អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី អាមេរិក​ចង់ទិញ​ដែនដី​ហ្ក្រូអេឡិន ពីដាណឺម៉ាក ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក ដូណាល់​ ត្រាំ បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត ចេតនា​ចង់​ទិញ​ដី​កោះ​ហ្ក្រូអេឡិន​ មក​ធ្វើ​ជា​រដ្ឋ​ទី ៥១​របស់​សហរដ្ឋ​អាមេរិក។ ហ្ក្រូអេឡិន ជា​រដ្ឋ​មួយ​របស់​រាជាណាចក្រ​ដាណឺម៉ាក មាន​​ផ្ទៃ​ក្រលា ២​លានគីឡូ​ម៉ែត្រ​ការ៉េ និង​ប្រជាជន​រស់​នៅ​៥៧០០០​នាក់។ លោក​ដូណាល់​ ត្រាំ បាន​ស្នើ​សុំ​ឱ្យ​ក្រុម​ការងារ​របស់​សេតវិមាន​សិក្សា​​រក​លទ្ធភាព​ទិញ​ដែន​ដី​ ដែល​​ដាណឺម៉ាក មិន​បាន​ប្រកាស​ដាក់​លក់​ផង។ តើ​មាន​មូល​​ហេតុ​អ្វី​ខ្លះ​ដែល​ជំរុញ​ឱ្យ​លោក​ដូណាល់​ត្រាំ ចង់​ទិញ​ដី​ហ្ក្រូអេឡិន​ពីដាណឺម៉ាក ?!

កោះ​Groenland ថត​ពី​អាកាស ដោយផ្កាយ​រណប
កោះ​Groenland ថត​ពី​អាកាស ដោយផ្កាយ​រណប NASA
ផ្សាយពាណិជ្ជកម្ម

អាមេរិក​ធ្លាប់មាន​ប្រវត្តិ​​ទិញ​ដី ​ដើម្បី​ពង្រីក​ប្រទេស​ បង្កើន​រដ្ឋ ! ​ដូច​ជា​ ​​ទិញ​​រដ្ឋ​Louisiane ​ពី​បារាំង នៅ​ឆ្នាំ​១៨០៣ ក្នុង​តម្លៃ​ ១៥​លាន​ដុល្លារ (ស្មើនឹង​៣៣៣ ៤៩៥ ០០០ ដុល្លារ​នៅ​ឆ្នាំ​២០១៩) ឬទិញ​ដី​អាឡាស្កា ពី​រុស្ស៊ី​នៅ​ឆ្នាំ​១៨៦៧​ ក្នុង​តម្លៃ​៧,២​លាន​ដុល្លារ​ជា​ដើម​។ល។ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា សម័យ​ដើម​សតវត្សរ៍​ទី​១៩ និងសម័យ​​បច្ចុប្បន្ន​ខុស​គ្នា​ឆ្ងាយ​ណាស់។ ឯ​ទំនាក់ទំនង​អន្តរជាតិក៏​បាន​​ប្រែប្រួល​ច្រើន ហើយ​ម្យ៉ាង​ទៀត​​ហ្ក្រូអេឡិន មិនមែន​ជា​កូន​កោះ​តូច​តាច​ដែល​អ្នក​មាន​លុយណា​អាច​ទិញ​បាន​ដោយ​ងាយៗ​ឡើយ និងជាពិសេស​ហ្ក្រូអេឡិន​​មិនមែន​ជា​ដី​ដាក់​លក់។ ​រដ្ឋាភិបាល​ហ្ក្រូអេឡិនមិនបាន​ប្រកាស​ដាក់​លក់​ប្រទេស​របស់​ខ្លួន​​ទេ។

​អាមេរិកធ្លាប់​ស្នើ​សុំ​​​ទិញ​ហ្ក្រូអេឡិនម្ត​ងហើយ​កាលពី​ឆ្នាំ​១៩៤៦។ ប្រធានាធិបតី​អាមេរិក​សម័យ​នោះ គឺ​លោក Harry Truman បានហ៊ាន​​ឱ្យថ្លៃដល់​ទៅ​​១០០​លានដុល្លារ តែ​មិន​សម្រេច។ ដាណឺម៉ាក បាន​ត្រឹម​ព្រមព្រៀង​ឱ្យ​អាមេរិក​ អាច​ដាក់​មូលដ្ឋាន​ទ័ព​​នៅហ្ក្រូអេឡិន នៅ​ឆ្នាំ​១៩៥០។ ក្នុង​អំឡុង​ពេល​សង្គ្រាម​ត្រជាក់ អាមេរិក​ថែម​ទាំង​បាន​មក​តាំង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ដ៏​សម្ងាត់​​នៅ​លើ​កោះ​ទឹកក​នេះ​មួយ​ មុន​នឹង​រំសាយ​ចោល​ទៅ​វិញ​ទៅ​ឆ្នាំ​១៩៦៧ ដែល​​​សំណល់​គំរាមកំហែង​បរិស្ថាន​រហូត​មកទល់​សព្វថ្ងៃ។

​គំនិតចង់ទិញ​ហ្ក្រូអេឡិន​មិនមែន​​ថ្មី​ថ្មោង​ឡើយ គ្រាន់តែថា​ការ​ប្រកាស​ចេតនា​លើក​នេះ​ជា​របស់​លោកត្រាំ ដែល​​មហាសេដ្ឋី​អចលនទ្រព្យ​ និង​ដែល​ល្បី​ខាង​ចេញ​សេចក្តីប្រកាស​ចម្រូង​ចម្រាស។ គ្រាន់​តែ​បាន​ដឹង​ពី​ផល​ប្រយោជន៍​នៃ​តំបន់ប៉ូលភ្លាម រដ្ឋបាល​លោក​ត្រាំ​បាន​លុយ​មក​ដាក់​មុខ ប្រកាស​​ទិញ​តំបន់​​ហ្ក្រូអេឡិនភ្លាម​តែ​ម្តង។ ហើយ​នៅ​ពេលមាន​ប្រតិកម្ម​បដិសេធ​ភ្លាមពីដាណឺម៉ាក​ភ្លាម លោកត្រាំ​លុប​ចោល​​គម្រោង​​ទស្សនកិច្ច នៅ​ដាណឺម៉ាក នៅ​សប្តាហ៍​ក្រោយវិញ​ភ្លាម​។

ទិដ្ឋភាព​ភូមិ​មួយ​របស់​Groenland
ទិដ្ឋភាព​ភូមិ​មួយ​របស់​Groenland RFI photo d'ecran ledevoir.com

មាន​ទីតាំង​នៅ​តំបន់​ប៉ូល​ខាង​ជើង ចន្លោះ​មហាសមុទ្ទ​អាត្លង់ទិក និង​មហាសមុទ្ទ​អាកទិក ហ្ក្រូអេឡិន ​ស្ថិត​នៅ​ក្រោម​រដ្ឋបាល​របស់​រាជាណាចក្រ​ដាណឺម៉ាក និង​មាន​​ស្វ័យ​ភាព តាំង​ពី​​ឆ្នាំ​១៩៧៩​មក។ ក្នុង​មួយ​ឆ្នាំ​ៗ​ដាណឺម៉ាក​ត្រូវ​ចំណាយ​ប្រាក់​ចិញ្ចឹម​កោះ​ អស់​៧០០​លាន​។ ជា​បន្ទុក​ដ៏ធ្ងន់​ ដែល​អាមេរិក​យល់​ថា​ដាណឺម៉ាកមិន​ចង់​ទ្រាំ​ទ្រ​ទៀត​ទេ ច្បាស់​ជា​ព្រម​លក់​ចេញ​ហើយ។ បើ​ដាណឺម៉ាក ខ្លាច​ចំណាយ​ចង់​លក់​ចេញ​ អ៊ីចឹង​ហេតុ​អ្វី​បាន​ជា​អាមេរិក​បែរ​ជា​ចង់​ទិញ​ទៅ​វិញ ?!

មូលហេតុ​ទី​មួយ គឺ​សេដ្ឋកិច្ច​ ! ហ្ក្រូអេឡិន​ដែល​ជា​កោះ​ដ៏​ធំ​ជាង​គេ​បំផុត​​របស់​ផែនដី មានផ្ទុក​ធនធានរ៉ែ​ធម្មជាតិ​ក្រោម​ដី យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ដូច​ជា អ៊ុយរ៉ានីញ៉ូម ដែក ទទឹម រ៉ែកម្រ ហើយ​ក្រោម​សមុទ្ទ​​​ជា​ជង្រុក​ប្រេង និង​មាន​ផ្ទៃ​ក្រឡា​ជាង​ពីរលាន​គីឡូម៉ែត្រ​ការ៉េ សម្រាប់​ធ្វើ​ជា​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​។ នេះ​ដោយ​មិន​គិត​ពី​ផ្ទាំង​ទឹកកក​ដែល​គ្រប​ដណ្តប់​ផ្ទៃ​កោះ​ ដែល​តំណាង​ឱ្យ​១០​%​នៃ​ទឹក​សាប​លើ​ភព​ផែន​ដី​ផង។

មូលហេតុ​ទីពីរ គឺ​ផលប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​នៃ​កោះ​ដែល​ស្ថិត​នៅ​ជិត​បង្កើយ​នឹង​តំបន់​ប៉ូល​អាកទិក។ បន្ទាប់​ពី​បាន​បោះបង់​តំបន់​ប៉ូល​មួយ​រយៈ​ តាំង​ពី​សង្គ្រាម​ត្រជាក់​បិទ​បញ្ចប់​ទៅ រដ្ឋបាល​លោក​ត្រាំ ទើប​មើល​ឃើញ​អំពី​តួនាទី​ជា​យុទ្ធសាស្ត្រ​នៃ​តំបន់​នេះ ក្រោយ​គេ ៖ រុស្ស៊ី​បាន​ចាប់​ផ្តើម​អភិវឌ្ឍសកម្មភាព​យោធា​របស់​ខ្លួន​ រួច​ហើយ នៅ​ តំបន់​អាកទិកដែល​ពាក់កណ្តាល​ជា​ដែនដី​របស់​​រុស្ស៊ី​។ ប៉ុន្តែ គ្មាន​អ្វី​ធានា​បាន​ថា​រុស្ស៊ី​អភិវឌ្ឍតែ​ក្នុង​រង្វង់​ផ្ទៃដី​របស់​ខ្លួន​ទេ។ ចំណែក​ចិន​វិញ ក៏​បាន​បង្កើន​វត្តមាន​ខ្លាំង​ណាស់​ដែរ ក្នុង​វិស័យ​សេដ្ឋកិច្ច​និង​វិទ្យាសាស្ត្រ។ ប៉េកាំង​មាន​កិច្ច​សន្យា​ទាញ​រ៉ែកម្ររួច​ទៅហើយ​ជាមួយ​ហ្ក្រូអេឡិន។ ​ចិន​កំពុង​តែ​ចាក់​ស្រេស​រាយ​បណ្តាញ​ទីផ្សារ​ ហើយ​សង្ឃឹម​ថា​នឹង​អាច​មាន​ផ្លូវ​នៅភាគ​ខាង​ជើង​ ជា​ផ្លូវ​កាត់​ទៅ​ចិន​ ដោយមិន​បាច់​ឆ្លង​កាត់​មហាសមុទ្ទ​ប៉ាស៊ីហ្វិក​និង​អាត្លង់ទិក​នៅ​ពេល​ខាង​មុខ​ផង។ ប្រឈម​មុខ​នឹង​សកម្មភាព​របស់​រុស្ស៊ី និង​ចិន ហ្ក្រូអេឡិន​ក្លាយ​ជា​តំបន់​យុទ្ធសាស្ត្រសេដ្ឋកិច្ច​ការ​ទូត​​ដ៏​សំខាន់​បំផុត និង​ជា​អាយុ​ជីវិត​សម្រាប់​អាមេរិក​លើ​ផ្នែក​ការពារជាតិ​និង​សន្តិសុខ​អាមេរិក​ខាង​ជើង​ ព្រមទាំង​ដើម្បី​រៀប​ចំ​សណ្តាប់​ធ្នាប់​ពិភពលោកថ្មី ក្នុង​សម័យ​ពិភពលោកភាវូបនីកម្ម។

ជា​ចុងក្រោយ​ ​មូលហេតុ​ដែល​អាមេរិក​ចង់​ទិញ​​​ហ្ក្រូអេឡិន ព្រោះ​លោក​ត្រាំទំនង​ជា​ចង់​មាន​ឈ្មោះ​ជា​ប្រធានាធិបតី​​ដែល​បាន​បញ្ចូល​រដ្ឋ​ទី​៥១​ឱ្យ​សហរដ្ឋ​ ជា​អ្នក​បញ្ចូល​ផ្កាយ​ទី​៥១​លើ​ទង់​ជាតិ​អាមេរិក ដូច​អ្វី​ដែល​ប្រធានាធិបតី​ Dwight Eisenhower បានបញ្ចូល​អាឡាស្កា​ទិញ​ពី​រុស្ស៊ីនិង​កោះ​ហាវៃ ​នៅឆ្នាំ​១៩៥៩ ជា​រដ្ឋ​ថ្មី​ចុងក្រោយ​របស់សហរដ្ឋ​អាមេរិក។

ប៉ុន្តែ​បំណង​នេះ​ទំនង​ជា​ពិបាក​សម្រេច​ហើយ ព្រោះ​នាយក​រដ្ឋមន្ត្រី​ដាណឺម៉ាក បាន​ប្រកាស​ជា​សាធារណៈ​ភ្លាម​ថា​មិន​លក់​ហ្ក្រូអេឡិនទេ។ ឯប្រមុខ​រដ្ឋាភិបាល​ហ្ក្រូអេឡិន​វិញ បាន​ឆ្លើយ​តប​ទៅ​នឹង​ដំណឹង​ចង់​ទិញ​របស់​អាមេរិក​ថា ហ្ក្រូអេឡិនបើក​ទ្វារ​ទទួល​​ធ្វើ​ពាណិជ្ជកម្ម មិនមែន​បើក​ទ្វារ​ដាក់​លក់​ប្រទេស​ទេ។ ការ​បដិសេធ​ដោយ​ត្រង់​ដែល​បាន​ធ្វើ​ឱ្យ​លោក ត្រាំ ខឹង​​​ លែង​ធ្វើ​ដំណើរ​ទៅកូផែនហាក តាម​​​ការ​អញ្ជើញ​របស់​ព្រះ​មហាក្សត្រ​​ដាណឺម៉ាក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ