rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង ភេរវកម្ម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

នៅបារាំង បុរសម្នាក់បានប្រើកាំបិតចាក់សម្លាប់ប៉ូលិស ៤នាក់នៅក្នុងទីស្នាក់ការប៉ូលិសក្រុងប៉ារីស

media
នៅបារាំង បុរសម្នាក់បានប្រើកាំបិតចាក់សម្លាប់ប៉ូលិស ៤នាក់នៅក្នុងទីស្នាក់ការប៉ូលិសក្រុងប៉ារីស Martin BUREAU / AFP

នៅ​ក្នុង​ប្រទេស​បារាំង មាន​ប៉ូលិស​ចំនួន ៤នាក់​ត្រូវ​បាន​ខ្មាន់​កាំបិត​ចាក់​សម្លាប់​នៅ​ក្នុង​ទីស្នាក់ការ​ប៉ូលិស​ក្រុង​ប៉ារីស​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី៣ តុលា។ រូប​ខ្មាន់កាំបិត​ដែល​ត្រូវ​បាន​ប៉ូលិស​បាញ់​សម្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​មិនមែន​ជា​មនុស្ស​ចូល​ពី​ខាង​ក្រៅ​ទៅ​ទេ តែ​ជា​បុគ្គលិក​ដែល​បម្រើការ​នៅ​ក្នុង​ការិយាល័យ​ស៊ើបការណ៍​សម្ងាត់​ផ្នែក​សេវា​ព័ត៌មានវិទ្យា​នៅ​ក្នុង​ទីស្នាក់ការ​ប៉ូលិស​ក្រុង​ប៉ារីស​ដូច​គ្នា។ គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ទង្វើ​របស់​​ខ្មាន់កាំបិត​នោះ​នៅ​ឡើយ​ទេ តែ​ក្រុម​អ្នកស៊ើបអង្កេត​បាន​លើក​ឡើង​ពី​ជម្លោះ​ផ្ទាល់​ខ្លួន។ លោក​ប្រធានាធិបតី នាយករដ្ឋមន្រ្តី រួម​ទាំង​រដ្ឋមន្រ្តី​មហាផ្ទៃ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​កើតហេតុ។


ការ​វាយប្រហារ​ដោយ​ប្រើ​កាំបិត​ចាក់​សម្លាប់​ប៉ូលិស ៤នាក់​នៅ​ក្នុង​ទីស្នាក់ការ​ប៉ូលិស​ក្រុង​ប៉ារីស​បាន​ចាប់​ផ្តើម​នៅ​ដើម​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី៣ តុលា។ តាម​លោក Loïc Travers មក​ពី​សហជីព​ប៉ូលិស​ឈ្មោះ សម្ព័ន្ធ ខ្មាន់កាំបិត​បាន​ចាប់​ផ្តើម​ចាក់​អ្នក​រួមការងារ​ដែល​ធ្វើ​ការ​ក្នុង​ការិយាល័យ​ជាមួយ​គ្នា មុន​នឹង​បន្ត​ទង្វើ​របស់​ខ្លួន​នៅ​កន្លែង​ផ្សេង​ទៀត។ ជា​សរុប មាន​ស្លាប់​ប៉ូលិស​ចំនួន ៤នាក់ និង​ម្នាក់​រងរបួស​ធ្ងន់​កំពុង​ព្យាបាល​បន្ទាន់​នៅ​ក្នុង​មន្ទីរពេទ្យ។ ភ្លាមៗ ខ្មាន់កាំបិត​ក៏​ត្រូវ​បាន​កម្លាំង​ប៉ូលិស​បាញ់​សម្លាប់​នៅ​នឹង​កន្លែង។ លោក Loïc Travers បាន​បន្ថែម​ថា ខ្មាន់កាំបិត​ជា​បុគ្គលិក​គំរូ មិន​ដែល​មាន​បញ្ហា និង​បាន​បម្រើ​ការងារ​នៅ​ក្នុង​ទីស្នាក់ការ​ប៉ូលិស​ក្រុង​ប៉ារីស​តាំង​ពី​ជាង ២០ឆ្នាំ។

ខណៈ​នេះ គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិត​របស់​ខ្មាន់កាំបិត​នៅ​ឡើយ​ទេ តែ​ក្រុម​អ្នកស៊ើបអង្កេត​បាន​លើក​ឡើង​ពី​ជម្លោះ​ផ្ទាល់ខ្លួន។ ចំណែក​តុលាការ​ក្រុង​ប៉ារីស​បាន​បើក​ការ​ស៊ើបអង្កេត​ដើម្បី​ស្វែង​រក​ការ​ពិត​ដែល​បាន​ជំរុញ​បុគ្គលិក​រូប​នោះ​យក​កាំបិត​ចាក់​លើ​អ្នក​រួមកាងារ​ដូច​គ្នា។ នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ហេតុការណ៍ ប្រធានាធិបតី​លោក​ម៉ាក្រុង នាយករដ្ឋមន្រ្តី​លោក​ហ្វីលីព និង​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក​កាស្តានែរ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​កើត​ហេតុ​ផ្ទាល់។ ថ្លែង​នៅ​មុខ​ក្រុម​អ្នកកាសែត លោក​កាស្តានែរ​ដែល​បាន​លើក​ពេល​ទៅ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​តួកគី​បាន​រៀបរាប់​ពី​ខ្មាន់កាំបិត​មាន​អាយុ ៤៥ឆ្នាំ​ដោយ​បញ្ជាក់​ថា ជា​មនុស្ស​ដែល​មិន​ដែល​មាន​បញ្ហា​អកប្បកិរិយា និង​មិន​ធ្លាប់​បាន​បញ្ចេញ​នូវ​សញ្ញា​ព្រមាន​អ្វី​មួយ​ឡើយ។

ក្រៅ​ពី​វត្តមាន​ប្រធានាធិបតី នាយករដ្ឋមន្រ្តី និង​រដ្ឋមន្រ្តី​មហាផ្ទៃ ក៏​គេ​ឃើញ​មាន​វត្តមាន​ចៅហ្វាយ​ក្រុង​ប៉ារីស និង​រដ្ឋអាជ្ញា​ក្រុង​ប៉ារីស។ នៅ​រដ្ឋសភា មុន​នឹង​ផ្តើម​សម័យប្រជុំ អ្នក​តំណាងរាស្រ្ត​ទាំង​អស់​បាន​ក្រោក​ឈរ​គោរព​វិញ្ញាណក្ខន្ទ​ចំពោះ​ប៉ូលិស​ស្លាប់​ទាំង ៤នាក់ និង​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​របស់​ពួក​គេ។ គួរ​បញ្ជាក់​ថា ការ​វាយប្រហារ​ដោយ​កាំបិត​នៅ​ក្នុង​ទីស្នាក់ការ​ប៉ូលិស​ក្រុង​ប៉ារីស​បាន​កើត​មាន​ឡើង មួយ​ថ្ងៃ​ក្រោយ​ពី​មាន​ប៉ូលិស​ប្រមាណ ២៧ ០០០នាក់​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​កំណើន​អត្តឃាត​របស់​ប៉ូលិស និង​កំណែទម្រង់​ចូល​និវត្ត​របស់​រដ្ឋាភិបាល៕