rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

Brexit៖ តើ​អង់គ្លេស​កំពុង​ចោលសាច់ ស្រវា​ឆ្អឹង?

ដោយ ឈាង បុប្ផា

សហភាពអឺរ៉ុប​ជា​ខ្សែច្រវាក់ចងជើង​អង់គ្លេស។ នេះជា​ប្រសាសន៍​របស់​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ​ក្នុងជំនួប​ជាលើកទី១​ជាមួយ​នាយករដ្ឋមន្រ្តី​ថ្មី​របស់​អង់គ្លេស លោក បូរីស ចនសុន ដែល​មាន​និន្នាការ​ចង់​ឲ្យ​អង់គ្លេស​ដើរចេញពី​សហភាព​អឺរ៉ុប ទោះជាគ្មាន​កិច្ចព្រមព្រៀង​ជាមួយអឺរ៉ុប។ កាលពី​ថ្ងៃ​សៅរ៍ នៅ​ទីក្រុង​បីយ៉ារីដស៍ នៅក្នុង​ជំនួប​ ទ្វេភាគី ដែល​ធ្វើឡើង នៅ​ក្រៅក្របខ័ណ្ឌ​ជំនួបកំពូល​របស់​ក្រុមប្រទេស​មហាឧស្សាហកម្ម ហ្សេ ៧ ប្រធានាធិបតីអាមេរិក​បាន​លើកសរសើរ​លោក​បូរីស ចនសុន​ថា ជា​មនុស្ស​សក្តិសម​នឹង​ដោះស្រាយ​បញ្ហា​ ដកអង់គ្លេស​ចេញពី​សហភាពអឺរ៉ុប និង​សន្យា​​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំសម្បើម មិនធ្លាប់​មាន​ជាមួយ​អង់គ្លេស​នៅបន្ទាប់ពី អង់គ្លេស​ដើរចេញភ្លាមពី​សហភាពអឺរ៉ុប។ តើអាមេរិក​នឹង​អាច​ធ្វើ​កិច្ចព្រមព្រៀង​ដោះដូរ​ពាណិជ្ជកម្ម​ធំសម្បើម​ជាមួយ​អង់គ្លេស​ដូចសំដី​របស់​លោកដូណាល់​ត្រាំ​ដែរឬទេ?

 

រង់ចាំ​ឲ្យ​អង់គ្លេស​លែងលះ​ដាច់ស្រលះ ពី​សហភាពអឺរ៉ុប អាមេរិក​នឹង​បង្កើន​កិច្ច​ព្រមព្រៀង​​ពាណិជ្ជកម្ម ៣ ឬ​៤​ដង​បន្ថែមទៀត​ជាមួយ​អង់គ្លេស។ នេះ​ជា​ពាក្យ​អះអាង​របស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ។ នៅ​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្រ្តី​អង់គ្លេស នៅ​ទីក្រុង​បីយ៉ារីដស៍ ប្រទេស​បារាំង ម្ចាស់​សេតវិមាន​នៅ​បាន​បន្ថែមថា ក្នុង​ពេល​ឆាប់ៗ ប្រទេស​ទាំងពីរ​នឹង​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏ធំ​មួយ មិនធ្លាប់មាន។

ជាមួយ​នឹង​ការលើក​សរសើរ​មិនដាច់​របស់​លោកដូណាល់ ត្រាំ នាយករដ្ឋមន្រ្តី​អង់គ្លេស លោក​បូរីស ចនសុន​បាន​បញ្ជាក់ថា អាមេរិក និង​អង់គ្លេស​នឹង​ចុះ​កិច្ចព្រមព្រៀង​ដ៏​អស្ចារ្យ​មួយ នៅពេល លែង​មាន​ឧបសគ្គ​រារាំង។

នៅក្នុង​ក្រសែភ្នែក​របស់​លោកដូណាល់ ត្រាំ និង​លោកបូរីស ចនសុន ឧបសគ្គ​ខ្លាំង គឺ​អង់គ្លេស​នៅ​មិន​ទាន់​ចរចា ដាច់ស្រឡះ ដើម្បីដកខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប។ នៅ​លើ​ផ្លូវ​រង់ចាំ​ឲ្យ​អង់គ្លេស ដកខ្លួន ជាផ្លូវការ ពី​សហភាព​អឺរ៉ុប នៅថ្ងៃទី ៣១​តុលា ទាំង​ប្រធានាធិបតី អាមេរិក និង​នាយក​រដ្ឋមន្រ្តី​អង់គ្លេស កំពុង​ទន្ទឹងរង់ចាំ​ដូចគ្នា ចង់​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី។

តើ​អាមេរិក​ទន្ទឹង​ចង់បានអ្វី​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អង់គ្លេស?

រហូតមកដល់​សព្វថ្ងៃនេះ លោកដូណាល់ ត្រាំ ដែលរសើប​ខ្លាំង​នឹង​រឿង​ពាណិជ្ជកម្ម​មិន​ស្មើភាព ជាមួយ​ប្រទេស​ដៃគូ មិន​សូវ​ជា​រករឿង ខ្លាំង​ជាមួយ​អង់គ្លេស​នោះទេ។ ទំហំដោះដូរ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ​មាន​តម្លៃ ២១៧​ពាន់លាន​ដុល្លារ ចំណែក​សំណល់​ពាណិជ្ជកម្ម ដែល​អាមេរិក​មាន​ជាមួយ​អង់គ្លេស​មាន​ត្រឹមតែ ១៩ពាន់​លាន​ដុល្លារ។ អង់គ្លេស ជា​ច្រកសេដ្ឋកិច្ច ទីផ្សារ​សំខាន់ទី​៥ របស់​អាមេរិក។ ក្រុមហ៊ុន​អាមេរិកាំង ច្រើនជាង ៤ម៉ឺន​លក់​ទំនិញ ទៅ​ឲ្យ​ប្រជាជន​អង់គ្លេស ដែលនៅក្នុងនោះ មាន​ក្រុមហ៊ុន​ជាង ៤ពាន់ បោះទីតាំង​ផ្ទាល់​ក្នុង​ទឹកដីអង់គ្លេស។ ភស្តុតាង​សំខាន់​មួយ​ទៀត​ដែល​ស្តែង​ឲ្យឃើញ​ពី​ទំនាក់ទំនង ពាណិជ្ជកម្ម​ស្អិតល្មួត​រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ គឺ អាមេរិក​ជា​ប្រទេស នាំមុខគេ ដែល​បោះទុន​វិនិយោគ​ក្នុង​ទឹកដី អង់គ្លេស ក្នុងទំហំទឹកប្រាក់ ៧៥០​ពាន់លាន​ដុល្លារ។ ទំហំវិនិយោគ​របស់អាមេរិក​នៅ​អង់គ្លេស តំណាង​ឲ្យ​១ភាគ​៤​នៃ​ទំហំវិនិយោគ​សរុប ដែល​អាមេរិក​មាន​នៅទឹកដីអឺរ៉ុប។

អង់គ្លេស​និង​អាមេរិក​មាន​ប្រវត្តិសាស្រ្ត ចង​ចំណង​ពាណិជ្ជកម្ម​ជាអាទិភាព​នឹងគ្នា ជាយូរណាស់​មកហើយ។ ប៉ុន្តែ សម្រាប់​លោកដូណាល់ ត្រាំ ដោយសារតែ អង់គ្លេស ជា​សមាជិក​របស់​សហភាពអឺរ៉ុប អង់គ្លេស​ត្រូវ​បាន​គេ​ចងដៃ មិន​អាច​ធ្វើ​ជំនួញ ដោយ​សេរី ជាមួយ អាមេរិក។

នៅពេល​ដែល​អង់គ្លេស​លែងលះ លែងជាសមាជិក​របស់សហភាព​អឺរ៉ុប​តទៅទៀត លោក​ដូណាល់ ត្រាំចង់​ឲ្យ​អង់គ្លេស បោះបង់​ចោល​គម្រោង​យកពន្ធ​លើ​សេវាកម្ម របស់​ក្រុមហ៊ុន​បច្ចេកវិទ្យាអាមេរិក ដូចជា Google Fancebook ជាដើម ដែល​ត្រូវ​ចូលជា​ធរមាន នៅ​ខែ​មេសា ឆ្នាំក្រោយ។ ប្រធានាធិបតី​អាមេរិក​ទន្ទឹង​ចង់បានផងដែរ ឲ្យ​អង់គ្លេស បើកចំហរ ឲ្យ​អាមេរិក​ចូលវិនិយោគ ក្នុងវិស័យ សុខាភិបាល បច្ចេកវិទ្យា​អង់គ្លេស ហើយនិង​បើកចំហរ​ទីផ្សារ​កសិកម្ម សម្រាប់​មាន់អាមេរិកាំង ដែលលាង​ដោយ​ក្លរ និង​សាច់គោ​អាមេរិក ដែល​ចិញ្ចឹមដោយ​អាហារអ័រមូន។

នៅ​ចំណែក​ភាគី​អង់គ្លេស លោកបូរីស ចនសុន បានទាមទារ​ឲ្យ​លោកដូណាល់ ត្រាំ លុបចោល​របាំង​ពន្ធគយ ដែល​នៅតែ​ជា​ឧបសគ្គ​សំខាន់ សម្រាប់​ជំនួញ​ពាណិជ្ជកម្ម​អង់គ្លេស។ ការដោះដូរ​ពាណិជ្ជកម្ម​ដោយ​សេរី​ជាមួយ​អាមេរិក​សំខាន់​ណាស់​សម្រាប់ នាយករដ្ឋមន្រ្តី​អង់គ្លេស ដែល​សង្ឃឹម​យក​ទីផ្សារ អាមេរិកមក​ប៉ះប៉ូវ សម្រាប់ ការបាត់បង់ ទីផ្សារ​អឺរ៉ុប ដោយសារ​តែ​ការលែងលះ ដែលនឹងអាច​គ្មាន​កិច្ចព្រមព្រៀង​ជាមួយ​អឺរ៉ុប។ សម្រាប់​លោកបូរីស ចនសុន នៅក្រោយ ដើរចេញពី​អឺរ៉ុប ក្រុមហ៊ុន​អង់គ្លេស មាន​ឱកាស​ធ្វើ​ជំនួញ​ច្រើន​ណាស់ ប៉ុន្តែ ជាមួយ គ្នានោះ គេត្រូវការ​ឲ្យ​ភាគី​អាមេរិក​បើកចំហរ ទីផ្សារ សម្រាប់​ផលិតផល អង់គ្លេស។ ជាក់ស្តែង ដូចជា សាច់បាត់តេ ដ៏ល្បីឈ្មោះ របស់​អង់គ្លេស ដែល​អាមេរិក​ហាមដាច់ខាត មិន​ឲ្យ​នាំចូល យក​ទៅលក់​ក្នុង​ទឹកដី​អាមេរិក ក្រោមហេតុផល​សន្តិសុខ​ចំណីអាហារ។

អាមេរិក និង​អង់គ្លេស​លើកនិយាយ​ពីកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏សំខាន់​មួយ នៅក្រោយ​អង់គ្លេស ដកខ្លួន លែង​ជា​សមាជិក​របស់​សហភាពអឺរ៉ុប​តទៅទៀត។ ប៉ុន្តែ ភាគី​ទាំងពីរ​យល់​មិន​ដូចគ្នាទេ ក្នុង​រឿង ចុះ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម។ អង់គ្លេស​ប្រាថ្នា ចង់បាន​កិច្ចព្រមព្រៀង ដោះដូរពាណិជ្ជកម្ម​សេរី រួមមួយ ដែល​ក្តោបទៅលើ​គ្រប់វិស័យ ជាមួយអាមេរិក ប៉ុន្តែ អាមេរិកវិញ តាមរយៈ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោកដូណាល់ ត្រាំ បាន​អះអាងរួចហើយថា អាមេរិក​នឹង​ចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ជាមួយ​អង់គ្លេស ទៅតាម​វិស័យ​នីមួយៗ គឺ​មិនមែន​ជា​កិច្ចព្រមព្រៀង​ជារួម​នោះទេ។

នៅមាន​ចំណុច​ច្រើនទៀត ដែល​បញ្ជាក់​ថា អង់គ្លេស និង​អាមេរិក មាន​ជំហរ​ខ្វែងគ្នា ឬ​អាច ថា អង់គ្លេស​ពិបាក​នឹងនិយាយ​​ចុះសម្រុង ជាធ្លុងមួយ​ជាមួយ​អាមេរិក ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​នោះ​បើទោះបី​ថ្នាក់ដឹកនាំ​ទាំងពី​សន្យា​ពីកិច្ចព្រមព្រៀង​ដោះដូរ​ពាណិជ្ជកម្ម​ដ៏ធំសម្បើម​មួយ នៅក្រោយ​អង់គ្លេស ដើរចេញពី​អឺរ៉ុប​ក្តី។ ទី១ អង់គ្លេស និង​អាមេរិក​មាន​ជំហរ​មិនដូចគ្នា ក្នុង​សំណុំរឿង អាកាសធាតុ នុយក្លេអ៊ែរ​អ៊ីរ៉ង់ ឬ​កងទ័ព​អូតង់ជាដើម។ ទី២ អាមេរិក​របស់លោកដូណាល់ ត្រាំ ធ្វើ​នយោបាយ ការពារ​ប្រយោជន៍ ជាតិនិយម ដោយ​បាន​ប្រកាស​ដាក់របាំងពន្ធគយ មិនថា ជាមួយ​ប្រទេស​ចិន ឬ​ប្រទេស​អឺរ៉ុប សម្ព័ន្ធមិត្ត។ ចំណែក​អង់គ្លេស​ប្រកាន់​គោលការណ៍ ដោះដូរ​ពាណិជ្ជកម្ម​សេរី និង​បាន​ទាមទារ​ឲ្យ​មាន​សន្តិភាព​ពាណិជ្ជកម្ម ជាជាង សង្រ្គាម​ពាណិជ្ជកម្ម។ អង់គ្លេស​ដែល​មាន​ប្រពៃណី​ធ្វើ​ពាណិជ្ជកម្ម សេរី ធ្លាប់បាន​បង្ហាញជំហរ យល់ស្រប ពេញចិត្ត​នយោបាយ​សេដ្ឋកិច្ច​របស់​ចិន ដែល​លោកដូណាល់ ត្រាំ កំពុង​ធ្វើ​សង្រ្គាមពាណិជ្ជកម្ម។ រហូតមក អង់គ្លេស​នាំចូល​ទំនិញ​បច្ចេកវិទ្យា​ចិន ច្រើន​ជាង ទំនិញ​អាមេរិកាំង។ រដ្ឋាភិបាល អង់គ្លេស​ធ្លាប់​បាន​បង្ហាញ​ចេតនា​ចង់​បានប្រព័ន្ធ5G​របស់​ក្រុមហ៊ុន​Huawei ដែល​អាមេរិក​ប្រឆាំង​ដាច់ខាត។

សម្រាប់​អ្នកវិភាគ​មួយចំនួន នៅពេល​ដែល​អង់គ្លេស​មិនទាន់​លែងដាច់ស្រឡះ ចាកចេញ​ជាផ្លូវការ ពីសហភាពអឺរ៉ុប ពោល​គឺ​ដរាបណា​អង់គ្លេស​នៅ​មិនទាន់​ឈរជើង​តែម្នាក់ទេ អាមេរិក​មិនទាន់​បញ្ចេញ​ធ្មុង ដាក់​សំពាធ​លើ​អង់គ្លេស ដើម្បី ផលប្រយោជន៍​ខ្លួននោះ​ទេ ជាពិសេស​នៅក្នុង​រឿង​ដែល​អង់គ្លេស ចង់ចង​ចំណង​ពាណិជ្ជកម្ម​ជាមួយ​ចិននោះ។

នៅថ្ងៃ​អង្គារ ប្រធាន​គណបក្ស​ពលករ​អង់គ្លេស ដែល​ជា​គណបក្ស​ប្រឆាំង​បាន​ព្រមានរួចហើយ ពីការបាត់បង់​អធិបតេយ្យភាព បើសិន​រដ្ឋាភិបាល អង់គ្លេស​ប្រកាន់ជំហរ​ចង់ ឲ្យ​ខាងតែបាន ធ្វើជំនួញ​បែប​រណប ចង់​បាន​ប្រយោជន៍ ចាំតំណក់ទឹក ពីអាមេរិកនោះ។ មួយវិញទៀត កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ដែល​ពេញលេញ និង​ផ្តល់​ប្រយោជន៍ យល់ព្រម​ទាំង​សងខាង ត្រូវការ​ពេលវេលា​យ៉ាងហោច ១០​ឆ្នាំ មិនមែន ក្នុង​រយៈពេល​១ឆ្នាំ​ដូច​ការអះអាង​របស់​លោកដូណាល់ត្រាំ។

អាច​និយាយបាន​ថា ការសន្យា​របស់​លោកដូណាល់ ត្រាំ គ្រាន់តែ​ជានុយ ដើម្បី ទាក់ទាញ​អង់គ្លេស ឲ្យ​មកខាងខ្លួន និង​សម្រាប់ជា​ទីផ្សារ​ឲ្យ​ផលិតផល​អាមេរិកាំង ដែល​កំពុង​ជួបបញ្ហា​ដោយសារ​សង្រ្គាមពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ដ៏ធំសម្បើម ដែល​លោកដូណាល់ ត្រាំ​បាន​សន្យា គឺ​ពិបាក​នឹង​លេចចេញជារូបរាង៕

រុស្ស៊ី ជាម្ចាស់ផ្ទះ ទទួលជាលើកដំបូង មហាសន្និបាតនៃអង្គការទេសចរណ៍ពិភពលោក

សហភាពអឺរ៉ុបបង្ហាញ​​សមាសភាព​​គណៈកម្មការ​ថ្មី ប្រកប​​ដោយ​​សមភាព តែ​ក៏​មាន​​ការ​រិះគន់​

ហេតុអ្វី​ឥណ្ឌូណេស៊ីឈប់​នាំ​ចេញ​រ៉ែនីកែលទៅក្រៅប្រទេស?

អង្គការ Amnesty International បរិហារពីអវត្តមានក្រមសីលធម៌ និងភាពគ្មានតម្លាភាពរបស់ឧស្សាហកម្មអាវុធ

ហេតុអ្វីអាហ្សង់ទីនប្រើវិធានការត្រួតពិនិត្យលើការដោះដូររូបិយវត្ថុ?

អ៊ុយក្រែន បារម្ភនឹងក្រុមអ្នកទេសចរទៅថតរូប​នៅស្ថានីយអគ្គិសនីបរមាណូ Tchernobyl

រដ្ឋាភិបាលថៃ​​ប្រឹងប្រែង​​ទាក់ទាញ​ការ​វិនិយោគ​ពី​កូរ៉េខាងត្បូង​

តើ​សមយុទ្ធ​ជើងទឹក​រួម​អាស៊ាន-អាមេរិក​មាន​សារៈសំខាន់​យ៉ាងណា​សម្រាប់​អាស៊ាន?

ហេតុអ្វីបានជាផ្ទៃដីកសិកម្មចំនួន ១ភាគ៣ ក្នុងលោកត្រូវបានខូចខាត និងប្រហែលមិនអាចធ្វើកសិកម្មបាន?

សិង្ហបុរី៖ សញ្ញាសេដ្ឋកិច្ចធ្លាក់ចុះ និងជម្លោះនយោបាយផ្ទៃក្នុង

ជប៉ុនបើក​សន្និសីទ​អន្តរជាតិ​ជប៉ុន-អាហ្វ្រិក​លើកទី៧ ទោះ​ដឹង​ថា​ពិបាក​នឹង​ប្រជែង​ជាមួយ​ចិន

បន្ទាប់ពីស៊ីរី អ៊ីស្រាអែលបានប្រើសមរភូមិអ៊ីរ៉ាក់ និងលីបង់ដើម្បីប្រឆាំងអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់

រុស្ស៊ី​រៀបចំ«ល្បែងកងទ័ពអន្តរជាតិ» នៅម៉ូស្គូ ​ដោយ​មាន​និស្សិត​យោធា​ខ្មែរចូលរួមផង

ហេតុអ្វី អាមេរិក​ចង់ទិញ​ដែនដី​ហ្ក្រូអេឡិន ពីដាណឺម៉ាក ?

ហេតុអ្វី​​អាមេរិក​ខ្វល់ខ្វាយ​ខ្លាំងម្ល៉េះពី​ជម្លោះ​រវាង​ជប៉ុន​និង​កូរ៉េខាងត្បូង​?

សករាជថ្មីមួយបានបើកឡើងហើយនៅស៊ូដង់ តែផ្លូវដែលត្រូវដើរឆ្ពោះទៅកាន់ប្រជាធិបតេយ្យពិតប្រាកដនៅវែងឆ្ងាយ

សេដ្ឋកិច្ច​វិនិយោគបារាំងអំឡុងពីរឆ្នាំក្រោមលោកម៉ាក្រុង

លោកត្រាំ និង បស្ចិមលោកជាទូទៅ នាំគ្នាអធិប្បាយ អំពី ការផ្ទុះនៅរុស្ស៊ី ពេលសាកល្បងមីស៊ីលធុនថ្មី

តើអ្វី​ជា​វិបត្តិ​បន្ទាប់​របស់​ហុងកុង​ នៅពេល​ដែល​ការប្រឆាំង​តវ៉ា​កាន់តែ​រីករាល​ដាលខ្លាំង​?

ចិន៖ ចូលរៀនសកលវិទ្យាល័យបរទេសល្បីៗ ទោះដោយវិធីណាក៏ដោយ