rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សត្វព្រៃ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អ្នកជំនាញ និងអ្នកនយោបាយក្នុងលោកគិតគូរឡើងវិញលើច្បាប់ស្តីពីពាណិជ្ជកម្មសត្វ និងរុក្ខជាតិព្រៃដែលរងការផុតពូជ

media
Convention on International Trade in Endangered Species of Wild Fauna and Flora (CITES) secretary-general Ivonne Higuero gestures as she speaks during a press conference ahead of the World Wildlife Conference – CITES CoP18 on August 13, 2019 in Geneva AFP

ក្រុម​អ្នកជំនាញ ក្រុម​អ្នកនយោបាយ ក្រុម​អ្នកតំណាង​អង្គការ​នានា និង​ក្រុម​អ្នក​ការពារ​បរិស្ថាន​មាន​គ្នា​សរុប​ជា​ច្រើន​ពាន់​នាក់​មក​ពី​ជាង ១៨០ប្រទេស​ក្នុង​លោក​បាន​ផ្តើម​កិច្ចប្រជុំ​រយៈពេល ១២ថ្ងៃ​នៅ​ក្នុង​ប្រទេស​ស្វ៊ីស។ កិច្ចប្រជុំដែល​រៀបចំ​ដោយ​អនុសញ្ញា​ស្តីពី​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​ប្រភេទសត្វ និង​រុក្ខជាតិ​ព្រៃ​រងការ​គំរាម​ផុតពូជ​មាន​កម្មវត្ថុ​ជជែក​លើ​សំណើ​ចំនួន ៥៦ ដើម្បី​ពង្រឹង​លើ​ច្បាប់​ស្តីពី​ការ​ការពារ​ពពួកសត្វ និង​រុក្ខជាតិ​ព្រៃ​ដែល​កំពុង​ប្រឈម​នឹង​ការ​ផុតពូជ។ លោកស្រី​អ៊ីវន ហ៊ីហ្កឺរ៉ូ អគ្គលេខាធិការ​នៃ​អនុសញ្ញា​ស្តីពី​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​ប្រភេទសត្វ និង​រុក្ខជាតិ​ព្រៃ​ដែល​គំរាម​ផុតពូជ​បាន​ថ្លែង​ដោយ​ព្រមាន​ថា គេ​មិន​អាច​បន្ត​អនុវត្ត​លើ​អនុសញ្ញា​មួយ​នេះ​បាន​ទៀត​ឡើយ​សម្រាប់​ពេល​បច្ចុប្បន្ន។


អនុសញ្ញា​ស្តីពី​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​ប្រភេទសត្វ និង​រុក្ខជាតិ​ព្រៃ​ដែល​គំរាម​ផុតពូជ ឬ​ហៅ​អនុសញ្ញា​ក្រុង​វ៉ាស៊ីតោន​ជា​កិច្ចព្រមព្រៀង​អន្តររដ្ឋាភិបាល​ដែល​បាន​ចុះ​ហត្ថលេខា​ក្នុង​ថ្ងៃទី៣ មីនា ឆ្នាំ ១៩៧១។ អនុសញ្ញា​មួយ​នេះ​បាន​កំណត់​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​លើ​ពពួកសត្វ និង​រុក្ខជាតិព្រៃ​ជាង ៣៥ ០០០ប្រភេទ ហើយ​អនុសញ្ញា​ដដែល​នេះ​ក៏​បាន​ចែង​ពី​យន្តការណ៍​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ណា​ដែល​មិន​ព្រម​គោរព​តាម​ដែរ។ តែ​ប្រឈម​នឹង​ការ​ជិត​ផុតពូជ​ពពួកសត្វ និង​រុក្ខជាតិ​សព្វថ្ងៃ គេ​មិន​អាច​បន្ត​អនុវត្ត​លើ​អនុសញ្ញា​កាល​ពី​ជាង ៤០ឆ្នាំ​មុន​បាន​ទៀត​ឡើយ នេះ​ជា​ការ​ថ្លែង​របស់​លោកស្រី​អ៊ីវន ហ៊ីហ្កឺរ៉ូ អគ្គលេខាធិការ​នៃ​អនុសញ្ញា​ស្តីពី​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​ប្រភេទសត្វ និង​រុក្ខជាតិ​ព្រៃ​ដែល​គំរាម​ផុតពូជ។

ក្តីសង្ឃឹម​របស់​លោកស្រី​អ៊ីវន ហ៊ីហ្កឺរ៉ូ​នៅ​ក្នុង​កិច្ចប្រជុំ​រយៈពេល ១២ថ្ងៃ គឺ​កែប្រែ​អនុសញ្ញា​ដែល​មាន​ស្រាប់​ដោយ​ពង្រឹង​បន្ថែម​លើ​វិធានការ​ការពារ​លើ​ពពួក​សត្វ និង​រុក្ខជាតិព្រៃ​ដែល​កំពុង​ទទួល​ការ​ផុត​ពូជ។ ចំណែក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ស្វ៊ីស​លោក​អាឡាំង ប៊ែរស៊េត​បាន​ទាមទារ​ឲ្យ​មាន​វិធានការ​ម៉ឹងម៉ាត់ និង​បន្ទាន់​ចំពោះ​អ្នក​បរបាញ់ និង​ជួញដូរ​សត្វព្រៃ​ដោយ​ខុសច្បាប់។ គួរ​បញ្ជាក់​ថា សន្និសីទ​រវាង​ក្រុម​អ្នកជំនាញ ក្រុម​អ្នកនយោបាយ ក្រុម​អ្នកតំណាង​អង្គការ​នានា និង​ក្រុម​អ្នក​ការពារ​បរិស្ថាន​ក្នុង​ប្រទេស​ស្វ៊ីស​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​អង្គការសហប្រជាជាតិ​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដែល​បញ្ជាក់​ថា មាន​សត្វព្រៃ​គ្រប់​ប្រភេទ​ចំនួន ១លាន​កំពុង​រង​ការ​វិនាស​ផុតពូជ។

តាម​លោកស្រី​អ៊ីវន ហ៊ីហ្កឺរ៉ូ ប្រធានបទ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ខុសច្បាប់​ពិត​ជាបញ្ហា​ដ៏ធំ​មួយ​ដោយ​លោកស្រី​សម្គាល់​ឃើញ​ថា មាន​ការ​ចូលរួម​ឃុបឃិត​ពី​ក្រុម​អង្គការ​មួយ​ចំនួន​ដែល​មាន​ឥទ្ធិពល​ខ្លាំង។ នៅ​ក្នុង​ន័យ​នេះ លោកស្រី​បាន​សំណូមពរ​ឲ្យ​ដាក់​ទោស​ចាស់ដៃ​លើ​អ្នក​ជួញដូរ​សត្វព្រៃ​ដែល​រង​ការ​ផុតពូជ​ឲ្យ​ដូច​នឹង​អ្នកជួញដូរ​មនុស្ស ឬ​អ្នក​ជួញដូរ​គ្រឿងញាន។ ក្រៅ​ពី​ផ្តោត​លើ​ការ​ពង្រឹង​ច្បាប់​ស្តីពី​ការ​ការពារ​ពពួកសត្វ និង​រុក្ខជាតិ​ព្រៃ​ដែល​កំពុង​ប្រឈម​នឹង​ការ​ផុតពូជ កិច្ចប្រជុំ​ដែល​រៀបចំ​រៀងរាល់ ៣ឆ្នាំ​ម្តង​រយៈពេល ១២ថ្ងៃ​ក៏​នឹង​សិក្សា​លើ​សំណើ​មួយ​ចំនួន​ស្តីពី​សត្វ​ដំរី​នៅ​ទ្វីបអាហ្រ្វិក និង​លើក​ទៅ​ជជែក​ជា​លើកទី១ ទាក់ទង​នឹង​សត្វ ក វែង​នៅ​ទ្វីបអាហ្រ្វិក​ដែល​បាន​បាត់បង់​អស់ ៤០% ក្នុង​រយៈពេល ៣ទសវត្ស​ចុង​ក្រោយ​នេះ៕