អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក និងអឺរ៉ុប ខ្វែងគំនិតគ្នា​ជុំវិញ ការចាប់បញ្ជូន​ទាហានជីហាត​ទៅប្រទេស​កំណើត

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុង​កិច្ចប្រជុំ​ កាលពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ជាមួយ​តំណាង​ប្រទេស​សម្ព័ន្ធអន្តរជាតិ នៅទីក្រុង​វ៉ាស៊ីនតោន រដ្ឋមន្រ្តីការបរទេស​អាមេរិក​បាន​រំលឹក​សាជាថ្មី ឲ្យ​ប្រទេស​អឺរ៉ុប​ទទួល​យកជនជាតិ​របស់ខ្លួន ដែល​បានចេញ​ទៅធ្វើជា​ទាហាន​ជីហាត​បរទេស នៅ​ទឹកដីស៊ីរី និង​អ៊ីរ៉ាក់​កន្លងមក។ ការទាមទារ​របស់​អាមេរិក​ត្រូវប៉ះទង្គិច​ជាមួយ​ជំហរ​រឹងទទឹង​របស់​ប្រទេស​អឺរ៉ុប ដូចជា​បារាំង ជាដើម ដែល​មិន​ប្រាថ្នា ចង់ទទួល​យកជនជាតិ​របស់ខ្លួន ដែល​បានចេញទៅប្រយុទ្ធ​ក្នុង​ក្រុមជីហាត នៅ​ស៊ីរី និង​អ៊ីរ៉ាក់។ 

រដ្ឋមន្រ្តីការបរទេស​បារាំង (ឆ្វេង) និង​រដ្ឋមន្រ្តីការបរទេស​អាមេរិក នៅថ្ងៃទី​១៤​វិច្ឆិកា ២០១៩
រដ្ឋមន្រ្តីការបរទេស​បារាំង (ឆ្វេង) និង​រដ្ឋមន្រ្តីការបរទេស​អាមេរិក នៅថ្ងៃទី​១៤​វិច្ឆិកា ២០១៩ ©REUTERS/Yara Nardi
ផ្សាយពាណិជ្ជកម្ម

សម្ព័ន្ធអន្តរជាតិ ដឹកនាំ​ដោយ​អាមេរិក ដើម្បីប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ក្នុងទឹកដី​ស៊ីរី និងអ៊ីរ៉ាក់ បាន​បើក​កិច្ចប្រជុំ​បន្ទាន់ មួយ នៅទីក្រុង​វ៉ាស៊ីនតោន កាលពី​ថ្ងៃព្រហស្បតិ៍ម្សិលមិញ ទៅតាម​ការស្នើសុំ​របស់​ភាគី​បារាំង។ បារាំងដែល​ព្រួយបារម្ភ​ពីការរត់បាចសាច របស់​អ្នកទោស ទាហាន​ជីហាត នៅ​ភាគខាងជើង ស៊ីរី នៅក្រោយ ការប្រកាស​ដកកងទ័ព​អាមេរិក ហើយនិង ប្រតិបត្តិការយោធា​របស់​រដ្ឋាភិបាល​តួកគី ទៅលើ​ក្រុមប្រដាប់អាវុធ គួដឌីស្ថាន ដែលជា​អ្នកទទួលខុសត្រូវ​លើ​មន្ទីរឃុំឃាំង ពួកទាហានជីហាត។

កិច្ចប្រជុំ​បន្ទាន់​របស់​សម្ព័ន្ធអន្តរជាតិ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​នៅ​ស៊ីរី ដែល​រៀបចំឡើង នៅទីក្រុង​វ៉ាស៊ីនតោន កត់សំគាល់​ដោយ​ចំនុចសំខាន់២។

ទី១ អាមេរិក​តាមរយៈ រដ្ឋមន្រ្តីការបរទេស​លោក Mike Pompeo បាន​អះអាង​ធានា​ប្រទេស​សម្ព័ន្ធមិត្ត​ថា អាមេរិក​នឹងនៅ​បន្ត​ប្រយុទ្ធប្រឆាំង​ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម។ តាម​រដ្ឋមន្រ្តីការបរទេស កងទ័ព អាមេរិក ៦០០​នាក់ នឹង​នៅ​បន្ត​ប្រចាំការ​តទៅទៀត នៅ​ទឹកដី​ភាគខាងជើង​ស៊ីរី។ ស្តាប់ទៅ រដ្ឋបាល​លោកដូណាល់ ត្រាំ បាន​ប្តូរចិត្ត លែង​ដក​កងទ័ព​អាមេរិក ចំនួន ១ពាន់នាក់ ដូច​ការប្រកាស​កន្លងមក នោះក៏​ដោយសារ​រងការរិះគន់ខ្លាំង​ជាពិសេស​ក្នុង​ចំណោម​គណបក្ស​សាធារណរដ្ឋ​របស់​លោកដូណាល់ត្រាំ​ផ្ទាល់។

អាមេរិក​នឹង​បន្ត​រក្សា​កងទ័ព​អាមេរិក ៦០០នាក់ ឲ្យ​បន្ត​ប្រចាំការ នៅ​ស៊ីរី ប៉ុន្តែ តាម​រដ្ឋមន្រ្តី​ក្រសួងការពារ​ជាតិ​អាមេរិក បេសកកម្ម​របស់​កងទ័ព​អាមេរិក គឺ​មាន​តែ​យាម​ការពារ តំបន់​ប្រេង កុំ​ឲ្យ​ធ្លាក់​ក្នុង​ដៃ របស់​ក្រុមជីហាត​តែប៉ុណ្ណោះ។

ជំហរ​របស់អាមេរិក​បាន​ធ្វើ​ឲ្យ​ប្រទេស​សមាជិក​សម្ព័ន្ធអន្តរជាតិ​ដទៃ​មិន​សប្បាយចិត្ត​នោះទេ។ ចំណុច​សំខាន់​ទី២ ដែល​ប្រទេស​សមាជិក​សម្ព័ន្ធអន្តរជាតិ និយាយ​មិន​ចុះសម្រុង​គ្នា​ដែរ​នោះ​គឺ ការចាប់បញ្ជូន ទាហាន​ជីហាត បរទេស ទៅប្រទេស​កំណើត​វិញ។

សម្រាប់​អាមេរិក ក្នុង​កាលៈទេសៈ បន្ទាន់ ដែល​ទាហានជីហាត​លួចរត់ចេញពី​មន្ទីរឃុំឃាំង ដែលស្ថិត​ក្រោម​ការវាយប្រហារ​របស់​កងទ័ព​តួកគី ប្រទេស​សមាជិក​របស់​សម្ព័ន្ធអន្តរជាតិ ជាពិសេស អឺរ៉ុប ត្រូវ​តែ​ទទួល​យក​អ្នកទោស​ជីហាត ដែល​ជា​ជនជាតិ​របស់ខ្លួន ទៅ​កាត់ទោស ក្នុង​ទឹកដី​របស់ខ្លួន​វិញ។ អាមេរិក​ដែល​ជាអ្នកផ្តល់ជំនួយ​ដល់​ក្រុមគួដឌីស្ថានស៊ីរី ដែល​ជាយាមការពារ​អ្នកទោស​ជីហាត បានទាមទារ​ឲ្យ​ប្រទេស​អឺរ៉ុប​ទទួល​យក ជនជាតិ​របស់ខ្លួន ដែល​ចេញ​ទៅ ប្រយុទ្ធ​ក្នុង​ក្រុមជីហាត។ ប៉ុន្តែ ប្រទេស​នៅអឺរ៉ុប​ដូចជា អង់គ្លេស អាល្លឺម៉ង់ និងជាពិសេស​បារាំង​តែម្តង បាន​បដិសេធ មិនទទួល​យកទាហានជីហាត​ដែល​ជាជនជាតិ​របស់ខ្លួនវិញទេ ដោយសារ​ហេតុផល​សន្តិសុខ និង​មតិប្រឆាំង​របស់​ប្រជាជន​ក្នុង​ស្រុក ដែល​នៅភ័យខ្លាច​នៅឡើយ ដោយសារ​ការវាយប្រហារ​ភេរវកម្ម​កន្លងមក។

បង្កើត​តុលាការ​អន្តរជាតិ​ដើម្បីជំនុំជម្រះ​ទាហានជីហាត បរទេស?

បារាំង ដែល​មានជនជាតិ​របស់ខ្លួន ជិត ៥០០​នាក់ ជា​អ្នកទោស​ជីហាតអង្គការ​រដ្ឋអ៊ីស្លាម ក្នុង​មន្ទីរឃុំឃាំង​ក្នុងទឹកដី​ស៊ីរី បាន​ចរចា​យ៉ាង​មមាញឹក ជាមួយ រដ្ឋាភិបាល​ក្រុងបាកដាដ ហើយនិង​ប្រទេស​អឺរ៉ុប​ផ្សេងទៀត ដើម្បី រៀបចំ​យន្តការ​ច្បាប់​មួយ សម្រាប់​កាត់ទោស ក្រុមទាហានជីហាត បរទេស ក្នុងទឹកដី​អ៊ីរ៉ាក់។ កន្លងមក មានទាហានជីហាត​ដើមកំណើត​បារាំង ១១នាក់​ហើយ​ដែល​ត្រូវ​បាន​តុលាការ​អ៊ីរ៉ាក់​កាត់ទោស​ប្រហារជីហាត ពីបទ​ជាប់ពាក់ព័ន្ធ​នឹង​ក្រុមជីហាតអង្គការ​រដ្ឋអ៊ីស្លាម។ សម្រាប់​រដ្ឋាភិបាល​បារាំង ក្រុម​ទាហាន​ជីហាត​បរទេស គួរ​តែ​ត្រូវ​ជំនុំជម្រះ នៅទីកន្លែង​ដែលពួកគេ​ប្រព្រឹត្ត​បទឧក្រិដ្ឋ។ ការលើកឡើង​របស់​បារាំង មិនសូវ​សុក្រិត​នោះទេ ព្រោះថា ​ទាហានជីហាត​បរទេស ដើមកំណើត​បារាំង ភាគច្រើន ចេញទៅប្រយុទ្ធ​ក្នុង​ទឹកដី​ស៊ីរី ប៉ុន្តែ មិនមែន​អ៊ីរ៉ាក់​នោះទេ។

ទោះជា​អំណះអំណាង​របស់​ភាគីបារាំង​មិនសូវ ជា​សមហេតុផល ប៉ុន្តែ ប្រទេស​អឺរ៉ុប​ផ្សេងទៀត ដូចជា​អង់គ្លេស ដាណឺម៉ាក អាល្លឺម៉ង់​ជាដើម ដែល​មិនចង់​ទទួល​យកទាហានជីហាត ដែល​ជាជនជាតិ​របស់ខ្លួនវិញ បាន​ចូលរួម​ជាមួយ បារាំង ដើម្បី ធ្វើ​ឲ្យ​យ៉ាងណា​ឲ្យទាហាន​ជីហាត​បរទេស​ប្រឈម​នឹង​ការជំនុំជម្រះ​នៅ​តុលាការអ៊ីរ៉ាក់។

រដ្ឋាភិបាល​អ៊ីរ៉ាក់​ផ្ទាល់​ក៏​មិន​ប្រកែក​អ្វីដែរ ប៉ុន្តែ បានទាមទារ​ថ្លៃ ដល់ទៅ ២ពាន់​លាន​ដុល្លារ សម្រាប់​ដំណើរការ​កាត់ទោស ទាហានជីហាត​បរទេស ពោល គឺ ប្រមាណ​២លាន​ដុល្លារ សម្រាប់អ្នកទោស​ជីហាតបរទេស​ម្នាក់។

អាមេរិក​តាមរយៈ អ្នកសម្របសម្រួល​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​បាន​រិះគន់ ប្រទេស​មួយចំនួន ក្នុង​នោះ​មាន​បារាំង ផងដែរ ថា គ្មានការទទួលខុសត្រូវ ដែល​សុំ​ឲ្យ​អ៊ីរ៉ាក់ ជំនុំជម្រះ​អ្នកទោសជីហាត ដែល​ជា​ជនជាតិ​របស់ពួកគេ។ អ្នកទទួលខុសត្រូវ​អាមេរិក​វាយតម្លៃថា ការស្នើសុំ​ឲ្យ​ប្រទេស​ក្នុង​តំបន់​មួយ ទទួលយក ទាហាន​ជីហាត​បរទេស​ទៅកាត់ទោស ជំនួសខ្លួន​មិនមែនជា​ជម្រើស​ដែល​មាន​ប្រសិទ្ធិភាពនោះទេ។ អាមេរិក​បាន​ទាត់ចោល​ផងដែរ គំនិត​បង្កើត តុលាការ​អន្តរជាតិ ដើម្បី​ជំនុំជម្រះ អ្នកទោសជីហាត​បរទេស ក្នុង​ទឹកដីអ៊ីរ៉ាក់ ដោយសារ​ថា គេ​ត្រូវ​ចំណាយ​ថវិកា ច្រើន ដើម្បី​បង្កើតតុលាការ​អន្តរជាតិ។ តុលាការ​អន្តរជាតិ​ដ៏សែនថ្លៃ ប៉ុន្តែ គ្មាន​ប្រសិទ្ធិភាព និង​អាច​ផ្តល់​យុត្តិធម៌ បាន​ដូច​តុលាការ​ក្នុង​ស្រុក។

អឺរ៉ុប​បដិសេធ តែ​តួកគីនៅតែ​ចាប់បញ្ជូនចេញ សមាជិក​ជីហាត​ដែលមានដើមកំណើតអឺរ៉ុប

ដូច​ការអះអាង​របស់ខ្លួន រដ្ឋាភិបាល​តួកគី តាំង​ពី​ថ្ងៃ​ចន្ទ បាន​ចាប់បញ្ជូន ទាហាន​ជីហាត​បរទេស ដែលតួកគី​ចាប់ឃុំខ្លួន ក្នុង​ទឹកដី​របស់ខ្លួន ឲ្យ​ទៅប្រទេស​កំណើត​វិញ ទោះជា​ប្រទេស​កំណើត​ព្រមឬ មិនព្រមក្តី។ នៅថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ អាជ្ញាធរ​តួកគី​បាន​និយាយ​ថា គេ​បាន​បញ្ជូន​អ្នកទោស​ជីហាត ៧នាក់ ដែលមាន​ដើមកំណើត​អាល្លឺម៉ង់​ និង​ហើយ​និង​ម្នាក់ទៀត ជា​ជនជាតិ​អង់គ្លេស ទៅប្រទេស​ដើមវិញ។ នៅតួកគី រដ្ឋាភិបាល​របស់​លោកអ៊ែរដូហ្កាន បាន​ប្រកាសថា នៅក្នុង​ដំណាក់កាល​ដំបូង តួកគី​នឹង​ចាប់បញ្ជូន សមាជិក​ក្រុមជីហាត ៩៥៩នាក់ ទៅប្រទេស​ដើមវិញ ដែល​ក្នុង​នោះ ៦០០នាក់ ជា​ជនជាតិស៊ីរី និង​អ៊ីរ៉ាក់ និង​ជាង ៣០នាក់​មានកំណើត​មកពី​ប្រទេស​នៅអឺរ៉ុប។

នៅទីក្រុង​ឡុងដ៍ ប៉ូលិស​អង់គ្លេស​បានអះអាងថា នៅ​ព្រលាន​យន្តហោះ Heathrow គេបាន​ចាប់ឃាត់ខ្លួន បុរសវ័យ ២៦ឆ្នាំម្នាក់ ដែល​ធ្វើដំណើរ​ចេញ​ពីទីក្រុង​អ៊ីស្តង់ប៊ូល។ ប៉ូលិស​អង់គ្លេស​មិនបាន​បញ្ជាក់ថា តើ​បុរស​ដែល​គេ​បាន​ចាប់ខ្លួន ជា​ទាហាន​ជីហាត ដែល​តួកគី​បាន​ចាប់បញ្ជូន​ត្រលប់មកវិញ ឬ​ក៏យ៉ាងណានោះទេ ប៉ុន្តែ តាម​ប៉ូលិស​អង់គ្លេស បុរស​ដែល​គេចាប់ខ្លួន​នៅព្រលាន​យន្តហោះ រងការសង្ស័យថា មានជាប់ពាក់ព័ន្ធ​នឹង​ក្រុមជីហាត និង​កំពុង​រៀបចំ​ផែនការ​វាយប្រហារ​ភេរវកម្ម។

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ