rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហរដ្ឋអាមេរិក អង់គ្លេស Wikileaks អង្គការ​សហប្រជាជាតិ សិទ្ធិមនុស្ស

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អ្នកជំនាញ​របស់អង្គការ​សហប្រជាជាតិ​ព្រួយបារម្ភ​ពី​បញ្ហា​សុខភាព​របស់​ស្ថាបនិក​Wikileaks

media
លោក​Julian Assange ស្ថាបនិក​របស់​វិបសៃតិ៍​WikiLeaksនៅតុលាការ​ក្រុង​ឡុងដ៍​ថ្ងៃទី ២១​តុលា ២០១៩ ©Julia Quenzler/Handout via REUTERS

លក្ខខណ្ឌ​ឃុំខ្លួន និង​ស្ថានភាព​សុខភាព​របស់​ស្ថាបនិក​វិបសៃត៍ Wikileaks លោក​Julian Assange កំពុង​ធ្វើ​ឲ្យ​ជីវិត​របស់​លោក​Julian Assange​ស្ថិត​ក្នុង​ភាពគ្រោះថ្នាក់។ ​អ្នករាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ខាងផ្នែក​បាន​ព្រមាន​យ៉ាងដូច្នេះ នៅក្នុង​សេចក្តីថ្លែងការណ៍មួយ ចេញផ្សាយ​កាលពីថ្ងៃ​សុក្រ​ម្សិលមិញ។ លោក​Julian Assange ស្ថាបនិក​វិបសៃតិ៍ Wikileaks ដែល​ជា​ប្រភព​ទម្លាយ​ឯកសារ​សម្ងាត់​អាមេរិក ត្រូវ​បានអាជ្ញាធរ​អង់គ្លេស​ចាប់ឃុំខ្លួន និង​កំពុង​ប្រឈម​នឹង​ការធ្វើបត្យាប័ន ចាប់បញ្ជូន​ទៅ​សហរដ្ឋអាមេរិក ជាទី​ដែលលោក Assange អាច​ប្រឈម​នឹង​ទោស​ជាប់ពន្ធនាគារ ១៧៥​ឆ្នាំ។

 


នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​សុក្រ អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ខាងផ្នែក​ទារុណកម្ម និងការរំលោភបំពាន​បាន​លើកឡើង​ពី​បញ្ហា​សុខភាព​របស់​ស្ថាបនិក វិបសៃតិ៍ វីគីលីក ដែល​នៅ​បន្ត​ធ្លាក់ចុះ​អាក្រក់។ អ្នកជំនាញ​របស់​អង្គការ​សហប្រជាជាតិ បាន​សង្កត់ធ្ងន់​ផងដែរ​ថា ជីវិត​របស់​លោក Julian Assange កំពុង​ស្ថិតក្នុងគ្រោះថ្នាក់ ប្រសិន​បើ​អាជ្ញាធរ​អង់គ្លេស​មិន​ផ្លាស់ប្តូរ​ជំហរ និង​លក្ខខណ្ឌ ឃុំខ្លួន បែប​អមនុស្ស​ទៅលើលោក​ Julian Assange ទេនោះ។

ជាអ្នកជំនាញ​ឯករាជ្យ​របស់​អង្គការ​សហប្រជាជាតិ លោក Nils Melzer បាន​ជួប ​លោក Julian Assange ម្តងគត់ កាលពី​ខែឧសភា ពោល​គឺ​នៅ​១ខែ​ក្រោយ លោក​ Julian Assange​ត្រូវ​ប៉ូលិស​អង់គ្លេស ចូល​ទៅ​ចាប់អូស​ចេញ​ពី​ស្ថានទូត​អេក្វាទ័រ។ កាលណោះ អ្នករាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ធ្លាប់​បានព្រមាន​រួចហើយ​ថា លោក Julian Assange ដែល​កំពុង​ជាប់ក្នុងឃុំ ដាច់​ដោយឡែក​ពី​គេ ដោយ​មិន​បាន​ទទួល​ជំនួយ​ផ្នែកច្បាប់ កំពុង​ឈាន​ទៅ​រងទារុណកម្មខាង​​ផ្លូវចិត្ត។

នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពីថ្ងៃ​សុក្រ អ្នករាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់ថា លោក​ធ្លាប់​ទាមទារ​ឲ្យ​អាជ្ញាធរ​អង់គ្លេស​យកចិត្ត​ដាក់​លើ​បញ្ហា​សុខភាព​គោរព​សិទ្ធិការពារ​ខ្លួន​របស់​លោក​ Julian Assange។ នៅពេល​អាជ្ញាធរ​អង់គ្លេស​ចាត់វិធានការ​បន្ទាន់ទៅលើ​ផ្នែក​សុខភាព​របស់​លោក​ Julian Assange អាជ្ញាធរ​អង់គ្លេស​នៅ​តែ​ព្រងើយ​កន្តើយ ធ្វើ​មិនដឹង មិនលឺ​ពីបញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​គោរព​ច្បាប់​អន្តរជាតិ នៅក្នុង​ករណី​ចាប់ខ្លួន​ស្ថាបនិក វិបសៃតិ៍​Wikileaks។

បន្ទាប់​ពី​ត្រូវតុលាការ​អង់គ្លេស​សម្រេច​ផ្តន្ទាទោស កាលពី​ខែ​ឧសភា ឲ្យ​ជាប់ពន្ធនាគារ ៥០​សប្តាហ៍ ពីបទ​រំលោភច្បាប់​អង់គ្លេស Julian Assange​បាន​បង្ហាញមុខ ចុងក្រោយ​បំផុត នៅ​ថ្ងៃទី ២១​តុលា នៅ​តុលាការ​ក្រុង​ឡុងដ៍ ជាទី​ដែល​ចៅក្រម​បាន​បញ្ជាក់ថា លោក​ Julian Assange​នឹង​ត្រូវ​ធ្វើបត្យាប័ន​បញ្ជូន​ទៅ​សហរដ្ឋអាមេរិក នៅ​ខែ​កុម្ភៈ​ឆ្នាំក្រោយ។ ការសម្រេច​ដែលលោក​ Julian Assange​បាន​ប្រឆាំង​ដាច់ខាត។

ស្ថាបនិក​Wikileaks លោក​ Julian Assange​កំពុង​ប្រឈម​នឹង​ការចាប់ធ្វើ​បត្យាប័ន ទៅ​អាមេរិក ជាទី​ដែលលោក​ត្រូវ​រដ្ឋអាជ្ញាអាមេរិកាំង​បាន​ចោទប្រកាន់​ថា បាន​រំលោភច្បាប់​ស៊ើបការណ៍​សម្ងាត់ បន្ទាប់ពី​បាន​ចុះផ្សាយ​ឯកសារ សម្ងាត់​រាប់លាន​សន្លឹក កាលពី​ឆ្នាំ ២០១០។ ក្នុង​ករណី​ត្រូវ​បញ្ជូន​ទៅ អាមេរិក លោក​ Julian Assange ដែល​រងបទចោទប្រកាន់ ដ៏ច្រើន​សន្ធឹកសន្ធាប់ នឹងអាច​​ប្រឈម​ទទួលទោស​ជាប់ពន្ធនាគារ ១៧៥ឆ្នាំ។

សម្រាប់ អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ អាជ្ញាធរ​អង់គ្លេស​ត្រូវ​ដោះលែង​ជាបន្ទាន់ លោក​ Julian Assange។ នៅក្នុង​ពេល​ដែល​រដ្ឋាភិបាល​អាមេរិកាំង តាមធ្វើ​ទុក្ខបុកម្នេញ លោក​ Julian Assange ដោយសារ​តែ​លោក​ចុះផ្សាយ ព័ត៌មាន​ដែល​ឆ្លុះបញ្ចាំង ឲ្យគេ​ឃើញ​ពី​ការរំលោភ​សិទ្ធិ​មនុស្ស ការធ្វើ​ទារុណកម្ម រួម​ទាំង​ឃាតកម្ម មន្រ្តីអាមេរិក​ដែល​ជាអ្នកទទួល​ខុសត្រូវ​លើ​បទឧក្រិដ្ឋ​ទាំងនេះ​កំពុង​សប្បាយ​នឹង​ទណ្ឌភាព។ នេះបើតាម​ការវាយតម្លៃ​របស់​អ្នករាយការណ៍​អង្គការ​សហប្រជាជាតិ៕