rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

តួកគី សហរដ្ឋអាមេរិក ស៊ីរី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោកដូណាល់ ត្រាំ បញ្ជូន អនុប្រធានាធិបតី និងរដ្ឋមន្រ្តីការបរទេសទៅតួកគី ដើម្បីចរចាឲ្យបានបទឈប់បាញ់ នៅស៊ីរី

media
ប្រមុខការបរទេសអាមេរិក លោក​Mike Pompeo ធ្វើដំណើរទៅដល់​ទីក្រុង​អង់ការ៉ា ប្រទេស​តួកគី នៅថ្ងៃទី ១៧​តុលា​២០១៩ ©REUTERS/Huseyin Aldemir

អមដំណើរដោយ​រដ្ឋមន្រ្តីការបរទេស លោក Mike Pompeo អនុប្រធានាធិបតី​អាមេរិក លោក​Mike Pence ត្រូវជួប​ពិភាក្សា ជាមួយ​ប្រធានាធិបតី​តួកគី​នៅថ្ងៃ​ព្រហស្បតិ៍នេះ។ ទៅតាម​បញ្ជា​របស់ លោកដូណាល់ ត្រាំ អនុប្រធានាធិបតី និង​រដ្ឋមន្រ្តី ការបរទេស​អាមេរិក​ធ្វើដំណើរ​ទៅ​ប្រទេស​តួកគី ក្នុងក្តីសង្ឃឹម បញ្ចុះបញ្ចូល ប្រធានាធិបតី តួកគី​ឲ្យ​អនុវត្ត​បទឈប់បាញ់ ជាមួយ ក្រុមគួដឌីស្ថាន​ស៊ីរី ដែល​តួកគី​បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​យ៉ាងចាស់ដៃ មួយសប្តាហ៍មកហើយ នៅទឹកដី​ភាគខាងជើងស៊ីរី។

 


រង​ការរិះគន់​ជុំទិស ព្រម​ទាំង​ការបោះឆ្នោត ថ្កោលទោស​ពី​សំណាក់​សភា​អ្នកតំណាងរាស្ត្រ​ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញលោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​សម្រេច​បញ្ជូន អនុប្រធានាធិបតី លោក Mike Pence និង​ប្រមុខការបរទេស​Mike Pompeo ទៅ​ប្រទេស​តួកគី ក្នុង​គោលដៅ ទាមទារ​ឲ្យ​បាន បទឈប់បាញ់ ពី​រដ្ឋាភិបាល​តួកគី។

ថ្លែង​ទៅកាន់​អ្នកកាសែត នៅ​សេតវិមាន លោក ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ ថ្លែង​សង្ឃឹមថា ការជួបពិភាក្សា រវាង​អនុប្រធានាធិបតីអាមេរិក​ជាមួយ​លោកប្រធានាធិបតី តួកគី អ៊ែរដូហ្កាន​ នៅថ្ងៃ​ព្រហស្បតិ៍ នឹង​ផ្តល់​លទ្ធផល​ជាផ្លែផ្កា។ បើសិន​មិនដូច្នេះទេ គឺ​មានតែ​ការដាក់ទណ្ឌកម្ម ដូចជា រនាំងពន្ធគយ ហើយ​និង​ទណ្ឌកម្មផ្សេងទៀត ដែល​អាច​បំផ្លាញ សេដ្ឋកិច្ច​តួកគី។

រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាមេរិក លោក​Steven Mnuchin បាន​បញ្ជាក់​ថា នៅក្នុង​ដំណើរ​ទៅ​ប្រទេស​តួកគី​លើកនេះ រដ្ឋមន្រ្តីការបរទេស អាមេរិក​មាន​នៅ​ក្នុង​ដៃ នូវ​បញ្ជី​ឈ្មោះ បុគ្គល​និង​ក្រុមហ៊ុន​តួកគី មួយ​ចំនួន​ដែល​អាច​រងការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែម ប្រសិន​បើ​តួកគី​នៅតែ​មិនព្រម​ឈប់​វាយប្រហារ​ទៅលើ​ពួកគួដឌីស្ថាន នៅទឹកដី​ភាគខាងជើង​ស៊ីរី។

អាមេរិកទាមទារ​ឲ្យមានបទឈប់បាញ់ ប៉ុន្តែ ​ប្រធានាធិបតី តួកគីធ្វើមិនដឹង មិនលឺ និង​បាន​បដិសេធ រួចហើយ មិន​ចង់​ចរចា ឲ្យ​មាន​បទឈប់បាញ់​ជាមួយ ពួកទាហាន​គួដឌីស្ថាន ដែលរដ្ឋាភិបាល​តួកគី​ចាត់ទុក​ជា​ក្រុមភេរវនិយម។ សម្រាប់​លោកអ៊ែរដូហ្កាន ប្រតិបត្តិការ​វាយប្រហារ​របស់តួកគី នឹង​អាចចប់ទៅបាន បើសិន​ទាហាន​គួដឌីស្ថាន ទម្លាក់អាវុធ និង​ដកថយ​ចេញពី​តំបន់​ដែល​តួកគី​ទាមទារ​ចង់​បាន។

តាំង​ពី​ថ្ងៃ ទី ៩​តុលា ពោល គឺ​នៅ​ក្រោយ ការប្រកាស​របស់លោកដូណាល់ ត្រាំ ក្នុង​ការដក​កងទ័ព​អាមេរិក​ចេញពីតំបន់​គ្រប់គ្រង​ដោយ​ពួកគួដឌីស្ថានស៊ីរី លោក​ប្រធានាធិបតី​តួកគី អ៊ែរដូហ្កាន បាន​បើក​ការវាយប្រហារ​ទ្រង់ទ្រង់ធំ ទៅក្នុង​ទឹកដី​ស៊ីរី ក្នុង​ហេតុផល បង្កើត តំបន់​សន្តិសុខ (ក្នុង​ជម្រៅ ៣២​គីឡូម៉ែត្រ ក្នុង​ទឹកដី ស៊ីរី) សម្រាប់​ដាក់ជនភៀសខ្លួន​ស៊ីរី ជាង ៣លាននាក់ ដែល​បាន​រត់គេចខ្លួន​ពី​សង្រ្គាម​ស៊ីរី ទៅ​ជ្រកកោន​ក្នុង​ទឹកដី​តួកគី តាំង​ពីឆ្នាំ ២០១១។

នៅថ្ងៃព្រហស្បតិ៍ ក្រុមទាហាន​តួកគី និង​ក្រុមឧទ្ទាមស៊ីរីដែលគាំទ្រ​ដោយ​រដ្ឋាភិបាល​តួកគី​បាន​បោះជំហាន​ចូល​ទៅមុខ ចូលទៅកាន់កាប់​បាន​ទឹកដី​កាន់តែច្រើន​របស់​ពួកទាហាន​គួដឌីស្ថាន។

តាម​អង្គការ​តាមដាន​សិទ្ធិមនុស្ស​ស៊ីរី ដែលមានទីតាំង​នៅ​ទីក្រុង​ឡុងដ៍ ប្រតិបត្តិការ​វាយប្រហារ​របស់​តួកគី ក្នុង​រយៈពេល ៧ថ្ងៃនេះ បាន​សម្លាប់​ទាហាន​គួដឌីស្ថាន ១៨៥នាក់ ក្រុមប្រដាប់អាវុធ​ដែល​គាំទ្រតួកគី ចំនួន ១៦៤នាក់ និង​បានធ្វើ​ឲ្យ​មនុស្ស​ផ្លាស់ទី ចេញពីផ្ទះសម្បែង ជិត ២សែននាក់។ រដ្ឋាភិបាល​តួកគី កំពុង​រងការរិះគន់​ផងដែរ​ពីសហគមន៍​អន្តរជាតិ ដែលកំ​ពុង​ព្រួយបារម្ភថា ការវាយប្រហារ​របស់​តួកគី នឹង​ធ្វើ ​ឲ្យពួកអ្នកទោស ជីហាតអង្គការ​រដ្ឋអ៊ីស្លាម ជាច្រើនពាន់នាក់ ដែល​ពេលនេះ កំពុង​ជាប់ក្នុង​ពន្ធនាគារ​របស់​ក្រុមគួដឌីស្ថាន អាចលួចរត់​មាន​សេរីភាព និង​អាច​ចេញ​ទៅ​គំរាមកំហែង បង្ក​អំពើភេរវកម្ម​សាជាថ្មី។ កាលពី​ថ្ងៃ​ពុធ ដោយសារ​តែ​ការវាយប្រហារ​របស់​តួកគី រដ្ឋបាល​គួដឌីស្ថាន​បាន​ប្រកាស​ព្យួរ បេសកកម្ម​តាមចាប់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ដែលកំពុង​រត់លាក់ខ្លួន​នៅស៊ីរី ចាប់តាំង​ពី​ដួលរំលំ​របប​កាលីហ្វា កាលពី​ឆ្នាំមុន៕