វិទ្យុបារាំងអន្តរជាតិឧទ្ទិសថ្ងៃ១៨វិច្ឆិកាលើបញ្ហាសំរាម
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:០៤
សំរាម គរជាភ្នំ តើយើងត្រូវធ្វើដូចម្តេច ? កំណើននៃសំរាមកំពុងតែជាបញ្ហាប្រឈមដ៏ធំមួយរបស់មនុស្សជាតិ។ តើហេតុអ្វីបានជាគេចាំបាច់ត្រូវគិតគូរពីបញ្ហាសំរាមនេះ? តើសំរាមបង្កផលប៉ះពាល់អ្វីខ្លះដល់មនុស្ស និងដល់បរិស្ថាន? តើគេអាចមានវិធីកាត់បន្ថយសំរាមបានដែរឬក៏យ៉ាងណា? វិទ្យុបារាំងអន្តរជាតិ យកថ្ងៃទី១៨វិច្ឆិកានេះ ផ្តោតជាពិសេសទៅលើប្រធានបទសំរាម។
សំរាមបានក្លាយជាបច្ចុប្បន្នភាពថ្មី ក្រោយពីមានការបះបោររបស់បណ្តាប្រទេសអ្នកទទួលសំរាម មិននៅស្ងៀមទទួលសំរាមមិនអាចកែច្នៃបាន ពីតំបន់ប្រទេសអ្នកមាន។ ករណីជាក់ស្តែងគឺក្រុមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ផ្តើមដោយដំបូងដោយចិន បានសម្រេចលែងទទួលការនាំចូលសំរាម តាំងពីដើមឆ្នាំ២០១៨មក។ បន្ទាប់មក នារយៈពេលប៉ុន្មានខែចុងក្រោយនេះ ប្រទេសហ្វីលីពីន បន្ទាប់មកម៉ាឡេស៊ី និងក្រុមប្រទេសជិតខាងបន្តបន្ទាប់ទៀត ក៏បានបញ្ជូនសំរាមត្រលប់មកឱ្យប្រទេសដើម នៅបស្ចិមលោកវិញ។ នៅអាហ្វ្រិកវិញ កង្វល់នឹងសំរាមក៏ចាប់ផ្តើមរីកធំធាត់កាន់តែខ្លាំង ព្រោះនៅពេលពួកគេទទួលសម្ភារៈអេឡិចត្រូនិកជជុះពីក្រុមប្រទេសអ្នកមាន តែជាញឹកញយរបស់ទាំងនោះមិនអាចប្រើការកើត នៅទីបំផុតវត្ថុនោះក៏បញ្ចប់ជីវិតនៅក្នុងគំនរសំរាមដែលគរឡើងខ្ពស់ដូចភ្នំ។
ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋទូទៅនៅលើផែនដី ផលិតសំរាមកាន់តែច្រើនឡើងៗ។ គិតជាមធ្យមមនុស្សម្នាក់ផលិតសំរាម ជិតមួយគីឡូក្នុងមួយថ្ងៃ។ ៤៤%ជាសំរាមសរីរាង្គ លំដាប់ទីពីរគឺសំរាមប្លាស្ទិក (១៧%)។ សរុប ២ពាន់លានតោនក្នុងមួយឆ្នាំ។ ហើយកំណើននេះគ្មានថ្ងៃថយចុះទេ។ នៅឆ្នាំ២០១៨ របាយការណ៍របស់ធនាគារពិភពលោកបានប្រកាសថាបើគ្មានការប្តូរផ្លាស់ទេ នៅឆ្នាំ២០៥០ ផលិតកម្មសំរាម នឹងកើនឡើងក្នុងបរិមាណ៧០% និងកើនខ្លាំងជាងគេ នៅអាស៊ីអាគ្នេយ៍ និងនៅអាហ្វ្រិក។
ហេតុអ្វីមានកំណើនសំរាមខ្លាំង ?!
មានកត្តាច្រើនដែលជំរុញឱ្យមនុស្សជាតិផលិតសំរាមច្រើន ៖ ទីមួយគឺការអភិវឌ្ឍរីកចម្រើន ជាលំដាប់ និងកាន់តែច្រើនឡើងៗ នៃវិស័យពាណិជ្ជកម្ម (សាកលភាវូបនីយកម្ម) ជំនួញទិញដូរពីចម្ងាយ ដែលតម្រូវឱ្យមានការខ្ចប់វេច-កញ្ចប់ច្រើន ទីពីរគឺការផុសឡើងនៃសង្គមសម្ភារៈនិយម នៅក្នុងប្រទេសដែលធ្លាប់តែក្រីក្រពីមុន និងចុងក្រោយកត្តាអភិវឌ្ឍន៍នគរូបនីយកម្មដ៏លឿនរហ័ស។ ជាលទ្ធផល សំរាមផ្លាស្ទិកបានគរឡើងជាភ្នំ សំរាមអេឡិចត្រូនិក សំរាមសរីរាង្គ (ដែលជាសំណល់រុក្ខជាតិ សត្វ ...) និងសំណល់សំណង់ គរឡើងនៅតាមក្រុង នៅតាមតំបន់ជុំវិញរដ្ឋធានី រួចហូរធ្លាក់ទៅក្នុងទឹកទន្លេបឹងបួរ មុននឹងបញ្ចប់ដំណើរក្នុងសមុទ្ទ។
តើគេអាចមានវិធីកាត់បន្ថយសំរាមបានដែរឬក៏យ៉ាងណា?
ពិភពលោកចាប់ផ្តើមភ្ញាក់ស្មារតីគិតគិតគូរដោះស្រាយវិបត្តិសំរាម ទន្ទឹមគ្នានឹងចលនាប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ គំនិតផ្តួចផ្តើមតាមប្រព័ន្ធសង្គម ក៏ចាប់ផុសផុលឡើង ដើម្បីបញ្ចុះបញ្ចូលឱ្យពលរដ្ឋគ្រប់រូបចូលរួមចំណែកកាត់បន្ថយការសំរាម នៅទូទាំងពិភពលោក ។ អង្គការការពារបរិស្ថាន កំពុងសាកល្បងបញ្ជ្រាបពត៌មាន និងជំរុញឱ្យអ្នកមានអំណាចសម្រេចផ្នែកនយោបាយ និងសេដ្ឋកិច្ច គិតគូរពង្រឹងចំណាត់ការសំរាម។
ដើម្បី កាត់បន្ថយសំរាម គេត្រូវមានការចូលរួមពីពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់វ័យ តាំងពីក្មេងដល់ចាស់ និងមាននយោបាយចំណាត់ការ នយោបាយចាត់ចែងសំរាម ថ្នាក់ជាតិ យ៉ាងច្បាស់លាស់ ដូចជាត្រូវមានបែងចែងសំរាម មាននយោបាយកែច្នៃសំរាម មាននយោបាយកែលម្អសំរាមធ្វើរបស់ថ្មី វិធីកម្ចាត់សំរាមដោយកប់ ដោយប្រយោជន៍ថាមពល ...
សំរាមមិនមែនជាបញ្ហាតូចតាចទេ ! តែជាបញ្ហាសេដ្ឋកិច្ចដ៏ចំបង និងពិតៗ ! នៅអ៊ីតាលី វិស័យសំរាម កំពុងចិញ្ចឹមសេដ្ឋកិច្ចក្រៅប្រព័ន្ធផង ពុករលួយផង និងមានពួកMafiaលូកលាន់ចូលទៀត។ ដើម្បីកាត់បន្ថយ គេត្រូវការមានវិធានការជាប្រព័ន្ធ តាំងពីការចម្រាញ់សំរាម វិធីកែច្នៃសំរាម ដល់ការបង្កើតគំនិតថ្មីផលិតវត្ថុដែលអាចមានអាយុវែង សុទ្ធសឹងជាវិស័យដែលនាំមកនូវការងារជាច្រើន។ ការកែច្នៃសំរាម ថែមទាំងអាចជួយកាត់បន្ថយការបំផ្លាញធនធានធម្មជាតិ និងថាមពល ធានាសន្តិសុខវត្ថុធាតុដើមឧស្សាហកម្ម និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ ការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើបជាន់ខ្ពស់ ក៏មានចំណែកសំខាន់ដែរ។
តើសំរាមបង្កផលប៉ះពាល់អ្វីខ្លះដល់មនុស្ស ?
ផលវិបាកដំបូងគេគឺប៉ះពាល់ដល់សុខភាពមនុស្សយើងនេះ ឯង។ បើតាមកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ PNUE គំនរសំរាមអនាថាជាប្រភពដ៏សំខាន់មួយនៃការនាំមេរោគ ជាភ្នាក់ងារបង្កឱ្យមានជំងឺ។ សំរាមអេឡិចត្រូនិក ជាពិសេស ច្រើនជាសំរាមពុលនិងគ្រោះថ្នាក់ខ្លាំងជាងគេ។ នៅលើពិភពលោក មានមនុស្សយ៉ាងហោចណាស៦៤លាននាក់ រស់រងការបំពុលបរិយាកាសពីគំនរសំរាម ចំនួន៥០ដែលធំជាងគេនៅលើពិភពលោក។
ការប្រមូលនិងចម្រាញ់សំរាម ជាអ្នកទទួលខុសត្រូវបញ្ចេញឧស្ម័នកាបូនិកផ្ទះកញ្ចក់៥% ដែលជាដើមហេតុនៃការឡើងកម្តៅសីតុណ្ហភាពផែនដី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ