rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សុខភាព ចំណីអាហារ បរិស្ថាន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

តែខ្ចប់ បញ្ចេញលម្អងសារធាតុប្លាស្ទិករាប់​លាន

media
គំរូ​តែ​កញ្ចប់​ ក្នុង​កូនថង់​ក្រណាត់​នីឡុង © RFI

តែ​ខ្ចប់ក្នុង​កូន​ថង់​ដ៏​ស្អាត ​ទំនើប ស្រួល​ប្រើ មាន​អនាម័យ​ខ្ពស់ ... ប៉ុន្តែ​​​​ទឹក​តែដែល​ឆុង​ពី​តែ​កញ្ចប់ ​​បែប​នេះ មាន​​លម្អង​សារធាតុ​ប្លាស្ទិក ល្អិតឆ្មារៗ​បំផុត​ដល់​ទៅ​រាប់​លាន។ នេះ​បើ​តាម​ការ​សិក្សា​របស់​អ្នក​ស្រាវជ្រាវ​កាណាដា ដែល​ទើប​ចុះ​ផ្សាយ​នៅក្នុង​ទស្សនាវដ្តី​វិទ្យាសាស្ត្រ​និង​បរិស្ថាន ACS Environmental Science & Technology​។ លម្អង​ប្លាស្ទិក​ឆ្មារៗ​ខ្លាំង មើល​មិន​ឃើញ​ដោយ​ភ្នែក​ទទេ អាចជ្រាប​ចេញ​ពី​បំពង់​ប្រព័ន្ធ​រំលាយ​អាហារ​ ​ចូល​ក្នុង​សរីរាង្គ​កាយ​មនុស្ស​យើង​បាន ប៉ុន្តែ​គេ​នៅពុំ​ទាន់​ដឹង​អំពី​កំរិត​នៃ​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព​នៅ​ឡើយ​ទេ។


អ្នក​ស្រាវជ្រាវ​ជាតិ​កាណាដា បាន​យក​កញ្ចប់​តែ​ ​របស់​ក្រុមហ៊ុន​ល្បីៗ​ចំនួន​បួន ដោយ​មិន​បញ្ចេញឈ្មោះ មក​វិភាគ។ ក្រោយ​ពី ដក​​តែ​ចេញ​អស់​​ លាង​កញ្ចប់នឹង​ទឹក​សុទ្ធ​ដើម្បី​កម្ចាត់​ធាតុ​ចម្លង​ចេញ​អស់ហើយ ទើប​​យក​ទៅឆុង​​ក្នុង​ទឹកក្តៅ​៩៥​អង្សា ត្រាំ​រយៈ​ពេល​៥​នាទី ដូចគេ​ឆុង​តែ​តាម​ទម្លាប់​ធម្មតា។ ​លទ្ធផល​​ គួរ​ឱ្យ​កត់ស្លុត ទឹក​មិន​ត្រឹម​តែ​មាន​ឆ្លង​ជាតិ​ប្លាស្ទិក ពី​​កញ្ចប់​តែ​ជា​កូន​ថង់​តូចៗ​ ធ្វើ​ពី​ក្រណាត់​នីឡុង​ ឬ​ពី​ជាតិ​ PET (Polytéréphtalate d’éthylène)ទេ តែ​ថែម​ទាំង​មាន​បរិមាណ​នៃ​លម្អង​ប្លាស្ទិក យ៉ាង​សន្ធឹក​សន្ធាប់។

កញ្ចប់​តែ​តែ​មួយ​កញ្ចប់​សោះ​ ​បញ្ចេញ​សារធាតុ​មីក្រូប្លាស្ទិក​ ​ល្អិត​ខ្លាំង ត្រឹម​ពី​១​ទៅ​១៥០​មីក្រូម៉ែត្រ ដល់​ទៅ​ជាង​ពីរ​លាន​លម្អង​ប្លាស្ទិក និង១៥​ពាន់​លាន​​​លម្អង​​តូច​ជាង​ ១មីក្រូម៉ែត្រ (ក្នុង​នោះ​២០%​ ជា​លម្អង​ធាតុល្អិត ដែល​មិន​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេ មាន​ប្រវែង​ក្រោម​១០០ណាណូម៉ែត្រ)។ សូម​បញ្ជាក់​ថា មួយ​មីក្រូម៉ែត្រ​តូច​ជា​មួយ​មីល្លីម៉ែត្រ​១​ពាន់​ដង ហើយមួយ​ណាណូម៉ែត្រ​តូច​ជាងមីក្រូម៉ែត្រ​១ពាន់​​ដង។ ជា​សរុប​ក្នុង​ទឹក​តែ​មួយ​ពែងធម្មតា គេ​រាប់​ឃើញ​មាន​ជាតិ​ប្លាស្ទិក​ដល់​ទៅ​១៣ទៅ​១៦​មីក្រូក្រាម។ ពោល​គឺ​ជា​បរិមាណ​ដ៏​ច្រើន​បំផុត ព្រោះ​ជា​ការប្រៀបធៀប អំបិល​មួយ​ក្រាម​មាន​ប្លាស្ទិក​ប្រមាណ​តែ​០,០០៥មីក្រូក្រាម​ប៉ុណ្ណោះ។

តើ​មីក្រូ និង​ណាណូ​ប្លាស្ទិក មាន​គ្រោះ​ថ្នាក់​យ៉ាង​ណា​ចំពោះ​សុខភាពមនុស្ស ?! ពុំ​ទាន់​មាន​ចម្លើយ​ទេ នៅ​ដំណាក់កាល​នេះ ! ប៉ុន្តែ​បើ​តាមការ​សិក្សា​បឋម​ លើ​សត្វ​ល្អិត​សមុទ្ទ (៤មីល្លីម៉ែត្រ) ឥទ្ធិពល​នៃ​លម្អង​សារធាតុ​ប្លាស្ទិក​បាន​ធ្វើ​ឱ្យ​រាងកាយ​សត្វ​មាន​ភាព​មិន​ប្រក្រតី។ បើ​តាម​អ្នក​ស្រាវជ្រាវ​បារាំង លម្អង​មីក្រូសារធាតុ​ប្លាស្ទិក​ ដែល​មាន​នៅ​ក្នុង​ទឹក ក្នុង​ខ្យល់ ក្នុង​ចំណីអាហារ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស និង​ដែល​មនុស្ស​បាន​លេប​ចូល​ក្នុង​ពោះ​​ប្រមាណ​៥​ក្រាម​ក្នុង​មួយ​ឆ្នាំ បង្ក​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ដល់​មនុស្ស​និង​សរីរាង្គ​កាយ​មនុស្ស។ កាលពី​ខែ​សីហា​កន្លង​ទៅ​ អង្គការ​សុខភាព​ពិភពលោក បាន​ចេញ​សេចក្តី សន្និដ្ឋាន​ ថា​លម្អង​ប្លាស្ទិក​ដ៏​តូច​កំរិត​មីក្រូ និង​ណាណូម៉ែត្រ អាច​ជ្រាប​ចេញ​ពី​ប្រព័ន្ធ​រំលាយ​អាហារ​ចូល​ទៅ​ក្នុង​សរីរាង្គ​ផ្សេង​ៗ និង​បាន​​​អំពាវនាវ​ឱ្យ​មាន​ការ​សិក្សា​ស៊ីជម្រៅ​អំពី​គ្រោះ​ថ្នាក់​នៃ​លម្អ​ងនេះ​ចំពោះ​សុខភាព​មនុស្ស។

ក្នុង​ពេល​រង់​ចាំ​អ្នក​ស្រាវជ្រាវ​ សូម​ណែនាំ​ឱ្យ​មនុស្ស​គ្រប់​រូប​ចៀងវាង​កុំ​ប្រើ​ប្រាស់​ផលិត​ផល​ធ្វើ​ប្លាស្ទិក ពី​ស្នោរ​ដែល​ប្រើ​ម្តង​ក្រវាត់​ចោល និង​សូមបរិភោគ​​​ទឹក​តែ ដោយ​ឆុង​​តែសន្លឹក​​ ឬ​តែកញ្ចប់​​ក្រដាស៕