rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

៨០ឆ្នាំក្រោយការផ្តើមបញ្ឆេះសង្រ្គាមលោកលើកទី២ អាល្លឺម៉ង់បានសុំទោសប៉ូឡូញ តែប៉ូឡូញបន្តទាមទារសំណង

ដោយ គួច គន្ធារ៉ា

១ កញ្ញា ១៩៣៩-១ កញ្ញា ២០១៩ ថ្ងៃ​នេះ​ប្រទេស​ប៉ូឡូញ​បាន​រៀបចំ​រម្លឹក​ខួប​គម្រប់ ៨០ឆ្នាំ​នៃ​ការ​ផ្តើម​បញ្ឆេះ​សង្រ្គាមលោក​លើកទី២ នៅ​ក្នុង​ស្រុក Wielun។ ប្រទេស​ដែល​ប៉ូឡូញ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​សុទ្ធសឹង​ជា​ប្រទេស​សមាជិក​សហភាពអឺរ៉ុប និង​សមាជិក​ក្នុង​អង្គការ​អូតង់។ តែ​គេ​មិន​បាន​ឃើញ​វត្តមាន​ប្រធានាធិបតី​បារាំង ឬ​នាយករដ្ឋមន្រ្តី​អង់គ្លេស​ទេ។ ចំណែក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូណាល់ ត្រាំ​បាន​បញ្ជូន​អនុប្រធានាធិបតី​លោក Mike Pence ឲ្យ​ទៅ​ជំនួស​ដោយ​លោក​ត្រាំ​ជាប់​រវល់​តាម​ស្ថានការណ៍​ព្យុះសង្ឃរា Dorian។

ថ្លែង​នៅ​ក្នុង​ពិធី​នោះ ប្រធានាធិបតី​អាល្លឺម៉ង់​លោក Frank-Walter Steinmeier បាន​សុំទោស​ពលរដ្ឋ​ប៉ូឡូញ​ចំពោះ​ទង្វើ​របស់​អាល្លឺម៉ង់​ណាហ្ស៊ី។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី រដ្ឋាភិបាល​ប៉ូឡូញ​សព្វថ្ងៃ​បន្ត​ទាមទារ​ឲ្យ​អាល្លឺម៉ង់​សង​ការ​ខូចខាត និង​សង​ជំងឺចិត្ត​ដល់​ជនរងគ្រោះ។

គឺ​ស្រុក Wielun ដែល​ជា​ចំណុច​ផ្តើម​នៃ​ការ​ផ្ទុះ​សង្រ្គាមលោកលើក​ទី២ ព្រោះ​ជា​ស្រុក​រងគ្រោះ​ដំបូង​គេ​ដោយ​ការ​ទម្លាក់​គ្រាប់បែក​របស់​ទ័ពអាល្លឺម៉ង់ណាហ្ស៊ី​ក្នុង​ថ្ងៃទី១ កញ្ញា ឆ្នាំ ១៩៣៩។ ការ​វាយប្រហារ​របស់​ទ័ពអាល្លឺម៉ង់ណាហ្ស៊ី​លើ​ស្រុក Wielun ប៉ូឡូញ​បាន​ធ្វើ​ឡើង មួយ​សប្តាហ៍​បន្ទាប់​ពី​អាល្លឺម៉ង់​ណាហ្ស៊ី និង​សហភាពសូវៀត​បាន​ព្រមព្រៀង​គ្នា​ស្ងាត់ៗ​លើ​កតិកាសញ្ញា Ribbentrop-Molotov ស្តីពី​ការ​ចែក​ទឹកដី​អឺរ៉ុប​រវាង​គ្នា។ នៅ​ថ្ងៃទី៣ កញ្ញា ឆ្នាំ ១៩៣៩ បារាំង និង​អង់គ្លេស​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ប៉ូឡូញ​ក៏​បាន​ប្រកាស​សង្រ្គាម​ទល់​នឹង​អាល្លឺម៉ង់ណាហ្ស៊ី តែ​មិន​បាន​បើក​ប្រតិបត្តិការ​អ្វី​ធំដុំ​ទេ។ បន្ទាប់​មក​នៅ​ថ្ងៃទី១៧ កញ្ញា ឆ្នាំ ១៩៣៩ ដដែល សហភាព​សូវៀត​ក៏​បាន​វាយប្រហារ​លើ​ប៉ូឡូញ​ប៉ែកខាងកើត។

បន្ទាប់​មក​ទៀត ការ​ចាប់ដៃ​គ្នា​រវាង​ណាហ្ស៊ី និង​សូវៀត​បាន​បិទបញ្ចប់​ដោយ​ហ៊ីត្លែរ​បាន​បើក​ការ​វាយប្រហារ​លើ​សហភាពសូវៀត​នៅ​ថ្ងៃទី២២ មិថុនា ឆ្នាំ ១៩៤១។ ចាប់​ពី​ពេល​នោះ​មក សង្រ្គាមលោក​មួយ​នេះ​ក៏​បាន​បន្ត​មាន​រវាង​សម្ព័ន្ធមិត្ត​ដោយ​មាន​ការ​ចូលរួម​ពី​សហភាព​សូវៀត និង​សហរដ្ឋអាមេរិក។ គេ​ត្រូវ​រង​ចាំ​រហូត​ដល់​ថ្ងៃទី២ កញ្ញា ឆ្នាំ ១៩៤៥ ទើប​សង្រ្គាមលោកលោកទី២ បិទបញ្ចប់​ជា​ស្ថាពរ។ ប៉ូឡូញ​ជា​ប្រទេស​ដែល​បាន​រងគ្រោះខ្លាំង​ជាង​គេ​ពី​សង្រ្គាមលោកលើក​ទី២ ដោយ​មាន​មនុស្ស​ស្លាប់ ៦លាននាក់​ក្នុង​នោះ​មាន ៣លាននាក់​ជា​ជនជាតិ​ជ្វីហ្វ។ ប្រធានាធិបតី​ប៉ូឡូញ​លោក Frank-Walter Steinmeier បាន​ធ្វើ​ការ​សុំទោស​ដល់​ពលរដ្ឋ​ប៉ូឡូញ​ចំពោះ​ទង្វើ​ឃោរឃៅ​ព្រៃផ្សៃ​របស់​ពួក​អាល្លឺម៉ង់​ណាហ្ស៊ី។

« គឺ​អាល្លឺម៉ង់​ដែល​បាន​ប្រពឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​នៅ​ប៉ូឡូញ។ យើង​មិន​បំភ្លេច​ទេ។ យើង​ចង់​ចងចាំ និង​យើង​នឹង​ចងចាំ​ជា​រៀង​រហូត » នេះ​ជា​ការ​ថ្លែង​របស់​លោក Frank-Walter Steinmeier នៅ​ចំពោះ​វត្តមាន​សមភាគី​ប៉ូឡូញ​លោក Andrzej Duda។ លោក Duda បាន​បរិហារ​ជា​ជា​ទង្វើ​មួយ​ព្រៃផ្សៃ និង​ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម។

ប៉ូឡូញ​បន្ត​ទាមទារ​ឲ្យ​អាល្លឺម៉ង់​សង​ថ្លៃ​ខូចខាត

បច្ចុប្បន្ន​នេះ អាល្លឺម៉ង់ និង​ប៉ូឡូញ​បាន​ក្លាយ​ជា​សម្ព័ន្ធមិត្ត តែ​រដ្ឋាភិបាល​ប៉ូឡូញ​សព្វថ្ងៃ​បាន និង​កំពុង​បន្ត​ទាមទារ​ឲ្យ​អាល្លឺម៉ង់​សង​ការ​ខូចខាត និង​សងជំងឺចិត្ត​ដល់​ជនរងគ្រោះ​ប៉ូឡូញ។ នេះ​ជា​សំណុំរឿង​មួយ​ស្មុគស្មាញ​ខ្លាំង ទោះ​បី​ជា​អាល្លឺម៉ង់ និង​ប៉ូឡូញ​ជា​ប្រទេស​សមាជិក​សហភាពអឺរ៉ុប និង​ជា​ប្រទេស​សមាជិក​ក្នុង​អង្គការ​អូតង់​ដូច​គ្នា​ក៏​ដោយ។ ភាព​ចម្រូងចម្រាស​ក៏​ដោយសារ​តែ​ប្រទេស​ទាំង​ពីរ​បន្ត​យល់​ឃើញ​មិន​ដូច​គ្នា​ដោយ​ភាគី​នីមួយៗ​លើក​យក​ហេតុផល​ទៅ​ពន្យល់​រៀងៗ​ខ្លួន។ តែ​រឿងរ៉ាវ​ប្រវត្តិសាស្រ្ត​ច្រំដែល​មួយ​នេះ​ក៏​វា​អាស្រ័យ​លើ​ជំហរ​របស់​រដ្ឋាភិបាល​ថ្មី​ដែល​ឡើង​កាន់​អំណាច ពិសេស​នៅ​ប៉ូឡូញ។

គឺ​ទើប​តែ​ការ​ឡើង​កាន់​អំណាច​របស់​ក្រុម​អភិរក្សនិយម ជាតិនិយម​នៅ​ប៉ូឡូញ​ទេ​ដែល​សំណុំរឿង​មួយ​នេះ​បាន​ផ្តើម​កក្រើក​ឡើង​វិញ។ នាយករដ្ឋមន្រ្តី​ប៉ូឡូញ​លោក Mateusz Morawiecki បាន​បញ្ជាក់​កាល​ពី​សប្តាហ៍​មុន​ថា ប៉ូឡូញ​នៅ​មិន​ទាន់​ទទួល​បាន​សំណង​គ្រប់គ្រាន់​ដែល​សក្តិសម​នឹង​ការ​ខូចខាត​ដោយសារ​សង្រ្គាម​នៅ​ឡើយ​ទេ។ តាម​លោក Morawiecki ប៉ូឡូញ​ជា​ប្រទេស​រងគ្រោះ​ខ្លាំង​ជាង​គេ​ដោយ​មាន​មនុស្ស​ស្លាប់​ដល់​ទៅ ៦លាននាក់ តែ​បែរ​ជា​ទទួល​បាន​សំណង​តិច​ជាង​ប្រទេស​ផ្សេង​ទៅ​វិញ។ លោក Morawiecki ចាត់​ទុក​ជា​រឿង​អយុត្តិធម៌ និង​ថា បញ្ហា​នេះ​មិន​អាច​បន្ត​មិន​ដោះស្រាយ​បាន​ឡើយ។ ខណៈ​នេះ គណៈកម្មការ​សភា​ប៉ូឡូញ​កំពុង​រៀបចំ​របាយការណ៍​មួយ​ស្តីពី​ទឹកប្រាក់​សរុប​ដែល​ប៉ូឡូញ​បាន​រងការ​ខូចខាតដោយសារ​សង្រ្គាម និង​គ្រោង​បញ្ជូន​របាយការណ៍​នេះ​ទៅ​ឲ្យ​អាល្លឺម៉ង់​នៅ​ពេល​ខាង​មុខ។

អាល្លឺម៉ង់​ថា សំណុំរឿង​មួយ​នេះ​បាន​ដោះស្រាយ​ចប់​តាំង​ពី​យូរ

ពី​ខាង​អាល្លឺម៉ង់ ​ក្រុង​ប៊ែរឡាំង​បាន​ទទួល​ស្គាល់​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​សាហាវយង់ឃ្នង​របស់​ខ្លួន​នៅ​ក្នុង​សម័យសង្រ្គាម តែ​បាន​បដិសេធ​ជានិច្ច​លើ​សំណើ​ទាមទារ​សំណង​ថ្មី​បន្ថែម​ទៀត។ អ្នក​នាំពាក្យ​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ប្រាប់​ឲ្យ​ដឹង​ក្នុង​ថ្ងៃទី២៨ សីហា​ថា ជំហរ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់​ស្ថិត​នៅ​ដដែល​គ្មាន​ផ្លាស់ប្តូរ និង​ថា សំណុំរឿង​សង​ការ​ខូចខាត និង​សងជំងឺចិត្ត​ត្រូវ​បាន​បិទ​ជា​ស្ថាពរ។ តាម​ទីក្រុង​ប៊ែរឡាំង ក្រុង​វ៉ាសូវី​បាន​យល់​ព្រម​ឈប់​ទាមទារ​សំណង​អ្វី​ទាំង​អស់​ពី​អាល្លឺម៉ង់ខាងកើត​តាម​រយៈ​កិច្ចព្រមព្រៀង​ឆ្នាំ ១៩៥៣ ហើយ​បញ្ហា​មួយ​នេះ​ក៏​ត្រូវ​បាន​បិទ​ជា​ស្ថាពរ​តាម​រយៈ​សន្ធិសញ្ញា ២បូក៤ រវាង​រដ្ឋអំណាច​អាល្លឺម៉ង់​ខាងកើត និង​អាល្លឺម៉ង់ខាងលិច រួម​ជាមួយ ៤ប្រទេស​ដែល​ឈ្នះសង្រ្គាមលោកលើកទី២ គឺ​សហរដ្ឋអាមេរិក សហភាពសូវៀត អង់គ្លេស និង​ប្រទេស​បារាំង។

ក៏​ប៉ុន្តែ រដ្ឋាភិបាល​ប៉ូឡូញ​បច្ចុប្បន្ន​បាន​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​ឆ្នាំ ១៩៥៣ ដែល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋាភិបាល​ប៉ូឡូញ​ក្នុង​សម័យ​កុម្មុយនិស្ត។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​សំណុំរឿង​ប្រវត្តិសាស្រ្ត​រវាង​អាល្លឺម៉ង់ និង​ប៉ូឡូញ​មួយ​នេះ​នឹង​ត្រូវ​បញ្ចប់​តាម​ច្រក​ណា​ទេ។ តែ​សម្រាប់​ក្រុង​ប៊ែរឡាំង បញ្ហា​សំណង​ការ​ខូចខាត​ដោយសារ​សង្រ្គាម​កាល​ពី ៨០ឆ្នាំ​មួយ​នេះ​បាន​បិទបញ្ចប់​តាំង​ពី​យូរ​មក​ហើយ៕

Brexit៖សហភាពអឺរ៉ុប និងអង់គ្លេសចាត់ទុកកិច្ចព្រមព្រៀងថ្មីមានយុត្តិធម៌ និងមានតុល្យភាព

ប្រមុខ​ដឹកនាំហុងកុង ខកខាន​មិន​បាន​ថ្លែង​គោលនយោបាយ​ប្រចាំឆ្នាំ ​នៅ​ចំពោះ​មុខ​សភា​

Unicef៖មានកូនក្មេងម្នាក់ក្នុងចំណោម ៣នាក់ជួបបញ្ហាកង្វះអាហារូបត្ថម្ភ

ក្រុម​យុទ្ធជន​​គួឌីស្ថាន​ស៊ីរី​​ចុះកិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ដាម៉ាស ដើម្បី​ទប់ទល់​នឹង​តួកគី

អេក្វាទ័រ៖ក្រោយផ្ទុះវិបត្តិសង្គមអស់ ១១ថ្ងៃ ប្រធានាធិបតី និងសហគមន៍ជនជាតិដើមម្ចាស់ស្រុកយល់ព្រមចូលតុចរចា

តួកគី​បន្ត​ការ​វាយលុក​នៅស៊ីរី​ ទោះបី​រង​សម្ពាធ​ទណ្ឌកម្ម​ច្រើនឡើង​​ពី​អាមេរិក​

នាយករដ្ឋ​មន្ត្រី​អេត្យូពី Abiy Ahmed ជាជ័យ​លាភី​ណូបែល​សន្តិភាព​២០១៩

តួកគី​រង​ការ​រិះគន់​ជុំទិស ទាក់ទង​នឹង​ការវាយប្រហារ​ទៅលើ​ទីតាំង​គួឌីស្ថាន​នៅ​ស៊ីរី

ស្វែង​រក​លុយ​ចំនួន ១៤ ០០០លានដុល្លារ​ដើម្បី​បន្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំងនឹងជំងឺស៊ីដា ជំងឺរបេង និងជំងឺគ្រុនចាញ់

សង្គ្រាម​ពាណិជ្ជកម្ម៖ លោក ត្រាំ ថាចង់​បាន​កិច្ចព្រមព្រៀង​រួម​គ្រប់​វិស័យ​ជាមួយចិន ​

ការវាយប្រហារ​នៅ​ទីស្នាក់ការ​ប៉ូលិស​ក្រុង​ប៉ារីស រំលេច​ឱ្យ​ឃើញ​ពីចន្លោះប្រហោង​នៃចារកិច្ចបារាំង

បាតុកម្ម ៥ថ្ងៃ ដែល​សម្លាប់​ជនជាតិ​អ៊ីរ៉ាក់ ជិត​១០០នាក់ និង​របួស ជាង ៤ពាន់នាក់

ហុងកុង៖ បាតុកម្ម​កាន់តែ​ហិង្សា​ឡើង ក្រោយ​អាជ្ញាធរ​ហុងកុង​ចេញ​ច្បាប់​ថ្មី ហាម​​មិន​ឱ្យ​ពាក់​ម៉ាស់​បិទមុខ​ធ្វើ​បាតុកម្ម​

លោកដូណាល់ ត្រាំ​ស្នើសុំ​ជាចំហ ឲ្យ​ចិន​ស៊ើបអង្កេត​កូនប្រុស​​លោក Joe Biden

អ៊ីរ៉ាក់៖មូលហេតុដែលបានបញ្ឆេះកំហឹងប្រជាជនឲ្យចុះផ្លូវធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល

Brexit: នាយករដ្ឋមន្ត្រី​អង់គ្លេស ចង់ដាក់​សំណើ​ថ្មីបែង​ចែក​«ព្រំដែនពីរ»​រវាង​អង់គ្លេស​និង​អៀរឡង់​

ចិនបានបង្ហាញមហិទ្ធិឫទ្ធិប្រាប់ពិភពលោកនៅក្នុងខួប ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

មរណភាព​របស់លោកហ្សាក់ ស្ហៀរ៉ាក់៖ ហេតុអ្វី​អាមេរិក​យឺតយ៉ាវ​ចេញសេចក្តីថ្លែងការ​រំលែកទុក្ខ?

បារាំង ៖ អគ្គីភ័យ​នៅរោងចក្រ​គីមី​កំពុង​បំផុស​ក្តី​បារម្ភ​ចំពោះ​សុខភាព​និង​បរិស្ថាន

អាហ្វហ្កានីស្ថាន៖ការរៀបចំបោះឆ្នោតប្រធានាធិបតីពោរពេញដោយហានិភ័យ និងការភ័យខ្លាច