ហេតុអ្វីប្រធានាធិបតីបារាំងបើកជំនួបជាមួយប្រធានាធិបតីរុស្ស៊ី មុនជំនួបG៧ ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៣៨
នៅថ្ងៃចន្ទទី ១៩ សីហា ២០១៩នេះ ប្រធានាធិបតីបារាំង លោក អេម៉ាណុយអែល ម៉ាក្រុង នឹងទទួលជួបលោក វ្លាដេមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ ជាជំនួបដែលប្រព្រឹត្តទៅ៥ថ្ងៃមុន ការបើកជំនួបកំពូលក្រុមប្រទេសមហាអំណាច៧ប្រទេស ហៅកាត់ថាហ្សេ៧។ រុស្ស៊ីធ្លាប់ជាប់ឈ្មោះក្នុងក្រុមមហាអំណាចនេះដែរ ប៉ុន្តែទើបត្រូវបានគេច្រានចេញពីក្រុមកាលពីឆ្នាំ២០១៤ ក្រោយពីរុស្ស៊ីបានក្រសោបយកទឹកដីគ្រីមេ របស់អ៊ុយក្រែន។
នៅថ្ងៃចន្ទទី ១៩ សីហា ២០១៩នេះ ប្រធានាធិបតីបារាំង លោក អេម៉ាណុយអែល ម៉ាក្រុង នឹងទទួលជួបលោក វ្លាដេមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នៅគេហដ្ឋានសម្រាកលំហែរបស់ប្រធានាធិបតី នៅភាគខាងត្បូងប្រទេស។ ជំនួបក្នុងពេលវិស្សមកាលបែបនេះ គឺចង់បង្ហាញថាជំនួបនេះមានលក្ខណៈ បែបបុគ្គលខ្លាំង និងជាលើកទីបី។ កាលពីឆ្នាំ២០១៧ លោកប្រធានាធិបតីបារាំង បានទទួលជួបលោកពូទីននៅវាំងវែកសៃត៍ ទីពីរនៅក្រុងសាំងប៉េស្ត្រាស្បួរប្រទេសរុស្ស៊ី នៅឆ្នាំ២០១៨។ នេះដោយមិនរាប់អំពីការជួបបែបទ្វេភាគី នៅពេលមានជំនួបផ្សេងៗដូចជា ជំនួបហ្សេ២០នៅអូសាកា កាលពីខែមិថុនា ឬនៅប្រេស៊ីលកាលពីខែធ្នូឆ្នាំ២០១៨ផង។
ស្ទង់ជំហររុស្ស៊ី
ប៉ុន្តែជំនួបថ្ងៃនេះ មានអត្ថន័យខ្លាំង ព្រោះវាប្រព្រឹត្តទៅតែ៥ថ្ងៃប៉ុណ្ណោះ មុនការបើកជំនួបកំពូលហ្សេ៧ នៅប្រទេសបារាំង និងដែលបារាំងជាប្រធានផ្លាស់វេនទៀត។ ក្រុមហ្សេ៧ដែលគេស្គាល់ថាប្រទេសមហាឧស្សាហកម្ម៧ដំបូងគេនៅលើពិភពលោក រួមមានសហរដ្ឋអាមេរិក បារាំង អង់គ្លេស អាល្លឺម៉ង់និងអ៊ីតាលី។ រុស្ស៊ីត្រូវបានគេដកចេញពីក្រុមមហាអំណាចតាំងពីឆ្នាំ២០១៤ និងមិនអាចចូលរួមក្នុងជំនួបកំពូលនៅចុងសប្តាហ៍នេះបានទេ។
កម្មវត្ថុនៃជំនួបម៉ាក្រុង-ពូទីនមានច្រើន តែមិនមែនជាចង់គៀងគ នាំរុស្ស៊ីឱ្យមកត្រលប់ចូលក្នុងមហាអំណាចវិញទេ។ តាមការពិត លោកម៉ាក្រុង ចង់បង្ហាញពិភពលោកថាបារាំងជាមេកើយ លោកចង់ផ្តល់តម្លៃនិងភាពសំខាន់ទៅលើការពិគ្រោះយោបល់ជាមួយរុស្ស៊ី លើសំណុំរឿងអន្តរជាតិសំខាន់ៗ និងចង់ស្ទង់ជំហររុស្ស៊ី មុននឹងទៅបើកជំនួបហ្សេ៧ ក្នុងអត្ថន័យការពារនយោបាយពហុជាតិនិយម។ បើបារាំងមិនធ្វើ តើនរណាអាចធ្វើបាននៅពេលនេះ បើអាល្លឺម៉ង់របស់លោកស្រីមែរកិលកំពុងចុះខ្សោយនយោបាយ អង់គ្លេសកំពុងខ្វល់រឿងBrexit ហើយអាមេរិករបស់លោកត្រាំពិបាកស្មាននោះ
ហើយម្យ៉ាងទៀត លោកម៉ាក្រុង មានយុទ្ធសាស្ត្រចំបងមួយ គឺរក្សាការចរចា ទំនាក់ទំនងគ្នា ជាមួយលោកពូទីន។
ថ្វីបើបារាំងនិងរុស្ស៊ីមានទស្សនៈវិស័យខុសគ្នាស្រលះ រុស្ស៊ីមានទំនាក់ទំនងយ៉ាងស្មុគស្មាញបំផុតជាមួយអឺរ៉ុបក៏ដោយ ក៏បារាំងនៅតែចាត់ទុក និងបានចាត់ទុករុស្ស៊ីជាដៃគូមួយដែលមិនគួរមើលរំលងឡើយ ហេតុដូច្នេះបានជាប្រមុខដឹកនាំបារាំងទទួលជួបលោកពូទីន ដើម្បីឱ្យរុស្ស៊ីក៏មានឱកាសបង្ហាញគំនិត បង្ហាញជំហរជុំវិញបញ្ហាទាំងឡាយដែលហ្សេ៧នឹងពិគ្រោះពិភាក្សាគ្នា និងបញ្ជាក់ថា គឺបារាំង (អឺរ៉ុប) មិនមែនទេចិនទេជាដៃគូដ៏សក្តិសមរបស់រុស្ស៊ី ។
អ៊ុយក្រែន ស៊ីរី អ៊ីរ៉ង់ ...
ក្រៅអំពីចង់ស្តារទំនាក់ទំនងបារាំង-រុស្ស៊ី ឱ្យបានល្អប្រសើរនឹងគ្នាឡើងវិញ ជំនួបនេះជាឱកាសដែលប្រធានាធិបតីបារាំង ត្រូវលើកមកពិភាក្សានូវ ប្រធានបទដ៏សំខាន់ និងគគុកជាច្រើន ជាអាទិ៍ វិបត្តិ លីប៊ី អ៊ីរ៉ង់ ស៊ីរី និងអ៊ុយក្រែន ព្រមទាំងបញ្ហាពិភពលោកជាច្រើនទៀតដូចជា អាកាសធាតុ សន្តិសុខ ថាមពល ។ល។និង។ល។ ដែលភាគច្រើនជាប្រធានបទរបស់ហ្សេ៧មែន។
ក្នុងសំណុំរឿងអ៊ុយក្រែន ដែលទើបមានប្រធានាធិបតី លោកម៉ាក្រុង ត្រូវការជជែកខ្លាំងជាមួយលោកពូទីន ដើម្បីស្វែងរកសន្តិភាពឱ្យតំបន់ភាគខាងកើតអ៊ុយក្រែន ហើយនឹងអាលជាប់ឈ្មោះក្នុងប្រវត្តិសាស្ត្រ ថាជាអ្នកបានបិទបញ្ចប់សង្គ្រាមអ៊ុយក្រែន។ វិមានអេលីហ្សេបានបង្ហើបថា សម្រាប់លោកម៉ាក្រុង រុស្ស៊ីត្រូវស្តារកិច្ចព្រមព្រៀងMinsk ស្តារបទឈប់បាញ់រវាងក្រុងគៀវនិងពួកឧទ្ទាម ទើបអាចលើកនិយាយអំពីការវិលត្រលប់របស់រុស្ស៊ីចូលក្នុងក្រុមហ្សេ៧វិញ។ ឮថារុស្ស៊ី ត្រៀមសហការនាំសន្តិភាពឱ្យអ៊ុយក្រែនហើយ ឱ្យបានតំបន់ខាងកើតមានលក្ខន្តិកៈជារដ្ឋសហព័ន្ធ។
អាទិភាពចំបងមួយទៀតរបស់លោកម៉ាក្រុងពេលជួបលោកពូទីន គឺសំណុំរឿងអ៊ីរ៉ង់។ ប្រធានាធិបតីបារាំងចង់ឱ្យរុស្ស៊ីសហការជាមួយបារាំង ឱ្យលោកពូទីន ជួយគាបអ៊ីរ៉ង់កុំឱ្យបោះបង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ឬដើរតួជាអន្តរការីឱ្យអ៊ីរ៉ង់និងអាមេរិក ដើម្បីបន្ធូរបន្ថយស្ថានការណ៍តានតឹង។
ការចាប់ខ្លួនបាតករនៅម៉ូស្គូមក ក៏ទំនងជាលោកម៉ាក្រុងមិនមើលរំលងដែរ។ គេនៅចាំបានថាកាលពីឆ្នាំ២០១៧ លោកម៉ាក្រុងមិនញញើតនឹងរិះគន់រុស្ស៊ីដែលចាប់ខ្លួនអ្នកស្រលាញ់ភេទដូចគ្នានៅឆេតឆេនីទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ