អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មរណភាព​របស់លោកហ្សាក់ ស្ហៀរ៉ាក់៖ ហេតុអ្វី​អាមេរិក​យឺតយ៉ាវ​ចេញសេចក្តីថ្លែងការ​រំលែកទុក្ខ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​បារាំង នៅថ្ងៃ​ចន្ទទី ៣០ កញ្ញា ប្រារព្ធ​ពិធីបុណ្យ កាន់ទុក្ខ ជាតិ​ឲ្យ​អតីត​ប្រធានាធិបតី​លោក​ហ្សាក់ ស្ហៀរ៉ាក់ ដែល​បាន​ទទួល​មរណភាព កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​ជន្មាយុ ៨៦ឆ្នាំ។ នៅ​ថ្ងៃ​ចន្ទ នេះ ពិធី​គោរព​វិញ្ញាណក្ខន្ធ​ចុងក្រោយ សម្រាប់​អតីត​ប្រធានាធិបតី ហ្សាក់ ស្ហៀរ៉ាក់ ត្រូវ​បាន​ប្រារព្ធឡើង យ៉ាងអធិកអធម ​ក្រោម​អធិបតីភាព​របស់​ប្រធានាធិបតី បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង នៅព្រះវិហារ កាតូលិក Saint Sulpice កណ្តាល​ក្រុងប៉ារីស។

ប្រធានាធិបតីបារាំង និងមេដឹកនាំបរទេស​ជាង​៨០រូប​ចូលរួម​គោរពវិញ្ញាណក្ខន្ធ​ចុងក្រោយ​សម្រាប់​អតីតប្រធានាធិបតីបារាំង លោក​ហ្សាក់ ស្ហៀរ៉ាក់ថ្ងៃទី ៣០​កញ្ញា ២០១៩
ប្រធានាធិបតីបារាំង និងមេដឹកនាំបរទេស​ជាង​៨០រូប​ចូលរួម​គោរពវិញ្ញាណក្ខន្ធ​ចុងក្រោយ​សម្រាប់​អតីតប្រធានាធិបតីបារាំង លោក​ហ្សាក់ ស្ហៀរ៉ាក់ថ្ងៃទី ៣០​កញ្ញា ២០១៩ ©Francois Mori/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

ក្រៅពី​អតីតប្រធានាធិបតី បារាំង​មុនៗ ដូចជា លោក​Nicolas Sarkozy ឬ​ហ្វ្រង់ស័ ហូឡង់​ជា​ដើម មេដឹកនាំ​បរទេស និង​គ្រួសារ​រាជវង្ស ជាង​៨០​រូប ​បាន​មក​ចូលរួម ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ចុងក្រោយ ចំពោះ អតីត​ប្រធានាធិបតី ហ្សាក់ ស្ហៀរ៉ាក់ ដែល​បាន​ទទួល​មរណភាព​កាលពីថ្ងៃ​ព្រហស្បតិ៍​ទី២៦ កញ្ញា ក្នុង​ជន្មាយុ ៨៦ឆ្នាំ។

នៅក្នុង​ចំណោម​មេដឹកនាំ​បរទេស គេ​សង្កេត​ឃើញ វត្តមាន​លេចធ្លោ​ជាងគេ​របស់ ប្រធានាធិបតី រុស្ស៊ី លោក​វ្លាឌីមៀរ ពូទីន ដែល​គេចាត់ទុក​ជា​ប្រមុខដឹកនាំ​របស់​ប្រទេស​ដ៏សំខាន់មួយ ដែល​បាន​ចូលរួម នៅក្នុង​ពិធីគោរពវិញ្ញាណក្ខន្ធ​របស់អតីតប្រធានាធិបតី​បារាំង។ បន្ទាប់ពីនោះ គឺ​មាន​ប្រធានាធិបតី អ៊ីតាលី នាយករដ្ឋមន្រ្តីហុងគ្រី នាយករដ្ឋមន្រ្តី ប្រទេស​លីបង់ ព្រះចៅ​ហ្សកដានី​ទី២ ស្តេច​របស់​ប្រទេស​កាតា ឬ​ព្រះមហាក្សត្រ​មូណាកូ​ជាដើម។ នៅក្នុង​ពិធីគោរព​វិញ្ញាណក្ខន្ធ​ឲ្យ​សព​លោក​ហ្សាក់ ស្ហៀរ៉ាក់ នៅថ្ងៃ​នេះ មានផងដែរ អតីត​មេដឹកនាំ​បរទេស ដែល​ធ្លាប់​ធ្វើការ​ជាមួយ លោកហ្សាក់ ស្ហៀរ៉ាក់ នៅក្នុង​ពេល​លោក​កាន់តំណែង​ជា​ប្រធានាធិបតី បារាំង រយៈពេល ១២ឆ្នាំ។

តាម​វិមាន​ប្រធានាធិបតី​បារាំង អតីត​ប្រធានាធិបតី អាមេរិក លោក​បីល គ្លីនតុន អតីត​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ អេស្ប៉ាញ ហើយ​និង​អតីត​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន Hamid Kazai ជាដើម គឺ​បាន​ធ្វើដំណើរ​ផ្ទាល់ មក​ចូលរួម​គោរព វិញ្ញាណក្ខន្ធ​សព​អតីតប្រធានាធិបតី​បារាំង លោក​ហ្សាក់ ស្ហៀរ៉ាក់។

ដើរតាម​ផ្លូវ​របស់លោកស្ហៀរ៉ាក់ លោកម៉ាក្រុង​ចង់​​ស្តារទំនាក់ទំនង​ឡើងវិញ ជាមួយ​រុស្ស៊ី

លោកប្រធានាធិបតី រុស្ស៊ី វ្លាឌីមៀរ ពូទីន ជា​មេដឹកនាំ​ប្រទេស​មាន​អំណាច​ធំជាងគេ ដែល​បាន​ទៅ​ចូលរួមផ្ទាល់ ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​របស់​អតីត​ប្រធានាធិបតី បារាំង លោក​ហ្សាក់ ស្ហៀរ៉ាក់ នៅ​ទីក្រុង​ប៉ារីស។

នៅមុន​ទំនាក់ទំនង​បារាំង រុស្ស៊ី ចុះ​ល្អក់កករ ជាពិសេស​នៅក្រោយ រុស្ស៊ី​រងការដាក់ទណ្ឌកម្ម​ពីអឺរ៉ុប ដោយសារ​តែ​កាត់យក​ទឹកដី​គ្រីមេ​របស់​អ៊ុយក្រែន នៅឆ្នាំ ២០១៤ ទំនាក់ទំនង​បារាំង និង​រុស្ស៊ី​បាន​ល្អ​ប្រសើរ​ដល់​ចំណុច​មួយ ខ្ពស់​មិន​ធ្លាប់ មាន នៅក្នុង​អាណត្តិ ដឹកនាំ​របស់​អតីត​ប្រធានាធិបតី ហ្សាក់ ស្ហៀរ៉ាក់។

នៅក្នុង​បទសម្ភាសន៍ ជាមួយ​កាសែត​អង់គ្លេស Financial Times កាលពី​ខែ​មិថុនា​កន្លងទៅ គឺ​នៅពេល​លោក​ហ្សាក់ ស្ហៀរ៉ាក់​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ទៅហើយនោះ លោកប្រធានាធិបតី រុស្ស៊ី​វ្លាឌីមៀរ​ពូទីន​បាន​និយាយ​សរសើរ​ប្រធានាធិបតី បារាំង លោកស្ហៀរ៉ាក់ ថា ជា​ប្រធានាធិបតី​ប្រកបដោយ​គតិបណ្ឌិត និង​មាន​ចក្ខុវិស័យ មើល​ឃើញ​របស់​ដែលអ្នកដទៃមើល​មិន​ឃើញ។

ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​រុស្ស៊ី នៅ​ឆ្នាំ ១៩៩៩ ទៅតាម​ការជំរុញ របស់​មេដឹកនាំ​រុស្ស៊ី លោក​បូរីស អែលស៊ីន លោក​វ្លាឌីមៀរ ពូទីន ត្រូវ​គេ​ចាត់ទុក​ជា​មេដឹកនាំ​របស់​រុស្ស៊ី ដែល​ខ្វះបទពិសោធន៍​នយោបាយ និង​កំពុង​ដឹកនាំ​ប្រទេស​មួយ​ដែល​កំពុង​មាន​សេដ្ឋកិច្ច​ចុះខ្សោយ។ ប៉ុន្តែ ប្រធានាធិបតី​បារាំង ជំនាន់នោះ គឺ​លោកហ្សាក់ ស្ហៀរ៉ាក់ ដែលនិយាយ​យ៉ាងច្បាស់លាស់ ​ភាសា​រុស្ស៊ី មិនយល់​ឃើញ​ដូច្នេះទេ។ លោកបាន​ចាត់ទុក​មេដឹកនាំ​រុស្ស៊ី ស្មើនឹង​មេដឹកនាំ​បរទេស​ដទៃទៀត។ ជំនឿទុកចិត្ត​របស់​ប្រធានាធិបតី បារាំង​ជំនាន់នោះ បាន​ធ្វើ​ឲ្យ​លោកពូទីន ហ៊ាន​ដល់​ទៅ​អញ្ជើញ​លោក​ស្ហៀរ៉ាក់ ឲ្យ​ចូលមើល​ទីតាំង​កងទ័ព​សម្ងាត់រុស្ស៊ី នៅក្បែរ​ទីក្រុង​ម៉ូស្គូ នៅ​ឆ្នាំ ២០០៤។

នៅ​ឆ្នាំ ២០០៦ នៅ​មួយឆ្នាំ មុន​អស់អាណត្តិ​ប្រធានាធិបតី លោក​ស្ហៀរ៉ាក់​បាន​បំពាក់មេដាយ កិត្តិយស​ឲ្យ​ប្រមុខដឹកនាំ​រុស្ស៊ី។ ប្រធានាធិបតី បារាំង និង​រុស្ស៊ី គោរពគ្នា​ទៅវិញ ទៅមក និង​ចុះសម្រុង​គ្នា ច្រើន នៅក្នុង​នយោបាយ​ការបរទេស ជាពិសេស​នៅក្នុង​រឿង​អន្តរាគម​ទ័ព ក្នុង​ប្រទេស​អ៊ីរ៉ាក់។

កាលណោះ ដោយ​មាន​ជំហរ​រួម​ជាមួយ​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ លោក​ប្រធានាធិបតី បារាំង ជាមួយ លោកប្រធានាធិបតី​រុស្ស៊ី បាន​ឯកភាពគ្នា បោះឆ្នោត វេតូ មិន​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ បោះឆ្នោត បញ្ជូន​ទ័ព​ទៅ​អន្តរាគម​យោធា​នៅ​ទឹកដីអ៊ីរ៉ាក់ ទៅតាម​ការចង់បាន​របស់​ប្រធានាធិបតី អាមេរិក។

សម្រាប់អ្នកជំនាញ ជំហរ​របស់​បារាំង ក្នុង​អាណត្តិ​របស់​លោក​ស្ហៀរ៉ាក់ ដែល​ប្រឆាំង​មិន​បញ្ជូនទ័ព​ទៅអ៊ីរ៉ាក់ ទៅតាម​ការចង់បាន​របស់​អាមេរិក មាន​លក្ខណៈ​ស្រដៀងគ្នា​នឹង​ជំហរ​របស់​ប្រធានាធិបតី​បារាំង​សព្វថ្ងៃ ដែល​ព្យាយាម ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ អ៊ីរ៉ង់ បើទោះបី​ជា​អាមេរិក ដកខ្លួន និង​គំរាម​ពិន័យ​ប្រទេស​សម្ព័ន្ធមិត្ត​ដែល​ទិញប្រេង​ពីអ៊ីរ៉ង់។

ខុសពី​ប្រធានាធិបតី បារាំង អាណត្តិ​មុន​ៗ ដែល​បាន​បង្ខិតខ្លួន​ទៅ​ខាង​អាមេរិក ខាង​កម្លាំងទ័ពអូតង់ លោកម៉ាក្រុង មានជំហរ​ស្រដៀងគ្នា​នឹង​លោក​អតីត​ប្រធានាធិបតី​ហ្សាក់ ស្ហៀរ៉ាក់ គឺ​ចង់​ទៅ​ត្រូវរ៉ូវ ជានា​ឡើងវិញ ជាមួយ​រុស្ស៊ី។ ជាក់ស្តែង ជាមួយ​រដ្ឋាភិបាល​អាល្លឺម៉ង់ បារាំង​សព្វថ្ងៃ កំពុង​ជំរុញ ឲ្យ​មានការចរចា​ ជាមួយ​ភាគី​រុស្ស៊ី និង​រដ្ឋាភិបាល​អ៊ុយក្រែន ដើម្បី​សន្តិភាព នៅ​តំបន់​ភាគខាងកើត​អ៊ុយក្រែន។ សព្វថ្ងៃ​ទោះជា​ស្ថានភាព​នៅអ៊ុយក្រែន​នៅមិនទាន់​ចុះស្ងប់ស្ងាត់ ប៉ុន្តែ ប្រធានាធិបតី​បារាំង លែងសូវ​និយាយ​ពីរឿង​រុស្ស៊ី កាត់ផ្តាច់​យកទឹកដី គ្រីមេ​របស់​អ៊ុយក្រែន។ ប្រធានាធិបតី​បារាំង នៅបានពន្លយ​ចង់​ឲ្យ​គេ​ដាក់​បញ្ចូល​រុស្ស៊ី ទៅក្នុង​ក្រុមប្រទេស​មហាឧស្សាហកម្ម G8ឡើងវិញទៀត។

លោកហ្សាក់ ស្ហៀរ៉ាក់ ៖ ប្រធានាធិបតីដែល​ហ៊ាន​និយាយ​ថា ទេ ជាមួយ អាមេរិក

ពី​ខាង​ចំណែកមេដឹកនាំ​អាមេរិក មានតែ​អតីតប្រធានាធិបតី​បៀល គ្លីនតុន​ម្នាក់ទេ ដែល​បាន​មក​ចូលរួម​ផ្ទាល់ ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ចុងក្រោយ​របស់​លោកហ្សាក់ ស្ហៀរ៉ាក់។លោកស្ហៀរ៉ាក់ ទទួល​មរណភាពតាំង​ពីថ្ងៃ​ព្រហស្បតិ៍។ មេដឹកនាំ​បរទេស ជាច្រើន បាន​ប្រតិកម្ម​ភ្លាមៗ ចូលរួម​រំលែកទុក្ខ​ជាមួយ គ្រួសារ​របស់​លោកស្ហៀរ៉ាក់។ គេ​ត្រូវ​រង់ចាំ​ដល់​ថ្ងៃ​អាទិត្យ ទី​២៩​កញ្ញា គឺ​៣​ថ្ងៃ​ក្រោយ​មរណភាព​របស់​អតីតប្រធានាធិបតី​បារាំង ទើប​គេឃើញ សេចក្តីថ្លែងការណ៍ របស់​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោក​Mike Pompeo ដែលថា លោក​ស្ហៀរ៉ាក់​បានធ្វើការ​មិនឈប់ឈរ ដើម្បី ការពារ​តម្លៃ និង​គំនិត ដែល​អាមេរិក​មានជំហរ​យល់ស្រប​ជាមួយ​បារាំង។ នៅថ្ងៃ​អាទិត្យដែរ សេតវិមាន​បានប្រកាសថា ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំទីក្រុង​ប៉ារីស ដែល​នឹងតំណាង​អាមេរិក នៅក្នុង​ពិធីបុណ្យសព​របស់​លោកអតីតប្រធានាធិបតី​បារាំង ស្ហៀរ៉ាក់។

រដ្ឋបាល​លោក​ដូណាល់ ត្រាំ យឺតយ៉ាវ ដល់​ទៅ ៣ថ្ងៃ ទើប ចេញ​លិខិត​រំលែកទុក្ខ សម្រាប់​អតីតប្រធានាធិបតី​បារាំង។ នេះមិនមែន​ជារឿង​ចម្លែកទេ បើសិន​គេ​មើលទៅលើ​ប្រវត្តិទំនាក់ទំនង​អាមេរិក ជាមួយ​បារាំង នៅក្នុង​អាណត្តិ​ដឹកនាំ​របស់​លោកប្រធានាធិបតី​ហ្សាក់ ស្ហៀរ៉ាក់។ នៅ​ឆ្នាំ ២០០៣ នៅពេល​លោកធ្វើ​ជា​ប្រធានាធិបតី​បារាំង លោក​ស្ហៀរ៉ាក់ បាន​ចេញមុខ​ប្រឆាំង​អាមេរិក នៅក្នុង​រឿង​ធ្វើ​សង្រ្គាម​នៅ​អ៊ីរ៉ាក់។ អាមេរិក​របស់​លោកប៊ូស បាន​ទាមទារ​ឲ្យ​បារាំង​ចូលរួម​បញ្ជូនទ័ព​ទៅ​ធ្វើអន្តរាគមន៍​ទ័ព​ក្នុងទឹកដី អ៊ីរ៉ាក់ ។ ប៉ុន្តែ ប្រធានាធិបតី​បារាំង បានបដិសេធ ក្នុង​ហេតុផលថា គេគ្មាន​ភស្តុតាង ដែល​ថា សាដាម ហ៊ូសេន មានលាក់អាវុធ​គីមី តាមការចោទប្រកាន់របស់អាមេរិក។

ជំហររបស់លោក​ស្ហៀរ៉ាក់  ដែល​ប្រឆាំង​នឹង​សង្រ្គាម​នៅអ៊ីរ៉ាក់ ​បានធ្វើ​ទំនាក់ទំនង​បារាំង និង​អាមេរិក​ចុះ​ដល់​កម្រិត​ដ៏អាក្រក់​មិន​ធ្លាប់មាន។ ជនជាតិ​អាមេរិក​ស្អប់ មិនចូលចិត្ត​ មិនចូល​ស្ហៀរ៉ាក់ ព្រោះដោយហេតុថា ជា​អ្នក​ហ៊ាន ប្រឆាំង មិនព្រម​តាម​អាមេរិក។ ការខ្វែងគំនិតគ្នា រវាង​បារាំង និងអាមេរិក​ នៅ​ជំនាន់នោះ​បានធ្វើ​បណ្តាល​​ឲ្យ​មានការធ្វើ​ពហិការ លើ​ទំនិញ​ស្រា​បារាំង។

ដោយសារ​ស្អប់​បារាំងពេក ហាង​លក់​Frech Fried ខ្លះ នៅអាមេរិក​បាន​ប្តូរឈ្មោះទៅ​ជា​Fried for freedom​ទៀតផង។ លោក​ស្ហៀរ៉ាក់ ក្លាយជាជនសំអប់​ក្នុង​ក្រសែភ្នែក​របស់​ប្រជាជន​អាមេរិក និងអតីតប្រធានាធិបតី​ប៊ូស ដែល​អវត្តមាន នៅក្នុង​ពិធីបុណ្យសព​របស់​លោក​នៅថ្ងៃនេះ ប៉ុន្តែ នៅក្នុង​ការចងចាំ​របស់​មនុស្ស​ជាតិ លោកជាប្រធានាធិបតី​ដែល​ទទួល​ជោគជ័យ និង​មាន​ចក្ខុវិស័យ ដែល​មិន​បាន​ទៅ​ចូលរួម​ជាមួយ​អាមេរិក បង្ក​ធ្វើ​នៅ​អ៊ីរ៉ាក់ ដែល​ជា​ដើមចម​នៃ​អស្ថិរភាព​របស់​ប្រទេស​នេះ រហូតដល់​សព្វថ្ងៃនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ