rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អង់គ្លេស ភេរវកម្ម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អង់គ្លេស របួស៥នាក់ ក្នុង​ការវាយប្រហារ​ដោយ​កាំបិត​នៅក្នុង​មណ្ឌល​ពាណិជ្ជកម្ម

media
ប៉ូលិស​នៅ​មុខ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ Arndale នៅ​ Manchester ដែល​រង​ការ​ប្រហារ​ដោយ​កាំបិត REUTERS/Peter Powell

ប៉ូលិស​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​ទទួល​​បើក​អង្កេត​ភេរវកម្ម​ភ្លាម​ ក្រោយ​ពី​មាន​ហេតុការណ៍​វាយប្រហារ​មនុស្ស​ដោយ​កាំបិត នៅ​កណ្តាល​ផ្សារ​ទំនើប​មួយ​នៃ​ក្រុង​Manchester ភាគ​ខាង​ជើង​ប្រទេស​អង់គ្លេស។ មាន​អ្នក​រង​របួស​យ៉ាង​ហោច​ណាស់ ៥​នាក់។ ជន​ដៃ​ដល់​អាយុ​ខ្ទង់​សែ​ប្លាយ ដែល​ទំនង​ធ្វើ​សកម្មភាព​ទោល ត្រូវ​បាន​ចាប់​ខ្លួន ពី​បទ​ប្រព្រឹត្ត​ភេរវកម្ម។


ការ​វាយប្រហារ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១១​និង​១៥​នាទី​ម៉ោង​នៅ​ប្រទេស​អង់គ្លេស នា​ថ្ងៃ​សុក្រ​ទី ១១​តុលានេះ នៅក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​​ ដែល​ជំរុញ​ឱ្យ​អាជ្ញាធរ​ចាត់​វិធានការ​ការ​ពារ​សន្តិសុខ​ក្រុងយ៉ាង​សន្ធឹកសន្ធាប់។ សាក្សី​ជា​ច្រើន បាន​រៀប​រាប់​ថា ជនដៃ​ដល់​ប្រដាប់​ដោយ​កាំបិត​នៅ​នឹង​ដៃ រត់​សំដៅ​ទៅ​ចាក់​ហ្វូងមនុស្ស​ដោយ​គ្មាន​រើស​មុខ បង្ក​ឱ្យ​មាន​ការ​ភ័យ​ស្លន់​ស្លោ​យ៉ាង​ខ្លាំង។ បន្តិច​ក្រោយ​មក​ ភ្នាក់ងារ​សន្តិសុខ​ផ្សារ​បាន​ប្រកាស​បិទ​ផ្សារ ជម្លៀស​ភ្ញៀវ​ទៅ​ផ្នែក​ខាង​ក្រោយ​នៃ​ហាង​ទំនិញ។ ជន​ដៃដល់ ត្រូវ​ប៉ូលិស​បាន​ចាប់​ខ្លួន​បាន​ នៅ​ក្រៅ​ ដោយ​​​ផ្តួល​​ ​ផ្អិប​នឹង​ដី។ នេះ​បើ​តាម​រូប​ភាព​វីដេ​អូ ដែល​មាន​បង្ហោះ​ផ្សាយ​ក្នុង​ប្រព័ន្ធ​សង្គម។

ហើយ​ដោយ​យោល​ទៅ​លើ​ទីតាំងនៃ​កន្លែង​កើត​ហេតុ និង​របៀបនៃ​ការ​វាយប្រហារ​ ប៉ូលិស​អង់គ្លេស​បានសម្រេច​​បើក​អង្កេតជា​បទ​​ភេរវកម្មភ្លា​ម។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ប៉ូលិស ដែល​ក៏បាន​ឃាត់​ខ្លួន​និង​ចាប់​បញ្ជូន​ជន​សង្ស័យ​ទៅ​សួរ​ចម្លើយ។

លោក​នាយករដ្ឋមន្ត្រី​ បូរីស ចន​ស៊ុន បាន​បង្ហោះសារ​សម្តែង​ក្តី​រន្ធត់ និង​នឹកគិត​ដល់​ជន​រង​គ្រោះ​ទាំង​ឡាយ​ ព្រមទាំង​សម្តែង​អំណរគុណ​ចំពោះ​ភ្នាក់ងារ​សង្គ្រោះ​និង​អង្កេត។

សូម​បញ្ជាក់​ថា​ក្រុង​ Manchester ​នេះ​ធ្លាប់​រង​ការ​វាយប្រហារ​ភេរវកម្ម​ កាលពី​ពីរ​ឆ្នាំ​មុន​ម្តង​ហើយ។ នៅ​ថ្ងៃ​ទី ២២​ឧសភា ឆ្នាំ​២០១៧ ភេរវជន​Salman Abedi បាន​បំផ្ទុះ​គ្រាប់​បែក​ច្នៃ​ នៅ​មាត់​ច្រក​នៃ​សាល​ប្រគុំ​តន្ត្រី​ ដ៏​ធំ​មួយ​​របស់​ក្រុង។ ទី​ដែល​តារា​ចម្រៀង​អាមេរិក​កំពុង​ទើប​បញ្ចប់ការ​សម្តែង។ មនុស្ស​២២​នាក់​បាន​ស្លាប់ ក្នុង​នោះ​៧​នាក់​ជា​កុមារ និង​២៦០​នាក់​រងរបួស។ គណៈកម្មការអង្កេត​សភា​បាន​សន្និដ្ឋាន​ថា​ភ្នាក់ងារ​ចារកិច្ច​អង់គ្លេស​ថ្លោះ​ធ្លោយ​ការងារ​ទើប​​ទប់​ស្កាត់​ភេរវកម្ម​​ជីហាត​មិនបាន។ នៅ​​ឆ្នាំ​១៩៩៦ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដដែល​នេះ ធ្លាប់​រងភេរវកម្ម​ បំផ្ទុះ​រថយន្ត​ ពី​សំណាក់​ក្រុម​ប្រដាប់​អាវុធ​អៀរឡង់ បង្ក​ឱ្យ​មនុស្ស​២១២​នាក់​រង​របួស និង​ការ​ខូច​ខាត​សម្ភារៈ​គិត​ជា​ទឹកប្រាក់ ៨៨០​លាន​អឺរ៉ូ៕