rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

Brexit

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

Brexit៖លោកបូរីស ចនសុនលើកឡើងពីភាពចម្រើនធំធេងរវាងអង់គ្លេស និងសហភាពអឺរ៉ុប

media
នាយករដ្ឋមន្រ្តីអង់គ្លេសលោកបូរីស ចនសុន Peter Summers/Pool via REUTERS

នៅ​ថ្ងៃ​អាទិត្យ ទី១៥ កញ្ញា នាយករដ្ឋមន្រ្តី​អង់គ្លេស​លោក​បូរីស ចនសុន​បាន​លើក​ឡើង​ពី​ភាព​ចម្រើន​ធំធេង​ឆ្ពោះ​ទៅ​រក​កិច្ចព្រមព្រៀង Brexit រវាង​សហភាពអឺរ៉ុប និង​ប្រទេស​អង់គ្លេស។ អង់គ្លេស​ដែល​លោក​ចនសុន​បាន​ប្រដូច​ទៅ​នឹង​តួអង្គ​តុក្កតា Hulk ដែល​មាន​សមត្ថភាព​ក្នុង​ការ​រំដោះ​ខ្លួន​ឯង​ចេញ​ពី​ឧបសគ្គ​គ្រប់​យ៉ាង។ ចំណាប់អារម្មណ៍​យ៉ាង​ដូច​នេះ​របស់​លោក​ចនសុន​បាន​ធ្វើ​ឡើង ខណៈ​ដែល​លោក​ត្រូវ​ជួប​ចរចា​ជាមួយ​ប្រធាន​គណៈកម្មការអឺរ៉ុប​លោក Jean-Claude Juncker និង​អ្នក​ចរចា​អឺរ៉ុប​ក្នុង​រឿង Brexit លោក Michel Barnier នា​ថ្ងៃ​ចន្ទ ទី១៦ កញ្ញា​នេះ។


គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​គម្រោង​ជំនួប​រវាង​លោក​បូរីស ចនសុន​ជាមួយ​ប្រធាន​គណៈកម្មការអឺរ៉ុប​លោក Jean-Claude Juncker ពិសេស​អ្នក​ចរចា​អឺរ៉ុប​ក្នុង​រឿង Brexit លោក Michel Barnier នឹង​ទទួល​បាន​លទ្ធផល​យ៉ាង​ណា​ទេ។ តែ​លោក​ចនសុន​បាន​បញ្ជាក់​ពី​ភាព​ចម្រើន​ទៅ​មុខ​ដែល​អឺរ៉ុប និង​អង់គ្លេស​កំពុង​មាន​ជាមួយ​គ្នា​ស្តីពី​របៀប​ដោះស្រាយ​បញ្ហា​ព្រំដែន​អៀរឡង់។ គួរ​រម្លឹក​ថា​មក​ដល់​ពេល​នេះ អង់គ្លេស និង​អឺរ៉ុប​បាន​បន្ត​និយាយ​មិន​ចុះ​សម្រុង​គ្នា​ស្តីពី​ពី​ការ​បញ្ជៀស​ការ​បង្កើត​ខ្សែបន្ទាត់​ព្រំដែន​រវាង​អៀរឡង់ខាងជើង​ដែល​គ្រប់គ្រង​ដោយ​អង់គ្លេស និង​ប្រទេស​អៀរឡង់​នៅ​ក្រោយ​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​អឺរ៉ុប។

បើ​យោង​តាម​កិច្ចព្រមព្រៀង Brexit រវាង​អង់គ្លេស​ក្នុង​ជំនាន់​នាយករដ្ឋមន្រ្តី​លោកស្រី​តេរ៉េហ្សា មេ និង​អឺរ៉ុប​ចុះ​ហត្ថលេខា​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៨ អឺរ៉ុប និង​អង់គ្លេស​បាន​ឯកភាព​បង្កើត​ឲ្យ​មាន​យន្តការណ៍​បណ្តោះអាសន្ន និង​លក្ខខណ្ឌពិសេស​ស្តីពី​ចរាចរមនុស្ស និង​ទំនិញ​រវាង​ដែនដី​អៀរឡង់ខាងជើង និង​ប្រទេស​អៀរឡង់។ តែ​យន្តការណ៍​បណ្តោះអាសន្ន និង​លក្ខខណ្ឌពិសេស​នេះ​មាន​សុពលភាព​ត្រឹម​ខែ​កក្កដា ឆ្នាំ ២០២០។ បើ​គ្មាន​ការ​ព្រមព្រៀង​ណា​មួយ​ពី​ពេល​នេះ​ដល់​ខែ​កក្កដា ឆ្នាំ ២០២០ ទេ ខ្សែព្រំដែន​ចែក​ទឹកដី​អៀរឡង់​ជា​ពីរ​នឹង​ចូល​ជា​ធរមាន​ដោយ​ស្វ័យប្រវត្តិ។

គម្រោង​ជំនួប​រវាង​លោក​បូរីស ចនសុន​ជាមួយ​លោក Jean-Claude Juncker និង​លោក Michel Barnier ក្នុង​ថ្ងៃ​ចន្ទ ទី១៦ កញ្ញា​ធ្វើ​ឡើង ២សប្តាហ៍​មុន​ក្រុមប្រឹក្សាអឺរ៉ុប​បើក​ជំនួបកំពូល​នៅ​ថ្ងៃទី១៧ និង ទី១៨ តុលា​ខាង​មុខ។ លោក Michel Barnier បាន​ថ្លែង​ក្នុង​ថ្ងៃ​សៅរ៍ ទី១៤ កញ្ញា​ថា លោក​គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​មាន​សុទិដ្ឋិនិយម​ស្តីពី​សំណាង​រក​បាន​ដំណោះស្រាយ​មួយ​នៅ​មុន​ថ្ងៃទី១៧ និង​ទី១៨ តុលា​ទេ។ តែ​លោក​ចនសុន​បាន​យល់​ឃើញ​ថា មាន​ការងារ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​ពី​ពេល​នេះ​ដល់​ថ្ងៃទី១៧ តុលា និង​ថា លោក​មាន​សង្ឃឹម​នឹង​ទទួល​បាន​កិច្ចព្រមព្រៀង​មួយ បើ​ពុំ​នោះ​សោត​ទេ អង់គ្លេស​នឹង​ចេញ​ពី​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​នៅ​ថ្ងៃទី៣១ តុលា​ដូច​ដែល​បាន​គ្រោង​ទុក។

ជា​ថ្មី​ម្តង​ទៀត លោក​ចនសុន​បាន​អះអាង​ជា​ថ្មី​ពី​ការ​មិន​សុំ​អឺរ៉ុប​ឲ្យ​ពន្យារ​ពេល​ចាក​ចេញ​ចំនួន ៣ខែ​បន្ថែម​ទៀត​ដូច​ដែល​សភា​អង់គ្លេស​បាន​បោះឆ្នោត​លើ​ច្បាប់​មួយ​នា​ដើម​ខែ​កញ្ញា​នេះ​ដោយ​លោក​យល់​ថា​គ្មាន​ប្រយោជន៍។ បន្ទាប់​មក លោក​ចនសុន​មិន​ញញើត​ប្រដូច​អង់គ្លេស​ទៅ​នឹង​តួអង្គ​តុក្កតា Hulk ដែល​មាន​សមត្ថភាព​ក្នុង​ការ​រំដោះ​ខ្លួន​ឯង​ចេញ​ពី​ឧបសគ្គ​គ្រប់​យ៉ាង។ តាម​លោក​ចនសុន ពេល Hulk ខឹង​កាន់​តែ​ខ្លាំង Hulk មាន​មហិទ្ធិឫទ្ធិ​កាន់​តែ​ខ្លាំង និង​អាច​រំដោះ​ខ្លួន​បាន​ជានិច្ច៕