អានតួអត្ថបទ

អង្គការ OPEP ចង់​បញ្ចុះ​ការផលិត​ប្រេង បន្ថែម​មួយ​កំរិត​ទៀត

ក្រុមប្រទេស​នាំ​ចេញ​ប្រេង​ និង​ដៃ​គូ ដឹកនាំ​ដោយ​រុស្ស៊ី OPEP+ ត្រូវ​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​និង​សុក្រ​នេះ នៅ​ទី​ក្រុង​វីយ៉ែន ប្រទេស អូទ្រីស ដើម្បី​ពិភាក្សាបន្ត​​កិច្ចព្រមព្រៀង​កំរិត​ការ​ផលិត​ប្រេង។ ដើម្បី​ទ្រទ្រង់​តម្លៃ​ប្រេង​លើ​ទីផ្សារ និង​កុំ​ឱ្យ​ផលិតផល​មាន​ហូរហៀរ​ពេក ​OPEP ចង់​បញ្ចុះ​​ផែនការ​ផលិត​បន្ថែម​ទៀត។

១៤​ប្រទេស​នៃ​អង្គការ​ប្រទេស​អ្នក​នាំ​ប្រេង​(Opep) និង​សម្ព័ន្ធមិត្ត​១០​ប្រទេស​ នៅ​ទីក្រុង​វីយ៉ែន
១៤​ប្រទេស​នៃ​អង្គការ​ប្រទេស​អ្នក​នាំ​ប្រេង​(Opep) និង​សម្ព័ន្ធមិត្ត​១០​ប្រទេស​ នៅ​ទីក្រុង​វីយ៉ែន REUTERS/Leonhard Foeger
ផ្សាយពាណិជ្ជកម្ម

បើ​តាម​រដ្ឋមន្ត្រីក្រសួង​ប្រេងកាត​​អ៊ីរ៉ាក់ ក្រុមប្រទេស​អ្នក​នាំ​ចេញ​ប្រេង មួយ​ចំនួន​ធំ និ​ងផ្តើម​ដោយអារ៉ាប៊ីសាអូឌីត ​ចង់​សម្រេច​បន្ត​កិច្ចព្រមព្រៀង​គ្រប់គ្រង​​​ការ​​បូម ​ប្រេង​ឱ្យ​បាន​កាន់​តែ​ហ្មត់​ចត់ ដោយ​​បញ្ចុះ​បរិមាណផលិត ​ប្រមាណយ៉ាង​ហោច​ ​៤សែន​ធុង​បារីល បន្ថែម​ទៀត ក្នុង​មួយ​ថ្ងៃៗ។

នៅក្នុង​កិច្ចព្រមព្រៀង​បច្ចុប្បន្ន គ្រោង​ឱ្យ​ធ្វើ​ការ​កាត់​បន្ថយ​ការ​ផលិត​ប្រេងសរុប​ ក្នុង​កំរិត​ត្រឹម​តែ​១,២លាន​ធុង​បារីល​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃៗ ពោល​គឺ​ស្មើ​នឹង​ប្រមាណ​១,២%​នៃ​សេចក្តី​ត្រូវ​ការ​ពិភពលោក។

សូម​បញ្ជាក់​ថា តាំង​ពី​ឆ្នាំ​២០១៧​មក ក្រុម​​ប្រទេស​អ្នក​នាំចេញ​ប្រេងនិងសម្ព័ន្ធមិត្ត ហៅកាត់​ថា​ OPEP+ បាន​សម្រេច​ព្រមព្រៀង​កំរិត​ការផលិតប្រេង​ ដើម្បីប្រយុទ្ធ​ប្រឆាំងនឹងការ​ផលិត​ប្រេង​លើស​សេចក្តី​ត្រូវការ​នៅ​លើ​ទីផ្សារ​ ដែលដើមហេតុ​មួយ​នាំ​​ឱ្យ​ប្រេង​​ធ្លាក់​ថ្លៃប្រេង​​ជា​គំហុក។

ហេតុ​អ្វី​លើស ? កាលពី​មុន OPEP ក្រុមប្រទេស​អ្នក​នាំ​ចេញ​ប្រេង ដឹកនាំ​ដោយអារ៉ាប៊ីសាអូឌីត ​ដែល​មាន​សមាជិក​១៤​ប្រទេស ៖ អ៊ីរ៉ង់ អ៊ីរ៉ាក់ កូវ៉ែត អេមីរ៉ាត់អារ៉ាប់រួម លីប៊ី អាល់ហ្សេរី នីហ្សេរីយ៉ា អង់ហ្គោឡា ហ្កាបុង ហ្គីណេ កុងហ្គោ ​​អេក្វាទ័រ​និង​វេណេស៊ុយអេឡា និង​បាន​ចង​សម្ព័ន្ធមេត្រី​ជាមួយ​១០​ប្រទេស​ផ្សេង​ទៀត​ នាំ​មុខ​ដោយ​រុស្ស៊ី ក្លាយ​ជា​OPEP+ តែងសម្រេច​តែ​ម្នាក់ឯង ដំឡើង​ឬ​បញ្ចុះ​ផលិតផល​ប្រេង​ដើម្បី​ស្ថិរភាព​តម្លៃ​នៅលើ​ផ្សារ និង​តែង​​​ប្រើ​ប្រេង​ជា​អាវុធ ដើម្បី​ជា​ប្រយោជន៍​ភូមិសាស្ត្រ​នយោបាយទៀត​ផង។ ប៉ុន្តែ​នារយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ និង​នៅ​ឆ្នាំ​២០១៨ អាមេរិក​បាន​ក្លាយ​ជា​ប្រទេស​ផលិតប្រេង​លំដាប់​ទី​មួយ​ពិភពលោក និង​បាន​បូមប្រេង​ដោយ​គ្មាន​ខ្វល់​នឹងកូតា​OPEP+​ឡើយ។

យ៉ាងណា​ក៏​ដោយ​ ក៏​ក្រុម​OPEP+​ នៅ​តែ​គ្រប់គ្រង​ប្រភព​ប្រេង​​ប្រមាណ​៨០%​ដែល​ផែនដី​មាន និង​ជិត​៥០%​នៃ​ការ​ផលិតប្រេង​ពិភពលោក។ ប្រសិន​បើ​នៅ​ថ្ងៃនេះ អង្គការ​មិន​អាច​សម្រេច​កិច្ចព្រមព្រៀង​គ្នា​បានទេ ពួកគេ​នឹង​ជួប​ប្រជុំ​គ្នា​ម្តង​ទៀត​នៅ​ខែ​មីនា​ក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ