rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

សហភាពអឺរ៉ុបបង្ហាញ​​សមាសភាព​​គណៈកម្មការ​ថ្មី ប្រកប​​ដោយ​​សមភាព តែ​ក៏​មាន​​ការ​រិះគន់​

ដោយ អៀង សុខម៉ិញ

ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី Ursula Von der Leyen ដែល​ជា​ស្ត្រី​មេដឹកនាំ​សហភាព​អឺរ៉ុប​ដំបូងគេ បាន​បង្ហាញ​សមាសភាព​គណៈកម្មការ​ ២៦​រូប នៅ​ថ្ងៃ​អង្គារ​ទី ១០​កញ្ញា។ ​គណៈកម្មការអឺរ៉ុប​ថ្មី ​គោរព​បាន​តាមគោលការណ៍​សមភាព​ស្ត្រី​បុរស បែងចែកទំនួល​ខុស​ត្រូវ​​យ៉ាងស្មើ​ទៅ​តាម​​ភូមិសាស្ត្រ​ និង​នយោបាយ​របស់​សហភាព។ គណៈកម្មការ​បង្កើត​ថ្មី ​ ផ្តោត​អាទិភាព​ទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​និង​បច្ចេកវិទ្យា។ បើ​សភា​ព្រម​ផ្តល់​ទំនុក​ចិត្ត គណៈកម្មការ​​នឹង​ត្រូវ​ចាប់​បំពេញ​តួនាទី​នៅ​ថ្ងៃ​ទី ១​វិច្ឆិកា ប៉ុន្តែពាក្យ​រិះគន់ និង​ភាព​ចម្រូង​ចម្រាស កំពុង​កើត​មាន​ស្រេច​ទៅ​ហើយ។

អឺរ៉ុប​ថ្មីដឹកនាំ​ដោយ​លោកស្រី​​ Ursula Von der Leyen ជា​ឆ្មាំ​ការពារ​ នយោបាយ​ពហុជាតិ​និយម និង​មាន​កម្មវត្ថុ​ប្រែក្លាយក្បាល​ម៉ាស៊ីន​ដឹកនាំ​អឺរ៉ុប​ឱ្យ​ក្លាយ​ជា​គណៈកម្មការ​បែប​ភូមិសាស្ត្រ​នយោបាយ មិន​មែនគិត​​ត្រឹម​ ​​នយោបាយ​តែ​មួយ​មុខ​ដូច​សម័យ​លោក ហ្សង់ក្លូត ចាំងគ័រ កាលពី​៥​ឆ្នាំមុនទេ។ ជា​ការ​​ប្តូរតែ​​ពាក្យ​ហៅ ឬ​ជា​ការ​ប្តូរ​ផ្លាស់​ស៊ីជម្រៅ ?

​បើ​តាម​សុន្ទរកថា​និង​ការ​​បង្ហាញ​សមាជិក​ស្នងការ​ថ្មី​ទាំង​ ​២៦​រូប​ ប្រទេសសមាជិក​​អឺរ៉ុប​នីមួយៗ​មាន​តំណាង​ស្នងការ​របស់​ខ្លួន​ម្នាក់ក្នុង​ជួរ​គណៈកម្មការ​ លើក​លែង​តែ​អង់គ្លេស​ ​ព្រោះ​ត្រូវ​បែក​ចេញ​អឺរ៉ុប​នៅ​ខែ​តុលា​ហើយ។ ហើយ​សមាសភាព​គណៈកម្មការ​ថ្មី​ សុទ្ធ​​តែ​ជា​ឥស្សរជន​ដែល​ពុំ​សូវ​មាន​មុខមាត់​​ខ្លាំង​ទេ ​​ក្រៅ​អំពី​រូប​អតីត​នាយករដ្ឋមន្ត្រី​អ៊ីតាលី​ ដែល​​កាន់កាប់​ខាង​សេដ្ឋកិច្ច ប្រមុខ​ការ​ទូត​​​អេស្ប៉ាញលោក Josep Borrell មក​កាន់​កិច្ចការបរទេសសហភាព​អឺរ៉ុប និងឧបនាយករដ្ឋមន្ត្រី​ប៊ែលហ្សិក​ សម្រាប់​កាន់​ខាង​ផ្នែក​តុលាការ​។ ជា​សរុប​ក្រុម​ការងារ​របស់​លោកស្រី Ursula Von der Leyen មាន​៨​រូប​ជា​មេដឹកនាំ​ចាស់​ក្នុង​គណៈកម្មការ​មុន។

ប៉ុន្តែ​លោកស្រី​ប្រធាន​គណៈកម្មការ​បានរក្សា​ទុក​​​ ឥស្សរជន​ដ៏​សំខាន់​ពីរ​រូបរបស់​គណៈកម្មការ​ផុតអាណត្តិ ឱ្យ​​កាន់​តួនាទី​ជា​អនុប្រធាន​ និង​ទទួល​បន្ទុក​សំណុំ​រឿង​​​ជា​អាទិភាពរបស់​លោកស្រី​​ នោះ​គឺរូប​លោក Frans Timmermans ជាតិហូឡង់ និង​លោកស្រី Magrethe Vestager ជាតិ​ដាណឺម៉ាក ដែលធ្លាប់​ជា​គូប្រជែង​របស់​លោកស្រី ក្នុង​ការ​ប្រកួត​យក​តំណែង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​នេះ។

លោក Timmermans ត្រូវ​ទទួល​បន្ទុកផ្នែក​​បរិស្ថាន (អាកាសធាតុ ដឹកជញ្ជូន ថាមពល កសិកម្ម​...) ​ ​​ប្រយុទ្ធ​ប្រឆាំង​ការ​ប្រែប្រួល​អាកាស​ធាតុ​ ដោយ​ត្រូវ​សម្រេច​ឱ្យ​បា​នការលុប​បំបាត់​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​ក្នុង​បរិយាកាស ទាំង​ស្រុង​នៅ​ឆ្នាំ​២០៥០ នៅ​អឺរ៉ុប។ ចំណែក​លោកស្រី​ Vestager មាន​ភារៈ​គ្រប់គ្រងផ្នែក​ប្រកួត​ប្រជែង​បច្ចេកវិទ្យាឌីជីថល ពោល​គឺ​លោកស្រី​នឹង​មាន​បន្ទុក​ការងារ​ដដែល។ ​សេចក្តី​សម្រេចបែប​នេះ ​ពិត​ជា​គួរ​ឱ្យភ្ញាក់ផ្អើល ព្រោះ​តាម​ទម្លាប់​ (គ្មាន​ចែង​ជា​លាយលក្ខណ៍​អក្សរ) ស្នងការ​ចាស់​មិន​អាច​កាន់​តួនាទី​ដដែល​ នៅ​ក្នុងគណៈកម្មការ​​ថ្មី​ទេ។

តួនាទី​ជា​អនុប្រធាន​ទី​បី​ មាន​បន្ទុក​គ្រប់គ្រង​សេដ្ឋកិច្ច​និង​ការងារ បាន​ធ្លាក់​ទៅ​លើ​លោក Valdis Dombrovskis ជាតិ​លីទុយអានី។ ​​ឯខាង​ពាណិជ្ជកម្ម​ ដែលត្រូវ​មាន​បន្ទុក​យ៉ាង​ធ្ងន់​ក្នុង​ការ​ចរចា​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក និង​ជាមួយ​អង់គ្លេស​ក្រោយ​Brexit លោកស្រី​ Ursula Von der Leyen បាន​ប្រគល់​ភារកិច្ច​ទៅ​ឱ្យ​ស្នងការ​ជាតិ​អៀរឡង់ លោក Phil Hogan។

នៅក្នុង​ចំណោម​ក្រុម​ស្នង​ការ​ថ្មី គេ​រាប់​ឃើញ​មាន​ម្នាក់​ជាជន​ជាតិ​បារាំង គឺ​លោកស្រី​Sylvie Goulard សម្រាប់​ទទួល​ខុសត្រូវ​ទីផ្សារ​ផ្ទៃ​ក្នុងអឺរ៉ុប ​​នយោបាយ​ឧស្សាហកម្ម​ និង​ឧស្សាហកម្ម​អាវុធ​និង​អវកាស។ ​ប្រឈម​នឹង​លំហូរ​អន្តោប្រវេសន៍​ជួរមុខ ស្នងការ​ជាតិ​ក្រិក​លោក Margaritis Schinas​ នឹង​មាន​ទំនួល​ខុស​ត្រូវ​ផ្នែក​អប់រំ​ វប្បធម៌ និង​កីឡា ព្រមទាំង​អន្តោប្រវេសន៍។ តែ​​ផ្នែក​មហាផ្ទៃ​ត្រូវ​ប្រគល់​ទៅ​ឱ្យ​ស៊ុយអែតលោកស្រី Ylva Johansson។ ផ្នែក​តម្លាភាព​ គ្រប់គ្រង​ដោយ​ស្នងការ​ឆែក ស្លូវាគីខាង​ទំនាក់ទំនង​ស្ថាប័ន​និង​សភាជាតិ ប្រជាសាស្ត្រ​និងប្រធិបតេយ្យ​ ជា​បន្ទុក​របស់​ក្រូអាស៊ី។​

គិត​ត្រឹម​នេះ គណៈកម្មការ​អឺរ៉ុប​ថ្មី​របស់​លោក​ស្រី​​ Ursula Von der Leyen មាន​ចំណុច​វិជ្ជមាន​ច្រើន ដោយ​មាន​កម្មវត្ថុ​បរិស្ថាន​ និង​ដោយ​បាន​បែង​ចែង​ឱ្យ​ប្រទេស​តូច​តែឱ្យ​​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ស្ថាប័ន។ គោរព​​លំនឹង​ចរន្ត​នយោបាយ​ធំៗ​ផង ​លំនឹងភូមិសាស្ត្រ​នយោបាយ​រវាង​អឺរ៉ុប​ខាង​លិច-​កើត ជើង-ត្បូង​ ​ផង និង​មាន​លំនឹង​រវាង​ភេទ​ទៀត។ គណៈកម្មការ​នេះ​មាន​សមាជិក​ភេទ​ស្ត្រី​ច្រើន​ជាង​គេ​បំផុត ពោល​គឺ​ស្ទើរ​តែ​ស្មើគ្នា​ ស្ត្រី១៣-បុរស១៤នាក់។

ប៉ុន្តែ​សមាជិក​គណៈកម្មការ​របស់​​លោកស្រី​ Ursula Von der Leyen ទាំង​អស់ ត្រូវឆ្លង​កាត់​​វិញ្ញាសា​សាកសួរ​​​របស់​​សភាម្តងម្នាក់ៗ នៅរវាង​ពី​ថ្ងៃទី ៣០ កញ្ញា​ដល់​ថ្ងៃទី ៨​តុលា និង​ការ​​បោះឆ្នោត​អនុម័ត​នៅ​ថ្ងៃ​២២​តុលាសិន។ បើ​សភា​អឺរ៉ុប​​ច្រាន​ចោល​បេក្ខភាព​ណា​ម្នាក់ លោកស្រី​ប្រធាន​គណៈកម្មការត្រូវ​​​អឺរ៉ុប​ជ្រើសរើស​ឥស្សរជន​ថ្មី។ ​ការ​នេះ​ធ្លាប់​កើត​ក្នុង​អាណត្តិ​មុនៗ​ហើយ​ ហើយ​លើក​នេះ​ក៏​ទំនង​មាន​ការ​បដិសេធ​ពី​សភា​ដែរ ព្រោះ​ការ​រិះគន់​ និងភាព​​ចម្រូង​ចម្រាស​មាន​ខ្លាំង​ជា​ពិសេស​ចំពោះ​បេក្ខភាព​បារាំង ហុងគ្រី​ ដែលកំពុង​​​ជាប់រឿង​អាស្រូវ​អង្កេតរបស់​ភ្នាក់ងារ​អឺរ៉ុប​ប្រឆាំង​នឹង​ការ​លួច​បន្លំ។ ​នយោបាយ​គ្រប់គ្រង​អន្តោប្រវេសន៍​​និងការពារ​ព្រំដែន​របស់​លោកស្រី​ Ursula Von der Leyen ក៏​ជា​ចំណុច​ចម្រូង​ចម្រាស​ដែល​អាច​ធ្វើ​ឱ្យ​ក្រុម​អ្នក​តំណាង​រាស្ត្រ​ឆ្វេង​និយម​នាំ​គ្នា​ប្រឆាំងខ្លាំង៕

រុស្ស៊ី ជាម្ចាស់ផ្ទះ ទទួលជាលើកដំបូង មហាសន្និបាតនៃអង្គការទេសចរណ៍ពិភពលោក

ហេតុអ្វី​ឥណ្ឌូណេស៊ីឈប់​នាំ​ចេញ​រ៉ែនីកែលទៅក្រៅប្រទេស?

អង្គការ Amnesty International បរិហារពីអវត្តមានក្រមសីលធម៌ និងភាពគ្មានតម្លាភាពរបស់ឧស្សាហកម្មអាវុធ

ហេតុអ្វីអាហ្សង់ទីនប្រើវិធានការត្រួតពិនិត្យលើការដោះដូររូបិយវត្ថុ?

អ៊ុយក្រែន បារម្ភនឹងក្រុមអ្នកទេសចរទៅថតរូប​នៅស្ថានីយអគ្គិសនីបរមាណូ Tchernobyl

រដ្ឋាភិបាលថៃ​​ប្រឹងប្រែង​​ទាក់ទាញ​ការ​វិនិយោគ​ពី​កូរ៉េខាងត្បូង​

តើ​សមយុទ្ធ​ជើងទឹក​រួម​អាស៊ាន-អាមេរិក​មាន​សារៈសំខាន់​យ៉ាងណា​សម្រាប់​អាស៊ាន?

ហេតុអ្វីបានជាផ្ទៃដីកសិកម្មចំនួន ១ភាគ៣ ក្នុងលោកត្រូវបានខូចខាត និងប្រហែលមិនអាចធ្វើកសិកម្មបាន?

សិង្ហបុរី៖ សញ្ញាសេដ្ឋកិច្ចធ្លាក់ចុះ និងជម្លោះនយោបាយផ្ទៃក្នុង

ជប៉ុនបើក​សន្និសីទ​អន្តរជាតិ​ជប៉ុន-អាហ្វ្រិក​លើកទី៧ ទោះ​ដឹង​ថា​ពិបាក​នឹង​ប្រជែង​ជាមួយ​ចិន

បន្ទាប់ពីស៊ីរី អ៊ីស្រាអែលបានប្រើសមរភូមិអ៊ីរ៉ាក់ និងលីបង់ដើម្បីប្រឆាំងអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់

រុស្ស៊ី​រៀបចំ«ល្បែងកងទ័ពអន្តរជាតិ» នៅម៉ូស្គូ ​ដោយ​មាន​និស្សិត​យោធា​ខ្មែរចូលរួមផង

ហេតុអ្វី អាមេរិក​ចង់ទិញ​ដែនដី​ហ្ក្រូអេឡិន ពីដាណឺម៉ាក ?

ហេតុអ្វី​​អាមេរិក​ខ្វល់ខ្វាយ​ខ្លាំងម្ល៉េះពី​ជម្លោះ​រវាង​ជប៉ុន​និង​កូរ៉េខាងត្បូង​?

សករាជថ្មីមួយបានបើកឡើងហើយនៅស៊ូដង់ តែផ្លូវដែលត្រូវដើរឆ្ពោះទៅកាន់ប្រជាធិបតេយ្យពិតប្រាកដនៅវែងឆ្ងាយ

សេដ្ឋកិច្ច​វិនិយោគបារាំងអំឡុងពីរឆ្នាំក្រោមលោកម៉ាក្រុង

លោកត្រាំ និង បស្ចិមលោកជាទូទៅ នាំគ្នាអធិប្បាយ អំពី ការផ្ទុះនៅរុស្ស៊ី ពេលសាកល្បងមីស៊ីលធុនថ្មី

តើអ្វី​ជា​វិបត្តិ​បន្ទាប់​របស់​ហុងកុង​ នៅពេល​ដែល​ការប្រឆាំង​តវ៉ា​កាន់តែ​រីករាល​ដាលខ្លាំង​?

ចិន៖ ចូលរៀនសកលវិទ្យាល័យបរទេសល្បីៗ ទោះដោយវិធីណាក៏ដោយ