អានតួអត្ថបទ

អ៊ីស្លង់ ប្រារព្ធ​ពិធី​លុប​ឈ្មោះ​ភ្នំទឹកកក ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ

នៅ​ថ្ងៃ​អាទិត្យ​ទី ១៨ សីហា ២០១៩​នេះ អ៊ីស្លង់​ ប្រទេស​ដែន​កោះ​ភ្នំភ្លើង ប្រារព្ធ​ពិធី ដ៏​ចម្លែក​ខុស​ប្រក្រតី​មួយ ! គឺការ​ប្រារព្ធ​ពិធី​​ឧទ្ទិសដល់​ការ​រលាយ​បាត់​ ភ្នំទឹកកក​ របស់​ខ្លួន​ ដោយ​ហេតុ​តែ​ការ​ឡើង​កម្តៅ​អាកាសធាតុ​លើ​ភពផែនដី។ ភ្នំ​ទឹកកក Okjökull បានបាត់​បង់​រូបភាព​ជា​ភ្នំ​ទឹកកក តាំង​ពី​ឆ្នាំ​២០១៤មក ព្រោះ​ភ្នំ​លែង​មាន​ទឹកកក​សោះ។ អ្នក​វិទ្យាសាស្ត្រ​អ៊ីស្លង់ និង​អ្នក​ស្រាវជ្រាវ​អាមេរិក នឹង​សម្ពោធ​បើក​ផ្ទាំង​ចារិក​ ឈ្មោះថ្មី​របស់​​ អតីត​ភ្នំទឹកកក​ អុកហ្សូគុល នៅ​រសៀល​នេះ។

ភ្នំទឹកកក​អ៊ីស្លង់ ដូច​យ៉ាង​ភ្នំ​ Solheimajokull រលាយ​តូចទៅៗ គួរ​ឱ្យ​កត់​សម្គាល់
ភ្នំទឹកកក​អ៊ីស្លង់ ដូច​យ៉ាង​ភ្នំ​ Solheimajokull រលាយ​តូចទៅៗ គួរ​ឱ្យ​កត់​សម្គាល់ THIBAULT CAMUS / POOL / AFP
ផ្សាយពាណិជ្ជកម្ម

ភ្នំទឹកកក Okjökull អុកហ្សូគុល បាន​កាត់ឈ្មោះ​មួយ​កំណាត់​ក្រោយ jökul ​របស់​ខ្លួន តាំង​ពី​ឆ្នាំ​២០១៤​មក ព្រោះ “Jökull” មាន​ន័យ ជា​ភាសា​អ៊ីស្លង់​ថា​ “ផែន​ទឹកកក”។ ពេល​នេះ​ ភ្នំ​មាន​ឈ្មោះយ៉ាង​​ខ្លី ថា “Ok”។ ជា​ករណី​ដំបូង​គេ​បំផុត​នៅ​អ៊ីស្លង់ ! គឺ​ទឹកកក​វិទូ​ Oddur Sigurðsson ជា​អ្នក​ផ្តើម​គំនិត​ ដក​ភ្នំ​នេះចេញ​ពី​បញ្ជី​ភ្នំផែន​ទឹកកក។ “អាច​ចាត់​ទុក​ជា​តំបន់​ផែនទឹកកក​មាន​សុខភាព​ល្អត្រឹម​ត្រូវ ដរាប​ណា​តែ​មាន​ផ្ទៃ​ទឹកកក​ គ្របដណ្តប់ទំហំ​​២/៣ និង​មាន​តែ​១ភាគ​បី​ត្រូវ​រលាយ​ពេល​ខែ​ក្តៅ។ ឯ​ភ្នំ​ទឹកកក​ មិន​បាន​បំពេញ​ទម្រង់​នេះ​ទេ!”។ នេះ​ជា​ពន្យល់​របស់​អ្នក​វិទ្យាសាស្ត្រផ្នែក​ផែន​ទឹកកក​​ដដែល​។

ក្នុង​រយៈ​ពេល​តែ​ជាង​មួយ​សតវត្សរ៍​បន្តិច​ប៉ុណ្ណោះ ផ្ទាំង​ទឹកកក​ ​គ្របលើ​ភ្នំ Okjökull ​ ដែល​មាន​ផ្ទៃ​ក្រឡា​១៦គីឡូម៉ែត្រ​ការ៉េ បាន​រលាយ​ស្ទើរ​អស់​រលីង។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា លោក Dominic Boyer សាស្ត្រាចារ្យ ផ្នែក​នរវិទ្យា​នៅសាកលវិទ្យាល័យ​ Rice ​សហរដ្ឋ​អាមេរិក​ បានផ្តួច​ផ្តើម​គំនិតរៀប​ចំ ​ដាក់​តម្កល់​​ផ្ទាំង​ចារិក​ឈ្មោះ​ថ្មី ឱ្យ​អតីត​ភ្នំទឹកកក​ Okjökull ដើម្បី​ដាស់​សតិ​ពិភពលោក​ឱ្យ​យល់​ដឹង​អំពី​ការ​ប្រែប្រួល​អាកាសធាតុ។ « វា​ជា​ការ​សំខាន់​ណាស់​ដែល​ត្រូវ​រក​ឱ្យ​ឃើញ​នូវ​មធ្យោបាយ​ចង​ភ្ជាប់​​និង​ជំរុញ​ពិភពលោក​បច្ចុប្បន្ន​ឱ្យ​ទទួល​ស្គាល់​ថា​ការ​ប្រែប្រួល​អាកាសធាតុ មិនមែន​ជា​បញ្ហា​​អនាគត​ទេ តែ​បាន​ចាប់​ផ្តើម​រួច​ទៅ​ហើយ »។​ លោក​សាស្ត្រចារ្យ​បាន​លម្អិត​ទៀត​ថា ​ផ្ទាំង​ឧទ្ទិស​ដល់​ការ​រលាយ​ផ្ទាំង​ទឹកកក ដែល​ជា​ករណី​ដំបូង​បំផុត​នៅ​លើ​ពិភពលោក មាន​ចារ​​​សារ ជា​ភាសា​អង់គ្លេស​និងអ៊ីស្លង់​ ថា​​ “យើង​ដឹង​ថា​មាន​អ្វី​កើត​ឡើង និង​អ្វី​ដែល​ត្រូវ​ធ្វើ” “អ្នក​ម្នាក់ឯង​គត់​ដែល​ដឹងថា​យើង​បាន​ធ្វើ​អ្វីខ្លះ" !

សារមាន​ប្រើ​ពាក្យ​​ "អ្នក" ​គឺ​ជា​ការក្លែម​ន័យ​​ដ៏​មាន​ឥទ្ធិពល​ សំដៅ​អំពាវនាវ​គ្រប់​អ្នក​បាន​អាន ឱ្យ​បញ្ចេញ​សកម្មភាព​ការ​ពារ​បរិស្ថាន។ ព្រោះ​បើ​ពិភពលោក​មិន​រួសរាន់​ទេ នោះ​​ភ្នំទឹកកក​ជាង​៤០០​ផ្សេង​ទៀត​របស់​អ៊ីស្លង់ ពិត​ជា​នឹង​មាន​ជោគ​វាសនា រលាយ​បាត់ ​ដូច​​ Ok ឈ្មោះ​ថ្មី​របស់​អតីត​ភ្នំ​ទឹកកកOkjökull​ជាក់​ជា​ពុំ​ខាន៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ