អានតួអត្ថបទ
បារាំង

Google បង់ប្រាក់​ជិត ១ពាន់លាន​អឺរ៉ូ ដើម្បី​បិទបញ្ចប់​ការស៊ើបអង្កេត រឿងគេចពន្ធ នៅ​ប្រទេស​បារាំង

នៅក្នុង​សំណុំរឿង​បន្លំ គេចពន្ធ ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិកាំង Google  នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បានអះអាងថា ខ្លួន​យល់ព្រម​បង់​ប្រាក់​ពន្ធ ៤៦៥​លាន​អឺរ៉ូ​បន្ថែម ពីលើ​ប្រាក់ពិន័យ ៥០០​លាន​អឺរ៉ូ ទៅ​ឲ្យ​រដ្ឋាភិបាល​បារាំង។ Google បាន​ព្រមព្រៀង បង់ប្រាក់​ជិត ១ពាន់​លាន​អឺរ៉ូ ដើម្បី បិទបញ្ចប់ ការស៊ើបអង្កេត របស់​រដ្ឋអាជ្ញាជាតិ​បារាំង​ទទួល​បន្ទុក ខាង​ហិរញ្ញវត្ថុ ដែល​ប្តឹង ប្រឆាំង​ក្រុមហ៊ុន Google ពីបទ​គេចវេស មិនបង់ពន្ធ​ឲ្យ​រដ្ឋបារាំង អស់​ជាច្រើនឆ្នាំ។ 

ក្រុមហ៊ុន​Google នៅ​ទីក្រុង​សៀងហៃ
ក្រុមហ៊ុន​Google នៅ​ទីក្រុង​សៀងហៃ ©REUTERS/Aly Song/File Photo
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​បច្ចេកវិទ្យាអាមេរិកាំង Google យល់ព្រម​បង់​ប្រាក់ ពិន័យ ៥០០លាន​អឺរ៉ូ ដែល​តុលាការ​បារាំង​បាន​សម្រេច កាលពី​ថ្ងៃ​ព្រហស្បតិ៍។ បន្ថែម​ពីលើ​ប្រាក់ពិន័យ ៥០០​លាន​អឺរ៉ូ Google នឹង​បង់៤៦៥​លាន​អឺរ៉ូ​ផ្សេងទៀត សម្រាប់​បង់ពន្ធ​ជូនរដ្ឋបារាំង។

ទៅ​តាម​កិច្ចព្រមព្រៀង ដែល​Google ហើយ​និង​ម្ចាស់​បណ្តឹង គឺ រដ្ឋអាជ្ញា​ជាតិ​បារាំង ទទួលបន្ទុក​ហិរញ្ញវត្ថុ បាន​ចុះហត្ថលេខា កាលពីថ្ងៃ ទី ៣​កញ្ញា ក្រុមហ៊ុន​Google នៅប្រទេស​បារាំង និង​នៅ​អៀរឡង់ ជាអ្នកទទួល​បន្ទុកផ្ទេរ​ប្រាក់​ពិន័យ ទៅ​ឲ្យ​រដ្ឋបារាំង។

នៅក្នុង​សេចក្តីថ្លែងការណ៍ របស់​ខ្លួន នៅថ្ងៃ​ព្រហស្បតិ៍ ក្រុមហ៊ុន​Google អះអាងថា ខ្លួន​បាន​យល់ព្រម​បង់ពន្ធ ៤៦៥ លាន​អឺរ៉ូ បន្ថែម​ពីលើ​ប្រាក់ពិន័យ ដើម្បី បិទ​បញ្ចប់​ជម្លោះ​ក្តីក្តាំ ដែល​ក្រុមហ៊ុន មានជាច្រើន​ឆ្នាំ នៅក្នុង​ប្រទេស​បារាំង។

ក្រុមហ៊ុន​Google យល់ព្រម បង់ប្រាក់​ជិត ១ពាន់​លាន​អឺរ៉ូ ទៅ​ឲ្យ​រដ្ឋបារាំង។ ការណ៍​នេះ​នឹង​ទៅ​បិទបញ្ចប់​ទាំងស្រុង ការស៊ើបអង្កេត ប្រឆាំង​ក្រុមហ៊ុន​Google​ក្នុងរឿង​គេចពន្ធ ដ៏ធំ​សម្បើម​មួយ ដែល​អាយ្យការ​បារាំង បាន​ចាប់ផ្តើម តាំង​ពី​ឆ្នាំ ២០១៦ នៅក្រោយ ការជូនដំណឹង​របស់​អាជ្ញា​ពន្ធដារ​បារាំង។ តាមរដ្ឋអាជ្ញា​បារាំង Google បាន​អាក់ខាន មិន​បង់ពន្ធ​ជូនរដ្ឋបារាំង​ប្រមាណ ១៨៩​លាន​អឺរ៉ូ ពី​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០១៦។

នេះមិនមែន​ជា​លើកទី១​ទេ ដែល​Google សុខចិត្ត បង់ប្រាក់ ដើម្បី បិទបញ្ចប់​ជម្លោះ ដោយ​មិន​ឆ្លងកាត់​តាម​ផ្លូវ​តុលាការ។ កន្លងមក Google ធ្លាប់​ចរចា សម្របសម្រួល​ជាមួយ​អាជ្ញាធរ នៅ​ប្រទេស​អង់គ្លេស អ៊ីតាលី ជាដើម ជាទី​ដែល​Google សុខចិត្ត​បង់ប្រាក់ រាប់​រយលាន​អឺរ៉ូ ជាថ្នូរ​នឹង​ការទម្លាក់ចោល ការប្តឹងផ្តល់​ប្រឆាំង​នឹង​ក្រុមហ៊ុន។

នៅ​ប្រទេស​បារាំង Google ជាប់​ឈ្មោះ​ជាមួយ​ក្រុមហ៊ុន​ពហុជាតិ អាមេរិកាំង​ផ្សេងទៀត ដូចជា ហ្វេសប៊ុក ឬ​អាម៉ាហ្សូន ដែល​អាជ្ញាធរ​ពន្ធដារ​បារាំង​ចោទប្រកាន់ថា បានកែបន្លំ​ប្រាក់ចំណូល​របស់ខ្លួន ឲ្យ​នៅទាប ដើម្បី​បង់ពន្ធ​ឲ្យ​បាន​តិច​បំផុត ដល់​រដ្ឋបារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ