rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

ហេតុអ្វី មានផ្ទុះបាតុកម្មខ្លាំងនៅលីបង់ ?

ដោយ អៀង សុខម៉ិញ

ប្រជាពលរដ្ឋ​លីបង់ បាន​នាំ​គ្នា​ចុះ​ថ្នល់​ធ្វើ​បាតុកម្ម​ តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​មក និង​កាន់តែ​សម្បើម​ខ្លាំង​​នៅ​ថ្ងៃ​អាទិត្យ ទី ២០​តុលា​២០១៩។ ជា​ចលនា​បាតុកម្ម​ដ៏​ធំ​ ពុំ​ធ្លាប់​មាន និង​ក្នុង​ទម្រង់​​​ដូចងើប​ធ្វើ​​បដិវត្តអារ៉ាប ​ដើម្បី​ប្រឆាំង​នឹង​ជីវភាព​កាន់​តែ​លំបាក​ឡើងៗ​ផង និង​ដើម្បី​បរិហារ​ទាមទារឱ្យ​មេដឹកនាំ​គ្មាន​សមត្ថភាព និងពុក​រលួយ​ចាក​ចេញ​ពីតំណែង​ផង។ ​រដ្ឋាភិបាល​ព្រម​ដក​ថយ ប្រកាស​ផែនការ​ធ្វើ​កំណែទម្រង់ ប៉ុន្តែ​កំហឹង​មិន​​ស្រក​ចុះ​ទេ។ ហេតុ​អ្វី​បាន​ជា​លីបង់​ធ្លាក់​ដល់​ស្ថានភាព​បែបនេះ ? តើអ្វី​ជា​មូលហេតុ​នាំ​មាន​ផ្ទុះ​បាតុកម្ម​ប្រជាជន​នេះ​ឡើង ?

ដើមហេតុ​ដែល​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​លីបង់​នាំ​គ្នា​ចុះ​ថ្នល់​ ក្លាយ​ជា​ចលនា​បាតុកម្ម​ដ៏​ធំ​មិន​ធ្លាប់​មាន​ និង​គ្រប់​ស្រទាប់​ រាប់​ទាំង​ចលនា​ហេស្បូឡា និង​ចលនា​អាម៉ាល​ទៀត​នេះ គឺ​ដោយ​ហេតុ​តែ​រដ្ឋាភិបាល​បាន​សម្រេច​ដំឡើង​ពន្ធ​ និង​យក​ថ្លៃ​និយាយ​ទូរស័ព្ទ​តាម​ប្រព័ន្ធសង្គម​WhatsApp។ ក្រោមសម្ពាធ​បាតុករ រដ្ឋាភិបាល​បាន​លុបចោល​ពន្ធនោះ​ទៅ​វិញ និង​ប្រកាស​ធ្វើ​កំណែទម្រង់​២០​ចំណុច​ទៀត ប៉ុន្តែ​កំហឹង​បាតុករ​មិន​បាន​ស្រក​ចុះ​ទេ ព្រោះ​ឬសគល់​នៃ​បញ្ហាវាចាក់​​ជ្រៅ​ខ្លាំងណាស់ទៅ​ហើយ ! ចំណាត់​ការ​ទាំង​បង្ខំ និង​យ៉ាង​ទាន់ហន់​​របស់​នាយករដ្ឋមន្ត្រី​​ ត្រូវ​បាន​ក្រុម​បាតុករ​យល់​ថា​គ្រាន់​តែ​ជាលេស​​ដំណោះស្រាយត្រដរ​រស់​​របស់​​រដ្ឋាភិបាលទេ។​

ការ​ដំឡើង​ពន្ធ​ឬ​យក​ពន្ធ​ពេល​ទូរស័ព្ទ ដែល​អាច​នាំ​ចំណូល​ឱ្យ​រដ្ឋ​ បាន​ប្រមាណ​២០០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ គ្រាន់​តែ​ជា​ទឹក​មួយ​ដំណក់​តូច​​​ធ្លាក់​មក​លើ​កែវទឹក​ដែល​ពេញស្រាប់​ឱ្យ​ហៀរ​តែ​ប៉ុណ្ណោះ​។ តាមការ​ពិត ភាព​តាន​តឹង​នយោបាយលីបង់​បាន​ប៉ោង​ឡើង​​ ប្រជាពលរដ្ឋចិញ្ចឹម​ចិត្ត​ខឹង​ នឹងថ្នាក់​ដឹកនាំ​នយោបាយ ដែល​បណ្តោយ​ឱ្យ​​ជីវភាពរបស់​ពួកគេ​​កាន់​តែ​ដុនដាប រស់​ភាព​នឹង​ការ​លំបាកលំបិន​ តាំង​ពី​ជា​យូរខែ​ថ្ងៃមកហើយ !

ដើម្បី​កាត់​បន្ថយ​ឱនភាព​ថវិកា ​រដ្ឋាភិបាល​បាន​​ដំឡើង​ពន្ធ​មួយ​ហើយ​មួយ​ទៀត ឥតឈប់ ជំនួយ​សង្គម​ត្រូវ​បញ្ចុះ​ជា​លំដាប់។ ដើម្បី​ស្តារ​សេដ្ឋកិច្ច​ដែល​ដាំ​ក្បាល​ចុះ​ជា​លំដាប់ និង​ដើម្បីកាត់​បន្ថយ​បំណុលជាតិ លីបង់​បាន​ធ្វើ​កំណែទម្រង់​ប្រកាន់​នយោបាយ​រិតត្បិត​ថវិកា តែ​កាលពី​ខែ​កក្កដា ថវិកា​បាន​មក​ពី​ការ​រិតត្បិតចំណាយ​ត្រូវ​បាន​គេ​លួច​បាត់ទៅ​ទៀត។ នៅ​ទី​បំផុត លីបង់ បានក្លាយ​ជា​ប្រទេស​មាន​បំណុល​ជាតិ​ខ្ពស់​ជាង​គេ ជាប់​ចំណាត់​ថ្នាក់​ទី​បីបន្ទាប់​ពី​ជប៉ុន និង​ក្រិក។ ជា​ការ​ប្រៀបធៀប​ឱ្យ​ងាយ​យល់ លីបង់​បច្ចុប្បន្ននេះ មាន​វិបត្តិ​ធ្ងន់​ជាង​ប្រទេស​ក្រិក​កាលពី​ឆ្នាំ​២០២០​ទៅ​ទៀត។ កាលណោះ​ក្រិក​មាន​បំណុល​១៤៦,២%​ នៃ​ផលិតផលសរុប​ជាតិ​ ឯ​លីបង់វិញ​មាន​បំណុល​ដល់​ទៅ ១៥១%​ ពោលគឺស្មើ​នឹង​ប្រមាណ​ជាង ៨៦ពាន់​លាន​អឺរ៉ូ។ នេះ​បើ​តាម​តួលេខ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ FMI។​

នៅ​ខែ​មេសា​ឆ្នាំ​២០១៨ លីបង់​បាន​ប្តេជ្ញា​ធ្វើ​កំណែទម្រង់​រដ្ឋបាល និងថវិកា ដើម្បី​បាន​ទទួល​ប្រាក់​កម្ចី​​អភិវឌ្ឍន៍ និង​ជំនួយ​ ១១,៦​ពាន់​លាន​ដុល្លារ ពីសហគមន៍​​អន្តរជាតិ។ ប៉ុន្តែ​រាល់គ្រប់​គម្រោង​កំណែទម្រង់​សុទ្ធ​តែ​ត្រូវ​បិទ​ខ្ទប់​ ដោយ​មេដឹកនាំនយោបាយ​ខ្វែង​គំនិត​គ្នា​ និង​មើល​ឃើញ​ផលប្រយោជន៍​ខ្វែង​គ្នា។

ចេញ​ផុត​​សង្គ្រាម​ស៊ីវិល​បាន​ជិត​បី​ទសវត្សរ៍ហើយ តែ​សេវារដ្ឋ​ទឹក​ភ្លើង​ កាន់​តែ​យ៉ាប់យឺន។ លីបង់​គ្រោង​នឹង​លុប​ជំនួយ​ក្នុង​វិស័យ​នេះ​ចាប់​ពី​ឆ្នាំ​២០២០​ទៅ ដែល​ជំរុញ​ឱ្យ​ថ្លៃ​​ទឹក​ភ្លើង​ឡើង​ស្ទើរ​មួយ​ជា​បី។ ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ ទ្រុឌទ្រោម និង​ខូច​ខាត។​ លីបង់​​ជាប់​ឈ្មោះជា​ប្រទេស​​មហាពុក​រលួយ​ លំដាប់​ទី ១៣៨ ក្នុង​ចំណោម​ប្រទេស​ទាំង​១៨០​ (បើតាម​អង្គការ​តម្លាភាព​អន្តរជាតិ)។ បន្ថែម​ពីលើ​នេះទៀត ប្រទេស​ត្រូវ​រង​ថ្ម​បាក់​ពី​សង្គ្រាម​នៅ​ស៊ីរី។ តាំង​ពី​ឆ្នាំ​២០១១​មក លីបង់​ទទួល​ជន​ភៀសខ្លួន​ស៊ីរី ប្រមាណ​ជាង​១​លាននាក់​ ពោល​គឺ​ស្មើ​នឹង​ប្រមាណ​មួយ​ភាគបួន​នៃ​ប្រជាជន​សរុប។ លំហូរ​អន្តោប្រវេសន៍​នេះ ធ្លាក់​មក​ជួន​ចំពេល​អត្រា​អ្នក​ឥតការងារធ្វើ​កើន​ឡើង​ដល់​ជិត​២០%។

ប្រឈម​នឹង​ស្ថានភាព​ប្រទេស​បែប​នេះ តើ​ពលរដ្ឋ​មាន​ជម្រើស​អ្វី​ក្រៅ​អំពីធ្វើ​បាតុកម្ម​ និង​ងើប​​ធ្វើ​បដិវត្ត ?! បាតុកម្ម​ពេល​នេះ បាន​ឆ្លុះ​បញ្ចាំង​​ឱ្យ​ឃើញពី​​វិបត្តិ​​​ដ៏​ធ្ងន់ធ្ងរ​របស់​លីបង់ ដែល​រូង​ខូង​ដោយ​អំពើ​ពុករលួយ ​​ដោយ​វិបត្តិ​អតិផរណា (ទំនិញ​ឡើង​ថ្លៃប្រាក់​ចុះ​ថោក)​ វិបត្តិ​អស់​ប្រាក់​បំរុង ​​វិបត្តិ​​សេដ្ឋកិច្ច​ដើរ​ថយក្រោយ​ និង​ជា​ផលវិបាក​នៃ​អភិបាលកិច្ច​មិន​ល្អ​របស់​ថ្នាក់​ដឹកនាំ​ប្រទេស។ បាតុកម្ម ​​មិន​មែន​ត្រឹម​តែជា​ការ​សម្តែង​ក្តី​​ប្រឆាំ​ងនឹង​ការ​ដំឡើង​ពន្ធ ឬ​ប្រឆាំង​នឹង​​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ តែ​ជាបញ្ចេញ​​កំហឹង​ទូទៅ ទាមទារ​ឱ្យ​មាន​ការ​ប្តូរ​ផ្លាស់​របប​ដឹកនាំ​ទាំង​ស្រុង​តែ​ម្តង។ ថ្នាក់​ដឹកនាំ​ប្រទេស ដែល​គ្មាន​ការ​ប្តូរ​ផ្លាស់តាំង​ពី​៣០​ឆ្នាំមក។ មេដឹកនាំ​កាល​ពី​សម័យ​សង្គ្រាម​ (១៩៧៥-១៩៩០) ភាគ​ច្រើន​នៅ​បន្ត​កាន់​អំណាច​ដល់​សព្វថ្ងៃ។​ អ្នក​ចាស់​ជ្រុល​ស្លាប់​ត្រូវ​ជំនួស​ដោយ​ឱ្យ​កូន​ចៅ​កាន់​បន្ត។ ប្រធានាធិបតី​បច្ចុប្បន្ន​អាយុ​៨២​ឆ្នាំ មាន​កូនប្រសារ​ជា​រដ្ឋមន្ត្រី​ការបរទេស។ នាយក​រដ្ឋមន្ត្រី​ ហារីរី អាយុ​៥៩​ឆ្នាំ​ ជា​កូន​ប្រុស​របស់មហាសេដ្ឋី​លីបង់​ជា​​អតីត​នាយករដ្ឋមន្ត្រី​ ដែល​ត្រូវ​គេ​ធ្វើ​ឃាត​កាលពី​ឆ្នាំ​២០០៥។ ប្រធាន​សភា​វិញ មាន​អាយុ​​៨១​ឆ្នាំ កាន់​តំណែង​នេះ​តាំង​ពី​ឆ្នាំ​១៩៩២មក ជា​ឧទាហរណ៍​ជាក់ស្តែង និង​ត្រួសៗ​ប៉ុណ្ណោះ។ ចលនា​ប្រឆាំង​នេះ​បាន​ធ្វើ​ឱ្យ​គេ​នឹង​ឃើញ​ដល់​មហាបាតុកម្ម​ឆ្នាំ​២០០៥ ដែល​រំដោះ​លីបង់​ឱ្យ​រួច​ផុត​ពី​អាណាព្យាបាល​ស៊ីរី៕

តើកោះគ្រីមេ អាចរបូតពីដៃរុស្ស៊ី ទៅក្នុងដៃអ៊ុយក្រែនវិញឬទេ ?

ក្រិកបង្កើនល្បឿនផ្តល់ "ទិដ្ឋាការមាស" ដល់អ្នកវិនិយោគចិន

ហេតុអ្វីអាមេរិកព្យួរប្រព័ន្ធអនុគ្រោះពន្ធលើការនាំចូលទំនិញថៃ?

អ៊ីស្រាអែល និង ហ្សកដានី អាច​នឹង​ត្រូវ​ប្រឈម​មុខដាក់​​គ្នា​ជាថ្មី​ ?

ហេតុ​អ្វីអ្នករស់នៅទីក្រុងមានកម្រិតទាប​ក្នុងប្រទេសកម្ពុជា?

សន្និសីទពីសេរីភាពប្រព័ន្ធផ្សព្វផ្សាយ ប្រព្រឹត្តជាលើកទី១នៅម៉ូស្គូ

អាល្លឺម៉ង់​ប្រារព្វ​ខួប​៣០ឆ្នាំ​នៃ​ការរលំ​ជញ្ជាំង​ប៊ែរឡាំង ក្នុង​បរិបទ​អាប់អួរ​នយោបាយ

អាស៊ាន៖ តើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងទៅជាយ៉ាងណាក្រោយការដកខ្លួនរបស់ឥណ្ឌា?

៤០ឆ្នាំក្រោយ វិបត្តិ​ចំណាប់ខ្មាំង នៅ​បន្ត​បំពុល​ទំនាក់ទំនង​អ៊ីរ៉ង់​-​សហរដ្ឋអាមេរិក

ស៊្វីស៖ តើ​ជនអន្តោប្រវេសន៍ដណ្តើមការងារ ឬ​បង្កើតការងារឱ្យ​ម្ចាស់ស្រុក?

លោក ពូទីន សម្ពោធ រូបសំណាកឧទ្ទិសដល់ វរជនដែលជា គំរូ របស់គាត់

ការប្រែប្រួលអាកាសធាតុ ៖ ជនរងគ្រោះ មាន​ច្រើនជាងការគិតពីមុន ​​ដល់ទៅបីដង

​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​និង​កិច្ច​ព្រម​ព្រៀង​ RCEP ជា​សំណុំ​​រឿង​ស្នូលនៅ​កិច្ច​ប្រជុំ​អាស៊ាន

ការសម្លាប់​​មេក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ជា​ជោគជ័យ​របស់​លោក​ដូណាល់ ត្រាំ?

Brexit៖ តើ​អ្វី​ជា​យុទ្ធសាស្ត្រ​បន្ទាប់​របស់​លោកបូរីស​ ចនសុន​ ក្នុង​ករណី​អង់គ្លេស​មិនអាច​ចេញពី​អឺរ៉ុប​តាម​កាលកំណត់​?

ហេតុអ្វី​វិស័យ​ទេសចរណ៍​អាស៊ីអាគ្នេយ៍​ត្រូវក្លាយជា​អ្នករងគ្រោះ​ដោយ​សង្រ្គាមពាណិជ្ជកម្ម​ចិន-អាមេរិក?

ណូបែលសេដ្ឋកិច្ច​២០១៩៖ តើការលុបបំបាត់ភាពក្រីក្រជារឿងសាមញ្ញ?

ហេតុអ្វីបានជាប៉ាគីស្ថានបានសុំធ្វើជាអ្នកសម្របសម្រួលឲ្យមានកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត?