អានតួអត្ថបទ

Brexit ៖ អឺរ៉ុបព្រមពន្យារពេលឱ្យអង់គ្លេស យ៉ាងយូរបីខែ

សមាជិក​សហភាព​អឺរ៉ុប​ទាំង​២៧​ ប្រទេស​បាន​ផ្តល់​ការ​យល់​ព្រម​ទាំ​ងអស់​គ្នា លើក​ពេល​Brexit ជាលើក​ទី​បី​ រហូត​ត្រឹម​​ថ្ងៃទី ៣១​មករា ២០២០។ ចំណែក​ខាង​អង់គ្លេស​វិញ លោក​នាយក​រដ្ឋមន្ត្រី​ Boris Johnson កំពុង​សាក​ល្បង​ទាមទារ​ឱ្យ​មាន​ការ​បោះឆ្នោត​សភា​មុន​អាណត្តិ​ ដើម្បី​ស្តារ​Brexit។

អឺរ៉ុប​ព្រម​ពន្យារ​ពេល​ឱ្យ​អង់គ្លេស​បី​ខែ​ ក្នុង​រឿង​Brexit
អឺរ៉ុប​ព្រម​ពន្យារ​ពេល​ឱ្យ​អង់គ្លេស​បី​ខែ​ ក្នុង​រឿង​Brexit REUTERS/Tom Jacobs/File Photo
ផ្សាយពាណិជ្ជកម្ម

នៅ​បី​ថ្ងៃ​មុន​កាល​កំណត់​Brexit ថ្ងៃទី​៣១​តុលា សមាជិក​សហភាព​អឺរ៉ុប​បាន​ព្រមព្រៀង​គ្នា​ទទួល​យក​សំណើ​របស់​អង់គ្លេស​ លើក​ថ្ងៃ​ចាក​ចេញ​ពី​អឺរ៉ុប​ជា​លើក​ទី​បី។ ជា​ការ​ពន្យារ​ពេល​ ​ដែល​អាច​បត់​បែន តែ​កំណត់យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃទី​៣១​មករា ២០២០។ មាន​ន័យ​ ​នៅ​ចន្លោះ​ពេលបី​ខែ​នេះ​ បើ​សភា​អង់គ្លេស​ព្រម​អនុម័ត​ទទួល​យក​កិច្ចព្រម​ព្រៀង​សម្រេច​ដោយ​នាយករដ្ឋមន្ត្រី​បូរីស ចនសុន និង​សហភាព​អឺរ៉ុប​ភ្លាម អង់គ្លេស​អាចបំបែក​ចេញ​ភ្លាម​អឺរ៉ុប នៅ​ថ្ងៃ​៣០​វិច្ឆិកា ឬ​ថ្ងៃ​៣១​ធ្នូ ២០១៩ ដោយ​មិន​បាច់​រង់​ចាំ​ដល់​ថ្ងៃ​កំណត់​ចុងក្រោយ​ទេ។

បារាំង​ជា​ប្រទេស​ដែល​មាន​ជំហរ​រឹង​ប្រឆាំង​នឹង​ការ​លើក​ពេល​នេះ​ជាង​គេ​ បាន​សុខ​ចិត្ត​ព្រម​ពន្យា​រ​ពេលឱ្យ​អង់គ្លេស​​ ជាមួយ​លក្ខខណ្ឌ​មួយ​ចំនួន។ សេចក្តី​សម្រេច​ព្រម​លើក​នេះ​ ត្រូវ​អម​ដោយ​សេចក្តី​ថ្លែងការ​ណ៍​នយោបាយ ​ប្រកាស​ដាច់​ខាត​ថា​អឺរ៉ុប​មិន​ទទួល​ឱ្យ​មាន​ការ​ចរចាសាជា​​ថ្មី​ជាមួយ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ឡើយ ​ហើយ​​អង់គ្លេស​ ត្រូវ​តែង​តាំង​​ស្នងការម្នាក់​ទទួល​បន្ទុក​កិច្ចការ​អឺរ៉ុប។ លក្ខខណ្ឌ​និង​ការ​ពន្យារ​ពេល​Brexit នឹង​ត្រូវ​សរសេរ​ជា​លាយលក្ខណ៍​អក្សរ​ ចេញ​ជា​​ផ្លូវការ​នៅ​ថ្ងៃ​អង្គារ​ឬ​ពុធ​ស្អែក។ ​

សហភាព​អឺរ៉ុប​ទាំង​២៧​ បាន​ផ្តល់​ការ​យល់​ព្រម​ ដោយ​មិន​រង់​ចាំសេចក្តី​សម្រេច​​របស់​សភា​អង់គ្លេស​ ដែល​ត្រូវអនុម័ត​នៅ​រសៀល​ថ្ងៃ​ចន្ទសំណើ​សុំ​រៀបចំ​បោះឆ្នោត​មុន​អាណត្តិ​ទេ។ លោក បូរីស ចនសុន ចង់​រៀប​ចំការ​បោះឆ្នោត​សភា​ជា​ថ្មី​មុន​អាណត្តិ​នៅ​ថ្ងៃទី ១២​ ធ្នូ​ខាង​មុខ​ ក្រែង​អាច​ឈ្នះ​ឆ្នោតទទួល​បាន​សំឡេង​​​​ភាគ​ច្រើន​ដាច់​ខាត​ក្នុងសភា សម្រាប់​អនុម័ត​កិច្ចព្រមព្រៀង​Brexit ​បំបែក​ចេញ​ពី​អឺរ៉ុប​បាន។ ប៉ុន្តែ​​​ដើម្បី​អាចបោះឆ្នោត​ថ្មី​បាន គេត្រូវ​មានការ​យល់​ព្រម​ពី​សមាជិក​សភា​ពីរភាគ​បី។ សំណើបែប​នេះ​ធ្លាប់​ជួប​បរាជ័យ​ពីរ​ដង​មក​ហើយ​កាលពី​ខែ​កញ្ញា។ គណបក្ស​ប្រឆាំង​ដ៏​ចំបង​របស់​អង់គ្លេស ធ្លាប់​បាន​អះអាង​ជា​ញយ​ដង​ហើយ​ថា​នឹង​គាំទ្រ​ឱ្យ​មាន​ការ​បោះឆ្នោត​សភា​មុន​អាណត្តិ​ដរាប​ណា​តែគ្រោះ​ដើរ​ចេញ​ពី​អឺរ៉ុប​ដោយ​គ្មានកិច្ចព្រមព្រៀង​ ត្រូវ​បាន​ជម្រះអស់​តែ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ