rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

អ៊ីរ៉ង់ សំណុំរឿងក្តៅគគុក​​​នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ

ដោយ ឈាង បុប្ផា

មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី ៧៤ ចាប់ផ្តើមបើក​ជា​ផ្លូវការ នៅថ្ងៃ​អង្គារទី ២៤ រហូត​ដល់ថ្ងៃទី ៣០​កញ្ញា​នេះ ជាមួយ​នឹង​សំណុំរឿង​ក្តៅគគុក គឺ​ទំនាក់ទំនង​ជាមួយ អ៊ីរ៉ង់។ អ៊ីរ៉ង់​ដែល​ប្រទេស​លោកខាងលិច នាំមុខ​ដោយ​អាមេរិក បាន​ចោទប្រកាន់​ថា ជាអ្នកទទួលខុសត្រូវ​លើ​ការវាយប្រហារ​ទៅលើ​ស្ថានីយ៍​ផលិត​ប្រេង ពីរកន្លែង​របស់​អារ៉ាប៊ី សាអូឌីត កាលពី​ថ្ងៃទី ១៤​កញ្ញា​កន្លងទៅ។ តើ​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ នឹង​អាច​ជា​ឱកាស សម្រាប់​បិទបញ្ចប់ ភាពតានតឹង​រវាង​អាមេរិក និងអ៊ីរ៉ង់​ដែរឬទេ?

អង្គ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ លើក​ទី ៧៤ ចាប់ផ្តើម នៅ​ថ្ងៃ​អង្គារ​នៅទីក្រុង​ញូវយ៉ក ជាមួយ​នឹង​សំណុំរឿង​ក្តៅគគុក គឺ​ទំនាក់ទំនង​ជាមួយ អ៊ីរ៉ង់។ ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ ធ្លាប់​ចេញមុខ​រិះគន់ ស្ថាប័ន​អង្គការ​សហប្រជាជាតិ ថា គ្មាន​ប្រយោជន៍ ប៉ុន្តែ នៅទីក្រុង​ញូវយ៉ក អាមេរិក ដែល​កំពុងតានតឹង​ខ្លាំង​ជាមួយ អ៊ីរ៉ង់ បាន​ផ្តើម​យុទ្ធនាការ​ចរចា​ការទូត តាំង​ពី​ថ្ងៃ​ចន្ទ ក្នុងបំណង​ស្វែងរក​សំឡេង​គាំទ្រ ពី​បណ្តាប្រទេស​សម្ព័ន្ធមិត្ត ដើម្បី​ដាក់​សម្ពាធ​លើ​អ៊ីរ៉ង់។

រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​Mike Pompeo បាន​និយាយ​ប្រាប់ទូរទស្សន៍អាមេរិកាំង ABC​ថា ទាំង​លោក ហើយ​និង​លោកដូណាល់ ត្រាំ ចង់​ផ្តល់​ឱកាស​ដល់​ការចរចា​ការទូត ដើម្បី ដោះស្រាយ​ភាពតានតឹង​ជាមួយ​អ៊ីរ៉ង់។

នៅ​ថ្ងៃ​ចន្ទ លោកដូណាល់ ត្រាំ​បាន​ជួប​ក្រៅផ្លូវការ​ជាមួយ​ប្រធានាធិបតី​បារាំង​ដើម្បី និយាយ​ពី​បញ្ហា​អ៊ីរ៉ង់។ គេ​មិនដឹងថា តើ​លោកដូណាល់​ត្រាំ បាននិយាយ​អ្វីខ្លះ ជាមួយ​ប្រធានាធិបតី​បារាំង​នោះទេ។ ប៉ុន្តែ នៅថ្ងៃ​ចន្ទ​ដដែល ប្រធានាធិបតីបារាំង រួម​ជាមួយ​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ បាន​ចូលរួម​ជាមួយ អង់គ្លេស អាមេរិក និង​អារ៉ាប៊ី សាអូឌីត ដែល​ថា អ៊ីរ៉ង់ ជាអ្នកទទួល​ខុសត្រូវ​លើ​ការវាយប្រហារ​ទៅលើ​ស្ថានីយ៍​ចម្រាញ់ប្រេង​២កន្លែង​របស់​អារ៉ាប៊ី សាអូឌីត។

អាមេរិក តាមរយៈ រដ្ឋមន្រ្តីការបរទេស លោក Mike Pompeo បាន​ចេញមុខ​ថ្លែងអំណរគុណ បារាំង អាល្លឺម៉ង់ និង​អង់គ្លេស និង​បានអំពាវនាវ​ឲ្យ​ប្រទេស​ផ្សេងទៀត ចូលរួម ថ្កោលទោស​អ៊ីរ៉ង់ ក្នុង​រឿង​វាយប្រហារ​បំផ្លាញ រោងចក្រ​ប្រេង​របស់អារ៉ាប៊ី សាអូឌីត។

នៅក្នុង​សេចក្តីប្រកាស​រួម​របស់​មេដឹកនាំ​បារាំង អាល្លឺម៉ង់ អង់គ្លេស ប្រទេស​ទាំងបី​បាន​សម្រេច​ចោទប្រកាន់​អ៊ីរ៉ង់ថា ​ជាអ្នកទទួល​ខុសត្រូវ​លើ​ការវាយប្រហារ​លើ​ស្ថានីយ៍​ផលិតប្រេង អារ៉ាប៊ី សាអូឌីត ប៉ុន្តែ ជាមួយគ្នានោះ គេ​បានទាមទារ​ឲ្យ​មាន​ការចរចា​ការទូត ដើម្បី​ស្ថិរភាព សន្តិសុខ​នៅក្នុង​តំបន់។ អាច​និយាយ​បាន​ថា ទោះជា​ប្រទេស​មហាអំណាច​នៅអឺរ៉ុប យល់ស្រប​ជាមួយ អាមេរិក ដើម្បី​ទម្លាក់កំហុស​លើ​អ៊ីរ៉ង់ ប៉ុន្តែ គេ​នឹង​មិនជ្រើសរើស​ផ្លូវដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែម​លើ​អ៊ីរ៉ង់​ដើម្បី​ដោះស្រាយ ភាពតានតឹង​លើក​នេះ​ដែរ។

លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង ផ្ទាល់ បាន​ចូលខ្លួន​ជា​មេអណ្តើក ដើម្បីជំរុញ​ឲ្យ​មានការចរចាទ្វេភាគី រវាង​លោកដូណាល់ ត្រាំ និង​ប្រធានាធិបតី​រូហានី ក្នុង​គោលដៅ បន្ធូរបន្ថយ​ភាពតានតឹង រវាង​អាមេរិក និង​អ៊ីរ៉ង់។

កាលពីថ្ងៃ​ចន្ទ បន្ទាប់ពីជួប​លោកដូណាល់ ត្រាំ និង​នៅក្រោយ សម្រេចចូល​ជាមួយ​អាល្លឺម៉ង់ និង​អង់គ្លេស ដើម្បី​ចោទប្រកាន់​អ៊ីរ៉ង់ ក្នុង​រឿងវាយប្រហារ​មីស៊ីល​ទៅលើ​ទីតាំង​ផលិតប្រេង​អារ៉ាប៊ី សាអូឌីត ប្រធានាធិបតី​បារាំង បាន​ជួប​ទ្វេភាគី ជាង ១ម៉ោង ជាមួយ​ប្រធានាធិបតី អ៊ីរ៉ង់។

តាម​សេចក្តីប្រកាស​របស់​វិមានប្រធានាធិបតី បារាំង លោក​ម៉ាក្រុង បាន​អំពាវនាវ​ឲ្យ​អ៊ីរ៉ង់​បន្ទន់​ជំហរ ដើម្បី​ចូលរួម ដោះស្រាយ​វិបត្តិ​នៅក្នុង​តំបន់ ព្រោះថា ភាពតានតឹង សព្វថ្ងៃនេះ មិនមែន​គ្រោះថ្នាក់សម្រាប់​តែ​ប្រទេសក្នុង​តំបន់​តែប៉ុណ្ណោះទេ ប៉ុន្តែ វាប៉ះពាល់​ដល់​គ្រប់ប្រទេស​ក្នុង​ពិភពលោក។

លោកដូណាល់ ត្រាំ គ្មាន​គំរោង​ជួប​ប្រធានាធិបតី អ៊ីរ៉ង់ ប៉ុន្តែ ក៏​មិន​បដិសេធ ថា នឹង​គ្មានដែរ

អ្វី​ដែល​គេកំពុង​ទន្ទឹងរង់ចាំ​មើល​ជាងគេបំផុតនោះ គឺ​ជំនួប រវាង ប្រធានាធិបតី​ដូណាល់ ត្រាំ និង​ប្រធានាធិបតី​ហាសាន់ រូហានី ដែល​កំពុង​មាន​វត្តមាន នៅ​ទីក្រុង​ញូវយ៉ក តាំង​ពី​ថ្ងៃ​ចន្ទម្សិលមិញ។

លោកដូណាល់ ត្រាំ ធ្លាប់​បាន​ពន្លយ​ថា នឹង​អាច​ជួប​ជាមួយ​ប្រធានាធិបតី​ហាសាន់​រូហានី នៅក្រៅក្របខ័ណ្ឌ មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដើម្បី ដោះស្រាយ​បន្ធូរបន្ថយ​ភាពតានតឹង​រវាង​ប្រទេស​ទាំងពីរ នៅក្រោយ ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិក ដើម្បី​ឆ្លើយតប​នឹង​អ៊ីរ៉ង់​ដែល​បាន​បាញ់ទម្លាក់​យន្តហោះដ្រូន​របស់អាមេរិក កាលពី​ខែ មិថុនា។ ប៉ុន្តែ ពន្លឺ ដែល​ថា នឹង​អាច​ជំនួប​រវាង​ភាគីជម្លោះ បាន​រលត់​បាត់ ទៅវិញ នៅក្រោយ​ការវាយប្រហារ​ទៅលើ​ស្ថានីយ៍បូមប្រេង​របស់​អារ៉ាប៊ី សាអូឌីត កាលពី​ថ្ងៃទី ១៤​កញ្ញា ដែល​អាមេរិក​បាន​សម្រេចចិត្ត​ចោទប្រកាន់ ទម្លាក់កំហុស​ថា ជា​ស្នាដៃ​របស់​អ៊ីរ៉ង់។

តាមអ្នកជំនាញ ជំនួប រវាង​មេដឹកនាំ​អ៊ីរ៉ង់ ពិបាក​នឹង​អាច​កើតឡើង ព្រោះ​ថា មេដឹកនាំ​អ៊ីរ៉ង់ និង​ប្រធានាធិបតី​អាមេរិក សុទ្ធតែ​រងសម្ពាធ នយោបាយ​ក្នុង​ប្រទេស​រៀងៗខ្លួន។

ប្រធានាធិបតី​ហាសាន់ រូហានី​ផ្ទាល់ មិន​អាច​ជួប​លោកដូណាល់ ត្រាំ ដោយសារ​តែ​មានបម្រាម​រួចហើយ ពី​ប្រមុខដឹកនាំ​សាសនា​អ៊ីរ៉ង់។ ចំណែក​លោកដូណាល់ ត្រាំ វិញ រុំព័ទ្ធ​ដោយ​ទីប្រឹក្សា និងអ្នកនយោបាយ ដែល​ជំរុញ ឲ្យ​លោក​ចាត់​វិធានការ​យោធា​ប្រឆាំង​អ៊ីរ៉ង់ នៅក្រោយ ការបាញ់​ទម្លាក់​យន្តហោះដ្រូន៕

បារាំង​ជាប់​គាំង​ស្ទើរ​គ្រប់វិស័យ ដោយ​បាតុកម្ម​ប្រឆាំងនឹង​​កំណែទម្រង់​ច្បាប់​ចូលនិវត្តន៍

នៅក្នុងខួបគម្រប់ ៧០ឆ្នាំ អង្គការអូតង់ព្យាយាមស្តារឯកភាពដែលបានបាត់បង់

ចិន ដណ្តើមចំណាត់ថ្នាក់​លេខ១ពី​សិង្ហបុរី ក្នុងនាមប្រទេស​ដែល​មានប្រព័ន្ធសិក្សា​អប់រំ​មាន​ប្រសិទ្ធិភាពខ្ពស់

សន្និសីទអាកាសធាតុCOP25 ៖ ចង់​បង្កើន​មហិច្ឆតា និង​រំពឹង​លើ​សហភាពអឺរ៉ុប

អសប៖ ចំនួនអ្នកស្លាប់ដោយសារ​ជម្ងឺអេដស៍​បានថយចុះ ប៉ុន្តែ ករណី​ឆ្លងថ្មី​នៅតែមានច្រើន

ការវាយ​ប្រហារ​ដោយ​កាំបិត​ចាក់​សម្លាប់មនុស្ស​ពីរនាក់ នៅ​ក្រុង​ឡុង​ឌ្រឺ ​ប្រទេស​អង់គ្លេស

ហេតុអ្វីបានជា​ប្រធានាធិបតី​បារាំង​ទាមទារ​ឲ្យ​អូតង់ កែប្រែ​យុទ្ធសាស្រ្ត​យោធា​ឡើងវិញ?

ចិនដំឡើងសម្លេងដាក់អាមេរិក បន្ទាប់ពីលោកដូណាល់ ត្រាំចុះហត្ថលេខាលើច្បាប់គាំទ្របាតុករហុងកុង

អង្គការសហប្រជាជាតិព្រមានពីគ្រោះមហន្តរាយអាកាសធាតុធ្ងន់ធ្ងរ បើពិភពលោកបន្តពន្យារពេលទប់ស្កាត់

បារាំងបង្ហាញផែនការទប់​ស្កាត់​​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ ចំ​ថ្ងៃ​ទិវា​ពិភពលោក​​លុបបំបាត់អំពើហិង្សាលើស្ត្រី ​

បោះឆ្នោតឃុំ សង្កាត់ហុងកុង៖ជាក្តីសង្ឃឹមសម្រាប់ក្រុមអ្នកប្រជាធិបតេយ្យ និងជាតេស្តសម្រាប់លោកស្រីការី ឡាំ

តើ​គ្រិស្ត​សាសនា​ នៅ​ជប៉ុន​មាន​ប្រវត្តិ​យ៉ាងណា ?

អ៊ីស្រាអែល៖ លោក​ណេតាន់យ៉ាហ៊ូ ត្រូវ​រដ្ឋ​អាជ្ញា​ចោទ​ប្រកាន់​ពីបទ​ពុករលួយ

ដំណើរការដកតំណែងប្រធានាធិបតី៖ សាក្សី​ឆ្លើយ​ដាក់បន្ទុក​លើ​លោក​ដូណាល់ ត្រាំ​

អាមេរិក​ប្រកាស​ថា សំណង់​អាណានិគមកិច្ច​អ៊ីស្រាអែល នៅ​ទឹកដី​ប៉ាឡេស្ទីន មិនមែន​ជារឿងខុសច្បាប់​អន្តរជាតិ

វិទ្យុបារាំងអន្តរជាតិ​ឧទ្ទិស​ថ្ងៃ១៨វិច្ឆិកាលើបញ្ហាសំរាម

អនាគត​ប្រធានាធិបតី​ស្រីលង្កា ជាអ្នកនយោបាយជាតិនិយម និង​ចង់ស្តារទំនាក់ទំនង​ជាមួយប្រទេស​ចិន

បារាំង៖ មួយ​ឆ្នាំក្រោយ ចលនា​បាតុកម្ម​អាវកាក់​លឿង​ព្យាយាម​ស្ទុះ​តវ៉ា​ឡើងវិញ

អាមេរិក និងអឺរ៉ុប ខ្វែងគំនិតគ្នា​ជុំវិញ ការចាប់បញ្ជូន​ទាហានជីហាត​ទៅប្រទេស​កំណើត

សវនាការសួរចម្លើយសាក្សីជាសាធារណៈលើកទី១ នៅក្នុងដំណើរការដកតំណែងប្រធានាធិបតី