អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សន្និសីទអាកាសធាតុCOP25 ៖ ចង់​បង្កើន​មហិច្ឆតា និង​រំពឹង​លើ​សហភាពអឺរ៉ុប

ចុះផ្សាយ​នៅ​ថ្ងៃ៖

មនុស្ស​ជាតិ​ដែល​កំពុង​រង​ឥទ្ធិពល​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ បន្ត​សកម្មភាព​បំផ្លាញ​ផែនដី​ ជិត​ដល់​កំរិត​ស្តារ​លែង​រួច​ហើយ។ សន្និសីទ​អង្គការ​សហប្រជាជាតិ​​ស្តី​អំពី​អាកាសធាតុ លើកទី​២៥(COP25) ដែល​ត្រូវ​​ចាប់​បើក​​នៅ​ថ្ងៃ​ចន្ទ​ទី ២​ធ្នូនេះ​​ សម្រាប់​រយៈ​ពេល​ពី​រសប្តាហ៍ នៅ​ទីក្រុង​ម៉ាឌ្រីដ ក៏​ទំនង​ជា​មិន​អាច​រក​ចម្លើយ​ឃើញ​សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​សេចក្តីទទូច​​អំពាវនាវ​​​ឱ្យ​ពិភពលោក​បញ្ចេញ​សកម្មភាព​ភ្លាម​និង​យ៉ាង​បន្ទាន់​ ដើម្បី​ស្រោច​ស្រង់​ភព​ផែន​ដី​ទេ។

សន្និសីទ​អន្តរជាតិ​ស្តីពីអាកាសធាតុ​ចាប់​បើក​ពី​​ថ្ងៃទី​២-១៣ធ្នូ ២០១៩ នៅ​ម៉ាឌ្រីដ
សន្និសីទ​អន្តរជាតិ​ស្តីពីអាកាសធាតុ​ចាប់​បើក​ពី​​ថ្ងៃទី​២-១៣ធ្នូ ២០១៩ នៅ​ម៉ាឌ្រីដ ®REUTERS/Susana Vera
ផ្សាយពាណិជ្ជកម្ម

គួរ​សរសើរ​អេស្ប៉ាញ​ដែល​សុខចិត្ត​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​សន្និសីទអង្គការ​សហប្រជាជាតិ​​ស្តី​ពីអាកាសធាតុ​លើក​ទី​២៥​នេះ បើ​ទោះ​បី​ជា​​​មាន​ពេល​តែ​៤​សប្តាហ៍ សម្រាប់​ត្រៀម​ខ្លួន​ទទួល​ភ្ញៀវ ២៩០០០​នាក់ មក​ពី​១៩៦​ប្រទេស ផ្ទេរ​ពី​ក្រុង​សង់ត្យាហ្គោ​មក ក៏​ដោយ។ សន្និសីទ​ប្តូ​រ​កន្លែង​ តែ ​​មិន​បាន​ប្តូរផ្លាស់កម្មវត្ថុ​ ទេ ៖ សន្និសីទ​ត្រូវពិភាក្សា​​អំពី​ការ​បង្កើត​មូលនិធិ​ថ្មី​ដើម្បី​ជួយ​ប្រទេស​រងគ្រោះ​ ព្រោះ​មូលនិធិ​ចាស់​លែង​គ្រប់គ្រាន់​ហើយ បើ​យោល​ទៅ​គ្រោះ​មហន្តរាយ​ដែល​កាន់​តែ​ធ្ងន់ធ្ងរ​ជា​លំដាប់ និង​អំពីសកម្មភាព​ដោះស្រាយ។

​តាំង​ពី​មួយ​ឆ្នាំមក​នេះ ក្រុមប្រទេស​ហត្ថលេខី​នៃកិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស រង​សម្ពាធ​ខ្លាំង​ជាង​ពេល​ណាៗ​ទាំង​អស់ ​​របាយការណ៍​វិទ្យាសាស្ត្រ​បង្ហាញ​ពី​លទ្ធផល​ដ៏​​អាសន្ន​នៃអាកាសធាតុ ពលរដ្ឋ​បើក​យុទ្ធនាការ​ស៊ីវិលមិន​ស្តាប់​បង្គាប់​អាជ្ញាធរ​ដើម្បី​អាកាសធាតុ ក្មេងៗកូនសិស្ស​នាំ​គ្នា​គេចសាលា​ដើម្បី​ដើរ​ដង្ហែក្បួន​ទាមទារ​ឱ្យ​រដ្ឋាភិបាល ថ្នាក់​ដឹកនាំ​គិត​គូរ​អំពីអាកាសធាតុ ... គំនាប​សង្គមមិនធ្លាប់​មាន​នេះ ​បាន​រុញ​ច្រាន​នៅទី​បំផុត​ពួក​គេមក​ចូល​រួម​ក្នុង​សន្និសីទ​២​សប្តាហ៍ ក្នុង​ស្មារតី​តែមួយ គឺ ដល់វេលាត្រូវធ្វើ #TimeforAction។

ភាព​​បន្ទាន់​អាកាសធាតុ​មាន​កា​ន់​តែ​ខ្លាំង​មែន រហូត​ដល់​ថ្នាក់​គ្រប់​ប្រតិភូ គ្រប់អ្នក​សង្កេតការណ៍ និង​អគ្គលេខាធិការ​​​អង្គការ​សហប្រជាជាតិផ្ទាល់​តែម្តង​​ ចេះ​និយាយ​តែ​ពាក្យ​មួយ​ឃ្លា ថា « ​ត្រូវ​បង្កើន​មហិច្ឆតា បង្កើន​កិច្ច​ខំប្រឹង​ប្រែង​ស្វែងរក​ការព្រមព្រៀង​គ្នា​ សម្រេច​​កម្មវត្ថុ​បញ្ចេញ​សកម្មភាព​សម្រាប់​អនាគត​ខ្លី ត្រឹម​ឆ្នាំ​២០៣០ និង​វែង​នៅ​ឆ្នាំ ២០៥០។ ពីពេល​នេះ​ដល់ចុង​ឆ្នាំ​២០២០ រដ្ឋ​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ត្រូវ​តែ​លើ​ផែនការ​ថ្មី​ប្រកប​ដោយ​មហិច្ឆតា​ ជាង​អ្វី​ដែល​ចែង​ក្នុង​កិច្ចព្រមព្រៀម​អាកាសធាតុ​ក្រុង​ប៉ារីស​​ ឱ្យ​បាន​នៅ​​COP26។” នៅ​មួយ​ឆ្នាំមុន​ឱសានវាទ មាន​តែ​ប្រទេស​មួយគត់ ដែល​បាន​លើក​​​ផែនការថ្មី​មក​បង្ហាញ​នោះ​គឺ​ប្រទេស​កូនកោះ​Marshall​។ ៨០ប្រទេស​ដែល​តំណាង​៧%​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​សន្យា​ប្រគល់​ផែនការ​ឱ្យ​មុន​ដំណាច់​ឆ្នាំ​ក្រោយ។ ចំណែក​ក្រុម​មហាអំណាច​អ្នក​បំពុល​និ​ងបញ្ចេញ​ឧស្ម័ន​កាបូនិក​ដល់​ទៅ​៨០%​ អត់​ធ្វើ​ឮសោះ។ ខ្លះ​ទៀត​បាន​បដិសេធ​តែ​ម្តង ឧទាហរណ៍​ជប៉ុន។

ប្រធានាធិបតី​បារាំង​ក៏​អវត្តមាន​ជា​លើក​ទីពីរ

ការ​បញ្ចេញ​សកម្មភាពដើម្បី​អាកាសធាតុ​ត្រូវ​ការ​ការ​ចូល​រួមជា​លក្ខណៈ​ពហុជាតិ។ ប៉ុន្តែ​បរិបទ​ភូមិសាស្ត្រ​នយោបាយ​កំពុង​រារាំង​សកម្មភាព​នេះ​យ៉ាង​ខ្លាំង។ សហរដ្ឋ​អាមេរិក​របស់​លោក​ដូណាល់​ត្រាំ​ បានផ្តើម​នីតិវិធី​ដក​ខ្លួន​ចេញ​កិច្ចព្រមព្រៀង​អាកាសធាតុក្រុង​ប៉ារីស​ជា​ផ្លូវការ។ ប្រេស៊ីល​មាន​ប្រធានាធិបតី​ប្រឆាំង​អាកាសធាតុ​បដិសេធ​មិន​ព្រម​រៀបចំ​COP25 តែ​ម្តង។ ហើយ​ជាមួយ​ អូស្ត្រាលី​ ក្រោម​ការ​ដឹកនាំ​របស់​នាយករដ្ឋមន្ត្រី​អភិរក្សនិយម ទាំង​ពីរប្រទេស​នេះ​មិន​មក​ចូល​រួម​ក្នុង​ជំនួប​ប្រជុំ​អាកាសធាតុ​នៅ​អង្គការ​សហប្រជាជាតិ​ទេ​កាលពី​ខែ​កញ្ញា។

នៅថ្ងៃ​នេះ ថ្ងៃ​បើក​សន្និសីទ​អន្តរជាតិ មាន​ប្រមុខ​រដ្ឋ-រដ្ឋាភិបាល ​តែ​ជាង​​សែសិប​ប្រទេស​ប៉ុណ្ណោះ​មក​ចូល​រួម​។ លោកម៉ាក្រុង ជា​ប្រធានាធិបតីបារាំង​ ដែលអវត្តមាន​ម្តង​កាលពី​COP24 អវត្តមាន​ទៀត​នៅលើក​នេះ។ ប៉ុន្តែ​គេ​ទំនង​ជា​អាច​រំពឹង​លើ​សហភាព​អឺរ៉ុប។ ឥលូវ​នេះ​គ្រប់​ចក្ខុ​កំពុង​បង្វិល​ទៅរក​សហភាព​អឺរ៉ុប ដែល​ក៏​ជា​អ្នក​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​លំដាប់​ទីបី​ពិភពលោក បន្ទាប់​ពី​ចិន​និង​សហរដ្ឋ​អាមេរិក។ សភាថ្មី​របស់​​អឺរ៉ុប ទើប​នឹង​បោះឆ្នោត​អនុម័ត​​ទទួល​ស្គាល់​អំពីភាព​បន្ទាន់​អាកាសធាតុ​កាលពី​ថ្ងៃទី​២៨​វិច្ឆិកាផង។

ក្តី​រំពឹង​លើ​សហភាព​​អឺរ៉ុប​

សហភាព​អឺរ៉ុប​ដែល​ទើបមាន​គណៈកម្មការ​និង​មេដឹកនាំថ្មី ​​ចូល​កាន់​តំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃ ទី ១​ធ្នូ​​ម្សិលមិញ គឺ​ជា​សេចក្តី​សង្ឃឹម​ថ្មី​របស់ក្រុម​អ្នក​ការពារ​បរិស្ថាន​និង​អាកាសធាតុ។ ប្រធាន​គណៈកម្មការ​អឺរ៉ុប​ថ្មី​លោកស្រី Ursula von der Leyen បាន​សន្យា​លុប​បំបាត់​ការ​បញ្ចេញ​ឧស្ម័នពុល​កាបូន ឱ្យ​ដល់​កំរិត​សូន្យ​នៅ​ឆ្នាំ ២០៥០។ លោកស្រី​បាន​គាំទ្រ​ផែនការ​កាត់​បន្ថយ​៥០ទៅ៥៥% ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ក្នុង​សហភាព​អឺរ៉ុប ពីពេល​នេះ​ដល់​ឆ្នាំ​២០៣០​ ទល់​នឹង​៤០%ក្នុង​ផែនការ​បច្ចុប្បន្ន។ កម្មវត្ថុ​មាន​ចែង​ក្នុង​ផែនការអាកាសធាតុ​អឺរ៉ុប Green deal Européen ដែលនឹង​ក្លាយ​ជា​ទៅ​ច្បាប់​អាកាសធាតុ​ដំបូង​របស់​អឺរ៉ុប។ តែ​ផែនការ​នេះ​​នឹង​ត្រូវ​លើក​បង្ហាញ​នៅ​ថ្ងៃទី ១១​ធ្នូ ត្រូវ​ជា​ពីរ​ថ្ងៃ​មុន​ជំនួបក្រុមប្រឹក្សា​​អឺរ៉ុប និង​ត្រូវ​ជា​ពីរ​ថ្ងៃ​មុន​ការ​បិទ​បញ្ចប់​សន្និសីទ​ និង​​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ចុងខែ​តុលា​​ឆ្នាំ​២០២០។ គិត​មក​ទល់​ពេល​នេះ មាន​សមាជិក​សហភាព​អឺរ៉ុប​ ២៤​ប្រទេស​បានគាំទ្រ បី​ប្រឆាំង​ (​ប៉ូឡូញ ឆែក និង​ហុងគ្រី)។

ប្រសិន​បើ​ច្បាប់​អាកាសធាតុ​អឺរ៉ុប​សម្រេច​ជា​រូប​រាង​បាន​ នោះ​ចិនទំនង​ជា​អាច​សម្រេច​បោះ​ជំហាន​ថ្មី​​ទៅ​មុខ​ក្នុង​វិស័យ​អាកាសធាតុ​នេះ​ដែរ។ ជំនួបកំពូល​ចិន-អឺរ៉ុប គ្រោង​នឹង​ប្រព្រឹត្ត​ទៅខែ​តុលា​ឆ្នាំ​២០២០ ដើម្បី​ចរចា​ររក​កិច្ចព្រមព្រៀង​អាកាសធាតុ ​ចិន-អឺរ៉ុប។ ការចរចា​ដែល​បារាំង​​ចង់​​ជំរុញបន្ថែម​ចាប់​ពី​ខែខាង​មុន​តែម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ