អានតួអត្ថបទ

ប្រមុខការទូតអាមេរិកទៅក្រិកដើម្បីចុះកិច្ចព្រមព្រៀង​ការពារជាតិទ្វេភាគី

លោក ប៉ុមប៉េអូ (Mike Pompeo) រដ្ឋមន្ត្រីក្រសួងការបរទេស​អាមេរិក​ ដែល​កំពុងបំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ក្រិក ដើម្បី​ចុះ​​កិច្ចព្រមព្រៀង​ការពារជាតិ​រវាង​គ្នា បាន​អះអាង​ថា ក្រិក​ ជា​សរសរ​ទ្រ​ស្ថិរភាព​តំបន់​ ប៉ុន្តែ​វត្តមាន​របស់​លោក​មិន​ត្រូវ​បាន​ពលរដ្ឋ​ក្រិក​ស្វាគមន៍​ទេ។ បាតុករ​រាប់​ពាន់​នាក់​ប្រមូល​ផ្តុំ​គ្នា​នៅ​កណ្តាល​ក្រុង​អាថែន ស្រែក​ប្រឆាំង​នឹង​វត្តមាន​របស់​លោក​ប្រមុខ​ការ​ទូត​អាមេរិក។

ប្រមុខ​ការទូត​អាមេរិក​ Mike Pompeo និង​សមភាគី​ក្រិក​ Nikos Dendias ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ការពារជាតិ អាមេរិក-ក្រិក ថ្ងៃទី ៥​តុលា ២០១៩
ប្រមុខ​ការទូត​អាមេរិក​ Mike Pompeo និង​សមភាគី​ក្រិក​ Nikos Dendias ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ការពារជាតិ អាមេរិក-ក្រិក ថ្ងៃទី ៥​តុលា ២០១៩ © Reuters
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ប្រភព​រដ្ឋាភិបាល​ក្រិក និង​អាមេរិក កិច្ចព្រមព្រៀង​ការពារជាតិ ដែល​ប្រទេស​ទាំង​ពីរ​ត្រូវ​ចុះ​ហត្ថលេខា នាពេល​នេះ គឺ​ជា​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារ​ជាតិ​រវាង​ប្រទេស​ទាំង​ពីរផង និង​ជា​ការ​​រឹតចំណង​​និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អាមេរិក​-ក្រិក ដែល​ជា​សម្ព័ន្ធមិត្ត​តាំង​ពី​យូរលង់​នឹង​គ្នា និង​ជា​សមាជិក​អូតង់​ដូច​គ្នា។

“ក្រិក​អាច​ដើរ​តួនាទី​ជា​យុទ្ធសាស្ត្រ​ និង​ជា​ទម្រ​ស្ថិរភាព​ដ៏​សំខាន់​សម្រាប់​តំបន់”​ នេះ​ជា​សេចក្តី​ប្រកាស​​របស់​លោក ប៉ុមប៉េអូ ប្រមុខ​ការ​ទូត​អាមេរិក ពេល​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ក្រិក លោក Kyriakos Mitsotakis។ នាយករដ្ឋមន្ត្រី​ក្រិកដែល​ទើប​ឡើង​កាន់​អំណាច​កាលពី​ខែ​កក្កដា ក៏​បាន​បង្ហាញ​ក្តី​រំពឹង​តប​វិញ​ថា អាមេរិក​នឹងអាច​ចូល​រួម​ជួយ​ស្តារ​ស្ថានភាព​តំបន់​ និង​ជួយ​ជំរុញ​ឱ្យ​មាន​ការ​គោរព​​ច្បាប់​អន្តរជាតិ​ ក្នុងតំបន់។

សូម​បញ្ជាក់​ថា ស្ថានភាព​នៅ​តំបន់​សមុទ្ទ​មេឌីទែរ៉ាណេ​ខាង​កើត កំពុង​រង​សម្ពាធ​តាន​តឹង​យ៉ាង​ខ្លាំង នារយៈ​ពេល​ប៉ុន្មានខែ​មក​នេះ ក្រោយ​ពី​តួកគី​បាន​បញ្ជូន​នាវា​ខួង​ប្រេង​ទៅ​កាន់​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​ប្រទេស​ស្ហ៊ីប។ ស្ហ៊ីប​ ប្រទេស​សមាជិក​សហភាព​អឺរ៉ុប និង​ធ្លាប់​ស្ថិត​នៅក្រោម​គ្រប់គ្រង​របស់​​ក្រិក បាន​ចោទ​ប្រកាន់​តួកគី​ថា​ធ្វើ​ប្រតិបត្តិការ​ខុស​ច្បាប់ នៅ​ក្នុង​សមុទ្ទ​។ សហភាព​អឺរ៉ុប​ក៏បាន​ធ្វើ​បរិហារទង្វើ​ខុសច្បាប់​របស់​​​តួកគី​ដូច​គ្នា ព្រោះមាន​តែ​​ក្រុមហ៊ុន​​បារាំង​និង​អ៊ីតាលី​​​ទេ​ដែលកាល​ពី​ខែ​កញ្ញា​ បាន​​ទទួល​សិទ្ធិ​រុករក​ប្រេង​នៅ​ក្នុង​តំបន់​នេះ​។

វត្តមាន​​របស់​លោក​ ប៉ុមប៉េអូ នៅក្រិក ជា​ដំណាក់កាល​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​មួយ​ជុំ នៅ​អ៊ីតាលី និងនៅ​​តំបន់​បាល់កង់ ដើម្បី​ទប់​ស្កាត់​ឥទ្ធិពល​របស់​រុស្ស៊ី។ ប៉ុន្តែ​ទស្សនកិច្ច​នេះ មិន​បាន​ស្វាគមន៍​ដោយ​ប្រជាពលរដ្ឋក្រិក​​ទេ។ នៅ​មុខ​សភា​ក្រុង​អាថែន បាតុករ​រាប់​ពាន់​នាក់​បាន​នាំគ្នា​ស្រែក លើក​បដា ប្រឆាំង​នឹង​ទស្សនកិច្ច​រយៈ​ពេល​មួយ​ថ្ងៃ​កន្លះ​របស់​រដ្ឋមន្ត្រីការបរទេស​អាមេរិក​នៅក្រិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ