អានតួអត្ថបទ
អង់គ្លេស-Brexit

តុលាការកំពូលអង់គ្លេសថា ការព្យួរសភារបស់លោកបូរីស ចនសុនជារឿងខុសច្បាប់

នៅ​ក្នុង​ប្រទេស​អង់គ្លេស តុលាការកំពូល​បាន​សម្រេច​ជា​ឯកច្ឆន្ទ​នា​ថ្ងៃ​អង្គារ ទី២៤ កញ្ញា​ថា ការ​ព្យួរសភា​រយៈពេល ៥សប្តាហ៍​របស់​លោក​នាយករដ្ឋមន្រ្តី​បូរីស ចនសុន​ជា​រឿង​ខុសច្បាប់។ សម្រាប់​តុលាការកំពូល សភា​អង់គ្លេស​មិន​ត្រូវ​បាន​ព្យួរ​ទេ តែ​រឿង​ការ​សម្រេច​ឲ្យ​មាន​ការ​កោះ​ប្រជុំ​សភា​ឡើង​វិញ​នៅ​ពេល​ណា​នោះ វា​អាស្រ័យ​លើ​ការ​សម្រេច​របស់​ប្រធាន​សភា។ ចំណាត់ការ​របស់​តុលាការកំពូល​ពេល​នេះ​ដូច​គ្នា​នឹង​ការ​សម្រេច​របស់​តុលាការ​ស្កុតឡែន​កាល​ពី​ថ្ងៃទី១១ កញ្ញា។ ក្រុមប្រឆាំង​បាន​ចាត់​ទុក​ទង្វើ​របស់​លោក​ចនសុន​ថា មាន​គោលដៅ​រុញ​អង់គ្លេស​ឲ្យ​ចេញ​ពី​អឺរ៉ុប​ដូច​ការ​គ្រោង​ទុក ទោះ​មាន ឬ​គ្មាន​កិច្ចព្រមព្រៀង។

លោកបូរីស ចនសុន នាយករដ្ឋមន្រ្តី​អង់គ្លេស
លោកបូរីស ចនសុន នាយករដ្ឋមន្រ្តី​អង់គ្លេស REUTERS/Phil Noble/File Photo
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​រឿង​អាម៉ាស់មុខ​ថ្មី​មួយ​ទៀត​សម្រាប់​លោក​បូរីស ចនសុន​ដែល​នៅ​ទីបំផុត ចៅក្រម​ទាំង ១១រូប​នៃ​តុលាការកំពូល​បាន​សម្រេច​ជា​ឯកច្ឆន្ទ​ថា ការ​សម្រេច​ព្យួរ​សភា​របស់​លោក​ចនសុន​រយៈពេល ៥សប្តាហ៍​ពី​ថ្ងៃទី៩ កញ្ញា​ដល់​ថ្ងៃទី១៤ តុលា ពោល ២សប្តាហ៍​មុន​អង់គ្លេស​ចេញ​ពី​អឺរ៉ុប​នៅ​ថ្ងៃ​ទី៣១ តុលា​ជា​រឿង​ខុស​ច្បាប់។ អ្វី​ដែល​តុលាការកំពូល​បាន​សម្រេច​ពេល​នេះ គឺ​ដូច​គ្នា​នឹង​ការ​សម្រេច​របស់​តុលាការ​ស្កុតឡែន​កាល​ពី​ថ្ងៃទី១១ កញ្ញា។ ដូច្នេះ នេះ​ជា​ជោគជ័យ​ថ្មី​មួយ​ទៀត​សម្រាប់​ក្រុមប្រឆាំង ពិសេស​ក្រុម​អ្នកតំណាងរាស្រ្ត​អង់គ្លេស​ដែល​គាំទ្រ​អឺរ៉ុប​ដោយ​ពួក​គេ​មិន​ចង់​ឃើញ​អង់គ្លេស​ចេញ​ពី​អឺរ៉ុប​នៅ​ថ្ងៃទី៣១ តុលា​ខាង​មុខ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ឡើយ។

គឺ​ខុស​ពី​លោក​ចនសុន​ដែល​ចង់​ឃើញ​អង់គ្លេស​ចេញ​ពី​អឺរ៉ុប​នៅ​ថ្ងៃទី៣១ តុលា ទោះ​មាន ឬ​មិន​មាន​កិច្ចព្រមព្រៀង​ក្តី។ ក្រុម​ប្រឆាំង​បាន​មើល​ឃើញ​ថា ទង្វើ​ព្យួរ​សភា​របស់​លោក​ចនសុន​រហូត​ដល់​គៀក​ថ្ងៃ​ដែល​អង់គ្លេស​ត្រូវ​ចេញ​ពី​អឺរ៉ុប​ជា​ល្បិចកល​នយោបាយ និង​មាន​គោលដៅ​រុញ​អង់គ្លេស​ឲ្យ​ចេញ​ពី​អឺរ៉ុប​ដូច​បាន​គ្រោង​ទុក ទោះ​មាន ឬ​គ្មាន​កិច្ចព្រមព្រៀង។ ទន្ទឹម​នឹង​ចាត់​ទុក​ការ​សម្រេច​ព្យួរសភា​របស់​លោក​ចនសុន​ជា​រឿង​ខុសច្បាប់ តុលាការកំពូល​ក៏​បាន​បញ្ជាក់​ថា សភា​មិន​ត្រូវ​បាន​ព្យួរ​ទេ ហើយ​រឿង​កោះប្រជុំ​សភា​នៅ​ពេល​ណា​នោះ​ជា​តួនាទី​របស់​ប្រធាន​សភា។ ប្រតិកម្ម​ភ្លាមៗ ប្រធាន​សភា​លោក​ចន បឺខូវ​បាន​បញ្ជាក់​ថា លោក​ត្រូវ​កោះប្រជុំ​សភា​ឆាប់ៗ​ដោយ​មិន​បង្អង់​យូរ និង​ថា លោក​នឹង​ទៅ​ពិភាក្សា​ជាមួយ​ប្រធាន​គណបក្ស​គ្រប់​រូប​ជា​បន្ទាន់។

ចំណែក​លោក Jeremy Corbyn ប្រធាន​គណបក្ស​ពលករ​ដែល​ជា​បក្សប្រឆាំង​បាន​ទាមទារ​ឲ្យ​លោក​បូរីស ចនសុន​ចុះ​ចេញ​ពី​តំណែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ