អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោកត្រាំ និង បស្ចិមលោកជាទូទៅ នាំគ្នាអធិប្បាយ អំពី ការផ្ទុះនៅរុស្ស៊ី ពេលសាកល្បងមីស៊ីលធុនថ្មី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុងសប្តាហ៏មុន ថ្ងៃ ៨ សីហា នៅឯមូលដ្ឋានកងនាវារុស្ស៊ី ក្នុងសមុទ្រឧត្តរ ចម្ងាយប្រមាណ ១.០០០ គម ខាងជើងពីរដ្ឋធានីម៉ូស្គូ ពេលសាកល្បងបង្ហោះមីស៊ីលធុនថ្មី ដែលម៉ូទ័រវា ប្រើឥន្ធនៈរាវ ទទួល បានពីប្រភពថាមពល Isotope និយាយរួមគឺ ឥន្ធនៈនុយក្លេអែរ ស្រាប់តែកើតឡើងជា ឧបទ្វហេតុ ផ្តាច់ជីវិត អ្នកឯកទេសរុស្ស៊ីដ៏ល្បីៗ ខាងវិស័យនុយក្លេអ៊ែរ អស់ ៥ នាក់ និង របួសជិត ១០ នាក់។ អាជ្ញាធររុស្ស៊ី ផ្សាយ ដំណឹង អំពីគ្រោះថ្នាក់នេះ មិនសូវក្បោះក្បាយទេ។ ប៉ុន្តែ យោងទៅលើទិន្នន័យ ឈ្លបយកបានដោយចារកិច្ច អាមេរិក លោក ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងបទអត្ថាធិប្បាយខ្លួន បានសរសេរថា តាមរយៈ ឧបទ្វហេតុ នេះ  សហរដ្ឋអាមេរិក “បានដឹងរឿងច្រើន”។ ទន្ទឹមនេះ ប្រព័ន្ធផ្សព្វផ្សាយ និង ពួកអ្នកជំនាញបស្ចិមលោក នៅតែ បន្តធ្វើការបកស្រាយ អំពីការផ្ទុះនោះឯង។ បក្សសម្ព័ន្ធ អូតង់ ថែមទាំងមើលឃើញនៅនឹងមីស៊ីល សាកល្បងនេះ ថាវា អាចបង្កើតជា ហានិភ័យសម្រាប់ខ្លួន។ តើមីស៊ីល ដែលរុស្ស៊ី សាកល្បងលើកនេះ មិនសម្រេចដូចចិត្ត ជា អាវុធប្រភេទណា?

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ (Donald Trump)
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ (Donald Trump) REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

ជាបឋម អំពី មីស៊ីលនោះផ្ទាល់ នៅរុស្ស៊ី ឈ្មោះវា គឺ មីស៊ីល 9M730 ឫ Bourevestnik  ប្រែមកថា “បក្សីដែលឲ្យដំណឹងអំពី ព្យុះសង្ឃរា បោកបក់ជិតមកដល់”។ ក្នុងបក្សសម្ព័ន្ធអូតង់ គេហៅវាថា មីស៊ីល SSC-X-9 Skyfall ឫ “ធ្លាក់ពីមេឃ”។ វាជា មីស៊ីលបណ្តែតអន្តរទ្វីប ធុន  Cruise  ល្បឿនលឿនជាងសម្លេង រាប់សិបដង ដែលរុស្ស៊ីបង្កើតឡើង សម្រាប់ អនាគតវែងឆ្ងាយ ដើរដោយម៉ូទ័រប្រើ ថាមពលនុយក្លេអ៊ែរ។ -ក្រសួងការពារជាតិរុស្ស៊ី ធ្លាប់បានបង្ហើបឲ្យដឹងថា មីស៊ីលនេះ ពេលបាញ់បង្ហោះចេញទៅ មានប្រវែង ១២ ម៉ែត្រ ហើយពេលវាហោះប្រតិបត្តិការ មានប្រវែង ៩ ម៉ែត្រ ។ បើមើលចំពីមុខតួខ្លួនវា វាមានរាងជា ពងក្រពើ បណ្តោយ ១ម៉ែត្រកន្លះ និង ទទឹង ១ ម៉ែត្រគត់។ -ផ្លូវហោះហើរនៃមីស៊ីលបណ្តែតនេះ គឺ ឥតកម្រិតចម្ងាយ ឥតកម្រិតពេលហោះឡើយ។ ដោយហេតុថា ផ្លូវហោះរបស់វា ” មិនអាចទាយទុកជាមុន” បានជាវាអាច ជំនះលើ រាល់ប្រព័ន្ធខែលមីស៊ីលការពារមីស៊ីល និង ប្រព័ន្ធការពារដែនអាកាស។ វាអាចប្រតិបត្តិការ នៅ ជុំវិញផែនដីតែម្តង ដោយហោះ ងាយបត់បែន នៅ កំពស់ទាបៗ ប្រែ រ៉ាដា សម្រាប់តាមដានដំណើរហោះរបស់វា ទៅជា គ្មានន័យ។ មូលហេតុនៃ ការបង្កើតមីស៊ីលប្រភេទថ្មីនេះ -មូលហេតុដែលបានជំរុញ រុស្ស៊ី ឲ្យសម្រេចចិត្ត បង្កើតមីស៊ីលនេះ កាលពីខែធ្នូឆ្នាំ ២០០១ គឺបណ្តាលមកពី សរអា កាលណោះបានដកខ្លួនចេញពី សន្ធិសញ្ញាស្តីអំពីការហាមប្រាមប្រព័ន្ធខែលប្រឆាំងមីស៊ីល  ដែលចុះ រវាង ក្រុង វ៉ាស៊ីនតោន និង ម៉ូស្គូ ក្នុងឆ្នាំ ១៩៧២។ -ពិតជាការដកខ្លួននេះ ដែលបានស្រាយដៃ សរអា ឲ្យដំឡើងប្រព័ន្ធខែលមីស៊ីលប្រឆាំងមីស៊ីល នៅលើ ដែនដីប៉ូឡូញ និង រូម៉ានី សម្រាប់ស្កាត់ចាប់មីស៊ីលរុស្ស៊ីណា ដែលអាចហោះ ចេញទៅ តាមទិសខាងលិច ម៉្លោះហើយបានជា រុស្ស៊ី ចាត់ទុកទង្វើអាមេរិកនេះ ថា ជាការគម្រាមដល់សន្តិសុខជាតិ និង សក្តានុពល នុយក្លេអ៊ែររុស្ស៊ី។ រួចសម្រាប់ស្ទាក់ចាប់មីស៊ីលរុស្ស៊ី និង ចិន ដែលហោះចេញទៅតាមទិសខាងកើត សរអា បង្កើតជា ប្រព័ន្ធខែលមីស៊ីលប្រឆាំងមីស៊ីល គឺ នៅលើដែនដី កូរ៉េខាងត្បូង និង ជប៉ុន។ ជាលើកដំបូង ដំណឹងស្តីអំពីអាវុធថ្មីរុស្ស៊ី គឺ មីស៊ីលបណ្តែត Bourevestnik  ត្រូវបានប្រកាសឲ្យដឹង ដោយ លោក ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ពេលថ្លែងសារប្រចាំឆ្នាំទៅកាន់រដ្ឋសភា ថ្ងៃ ១ មិនា ឆ្នាំ ២០១៨។ នៅខែកុម្ភៈឆ្នាំ ២០១៩ ប្រព័ន្ធផ្សព្វផ្សាយ  Business Insider ដោយធ្វើអត្ថាធិប្បាយអំពី ការសាកល្បងវា ជាលើកទី ១៣ បានថ្លែងថា មីស៊ីលនេះ រហូតមកទល់ឥឡូវ នៅមិនទាន់ដំណើរការស្រួលបួលនៅឡើយ ហើយ ដោយយោងទៅលើ ចារកិច្ចអាមេរិក គ្រាន់តែលំអិតថា ក្នុងអំឡុងពេលសាកល្បង មានតែមួយលើក ប៉ុណ្ណោះ ដែល ការសាកល្បងមីស៊ីល Bourevestnik រុស្ស៊ី សម្រេចបានជោគជ័យមែន។ សូរខ្ទរនៅ បស្ចិមលោក បណ្តាលមកពីការផ្ទុះពេលសាកល្បងមីស៊ីលថ្មី

ថ្ងៃព្រហស្បត៏ទី ៨ សីហា នៅឯ មូលដ្ឋានពិសោធ ទី ៤៥ របស់កងនាវារុស្ស៊ី ពេលសាកល្បងម៉ូទ័រ នុយក្លេអ៊ែរ របស់មីស៊ីលនោះ វាស្រាប់តែផ្ទុះឆេះ បណ្តាលឲ្យស្លាប់អ្នកប្រាជ្ញនុយក្លេអ៊ែររុស្ស៊ី អស់ ៥ នាក់ និង របួស ប្រមាណ ១០ នាក់ ហែហមទៅដោយ ការកើនឡើងអស់មួយរយៈពេល នៃកម្រិតវិទ្យុសកម្ម នៅក្នុង លំហអាកាស ត្រង់កន្លែងផ្ទុះនោះ។ ដោយធ្វើអត្ថាធិប្បាយអំពីឧបទ្វហេតុនេះ ប្រធានាធិបតី សរអា លោក ដូណាល់ ត្រាំ សរសេរលើទំព័រ Twitter ថា តាមរយៈការផ្ទុះនេះ ក្រុង វ៉ាស៊ីនតោន “ បានដឹងរឿងច្រើន “ ។ តាមសំណេរ លោក ត្រាំ ៖ -សរអា “បានដឹងរឿងច្រើន” ដោយមកពីការផ្ទុះ ពេលសាកល្បងបាញ់បង្ហោះមីស៊ីលនៅរុស្ស៊ីដែល  មិន សម្រេចដូចចិត្ត ។ សរអា ក៏មាន បច្ចេកវិជ្ជាដូចគ្នានេះដែរ ប៉ុន្តែទំនើបជាង។ ការផ្ទុះមីស៊ីល Skyfall រុស្ស៊ី បានបង្ខំ អ្នកស្រុក ឲ្យធ្លាក់ក្នុងក្តីព្រួយបារម្ភ អំពី ខ្យល់អាកាសនៅជុំវិញកន្លែងផ្ទុះ និង នៅទីឆ្ងាយពី កន្លែងនោះ ទៅផង។ គឺជា ការមិនល្អទេ។ ប៉ុន្តែ អាជ្ញាធរនៃខេត្តរុស្ស៊ី ជាទីដែលមានប្រព្រឹត្តទៅ ការផ្ទុះនោះ អះអាងថា ក្រោយពីឧបទ្វហេតុនោះ  ឥត មានកត់ត្រាឃើញ ខ្យល់អាកាសឆ្លងដោយធាតុវិទ្យុសកម្ម ក្នុងកម្រិតគ្រោះថ្នាក់ដល់ សុខភាពឡើយ ។  អាចជា ការគម្រាមឫ ដល់បក្សសម្ព័ន្ធអូតង់ ឧបទ្វហេតុនៅឯមូលដ្ឋានកងនាវារុស្ស៊ី ជាការបញ្ជាក់សម្រាប់អូតង់ថា រុស្ស៊ីពិតជាសាកល្បងមែនមីស៊ីល Bourevestnik ទាំងរំលឹកថា មីស៊ីលនេះ ស្ថិតក្នុងដំណាក់ស្រាវជ្រាវផលិត ម៉្លោះហើយ តាមមើលទៅ វានឹងចូលខ្លួន ទៅបំពាក់កងទ័ព យ៉ាងឆាប់ណាស់ ក្នុងឆ្នាំ ២០៣០ - មតិនេះ លើកឡើងដោយលោក Mathieu Buleg សហការីនៃ វីជ្ជាស្ថានអង់គ្លេសខាងទំនាក់ទំនងអន្តរជាតិ Chatham House ។ ពួកអ្នកជំនាញលោកខាងលិច ក្នុងសម្ភាសន៍ទៅ BBC កត់សម្គាល់ថា ៖ អូតង់ ក្នុងសព្វាវុធខ្លួន គ្មានមីស៊ីល បែបនេះទេ។ ក្នុងទសវត្សទី ៦០ នៅសរអា មានគម្រោងក្រោមឈ្មោះថា Pluton ខាងបង្កើតមីស៊ីល ដើរ ដោយម៉ូទ័រនុយក្លេអ៊ែរ ហោះកំពស់ទាបៗ ដោយល្បឿនលឿនជាងសម្លេងជាច្រើនដង ហៅថា SLAM។ ប៉ុន្តែ មីស៊ីលនោះ ត្រូវបានទទួលស្គាល់ថា តម្រូវឲ្យចំណាយច្រើនជ្រុល ហើយគ្រោះថ្នាក់។ បើម៉ូស្គូ អាចសម្រេច មែនគម្រោងខ្លួន ខាងស្រាវជ្រាវនិងផលិតមីស៊ីល Bourevestnik ក្នុងចំនួនច្រើនតែម្តង នោះឃ្លាំងអាវុធ បែបនេះ អាចពាំនាំជាហានិភ័យ សម្រាប់អូតង់ ហើយ ផ្តល់លទ្ធភាពដល់រុស្ស៊ី ឲ្យផ្ចាញ់ទីដៅនៅឆ្ងាយៗ  ។  រុស្ស៊ី នៅបន្តស្រាវជ្រាវ បង្កើតមីស៊ីលខ្លះទៀត ដែលល្បឿនវា លឿនជាងសម្លេងរាប់សិបដង ពោលគឺ ៖ -មីស៊ីល Tsirkon សម្រាប់ប្រយុទ្ធទល់នឹងនាវាផ្ទុកយន្ដហោះ ដែលនឹងចូលខ្លួនទៅបំពាក់ កងទ័ពរុស្ស៊ី មុនឆ្នាំ ២០២៧។ -មីស៊ីល Kinjal បង្ហោះចេញពីយន្ដហោះ ដែលជាលើកដំបូងបង្ហាញឲ្យសាធារណជនឃើញ នៅដើមខែ សីហានេះ។ -មីស៊ីល Avangard ព្រលែងចេញពីខ្លួនវា គឺប្លុកមីស៊ីលបណ្តែត ដែលត្រូវបានចាប់ផ្តើមផលិត យ៉ាងច្រើន តែម្តង ចាប់ពី ខែ កក្កដា ឆ្នាំ ២០១៨ មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ