អង្គការសហប្រជាជាតិទាត់ចោលការសម្រេចចិត្តរបស់អាមេរិកដែលថាអាណានិគមកិច្ចអ៊ីស្រាអែល មិនខុសច្បាប់
អាមេរិករបស់លោកដូណាល់ ត្រាំកំពុងប្រឈមនឹងការរិះគន់ពីសហគមន៍អន្តរជាតិ បន្ទាប់ពីបានប្រកាស កាលពីថ្ងៃចន្ទ លែង ចាត់ទុកសំណង់អាណានិគមកិច្ចអ៊ីស្រាអែល ក្នុងទឹកដីស៊ីហ្សកដានីរបស់ប៉ាឡេស្ទីន ថា ជារឿងខុសច្បាប់តទៅទៀត។ សម្រាប់អង្គការសហប្រជាជាតិ ការផ្លាស់ប្តូរជំហររបស់ប្រទេសអាមេរិកតែមួយ នឹងមិនធ្វើឲ្យប៉ះពាល់ទៅដល់លក្ខន្តិកៈរបស់សំណង់អាណានិគមកិច្ចអ៊ីស្រាអែល ដែលអង្គការសហប្រជាជាតិចាត់ទុកថា ខុសច្បាប់អន្តរជាតិរហូតមកនោះទេ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២៤
តាមរយៈ អ្នកនាំពាក្យ តាំងពីទីក្រុងហ្សឺណែវ ឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានប្រតិកម្មខ្លាំង ទៅនឹងការសម្រេចចិត្តរបស់អាមេរិក ដែលលែងចាត់ទុកសំណង់អាណានិគមកិច្ចអ៊ីស្រាអែល ថា រឿងខុសច្បាប់អន្តរជាតិ តទៅទៀត។ សម្រាប់ឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាតិ ការផ្លាស់ប្តូរចិត្ត របស់អាមេរិកដែលជាប្រទេសមួយ នឹងមិនអាចទៅប្តូផ្លាស់ ច្បាប់អន្តរជាតិ ឬអាចបកស្រាយតាមចិត្តរបស់ខ្លួន នូវ ការសម្រេចរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ និងក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិនោះទេ។
តាមអ្នកនាំពាក្យខាងលើ ឧត្តមស្នងការសិទ្ធិមនុស្ស នឹងនៅបន្ត គោរពតាមខ្សែបន្ទាត់របស់អង្គការសហប្រជាជាតិ ដែលថា សំណង់អាណានិគមកិច្ចអ៊ីស្រាអែល កំពុងរំលោភច្បាប់អន្តរជាតិ ព្រោះវាសាងសង់ឡើង នៅលើទឹកដីប៉ាឡេស្ទីន ដែលអ៊ីស្រាអែលបានរំលោភយកមកគ្រប់គ្រងដោយខុសច្បាប់។
សហភាពអឺរ៉ុប នៅថ្ងៃអង្គារម្សិលមិញ បានបញ្ជាក់សាជាថ្មី ថា ខ្លួននៅតែចាត់ទុកសំណង់អាណានិគមកិច្ចរបស់អ៊ីស្រាអែល ថា ខុសច្បាប់។ រហូតមក សហភាពអឺរ៉ុបមានជំហរផ្ទុយ ពីអាមេរិកដែលគាំទ្រ មិនងាករេ នយោបាយអាណានិគមកិច្ចរបស់អ៊ីស្រាអែល។ កាលពីសប្តាហ៍មុន តុលាការយុត្តិធម៌អឺរ៉ុបទើបតែបានចេញបញ្ជាឲ្យផលិតផលរបស់អ៊ីស្រាអែលទាំងអស់ត្រូវសរសេរបញ្ជាក់ពីទីតាំងផលិតរបស់ខ្លួន ដូចជានៅតំបន់អាណានិគមកិច្ចនៅទឹកដីស៊ីហ្សកដានីជាដើម។
នៅថ្ងៃអង្គារម្សិលមិញ ភាគីប៉ាឡេស្ទីនបានអំពាវនាវឲ្យសម្ព័ន្ធអារ៉ាប់ កោះប្រជុំបន្ទាន់ នៅក្រោយអាមេរិកផ្លាស់ប្តូរជំហរជុំវិញរឿងសំណង់អាណានិគមកិច្ចអ៊ីស្រាអែល។ អេហ្ស៊ីប និងហ្សកដានី ប្រទេសអារ៉ាប់ តែពីរ ដែលបានចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីស្រាអែល បានរិះគន់ នយោបាយអាមេរិក និងបានព្រមានពីផលវិបាក ដ៏គ្រោះថ្នាក់។ ចំណែក តួកគីដែលចេញមុខ គាំទ្រប៉ាឡេស្ទីនរហូតមក បានប្រតិកម្មទៅនឹងការសម្រេចចិត្តរបស់អាមេរិក ដោយថា គ្មានប្រទេសណាមួយ ដែលស្ថិតនៅពីលើច្បាប់អន្តរជាតិនោះទេ។
អ្នកតំណាងប៉ាឡេស្ទីន សម្រាប់ការចរចា លោកSaeb Erekat បានអះអាងថា ភាគីប៉ាឡេស្ទីនចាត់វិធានការជាច្រើនដើម្បីប្រឆាំងនឹងការសម្រេចរបស់អាមេរិក ដូចជាសុំឲ្យមានការពិភាក្សានៅក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។ តាមអ្នកតំណាងប៉ាឡេស្ទីន គេនឹងប្តឹងទៅអង្គការសហប្រជាជាតិ និងសុំឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិបើកការស៊ើបអង្កេត ជាផ្លូវការ ទៅលើសំណង់អាណានិគមកិច្ចអ៊ីស្រាអែលនៅទឹកដីស៊ីហ្សកដានី។
តាមអ្នកវិភាគនយោបាយអាមេរិក លោកដូណាល់ ត្រាំបានផ្លាស់ប្តូរ ជំហរនយោបាយការបរទេសអាមេរិក នៅពេលនេះ ក្នុងបំណងទាក់ទាញ ម្ចាស់សំឡេងឆ្នោត នៅក្នុងក្រុម គ្រិស្តសាសនិក Evengeliste ដែលមាននិន្នាការគាំទ្រ បុព្វហេតុជនជាតិអ៊ីស្រាអែល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ