អានតួអត្ថបទ

រដ្ឋាភិបាលអ៊ីតាលីថ្មីព្រមឱ្យទូកសង្គ្រោះអន្តោប្រវេសន៍ចូលចត

នៅ​ថ្ងៃ​សៅរ៍​នេះ រដ្ឋាភិបាល​អ៊ីតាលី​បាន​ផ្តល់​ការ​អនុញ្ញាត​ឱ្យ​នាវា​មនុស្សធម៌​ Ocean ​Viking ដឹក​​ជន​អន្តោប្រវេសន៍ ៨២​នាក់(ប្រុស​៥៨​នាក់ ស្ត្រី​៦​នាក់​ ក្មេង​ជំទង់​១៧​នាក់​និង​ទារក​អាយុមួយ​ឆ្នាំ​ម្នាក់) ​ចូល​ចតក្នុង​កំពង់​ផែ​របស់​ខ្លួន។ ​សេចក្តីសម្រេចចិត្ត​​​របស់​អ៊ីតាលី​នេះ​ធ្វើ​ឡើង​ក្រោយ​ពីអឺរ៉ុប​បាន​រក​ឃើញ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​បែង​ចែក​បន្ទុក​ទទួល​​អន្តោប្រវេសន៍​។

នាវា​សង្គ្រោះ​អន្តោប្រវេសន៍ «Ocean Viking» នៅ​ក្នុង​សមុទ្ទ​ចន្លោះ​ពី​ប្រទេស​អ៊ីតាលី​និង​ម៉ាល់ត៍ ចាំ​សញ្ញា​ឱ្យ​ចូល​ផែ
នាវា​សង្គ្រោះ​អន្តោប្រវេសន៍ «Ocean Viking» នៅ​ក្នុង​សមុទ្ទ​ចន្លោះ​ពី​ប្រទេស​អ៊ីតាលី​និង​ម៉ាល់ត៍ ចាំ​សញ្ញា​ឱ្យ​ចូល​ផែ Hannah Wallace Bowman/MSF/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

បណ្តែ​តខ្លួន​​ក្នុង​សមុទ្ទ​អស់​៦​ថ្ងៃ នៅ​ទី​បំផុត Ocean Viking នាវា​សង្គ្រោះ​អន្តោប្រវេសន៍​របស់​អង្គការ​SoS Méditerranée សហការ​ជាមួយ​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន Médecin sans frontière បាន​ទទួល​ការ​យល់​ព្រម នៅ​ថ្ងៃ​សៅរ៍នេះ ​​ឱ្យ​ចូល​ចត​ក្នុង​កំពង់ផែ​Lampedusa ​របស់​​អ៊ីតាលី។ អ៊ីតាលី​ដែល​ទើប​មាន​រដ្ឋាភិបាល​ថ្មី ​គ្មាន​​រូបអ្នក​ស្តាំ​និយម​ជ្រុលលោក ម៉ាតេអូ សាល់វីនី ​ ​ជា​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​បង្ហាញ​មាន​ជំហរ​ទន់​ភ្លន់​​ជាងមុនបន្តិច។ ម្យ៉ាង​វិញ​ទៀត អ៊ីតាលី ក៏​ទើប​​បាន​ទទួល​ការ​ព្រមព្រៀងពី​អឺរ៉ុប ក្នុង​ការ​ចែករំលែក​បន្ទុក​ទទួល​អន្តោប្រវេសន៍។

​យន្តការ​បណ្តោះ​អាសន្ន ស្តី​ពី​ការ​បែងចែក​ជា​​ស្វ័យប្រវត្តិ អន្តោប្រវេសន៍សង្គ្រោះ​បាន​ពី​សមុទ្ទ​មេឌីទែរ៉ាណេ​​ ស្នើ​ឡើង​ដោយ​​រដ្ឋាភិបាល​អ៊ីតាលី​ថ្មី បាន​ទទួលការ​យល់​ព្រម​ពីបណ្តា​ប្រទេស​ធំៗ​របស់​​អឺរ៉ុប បារាំង​និងអាល្លឺម៉ង់ ព្រមទាំង​អេស្ប៉ាញ លុចសំបួរ រ៉ូម៉ានី ព័រទុយហ្កាល់ និង​ម៉ាល់ត៍ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ។

​​​យន្តការ​បណ្តោះអាសន្នអឺរ៉ុប ដែល​គ្រោង​ដាក់ពិន័យ​ជា​ប្រាក់ ដល់​សមាជិក​អឺរ៉ុប​ណា​ដែល​ពុំ​ព្រមទទួល​អន្តោប្រវេសន៍ (សំដៅ​លើ​​ប្រទេស​ហុងគ្រី ប៉ូឡូញ ឆែក ឬ​ស្លូវាគី) នឹង​ត្រូវ​លើក​មក​ពិភាក្សានៅ​ក្នុង​ជំនួប​រវាង​​ប្រធានាធិបតី​បារាំង​និង​អ៊ីតាលី នៅ​ថ្ងៃ​ពុធ​ខាង​មុខ នៅ​ទីក្រុង​រ៉ូម និងលើក​មក​លម្អិត​​ បន្ថែម​នៅ​ថ្ងៃទី ២៣​កញ្ញា​ក្នុង​ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃអឺរ៉ុប។

ក្នុង​ពេល​រង់ចាំ​សម្រេច​ជាកិច្ចព្រមព្រៀង​ពេញ​រូប​រាង ពេល​នេះ​អាល្លឺម៉ង់​បាន​បញ្ជាក់​ព្រម​ទទួល​អន្តោប្រវេសន៍​សង្គ្រោះ​ពី​សមុទ្ទ​​មេឌីទែរ៉ាណេ ចំនួន​២៥%។ ហើយក្នុង​​ករណី​នាវា​ Ocean Vikingនេះ បារាំង​និង​អាល្លឺម៉ង់​ ព្រមទទួល​យក​ជន​អន្តោប្រវេសន៍ ២៥%​ម្នាក់ ឯ​អ៊ីតាលី​១០​%។

បើតាម​របាយការណ៍​ផ្លូវការ ចេញ​ផ្សាយកាលពី​ពាក់​កណ្តាល​ខែ​សីហា ចំនួន​អន្តោប្រវេសន៍​មក​តោង​ឆ្នេរ​អ៊ីតាលីក្នុង​រយៈ​១២​ខែកន្លងមក​នេះ ​​បាន​ចុះ​ថយ​៨០%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ