​ឲ្យ​មាន​យុត្តិធម៌​សម្រាប់​ទាំង​អស់​គ្នា យុត្តិធម៌​សម្រាប់​បុគ្គល​ម្នាក់ៗ និង​យុត្តិធម៌សង្គម »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ