អានតួអត្ថបទ

សហភាព​​អឺរ៉ុប​​រៀប​​ផែនការ​​តប​​នឹង​​ទណ្ឌកម្ម​​អាមេរិក តែ​​សង្ឃឹម​​រកឃើញ​​កិច្ចព្រមព្រៀង​​រវាងគ្នា

ភាព​តាន​តឹង​ពាណិជ្ជកម្ម​រវាង​សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក ស្រាប់​តែ​ធ្លាក់​​តាន​តឹង​ ខ្លាំង​មួយ​រំពេច​​នៅ​ថ្ងៃ​នេះ។ សហភាព​អឺរ៉ុប​បាន​ប្រកាស​នៅ​ថ្ងៃព្រហស្បតិ៍​នេះ រៀ​បចំ​ទណ្ឌកម្ម​តប​នឹង​សហរដ្ឋ​អាមេរិក ដែល​បាន​ប្រកាស​ដំឡើង​ពន្ធគយ​បន្ថែម​លើ​ផលិតផលអឺរ៉ុប​ចាប់​ពី​ថ្ងៃទី ១៨​តុលា​ទៅ។ ប៉ុន្តែ​ទន្ទឹមពេល​ជា​មួយ​គ្នា​នេះ សហភាព​អឺរ៉ុប​ក៏ព្រម​​បើក​ទ្វារ​ចរចា​ ដើម្បី​បញ្ចៀស​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​នាំ​ឱ្យ​ខូច​ប្រយោជន៍​ទាំង​សង​ខាង។

អាមេរិក​ប្រកាស​ដំឡើង​ពន្ធនាំ​ចូល​យន្តហោះ​អ៊ែរប៊ូស​ទៅ​អាមេរិក ១០%
អាមេរិក​ប្រកាស​ដំឡើង​ពន្ធនាំ​ចូល​យន្តហោះ​អ៊ែរប៊ូស​ទៅ​អាមេរិក ១០% PASCAL PAVANI / AFP
ផ្សាយពាណិជ្ជកម្ម

គ្រាន់​តែ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​កាត់​ក្តី ចំណាស់​១៥​ឆ្នាំ ​ឱ្យក្រុមហ៊ុន​យន្តហោះ​អាមេរិក​ប៊ូអ៊ីង ឈ្នះ​ក្រុមហ៊ុន​អ៊ែរប៊ូល​អឺរ៉ុប​ភ្លាម ​អាមេរិក​បានងាក​មកប្រកាស​​​ដាក់​ទណ្ឌកម្ម​​អឺរ៉ុប ដោយ​ដំឡើង​ថ្លៃ​ពន្ធគយ​ ក្នុង​តម្លៃ​៧៥០០​លាន​ដុល្លារ។ យន្តហោះ​ស៊ីវិលរបស់​​អឺរ៉ុប នឹងអាច​នាំចេញ​​ទៅ​សហរដ្ឋ​អាមេរិក ដោយ​មាន​ការ​ដំឡើង​ថ្លៃ​ពន្ធ​១០% ចំណែក​​​​ផលិតផលឧបភោគ​បរិភោគ ដូច​ជា​ ស្រា ហ្វូម៉ា ផ្លែឈើ(អូលីវ) គ្រឿង​សមុទ្ទ គ្រឿង​ជាង​ នឹង​ត្រូវ​ដំឡើង​ពន្ធ​នាំ​ចូល​ដល់​ទៅ ២៥%។ ជា​ទណ្ឌកម្ម​ដែល​ដាក់​សំដៅ​លើ​​ផលិត​ផល​​របស់​ បារាំង អាល្លឺម៉ង់ អេស្ប៉ាញ និង​អង់គ្លេស​ ដែល​ជា​សម្ព័ន្ធ​​ប្រទេស​ដៃគូ​នៃ​ក្រុមហ៊ុន​ផលិតយន្តហោះអ៊ែរប៊ូស។

ដោយ​គ្មាន​បង្អង់ សហភាព​អឺរ៉ុប បាន​បញ្ចេញ​ប្រតិកម្ម​តប​វិញភ្លាម ក្នុង​នាមរដ្ឋ​ជា​សមាជិក​ទាំង​២៨ ប្រកាស​រៀប​ចំ​ផែនការ​តប​ត​វិញ ដោយ​អះអាង​ថា “​បើអាមេរិក​ដាក់​ទណ្ឌកម្ម​លើ​អឺរ៉ុប ​សហភាព​អឺរ៉ុបមាន​តែ​​ដាក់​ទណ្ឌកម្ម​អាមេរិក​វិញ”។ ​អ្នក​នាំ​ពាក្យសហភាព​អឺរ៉ុប​បាន​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​សេចក្តី​សម្រេច របស់​អាមេរិក​ដំឡើង​ពន្ធគយលើ​ផលិតផលអឺរ៉ុប ដែល​នឹងបង្ក​ផលវិបាក​​ប៉ះពាល់​យ៉ាង​ខ្លាំង​ ​ និង​មុន​គេ លើ​​ពលរដ្ឋ​អ្នក​ទិញ​ និង​ក្រុមហ៊ុន​អាមេរិកខ្លួន​ឯង។ ​​ បារាំង​ដែល​ជា​ប្រទេស​រងគ្រោះ​ខ្លាំង​គេ​បំផុត​​ ពី​ចំណាត់ការ​របស់​លោក ត្រាំ ក៏ប្រកាស​រៀប​គម្រោង​ប្រឆាំង​តប​អាមេរិក​ ដោយ​ឆ្លង​កាត់​និង​ពិគ្រោះ​យោបល់​ជា​មួយ​អឺរ៉ុប​ទៀត។

ប៉ុន្តែ​ខុស​ពី​ជា​មួយ​ចិន អាមេរិក​នៅ​តែ​រក្សា​ទំនាក់ទំនង​ជាមួយ​អឺរ៉ុប។ អាមេរិក​សង្ឃឹម​ថា​នឹង​អាច​ផ្តើម​ការ​ចរចា​ពាណិជ្ជកម្ម​ជាមួយ​អឺរ៉ុប​។ ចំណែក​សហភាព​អឺរ៉ុប​ក៏​បើក​ទ្វារ​ចំហ​ ទទួល​សំណើ​ចរចា​របស់​​អាមេរិក ដោយ​​​សង្ឃឹម​ថាដោះស្រាយ​វិវាទ​នេះ​ មិន​ឱ្យធ្លាក់​ក្នុង​​សង្គ្រាម​ពាណិជ្ជកម្ម​បាន។

នេះ​មិនមែន​ជា​ទណ្ឌកម្ម​ដំឡើង​ពន្ធគយ​អាមេរិក​ដំបូង​មក​លើ​អឺរ៉ុប​ទេ។ ដើម្បី​កាត់​បន្ថយឱនភាព​ពាណិជ្ជកម្ម​ ​ កាលពី​ខែ​មិថុនាអាមេរិក​បាន​ដំឡើង​ពន្ធ​លើ​ដែកថែប​និង​អាលុយមីញ៉ូម​អឺរ៉ុប។ ក្រោយ​ពី​ស្ងប់​ស្ងាត់​បាន​បន្តិច ភាព​តាន​តឹង​ពាណិជ្ជកម្ម​អាច​ហក់​ឡើង​វិញ។ លោក ដូណាល់ ត្រាំ អាច​នឹង​សម្រេច​ចិត្ត​ពី​ពេល​នេះ​ដល់​ថ្ងៃ​ទី ១៣​វិច្ឆិកា ដំឡើង​ពន្ធ​លើ​ការ​នាំ​ចូល​រថយន្ត​អឺរ៉ុប​ទៅ​អាមេរិក​ ដែល​អាល្លឺម៉ង់​ព្រួយ​បារម្ភ​ជាពិសេស​ជាងគេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ