rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

​បាតុកម្ម​របស់​សិស្សសាលា នៅ​ទូទាំង​ពិភពលោក ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ

ដោយ ឈាង បុប្ផា

សប្តាហ៍​អន្តរជាតិ​ដើម្បី អាកាសធាតុ ចាប់ផ្តើម នៅថ្ងៃ​សុក្រនេះ ជាមួយ​នឹង​ចលនា​បាតុកម្ម​របស់​និស្សិត សិស្ស​សាលា នៅទូទាំង​ពិភពលោក។ នៅ​ថ្ងៃ​សុក្រនេះ បាតុកម្ម ការជួបជុំ​ប្រមូល​ប្រមាណ ៥ពាន់ កន្លែង គ្រោង​នឹង​រៀបចំ នៅ​គ្រប់ទីកន្លែង​ក្នុងពិភពលោក ដោយ​ចាប់ផ្តើម​ដំបូង នៅប្រទេស​អូស្ត្រាលី និងបណ្តា​ប្រទេស​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែល​ទទួល​ពន្លឺព្រះអាទិត្យ​មុនគេ នៅលើ​ផែនដី មុន​នឹង​បញ្ចប់​នៅ​ទីក្រុង​ញូវយ៉ក។ “គេច​សាលា ដើម្បី បុព្វហេតុ​អាកាសធាតុ” ដែល​ជា​គំនិត​ផ្តួចផ្តើម​ដំបូង​ឡើយ របស់​យុវតី ស៊ុយអែត Greta Thunberg ត្រូវ​បាន​យុវជន សិស្ស​សាលា នៅទូទាំង​ពិភពលោក ចាប់​អនុវត្ត នៅថ្ងៃ​សុក្រនេះ ពោល​គឺ​នៅ​៣​ថ្ងៃ​មុន បើក​ជំនួបកំពូល​ពិសេស​ស្តីពី​អាកាសធាតុ នៅ​អង្គការ​សហប្រជាជាតិ។

នៅថ្ងៃ​សុក្រ សិស្ស និស្សិត នៅ​ក្នុង​ប្រទេស​ជាង ១៤០ បាន​ធ្វើ​កូដកម្ម មិនចូលសាលារៀន ដើម្បី​ទៅ​ចូលរួម​ក្នុង​មហាបាតុកម្ម ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ ដែល​រៀបចំឡើង ជាបន្តបន្ទាប់គ្នា នៅ​គ្រប់ទីកន្លែង ក្នុង​ពិភពលោក។ គេ​ប៉ាន់​ប្រមាណ​ថា បាតុកម្ម និង​ការជួបជុំ ដើម្បី​អាកាសធាតុ នឹងមាន​ចំនួន​ដល់​ទៅ ៥ពាន់ នៅ​ទូទាំង​ពិភពលោក នៅ​ថ្ងៃ​សុក្រនេះ។

មហាបាតុកម្ម របស់​សិស្សសាលា ដើម្បី ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ បាន​ចាប់ផ្តើម នៅ​ថ្ងៃ​សុក្រនេះ ដោយ​បើកឆាក​ដំបូង​នៅប្រទេស​អូស្ត្រាលី និង​នៅ​បណ្តា​ប្រទេស​កោះ នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ជាទី​ដែល​សិស្ស​សាលា​បាន​នាំគ្នា​ធ្វើ​កូដកម្ម មិនទៅ​សាលា ដើម្បី ធ្វើ​បាតុកម្ម បរិហារ​រិះគន់ ភាពអសកម្ម​របស់​រដ្ឋាភិបាល ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ។ តាំង​ពីទីក្រុង​ស៊ីដនី សេអ៊ូល បាងកក ប៉ារីស យុវជន​គ្រប់ជាតិសាសន៍ គ្រប់ទ្វីប គ្រប់ប្រទេស គ្រប់ទីក្រុង បាន​ស្រុះគ្នា​ដូចស្រមោច ចុះថ្នល់ ធ្វើ​បាតុកម្ម ដើម្បី​បុព្វហេតុ អាកាសធាតុ។ បាតុកម្ម​ដែល​ធំ និង​សំខាន់​ជាងគេ នឹង​មាន​នៅទីក្រុង​ញូវយ៉ក ជាទី​ដែល​សិស្សសាលា ជាង ១លាននាក់ មក​ពី​សាលារដ្ឋ ជិត ២ពាន់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់សម្រាក ដើម្បី​ចូលរួម​ក្នុង​បាតុកម្ម ដែលដឹកនាំ​ដោយ​នាង Greta Thunberg សកម្មជន​បរិស្ថាន ល្បីឈ្មោះ គឺ​យុវតី ជាតិ ស៊ុយអែត។

នាង Greta Thunberg ជា​អ្នកផ្តួចផ្តើម​គំនិត​ឲ្យ​មាន​បាតុកម្ម​របស់​សិស្ស សាលា ដំបូងគេ ដែល​មាន​ឈ្មោះ​ថា “ថ្ងៃសុក្រ ដើម្បី អនាគត”។ កូដកម្ម​មិនទៅ​សាលារៀន នៅរាល់​ថ្ងៃ​សុក្រ របស់​នាង Greta Thunberg ដើម្បី​ធ្វើ​បាតុកម្ម តវ៉ា​ពីបញ្ហា​អាកាសធាតុ កាលពី​១ឆ្នាំមុន បាន​ល្បីសុះសាយ និង​បាន​ទាក់ទាញ​យុវជន​រាប់លាន​នាក់ នៅលើ​ពិភពលោក ឲ្យធ្វើ​បាតុកម្ម ទាមទារ​ឲ្យ​មេដឹកនាំ​របស់​ប្រទេស​ពួកគេ អនុវត្ត​វិធានការ​ជាក់ស្តែង ជាពិសេស នៅក្នុង​រឿង កាត់បន្ថយ ការបញ្ចេញ​ឧស្ម័ន​កាបូនិក ឧស្ម័ន​ផ្ទះកញ្ចក់ ដែលជាមូលហេតុ​នៃ​ការឡើង​កំដៅ​ផែនដី។

តើ​មហាបាតុកម្ម​របស់​សិស្ស​សាលា នៅទូទាំង​ពិភពលោក នឹង​មាន​ទម្ងន់​អ្វី?

“យុទ្ធនាការ​ថ្ងៃ​សុក្រ​ដើម្បី អនាគត” ផ្តួចផ្តើម​គំនិត​ដោយ​នាង Greta Thunberg មាន​គោលដៅ ជំរុញ លើកទឹកចិត្ត ឲ្យ​យុវជន​នៅទូទាំងពិភពលោក ចេះ ប្រមូលផ្តុំ​កម្លាំង​គ្នា ដើម្បី បញ្ចុះបញ្ចូល​មនុស្ស​ចាស់ គឺ​ថ្នាក់ដឹកនាំ ប្រទេស​របស់​ពួកគេ​ឲ្យ​អនុវត្ត កម្មវិធី​នយោបាយ ដើម្បី បុព្វហេតុ​អាកាសធាតុ។ នៅ​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ​ ចលនា​បាតុកម្ម​របស់​មហាជន និង សិស្ស​សាលា ដើម្បី​អាកាសធាតុ បាន​រីកដុះដាល នៅ​គ្រប់​ទ្វីប ដែល​ជា​សញ្ញា​បញ្ជាក់​ថា ពលរដ្ឋ​កាន់តែច្រើន នៅលើ​ផែនដី បាន​ដឹង​ជ្រួតជ្រាប និង​ឃើញ កាន់តែ​ច្បាស់​ពី​ផលវិបាក នៃ​ការប្រែប្រួលអាកាសធាតុ។

នៅ​អូស្ត្រាលី ជាដើម ប្រជាជន​បានជួបប្រទះ​កាន់តែច្រើន ភ្លើងឆេះព្រៃ ភាពរាំងស្ងួត ដែល​មាន​រយៈពេល​កាន់តែវែង ឬទឹកជំនន់។ រដ្ឋាភិបាល​របស់​ប្រទេស​នេះ មិនបាន​បដិសេធ ទេ ថា គ្រោះធម្មជាតិ ទាំងនេះ ជាលទ្ធផល​នៃ​ការប្រែប្រួល​អាកាសធាតុ។ ប៉ុន្តែ អ្វី​ដែលគួរ​សោកសង្រេង គឺ​រដ្ឋាភិបាល​អភិរក្សនិយម​របស់​ប្រទេស​មួយនេះ បាន​ដាក់​ជំរើស​ពីរ ឲ្យ​ប្រជាជន​ជ្រើសរើស គឺ​រវាងផលប្រយោជន៍​បរិស្ថាន ដោយ​ឈប់ប្រើធ្យូងថ្ម ដែល​ជាប្រភពបញ្ចេញឧស្ម័នកាបូនិក ហើយ​និង​ផលប្រយោជន៍​សេដ្ឋកិច្ច ព្រោះ​ថា អូស្ត្រាលី​នៅត្រូវការ ប្រើ និង​នាំចេញ ធ្យូងថ្ម ដើម្បី ឧស្សាកម្ម និង​សេដ្ឋកិច្ច។

សម្រាប់​យុវជន​អូស្ត្រាលី រដ្ឋាភិបាល​ត្រូវតែ​ផ្លាស់ប្តូរ ប្រព័ន្ធ​សេដ្ឋកិច្ច​នេះឡើងវិញ ព្រោះថា ប្រព័ន្ធ​សេដ្ឋកិច្ច​បច្ចុប្បន្ននេះ គ្រោះថ្នាក់ សម្រាប់​ផែនដី សម្រាប់​អនាគត​របស់​ពួកគេ​ផ្ទាល់ ជាពិសេស នៅពេល ផែនដី​ដែល​កាន់តែ​ក្តៅ និង​ប្រឈម​នឹង​ការជន់លិច របស់​ទឹកសមុទ្រ នោះ។ ចលនា​យុវជន​ដើម្បី​បរិស្ថាន បាន​ទាក់ទាញ​ក្រុមហ៊ុន​ជាង ២ពាន់ នៅក្នុង​ពិភពលោក ហើយ និង អ្នកនយោបាយ កាន់តែ​ច្រើន នៅក្នុង​បណ្តា​ប្រទេស អឺរ៉ុប ដូចជា នៅអាល្លឺម៉ង់ ជាដើម ជាទី ដែល​គណបក្ស​ដើម្បី​បរិស្ថាន បាន​ប្រើ​សំឡេង គាំទ្រ​របស់​យុវជន យក ទៅ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល។

មហាបាតុកម្ម​នៅ​ថ្ងៃ​សុក្រនេះ​ទៀត ធ្វើឡើង​នៅ​មួយថ្ងៃ​មុន​ដែល ជំនួបកំពូល​របស់​យុវជន​ស្តីពី​អាកាសធាតុ ត្រូវ​បាន​បើកធ្វើ ជាលើកទី១ នៅ​អង្គការ​សហប្រជាជាតិ នៅថ្ងៃសៅរ៍​ទី ២១​កញ្ញា ២០១៩។ បាតុកម្ម​របស់​សិស្សសាលា​នឹង​មាន​ម្តងទៀត នៅថ្ងៃ​សុក្រ ទី ២៧ កញ្ញា នៅក្នុងអំឡុង​នៃ​ជំនួបកំពូល​របស់​អង្គការ​សហប្រជាជាតិ ស្តីពីអាកាសធាតុ ដែល​បើកធ្វើពីថ្ងៃចន្ទទី ២៣ នៅទីក្រុង​ញូវយ៉ក។

យុវជន​ជាង ៥០០នាក់ មកពី​គ្រប់ប្រទេស​ក្នុង​ពិភពលោក រួមទាំង​សកម្មជន​បរិស្ថាន នាង Greta Thunberg នឹងជួប​ពិភាក្សា គ្នា ដើម្បី​បង្កើត​បញ្ជី​សំណើ និងដំណោះស្រាយ​មួយចំនួន សម្រាប់​មេដឹកនាំ ដែល​ជួបប្រជុំគ្នា នៅក្នុង​ជំនួបកំពូល​ពិសេស ស្តី​ពី​អាកាសធាតុ ដែល​អង្គការ​សហប្រជាជាតិ ប្រារព្ធឡើង​នៅថ្ងៃ​ចន្ទ សប្តាហ៍​ក្រោយ នៅទីក្រុង​ញូវយ៉ក។

ជំនួបកំពូល​នៅថ្ងៃ​ចន្ទ នៅទីក្រុង​ញូវយ៉ក គឺ​ជា​ជំនួបកំពូល បន្ទាន់ ដើម្បី ដោះស្រាយ​បញ្ហា​អាកាសធាតុ។ នៅក្នុងជំនួបកំពូល ថ្នាក់ដឹកនាំ​របស់​ប្រទេស ជាង ៦០​នឹង​ត្រូវជ្រើសរើស ឲ្យ​ធ្វើ​បទបង្ហាញ​ពី​កម្មវិធី​នយោបាយ និង​យុទ្ធសាស្រ្ត​របស់ខ្លួន ដើម្បី ចូលរួម​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក ដែល​ជា​ឧស្ម័ន​ផ្ទះកញ្ចក់ ប្រភព​នៃ​ការឡើងកំដៅ​របស់ផែនដី និង​ការប្រែប្រួល​អាកាសធាតុ។ បារាំង អង់គ្លេស អាល្លឺម៉ង់ ចិន និង​ឥណ្ឌា​ជាដើម នឹងបង្ហាញ នយោបាយ ការប្រឹងប្រែង​របស់ខ្លួន ដើម្បី ចូលរួម​ឲ្យ​មាន​ការគ្រប់គ្រង​ការបញ្ចេញ​ឧស្ម័នកាបូនិក​ឲ្យ​មាន​លំនឹងថេរ neutralité carbone នៅឆ្នាំ ២០៥០។

នៅក្នុង​របាយការណ៍ចុងក្រោយ​របស់​អង្គការ​សហប្រជាជាតិ ពិភពលោក​ត្រូវ​ចូលរួម ឲ្យ​មាន​ការបញ្ចេញ​ឧស្ម័នកាបូនិក ក្នុង​លំនឹងថេរ យ៉ាងយូរបំផុត នៅឆ្នាំ ២០៥០ ដើម្បី ទប់ទល់​កុំ​ឲ្យ​កំដៅផែនដី កើនឡើង ច្រើនជាង ២អង្សារ​បន្ថែមទៀត។ គ្រប់គ្រង​ឧស្ម័នកាបូនិក មាន​លំនឹងថេរ មានន័យថា គេ​នៅតែ​អាច​បញ្ចេញ​ឧស្ម័ន​កាបូនិក ប៉ុន្តែ ក្នុង​កម្រិត​ទាបជាង​សព្វថ្ងៃនេះ​ច្រើនណាស់។ ហើយ​ជាមួយគ្នានោះ គេ​ត្រូវ​បង្កើត ព្រៃ ឬ​បច្ចេកវិទ្យា​ទំនើបថ្មី ដើម្បី ស្រូបចាប់​យក​ឧស្ម័នកាបូនិក​ពី បរិយាកាស​មកវិញ។ ការគ្រប់គ្រង​ឧស្ម័នកាបូនិក គឺ​ជាការងារ​ដ៏លំបាក ដែល​គេ​ពិបាក​នឹង​អនុវត្ត​បាន​ព្រោះបច្ចុប្បន្ននេះ ដើម្បី​ផលប្រយោជន៍​សេដ្ឋកិច្ច ប្រទេសមហាអំណាច​ឧស្សាហកម្ម ​ដូចជា​ចិន ឥណ្ឌា អាមេរិក និង​សហភាព​អឺរ៉ុប នៅតែ​បញ្ចេញឧស្ម័ន​កាបូនិក ក្នុង​បរិមាណ​មួយ​ដ៏ច្រើនដដែល។ តាមអ្នកជំនាញ បើសិន​គេ​នៅតែ​បន្ត​អនុវត្ត​នយោបាយ សេដ្ឋកិច្ច សព្វថ្ងៃ បរិមាណ ឧស្ម័នកាបូនិក ដែល​មនុស្ស​ជាអ្នកទទួលខុសត្រូវ បញ្ចេញចោល នឹង​ធ្វើ​ឲ្យ​ផែនដី អាច​ឡើង​កំដៅ​បន្ថែមទៀត ដល់ទៅ ៧​អង្សា នៅ​ឆ្នាំ ២១០០។ ផែនដី​សព្វថ្ងៃ កើនឡើង​កំដៅ បន្ថែម តែ ១អង្សា​ប៉ុណ្ណោះ ប៉ុន្តែ កំពុង​ជួបរងគ្រោះ​រួចទៅហើយ គ្រោះមហន្តរាយធម្មជាតិ ទឹកជំនន់ រលកក្តៅ ហើយ​និង​ព្យុះសង្ឃរា​ដែលបោកបក់​បំផ្លាញ​ផ្ទះសម្បែង និង​សម្លាប់មនុស្ស​កាន់តែច្រើន នៅក្នុង​ពិភពលោក។

មេដឹកនាំ​របស់​ប្រទេស​កាន់តែច្រើន​បាន​ដឹង​ច្បាស់​ពីតម្រូវការ​បន្ទាន់ ដើម្បី បុព្វហេតុ​អាកាសធាតុ។ ប៉ុន្តែ គេ​នៅរង់ចាំ​មើល​ថា តើពួកគេ​មាន​ផែនការ ជាក់ស្តែង យ៉ាងណា ដើម្បី ដោះស្រាយ​បញ្ហា​អាកាសធាតុនេះ។ ចម្លើយ​នឹង​អាច​ដឹង នៅក្នុង​ជំនួបកំពូល ស្តីពីអាកាសធាតុ នៅថ្ងៃ​ចន្ទ សប្តាហ៍ក្រោយ៕

ប្រមុខ​ដឹកនាំហុងកុង ខកខាន​មិន​បាន​ថ្លែង​គោលនយោបាយ​ប្រចាំឆ្នាំ ​នៅ​ចំពោះ​មុខ​សភា​

Unicef៖មានកូនក្មេងម្នាក់ក្នុងចំណោម ៣នាក់ជួបបញ្ហាកង្វះអាហារូបត្ថម្ភ

ក្រុម​យុទ្ធជន​​គួឌីស្ថាន​ស៊ីរី​​ចុះកិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ដាម៉ាស ដើម្បី​ទប់ទល់​នឹង​តួកគី

អេក្វាទ័រ៖ក្រោយផ្ទុះវិបត្តិសង្គមអស់ ១១ថ្ងៃ ប្រធានាធិបតី និងសហគមន៍ជនជាតិដើមម្ចាស់ស្រុកយល់ព្រមចូលតុចរចា

តួកគី​បន្ត​ការ​វាយលុក​នៅស៊ីរី​ ទោះបី​រង​សម្ពាធ​ទណ្ឌកម្ម​ច្រើនឡើង​​ពី​អាមេរិក​

នាយករដ្ឋ​មន្ត្រី​អេត្យូពី Abiy Ahmed ជាជ័យ​លាភី​ណូបែល​សន្តិភាព​២០១៩

តួកគី​រង​ការ​រិះគន់​ជុំទិស ទាក់ទង​នឹង​ការវាយប្រហារ​ទៅលើ​ទីតាំង​គួឌីស្ថាន​នៅ​ស៊ីរី

ស្វែង​រក​លុយ​ចំនួន ១៤ ០០០លានដុល្លារ​ដើម្បី​បន្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំងនឹងជំងឺស៊ីដា ជំងឺរបេង និងជំងឺគ្រុនចាញ់

សង្គ្រាម​ពាណិជ្ជកម្ម៖ លោក ត្រាំ ថាចង់​បាន​កិច្ចព្រមព្រៀង​រួម​គ្រប់​វិស័យ​ជាមួយចិន ​

ការវាយប្រហារ​នៅ​ទីស្នាក់ការ​ប៉ូលិស​ក្រុង​ប៉ារីស រំលេច​ឱ្យ​ឃើញ​ពីចន្លោះប្រហោង​នៃចារកិច្ចបារាំង

បាតុកម្ម ៥ថ្ងៃ ដែល​សម្លាប់​ជនជាតិ​អ៊ីរ៉ាក់ ជិត​១០០នាក់ និង​របួស ជាង ៤ពាន់នាក់

ហុងកុង៖ បាតុកម្ម​កាន់តែ​ហិង្សា​ឡើង ក្រោយ​អាជ្ញាធរ​ហុងកុង​ចេញ​ច្បាប់​ថ្មី ហាម​​មិន​ឱ្យ​ពាក់​ម៉ាស់​បិទមុខ​ធ្វើ​បាតុកម្ម​

លោកដូណាល់ ត្រាំ​ស្នើសុំ​ជាចំហ ឲ្យ​ចិន​ស៊ើបអង្កេត​កូនប្រុស​​លោក Joe Biden

អ៊ីរ៉ាក់៖មូលហេតុដែលបានបញ្ឆេះកំហឹងប្រជាជនឲ្យចុះផ្លូវធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល

Brexit: នាយករដ្ឋមន្ត្រី​អង់គ្លេស ចង់ដាក់​សំណើ​ថ្មីបែង​ចែក​«ព្រំដែនពីរ»​រវាង​អង់គ្លេស​និង​អៀរឡង់​

ចិនបានបង្ហាញមហិទ្ធិឫទ្ធិប្រាប់ពិភពលោកនៅក្នុងខួប ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

មរណភាព​របស់លោកហ្សាក់ ស្ហៀរ៉ាក់៖ ហេតុអ្វី​អាមេរិក​យឺតយ៉ាវ​ចេញសេចក្តីថ្លែងការ​រំលែកទុក្ខ?

បារាំង ៖ អគ្គីភ័យ​នៅរោងចក្រ​គីមី​កំពុង​បំផុស​ក្តី​បារម្ភ​ចំពោះ​សុខភាព​និង​បរិស្ថាន

អាហ្វហ្កានីស្ថាន៖ការរៀបចំបោះឆ្នោតប្រធានាធិបតីពោរពេញដោយហានិភ័យ និងការភ័យខ្លាច

តើបាតុកម្ម​នៅអេហ្ស៊ីប​នឹង​អាច​រង្គោះរង្គើ​អំណាច​លោកប្រធានាធិបតី​ស៊ីស៊ី ដែរឬទេ?