rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ណូបែល សុខភាព

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អ្នកស្រាវជ្រាវ​អាមេរិក​ពីរ​រូប​និង​អង់គ្លេស​ម្នាក់ ជាប់​ជា​ជ័យលាភី​ណូបែល​វេជ្ជសាស្ត្រ ២០១៩

media
ជ័យលាភី​ណូបែល​វេជ្ជសាស្ត្រ​ ឆ្នាំ ២០១៩ ប្រកាស​នៅ​ថ្ងៃទី ៧ តុលា នៅ​ស្តុកខុម Pontus Lundahl/TT News Agency/via REUTERS

រង្វាន់​ណូបែល​វេជ្ជសាស្ត្រ ឆ្នាំ​នេះ ត្រូវ​បាន​ប្រគល់​ជូនអ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​បី​រូប គឺ​​លោក William Kaelin ​ លោក Gregg Semenza​ ជា​ជនជាតិ​អាមេរិក និង​លោក Peter Ratcliffe ជនជាតិ​អង់គ្លេស ដែល​បាន​​សិក្សា​ ​អំពី​បំរែបំរួល​នៃ​កោសិកាទៅ​តាម​បរិមាណ​នៃ​ខ្យល់​អុកស៊ីហ្សែន។ របក​គំឃើញ​នេះ​ជា​ការ​បើក​ផ្លូវ និង​ផ្តល់​ទស្សនៈ​វិស័យ​ថ្មី​ ដល់​ការ​ព្យាបាល​ជំងឺ​មហារីក និង​ជំងឺខ្វះ​គ្រាប់​ឈាម​ក្រហម។


​គេ​បាន​ដឹង​តាំងពី​ជា​ច្រើន​សតវត្សរ៍​មក​ហើយ​អំពីភាព​ចាំបាច់​នៃ​ខ្យល់​អុកស៊ីហ្សែន ចំពោះ​ជីវិត​មនុស្ស ប៉ុន្តែ​ដំណើរការ​បន្សាំ​កោសិកា​ស្រប​តាម​​កំរិត​​ខ្យល់​អុកស៊ីហ្សែន ស្ថិត​នៅ​ជា​អាថ៌កំបាំង ​ដ៏​យូរ ! គឺ​ក្រុមអ្នក​ស្រាវជ្រាវ​​ទាំង​បី ​​ដែល​បានបំភ្លឺ​ឱ្យ​ឃើញ​អំពី​យន្តការ​នៃ​ការ​ប្រែប្រួល​របស់​​កោសិកាស្រប​​ទៅ​តាមកំរិត​នៃ​ខ្យល់​អុកស៊ីហ្សែន។

យន្តការ​នេះ មាន​ពាក់​ព័ន្ធ​នឹង​ការ​លូតលាស់​នៃ​ដុំ​សាច់ពក (មហារីក)។ ដុំ​សាច់​លូតលាស់​ លឿន​ឬ​យឺត គឺ​អាស្រ័យ​ទៅ​កំរិត​បរិមាណ​អុកស៊ីហ្សែន​ក្នុង​ឈាម ជាពិសេស​​​មហារីកប្រភេទ​ខ្លះ​ ដូច​ជា​មហារីក​ថ្លើម ដែល​រីក​លឿន​ ស្រូប​ថាមពលខ្លាំង ដុត​បំផ្លាញ​អុកស៊ីហ្សែន​អស់​គ្មាន​សល់។ បើ​តាម​គណៈ​កម្មការ​ណូបែល ពេល​នេះ មន្ទីរពិសោធន៍​របស់​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ របស់​ក្រុមហ៊ុន​ឱសថ បាន​និង​កំពុង​ផ្តុំ​ការ​សិក្សា​ផលិត​ថ្នាំ​​មាន​សមត្ថភាព​ទប់​ស្កាត់​ជំងឺ​មហារីក ឱ្យ​បាន​​នៅ​គ្រប់​ដំណាក់កាលនៃ​ជំងឺ​​ ដោយ​ទៅ​បិទ​ខ្ទប់ ឬ​បើក ចាត់​ចែង​​យន្តការ​ផ្តល់​ខ្យល់​អុកស៊ីហ្សែន​ដល់​កោសិកា។

លោក Kaelinធ្វើ​ការ​នៅ​វិទ្យាស្ថាន Howard Hughes Medical Institute ​ សហរដ្ឋ​អាមេរិក លោក Gregg Semenza​ ជា​អ្នក​ដឹកនាំ​កម្មវិធី​ស្រាវជ្រាវ​​នៅ​វិទ្យាស្ថាន John Hopkins Institute ​ស្រាវជ្រាវ​វិស្វកម្ម​កោសិកា​។ លោក Peter Ratcliffe ជា​នាយក​ស្រាវជ្រាវវិទ្យាសាស្ត្រ​សុខភាព​​ នៅ​​​ Francis Crick Institute de London និង​ Target Discovery Institute d'Oxford។ ជ័យ​លាភី​ទាំង​បី​ នឹង​ទទួល​បាន​មេដាសមាស សញ្ញាប័ត្រ​ណូបែល និង​ទឹក​ប្រាក់ម្នាក់ៗ​បី​លាន​គួរោន (៩លាន​ចែក​ជា​បី) នៅ​ថ្ងៃ​ទី ១០​ធ្នូ២០១៩។

កាលពី​ឆ្នាំ​២០១៨ ជ័យ​លាភី​ណូបែល​វេជ្ជសាស្ត្រ បាន​ធ្លាក់​លើ​ដៃ​អ្នកស្រាវជ្រាវ​អាមេរិក​និង​ជប៉ុន ដែល​បាន​រកឃើញ​វិធីសាស្ត្រ​​ព្យាបាល​ជំងឺ​មហារីក​ដោយប្រើ​កោសិកា​ដែល​ស៊ាំ​នឹង​មេរោគ។ ជន​ជាតិ​បារាំង​ ដែល​ធ្លាប់​បាន​ទទួល​ជ័យលាភី​ណូបែល​វេជ្ជសាស្ត្រ​ គឺ​កាលពី​ឆ្នាំ​២០០៨ ចំពោះ​ស្នាដៃ​រក​ឃើញ​វីរ៉ុសស៊ីដា។

បន្ទាប់​ពី​ណូបែល​វេជ្ជសាស្ត្រ នៅ​ថ្ងៃ​អង្គារ​នេះ​នឹង​មាន​ប្រកាស​ជ័យលាភី​រូបវិទ្យា គីមី​វិទ្យា​នៅ​ថ្ងៃ​ពុធ អក្សរសិល្ប៍​នៅ​ថ្ងៃព្រហស្បតិ៍។ ណូបែល​សន្តិភាព​ដ៏​ល្បីល្បាញ​ជាងគេ​នឹង​ប្រកាស​នៅ​ថ្ងៃ សុក្រ​ នៅ​អូស្លូ និង​ចុងក្រោយ​គឺ​ណូបែល​សេដ្ឋកិច្ច​នៅ​ថ្ងៃ​ចន្ទ​ទី​១៤​តុលា។ រង្វាន់​ណូបែល​ ត្រូវ​បា​ន​បង្កើត​ឡើង​ជាលើក​ដំបូង​នៅ​ឆ្នាំ ១៩០១ ដោយ​មហាសេដ្ឋី​ជាតិ​ស៊ុយអែត Alfred Nobel៕