rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

ប្រធានាធិបតីបារាំង​វាយតម្លៃ​ថា បក្សសម្ព័ន្ធ​អូតង់​ដូចជា​ស្លាប់

ដោយ ឈាង បុប្ផា

ប្រធានាធិបតីបារាំង​បាន​បង្ក​ឲ្យ​មាន​រលករិះគន់ បន្ទាប់ពី​លោក​និយាយ​ចាត់ទុក អង្គការ​បក្សសម្ព័ន្ធ​អូតង់ ថា ជា​ស្ថាប័ន​ដែល​ដូចស្លាប់​ទៅ​ហើយ​នោះ។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទស្សនាវដ្តី​អង់គ្លេស The Economist ចុះផ្សាយ នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ លោកប្រធានាធិបតី​ម៉ាក្រុង បាន​អំពាវនាវ​ឲ្យ​អឺរ៉ុប​ងើបភ្ញាក់​ដឹងខ្លួនឡើង ព្រោះថា អឺរ៉ុប​មិនអាច​ពឹងតែ​លើ​អាមេរិក​ដើម្បី​ការពារ​សន្តិសុខ​របស់ខ្លួន​នោះ​ទេ។ លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ អង់ហ្គេឡា មេរកិល បាន​និយាយ​ថា លោកស្រី​មិន​យល់ស្រប​ជាមួយ​សំដី​ជ្រុលនិយម​របស់​ប្រធានាធិបតី បារាំង​នោះ​ទេ។

 

នៅក្នុង​បទសម្ភាសន៍​ដែល​ទស្សនាវដ្តី​អង់គ្លេស​ចុះផ្សាយ​នៅថ្ងៃព្រហស្បតិ៍​ម្សិលមិញ ប្រធានាធិបតី បារាំង បានប្រើពាក្យ​ថា Otan en mort cérébrale មានន័យ​ស្មើ​នឹងថា អូតង់ មាន​តែ​បេះដូង នៅមានដង្ហើម ប៉ុន្តែ ខួរក្បាល​វិញ គឺ​ស្លាប់ លែង​អាច​បញ្ជា​អ្វីបាន​ទៀត​ហើយ។ សម្រាប់​លោក​ប្រធានាធិបតី​ម៉ាក្រុង អូតង់​មាន​តែ​រូបរាង ប៉ុន្តែ គ្មាន​អំណាច សកម្មភាព ចាត់ចែង​អ្វីនោះទេ។ ព្រឹត្តិការណ៍ ធ្វើ​សង្រ្គាមនៅ​ទឹកដី​ភាគខាងជើង ស៊ីរី គឺ​ជា​ឧទាហរណ៍ ស្រាប់។

តាម​ប្រធានាធិបតី​បារាំង អាមេរិក​ដែល​ជាសមាជិក​របស់​អូតង់ មិន​បាន​ទាក់ទង ជូនដំណឹង ឬ​ពិភាក្សា​ពីការដកទ័ព​របស់ខ្លួន​ចេញពី​ទឹកដី​ស៊ីរី​ជាមួយ​ប្រទេស​សមាជិក​អូតង់ផ្សេងទៀត​នោះទេ។ ការសម្រេចចិត្ត​ជា​ឯកតោ​ភាគី​របស់​ប្រធានាធិបតី​អាមេរិក​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍ យុទ្ធសាស្រ្ត​កងទ័ព​របស់​ប្រទេស​សមាជិក​អូតង់ផ្សេងទៀត ដូចជា​បារាំង​ដែល​កំពុង​បើក​បេសកកម្ម ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត នៅ​ទឹកដី​ភាគខាងជើង​ស៊ីរី។

ប្រទេស​តួកគីដែល​ជា​សមាជិក​មួយទៀត​របស់​អូតង់​ក៏​ធ្វើអ្វី​តាម​ចិត្តនឹកឃើញ ដោយ បាន​បើកការវាយប្រហារ​ទៅលើ​ទាហាន​គួដឌីស្ថាន ស៊ីរី ដោយគ្មាន​ពិភាក្សា ជាមួយ បក្សសម្ព័ន្ធ​អាត្លង់ទិក អូតង់។ តួកគី បាន​បើកការវាយប្រហារ​ទៅលើ​ក្រុមទាហាន​គួដឌីស្ថាន ដែល​តាមពិត​ជាសម្ព័ន្ធមិត្ត​របស់​សមាជិក​អូតង់​ផ្សេងទៀត ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។

ប្រឈម​នឹង​អូតង់ ដែលដូចជា​ស្លាប់  ​គ្មាន​សំឡេង គ្មានអំណាច ប្រធានាធិបតី បារាំង បាន​បង្ហាញ​មន្ទិលសង្ស័យ ទៅលើ​សមត្ថភាព​ការពារ​របស់​អូតង់។ នៅពេល​ចោទសួរថា តើ​មាត្រា ទី ៥​របស់​អូតង់ ដែល​ចែង​ពី​សាមគ្គីភាព​របស់​អូតង់ នៅពេល​ប្រទេស​សមាជិក​ណា​មួយ របស់អូតង់​រង​ការវាយប្រហារ ដោយ​ប្រការ​ណាមួយ នៅ​ដំណើរការ​ដែរឬទេ។ លោក​ប្រធានាធិបតី បារាំង​បាន​ឆ្លើយ​វិញថា លោក​មិនដឹង​ទេ។

 

ប្រធានាធិបតី​បារាំង​បាន​ចោទ​ជា​សំណួរ​វិញថា តើអ្វីទៅ​ជា​មាត្រា​ទី​៥​នៅថ្ងៃ អនាគត។ ក្នុង​ករណី​របបស៊ីរី វាយប្រហារ​ទៅលើ​ប្រទេស​តួកគី ដែល​ជាសមាជិក របស់អូតង់ តើ​អូតង់​នឹង​អនុវត្ត​មាត្រា​ទី​៥ ដោយ​ចូលរួម ជួយ​ប្រយុទ្ធ​ការពារ​តួកគី ពីការវាយប្រហារ​របស់​ស៊ីរី? សម្រាប់​ប្រធានាធិបតី​បារាំង នេះ​ជាសំណួរ ដែល​គេ​ត្រូវ​ចោទសួរ​ឡើងវិញ។

លោកម៉ាក្រុង៖ អឺរ៉ុប​ត្រូវ​ភ្ញាក់ដឹងខ្លួន ថា លែង​អាចពឹងតែ​ទៅលើ​អាមេរិក

ប្រធានាធិបតី បារាំង ចាប់​រិះគន់ ស្ថាប័ន​អូតង់ ក៏ដោយសារ​បរិបទ​ភូមិសាស្រ្ត​នយោបាយ នៅក្នុង​ពិភពលោក​សព្វថ្ងៃ ជាពិសេស​របត់នយោបាយ​របស់​អាមេរិក ដែល​ជា​ក្បាលម៉ាស៊ីន របស់អូតង់។ សម្រាប់​ប្រធានាធិបតី​បារាំង អាមេរិក​នៅតែ​ជា​សម្ព័ន្ធមិត្ត​របស់​អឺរ៉ុប ប៉ុន្តែ ជាលើកទី១​ក្នុង​ប្រវត្តិសាស្រ្ត អាមេរិក​មាន​ប្រធានាធិបតី​ម្នាក់ ដែល​មិន​យល់ស្របគំនិត ជាមួយ​អឺរ៉ុប ដែល​ជា​ប្រទេស​ដៃគូ សម្ព័ន្ធមិត្ត​នៅក្នុង​អង្គការ​អូតង់។

សូមអាន៖ ក្រោម​ការដឹកនាំ​របស់​លោកដូណាល់ ត្រាំ អូតង់​ពិបាក​នឹង​ការពារខ្លួន ប្រឈម​នឹង​រុស្ស៊ី

គេ​អាច​យល់​ប្រតិកម្ម របស់​ប្រធានាធិបតីបារាំង ព្រោះថា កន្លងមក លោកដូណាល់ ត្រាំ បាន​ចាត់ទុក​អូតង់ ជា​ស្ថាប័ន​ចាស់គំរិល​ហួសសម័យ និង​បាន​ទាមទារ​ឲ្យ​ប្រទេសសមាជិក​អឺរ៉ុប​ផ្សេងទៀត បង្កើន​ថវិកា​ដើម្បី ជួយ​សម្រាល​បន្ទុក​របស់​អាមេរិក បើសិន​មិន​ចង់​ឃើញ​អាមេរិក​ដកខ្លួន ដើរ​ចេញពី​អូតង់។

នៅចំពោះមុខ​ប្រធានាធិបតី​អាមេរិក ដែល​មិន​សូវ​ផ្តល់​តម្លៃ​ដល់​អូតង់ ឬ​ក្នុង​ស្ថានភាព អូតង់​ដូចជា​ស្លាប់ យ៉ាងដូច្នេះ ប្រធានាធិបតី​បារាំងបាន​អំពាវនាវ​ឲ្យ​អឺរ៉ុប ពង្រឹង​កងទ័ព​អឺរ៉ុប​ផ្ទាល់ខ្លួន​មួយ ដើម្បី ការពារ​សន្តិសុខ​ផ្ទាល់ខ្លួន ព្រោះ​គេ​មិនអាច​ពឹង​តែ​លើ​អាមេរិក​នោះទេ ជាពិសេស​នៅក្នុង​កាលៈទេសៈ ដែល​អាមេរិក​នៅតែ​ដឹកនាំ​ដោយ​លោកដូណាល់ ត្រាំ​នោះ។

បង្កើត​កងទ័ព អឺរ៉ុប ជា​ក្តីប្រាថ្នា​ចង់បាន​របស់​បារាំង តាំង​ពីយូរមក​ហើយ។ បារាំង ក្នុង​នាមជា​មហាអំណាច​នុយក្លេអ៊ែរ តែមួយ នៅក្នុង​សហភាព​អឺរ៉ុប ជឿថា ខ្លួន​អាច​ការពារ​ខ្លួនឯង​ជា​អ្នកផ្តើមផ្តើម​គំនិត​បង្កើត​កងទ័ព​អឺរ៉ុប​ជាមួយ​ប្រទេស​អាល្លឺម៉ង់។ សម្រាប់​ប្រធានាធិបតីបារាំង នៅក្នុង​ស្ថានភាព​ដែលអូតង់​ដូចជាស្លាប់ ប្រទេសសមាជិក​អឺរ៉ុប​ត្រូវតែ​ភ្ញាក់ដឹងខ្លួនឡើង។ អឺរ៉ុប​ត្រូវ​តែ​មាន​យុទ្ធសាស្រ្ត និង​សមត្ថភាព​កងទ័ព​ចាំការពារ​ខ្លួន ដោយ​ខ្លួនឯង។ មួយវិញ​ទៀត អឺរ៉ុប​ត្រូវ​តែ​បើក​ការចរចា ជា​យុទ្ធសាស្រ្ត ដើម្បី​ស្តារ​ទំនាក់ទំនង​ល្អឡើង​វិញ ជាមួយ​រុស្ស៊ី។ រុស្ស៊ី ដែលអូតង់ចាត់ទុក​ជា​សត្រូវ គំរាមកំហែងបណ្តាប្រទេស​អឺរ៉ុប សព្វថ្ងៃនេះ។

សម្រាប់ប្រធានាធិបតី​បារាំង នៅក្នុង​បរិបទ​ដែល​មហាអំណាច​ចិន​កាន់តែ​បង្កើន​ពង្រីក ឥទ្ធិពល និង​អាមេរិក​មាន​ប្រធានាធិបតី​ដែល​គិតតែ​ខ្លួនឯង អឺរ៉ុប​ត្រូវ​ភ្ញាក់ដឹងខ្លួនឡើង បើសិន​ដូច្នេះ ទេ អឺរ៉ុប​នឹង​បាត់មុខ​ពី​ភូមិសាស្រ្តនយោបាយ ឬក៏អាច​លែង​ជាម្ចាស់​លើ​ជោគវាសនា​របស់ខ្លួន​ឯងទៀតផង។

បារាំង​និង អាល្លឺម៉ង់ មានជំហរ​មិនដូចគ្នា

អាល្លឺម៉ង់​ដែល​សមាជិក​មួយដែរ​របស់​សហភាពអឺរ៉ុប មិនស្របជាមួយ​បារាំង​នោះទេ។ នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ លោកស្រី មែរកិល បាន​និយាយ​ថា លោកស្រី​មិនយល់ស្របជាមួយ​ទស្សនវិស័យ​ជ្រុលនិយម របស់​ប្រធានាធិបតី​បារាំង។ នៅក្នុង​សន្និសីទ​កាសែត ជាមួយ​អគ្គលេខាធិការអូតង់ នៅថ្ងៃ​នេះ នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ លោកស្រី មេរកិល បាន​និយាយ​ថា លោកស្រី​មិនយល់ស្រប​ជាមួយ​គំនិត ជ្រុលនិយម​របស់​លោកប្រធានាធិបតីបារាំង​នោះទេ។ សម្រាប់​លោកស្រី ទោះជាអូតង់​កំពុង​ជួបមាន​បញ្ហា ដែល​ត្រូវ​ដោះស្រាយ ប៉ុន្តែ គេ​មិនចាំ​បាច់ ​រិះគន់ បណ្តុះបង្អាប់​ខ្លាំង​យ៉ាងនេះ​ពេកដែរ។

អាល្លឺម៉ង់​មិន​ចង់ដក​ឃ្លាតខ្លួន​ឆ្ងាយ​ពីអូតង់ ដោយសារថា ខុសពី​បារាំង ដែល​ជា​មហាអំណាច​នុយក្លេអ៊ែរ អាល្លឺម៉ង់ ដែល​ចាញ់​សង្រ្គាម​លោកលើកទី​២​យ៉ាងធ្ងន់ធ្ងរ លែង​ជា​មហាអំណាច​យោធា​តទៅទៀត និង​ត្រូវការ​ចាំបាច់​ជំនួយ ការពារ​ពី​អង្គការ​អូតង់។

ប្រតិកម្ម​ទៅនឹងការលើកឡើង​របស់​ប្រធានាធិបតី​បារាំង ​អគ្គលេខាធិការ​អង្គការ​អូតង់​វិញ វាយតម្លៃថា អូតង់​នៅតែ​ខ្លាំង និងថា អាមេរិក និង​អូតង់ នៅតែ​ធ្វើការ​ជាមួយគ្នា។ រដ្ឋមន្រ្តីការបរទេស​អាមេរិក ឯណោះវិញ ក៏ប្រតិកម្ម​ដែរ ដោយថា អូតង់​នៅតែ​ជា​ដៃគូ​យុទ្ធសាស្រ្ត​ដ៏សំខាន់​របស់​អាមេរិក។ ប៉ុន្តែ ជាមួយគ្នា ប្រមុខការបរទេស​អាមេរិក​បាន​លើកសំដី​របស់លោក​ដូណាល់ ត្រាំ ដែល​បាន​ទាមទារ​ឲ្យ​សមាជិក​របស់​អូតង់​ផ្សេងទៀត ជួយ​រំលែក​បន្ទុកថវិកា​ជាមួយ​អាមេរិក៕

សូមអាន៖ អូតង់​ខិតរក​អឺរ៉ុប មុន​​លោក ត្រាំចូល​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក

 

 

បារាំង៖ មួយ​ឆ្នាំក្រោយ ចលនា​បាតុកម្ម​អាវកាក់​លឿង​ព្យាយាម​ស្ទុះ​តវ៉ា​ឡើងវិញ

អាមេរិក និងអឺរ៉ុប ខ្វែងគំនិតគ្នា​ជុំវិញ ការចាប់បញ្ជូន​ទាហានជីហាត​ទៅប្រទេស​កំណើត

សវនាការសួរចម្លើយសាក្សីជាសាធារណៈលើកទី១ នៅក្នុងដំណើរការដកតំណែងប្រធានាធិបតី

លោកដូណាល់ ត្រាំ ទទួល​ជួប​លោក អ៊ែរដូហ្កាន់ បើ​ទោះបី​មាន​ការ​រិះគន់​និង​រកាំ​រកូស​ខ្លាំង

វេទិកាសន្តិភាព លើកទីពីរ បើកធ្វើនៅប៉ារីស មានអ្នកចូលរួម៦ពាន់នាក់

ប្រធានាធិបតី បូលីវី ប្រកាស​លាលែង​ពីមុខ​តំណែង នៅក្រោយ កងទ័ព​ដោះដៃចោល

៣០ឆ្នាំក្រោយ​ការរលំជញ្ជាំងប៊ែរឡាំង អត្តសញ្ញាណអាល្លឺម៉ង់នៅ​តែ​ប្រេះស្រាំ

ការផ្សាយពាណិជ្ជកម្ម​​ឃោសនា​​នយោបាយ ជា​បញ្ហា​​ចម្រូង​ចម្រាស​ចំពោះ​ក្រុម​ហ៊ុន​ប្រព័ន្ធ​​ទាក់ទង​សង្គម​

អាមេរិកផ្តើម​នីតិវិធី​​ដកខ្លួនជាផ្លូវការពី ​កិច្ចព្រមព្រៀងស្តីពីអាកាសធាតុ

ថៃ៖អាមេរិកប្រើវេទិកាអាស៊ានវាយប្រហារចិន និងថា អាមេរិកមិនបោះបង់អាស៊ានទេ

ថៃ៖ចិនប្តេជ្ញាបន្តការងារជាមួយអាស៊ានដើម្បីឈានទៅសម្រេចក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង

សភាអាមេរិក​​បោះឆ្នោត​លើ​សេចក្តីសម្រេច​បើក​នីតិវិធី​ទម្លាក់​ដូណាល់ ត្រាំ ជាផ្លូវការ

គ.ជ.ប.ហុងកុង​​ច្រាន​ចោល​បេក្ខភាព​ឈរឈ្មោះ​​របស់​សកម្មជន​ប្រជាធិបតេយ្យ Joshua Wong

តើប្រមុខអង្គការរដ្ឋអ៊ីស្លាមឈ្មោះ អាប៊ូ បា អាល់ បាដាឌីពិតជាបានស្លាប់មែន ឬ?

អាមេរិកមានឱនភាពថវិកាធ្ងន់ធ្ងរខ្លាំង​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម ?

បូលីវី៖ ប្រធានាធិបតី​ម៉ូរ៉ាល់​ ហៅការ​ប្រឆាំងតវ៉ា​លើលទ្ធផលបោះឆ្នោត​របស់​ក្រុម​អ្នកប្រឆាំង​ថា​ជាទង្វើ​ធ្វើរដ្ឋប្រហារ​

កាណាដា ៖ លោកទ្រុយដូ ជាប់​អាណត្តិ​ថ្មី តែ​គ្មាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា

វិបត្តិ​ស៊ីលី​៖ មនុស្ស​យ៉ាងហោច​៧ នាក់​ស្លាប់​ ទោះបី​មាន​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​

ឥណ្ឌូណេស៊ី ៖ លោក​ប្រធានាធិបតី ផ្តើម​អាណត្តិទីពីរ ក្នុង​បរិបទ​នៃ​ភាព​មិន​ទុក​ចិត្ត