rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង បាតុកម្ម ប្រែប្រួល​អាកាសធាតុ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ប៉ារីស នៅថ្ងៃ​សៅរ៍ ជួបប្រទះ​នឹង​មហាបាតុកម្ម​ពីគ្រប់ទិស

media
បាតុករ​ដែលអះអាងថា​ជាក្រុមអាវកាក់លឿង​បាន​ត្រលប់មក​ធ្វើ​បាតុកម្ម នៅប៉ារីស នៅថ្ងៃសៅរ៍ទី ២១​កញ្ញា ២០១៩ © REUTERS/Pascal Rossignol

នៅទីក្រុង​ប៉ារីស ក្រុមអាវកាក់លឿង នៅថ្ងៃសៅរ៍ ទី ២១​កញ្ញា បាន​លើកគ្នា​ធ្វើ​បាតុកម្ម លើកទី ៤៥ ដើម្បី​ប្រឆាំង​រដ្ឋាភិបាល។ ទន្ទឹម​នឹង​បាតុកម្ម​ខុសច្បាប់ របស់​ក្រុមអាវលឿង ប៉ូលិស​បារាំង​ត្រូវ​ទទួល​បន្ទុក​រក្សា​សន្តិសុខ សម្រាប់​ក្រុមបាតុកម្ម​ស្របច្បាប់ ២​ផ្សេង​ទៀត ដែលមួយ ធ្វើឡើង​ដើម្បី ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ និង​មួយទៀត ជាបាតុកម្ម​ប្រឆាំង​នឹង​ការធ្វើកំណែទម្រង់ លើ​របបចូលនិវត្តន៍​របស់​ប្រជាជន​បារាំង។

 


ថ្ងៃសៅរ៍ ទី ២១​កញ្ញា ជាថ្ងៃ​ដ៏មមាញឹក និង​ឈឺក្បាល បំផុត​សម្រាប់​ប៉ូលិស​ទីក្រុង​ប៉ារីស។ នៅ​ថ្ងៃ​នេះ ប៉ូលិស​បារាំង ប្រមាណ ៧៥០០​នាក់ ត្រូវ​បាន​ពង្រាយ នៅកន្លែង​សំខាន់ៗ​របស់​ទីក្រុង ជាទី ដែល​មាន​បាតុកម្ម​ធំៗ ដល់​ទៅ ៣​កន្លែង ហើយ​និង​ព្រឹត្តិការណ៍​វប្បធម៌​ដ៏សំខាន់​ប្រចាំឆ្នាំ គឺ ទិវា​បេតិកភណ្ឌ អឺរ៉ុប។

នៅពេល​បាតុកម្ម​ដើម្បី​ប្រឆាំង​នឹង​កំណែទម្រង់​របបចូលនិវត្តន៍ និង​បាតុកម្ម​ដើម្បី បរិស្ថាន ប្រព្រឹត្តទៅ​ដោយរលូន ក្រុមបាតុករ​អាវលឿង ដែលបានធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ជាង ១០ខែមកហើយ បានត្រលប់មក​ធ្វើបាតុកម្ម នៅ​ប៉ារីស បើទោះ ជា​ការអនុញ្ញាតិ​ពីអាជ្ញាធរ។ ការប៉ះទង្គិច និងការប្រឈមមុខ​ដាក់គ្នា​រវាង​បាតុករ​អាវកាក់លឿង និង​ប៉ូលិស​បារាំង បានកើតមាន កាន់តែខ្លាំង នៅពេល​បាតុករ​ក្រុមអាវលឿង ដើរចូល​ក្នុង​សង្កាត់ជំនួញ សំខាន់​នៅ​កណ្តាល​ក្រុង​ប៉ារីស ជាពិសេស​ដងវិថី អេលីហ្សេ ជាទី ក្រុមជ្រុលនិយម ធ្លាប់​បាន​ដុត ហាងទំនិញ ប្រណិតៗ និង​ភោជនីយដ្ឋាន នៅក្នុង​អំឡុង​បាតុកម្ម​ហិង្សា​របស់​ក្រុមអាវកាក់លឿង។

តាម​តួលេខ​របស់​ប៉ូលិស​បារាំង រហូតមកដល់​ម៉ោង នេះ មនុស្ស ៦៥នាក់ ត្រូវ​បានចាប់ឃាត់​ខ្លួន ចំណែក​មនុស្ស​១៣នាក់ផ្សេងទៀត ត្រូវ​បាន​ចាប់ផាក ពិន័យ ក្នុង​ពេល​ឆែកឆេរ ត្រួតពិនិត្យ​ជាង ១ពាន់លើក របស់​ប៉ូលិស។

តាំង​ពី​ថ្ងៃ​សុក្រ ប៉ូលិស​បារាំង បាន​បិទផ្លូវ និង​បង្កើន​ការត្រួតពិនិត្យ នៅ​ផ្លូវ​ចូល​ទៅ​សង្កាត់​ជំនួញ និង​សង្កាត់​សំបូរ​ដោយ​អគារ​រដ្ឋាភិបាល។ នៅ​ខែ​មករា​ដើមឆ្នាំ​នេះ បាតុករ​អាវកាក់លឿង បាន​ចូល​ទៅ​បុក​បំផ្លាញ​ទ្វារ​របស់​ក្រសួង​ទំនាក់ទំនង​សភា។

សូមបញ្ជាក់ថា បាតុកម្ម នៅទូទាំង ប្រទេស និង​នៅរៀងរាល់​ថ្ងៃ សៅរ៍ របស់​ក្រុមអាវកាក់លឿង ដែល​កើតចេញ​ដំបូង​ពីការប្រឆាំង​នឹង​ប្រេងឡើងថ្លៃ បាន​ជំរុញ​ឲ្យ​ប្រធានាធិបតី​បារាំង នៅ​ខែ​មេសា​កន្លងទៅ បាន​ប្រកាស​វិធានការ​ជាច្រើន ក្នុង​តម្លៃប្រាក់ ១៧ពាន់លាន​អឺរ៉ូ ដើម្បី​ឆ្លើយតប​នឹង​ការទាមទារ​របស់ក្រុមអាវកាក់លឿង ដូចជា កាត់បន្ថយ​ការបង់ពន្ធ ឬ​ដំឡើង​ប្រាក់ខែ​អប្បបរមាជាដើម។ ប៉ុន្តែ វិធានការ​របស់​លោក​ម៉ាក្រុង ដែល​ក្រុមអាវកាក់លឿង​ចោទប្រកាន់ថា ជាប្រធានាធិបតី​ដែល​រស់នៅ​ដាច់ឆ្ងាយ ពី​ប្រជាជន​សាមញ្ញ ​មិន​បាន​ទៅ​បន្ថយកំហឹង​របស់​ក្រុមអាវកាក់លឿង។

បាតុកម្ម​ហិង្សា​របស់​ក្រុមអាវកាក់លឿង នៅថ្ងៃសៅរ៍ បានប៉ះពាល់​ផងដែរ ដល់ ព្រឹត្តិការណ៍​វប្បធម៌ ដ៏សំខាន់​របស់​បារាំង គឺ​ទិវា បេតិកភណ្ឌ អឺរ៉ុប ដែលចាប់ផ្តើម នៅថ្ងៃសៅរ៍ ទី ២១ និង​២២​កញ្ញា ជាទី ដែល សាធារណជន ត្រូវ​អនុញ្ញាតិ​ឲ្យ​ចូល​មើល​ អគារ​ប្រវត្តិសាស្រ្ត និង​ស្ថាប័ន​រដ្ឋ រាប់ពាន់​កន្លែង ដែលក្នុង​នោះ មានផងដែរ វិមាន​ប្រធានាធិបតី​បារាំង៕