អានតួអត្ថបទ
បារាំង

ការវាយប្រហារដោយកាំបិត៖តុលាការបារាំងបើកការស៊ើបអង្កេតពីបទឃាតកម្មដោយចេតនា

នៅ​ក្នុង​ប្រទេស​បារាំង មួយ​ថ្ងៃ​ក្រោយ​ខ្មាន់កាំបិត​ម្នាក់​ចាក់​សម្លាប់​ប៉ូលិស​ចំនួន ៤នាក់​នៅ​ក្នុង​ទីស្នាក់ការ​ប៉ូលិស​ក្រុង​ប៉ារីស​មក តុលាការ​បាន​បើក​ការ​ស៊ើបអង្កេត​លើ​បទឃាតកម្ម​ដោយ​ចេតនា។ គួរ​រម្លឹក​ថា​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី៣ តុលា បុរស​ជា​បុគ្គលិក​បម្រើការ​នៅ​ក្នុង​ការិយាល័យ​ស៊ើបការណ៍​សម្ងាត់​ផ្នែក​សេវា​ព័ត៌មានវិទ្យា​នៅ​ក្នុង​ទីស្នាក់ការ​ប៉ូលិស​ក្រុង​ប៉ារីស​បាន​យក​ប្រើ​កាំបិត​ចាក់​សម្លាប់​អ្នក​រួមការងារ​ក្នុង​ការិយាល័យ​ដូច​គ្នា​ចំនួន ៣នាក់ មុន​នឹង​ទៅ​ចាក់​សម្លាប់​ម្នាក់​ទៀត​នៅ​កន្លែង​ផ្សេង។ ភ្លាមៗ​នោះ ខ្មាន់កាំបិត​ក៏​ត្រូវ​បាន​កម្លាំង​ប៉ូលិស​បាញ់​សម្លាប់​នៅ​នឹង​កន្លែង។ តាម​រដ្ឋមន្រ្តី​មហាផ្ទៃ ខ្មាន់កាំបិត​ដែល​មាន​អាយុ ៤៥ឆ្នាំ​ជា​មនុស្ស​ដែល​មិន​ដែល​មាន​បញ្ហា​អកប្បកិរិយា និង​មិន​ធ្លាប់​បាន​បញ្ចេញ​នូវ​សញ្ញា​ព្រមាន​អ្វី​មួយ​ទេ។

ការវាយប្រហារដោយកាំបិត៖តុលាការបារាំងបើកការស៊ើបអង្កេតពីបទឃាតកម្មដោយចេតនា
ការវាយប្រហារដោយកាំបិត៖តុលាការបារាំងបើកការស៊ើបអង្កេតពីបទឃាតកម្មដោយចេតនា REUTERS/Christian Hartmann
ផ្សាយពាណិជ្ជកម្ម

ខណៈ​នេះ ការ​វាយប្រហារ​ដោយ​កាំបិត​នៅ​ក្នុង​ទីស្នាក់ការ​ប៉ូលិស​ក្រុង​ប៉ារីស​ត្រូវ​បាន​តុលាការ​បើក​ការ​ស៊ើបអង្កេត​ស្តីពី​ឃាតកម្ម​ដោយ​ចេតនា​លើ​ក្រុម​អ្នក​រដ្ឋការ ពោល​មិន​បាន​ផ្តោត​លើ​ទង្វើ​ភេរវកម្ម​ទេ។ រហូត​មក​ដល់​ពេល​នេះ កម្លាំង​ប៉ូលិស​បាន​ចូល​ទៅ​ឆែកឆេរ​ក្នុង​ផ្ទះ​របស់​ខ្មាន់កាំបិត​នៅ​ជាយ​ក្រុង​ប៉ារីស ព្រម​ទាំង​បាន​ឃុំ​ខ្លួន​ប្រពន្ធ​របស់​គេ​ជា​បណ្តោះអាសន្ន។ ទន្ទឹម​គ្នា​នេះ ក៏​មាន​ការ​សិក្សា ស្រាវជ្រាវ​នៅ​ក្នុង​ម៉ាស៊ីនកុំព្យូទ័រ និង​ទូរស័ព្ទដៃ​របស់​ខ្មាន់កាំបិត​ដែរ។ ក្រុម​អ្នក​ស៊ើបអង្កេត​សង្ឃឹម​នឹង​ទទួល​បាន​ព័ត៌មាន​លំអិត​ជុំវិញ​មូលហេតុ​ដែល​បាន​ជំរុញ​បុរសខ្មាន់កាំបិត​ឲ្យ​ចាក់​សម្លាប់​អ្នក​រួមការងារ​ដូច​គ្នា​នៅ​ក្នុង​ទីស្នាក់ការប៉ូលិស​ក្រុង​ប៉ារីស។

គួរ​រម្លឹក​ថា​ពេល​នេះ ខ្មាន់កាំបិត​ត្រូវ​បាន​គេ​ស្គាល់​ជា​បុគ្គលិក​គំរូ និង​មិន​ដែល​មាន​បញ្ហា​អ្វី​ជា​មួយ​អ្នក​រួមការងារ​ទេ។ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក​កាស្តានែរ​ថែម​ទាំង​បាន​លើក​ឡើង​នា​ថ្ងៃ​ព្រហស្បតិ៍ ទី៣ តុលា​ថា ខ្មាន់កាំបិត​ជា​មនុស្ស​ដែល​មិន​ដែល​មាន​បញ្ហា​អកប្បកិរិយា និង​មិន​ធ្លាប់​បាន​បញ្ចេញ​នូវ​សញ្ញា​ព្រមាន​អ្វី​មួយ​ឡើយ។ មាន​អាយុ ៤៥ឆ្នាំ ខ្មាន់កាំបិត​ជា​បុគ្គលិក​ដែល​បម្រើការ​នៅ​ក្នុង​ការិយាល័យ​ស៊ើបការណ៍​សម្ងាត់​ផ្នែក​សេវា​ព័ត៌មានវិទ្យា​នៅ​ក្នុង​ទីស្នាក់ការ​ប៉ូលិស​ក្រុង​ប៉ារីស​តាំង​ពី​ឆ្នាំ ២០០៣។ ទាក់ទង​នឹង​ប្រវត្តិរូប​ផ្ទាល់ខ្លួន​វិញ បុរសខ្មាន់កាំបិត​កើត​នៅ​ម៉ាទីនិក​ដែល​ជា​ទឹកដី​បារាំង​នៅ​ឯ​នាយសមុទ្រ រៀបការ​មាន​កូន​ពីរ​នាក់ និង​ទើប​បាន​ចូល​សាសនា​អ៊ីស្លាម​ដូច​ប្រពន្ធ​កាល​ពី ១ឆ្នាំ​កន្លះ​មុន។

តែ​គ្មាន​ភស្តុតាង​ណា​មួយ​ដែល​បញ្ជាក់​ពី​រឿង​ចូល​សាសនា​អ៊ីស្លាម​ជាមួយ​នឹង​ទង្វើ​របស់​រូប​បុរសខ្មាន់កាំបិត​នោះ​ទេ។ គេ​ត្រូវ​រង់​ចាំ​លទ្ធផល​ស៊ើបអង្កេត​ទើប​ដឹង​ច្បាស់​ពី​មូលហេតុ​ដែល​បាន​ជំរុញ​ឲ្យ​បុរស​រូប​នោះ​ប្រើ​កាំបិត​ចាក់​សម្លាប់​អ្នក​រួមការងារ​ដូច​គ្នា។ តែ​មាន​ការ​លើក​ឡើង​ពី​មូលហេតុ​ជម្លោះ​ការងារ ព្រោះ​ជនគ្រោះម្នាក់​ក្នុង​ចំណោម​ទាំង ៤នាក់​ជា​មេ​របស់​ខ្មាន់កាំបិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ