rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សុខភាព

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អង្គការសុខភាពពិភពលោក៖គិតតាំងពីខែមករា ជំងឺកញ្ជ្រឹលបានកើនមួយជាបីនៅក្នុងលោក

media
ការចាក់ថ្នាំវ៉ាក់សាំងប្រឆាំង​ជំងឺកញ្រ្ជឹល Alix Guigon/AFP

នៅ​ថ្ងៃ​អង្គារ ទី១៣ សីហា អង្គការ​សុខភាពពិភពលោក​ហៅកាត់​ជា​ភាសា​អង់គ្លេស WHO បាន​ផ្សព្វផ្សាយ​របាយការណ៍​មួយ​ស្តីពី​ស្ថានភាព​ជំងឺកញ្ជ្រឹល​ក្នុង​លោក។ របាយការណ៍​បាន​ឲ្យ​ដឹង​ថា ពី​ថ្ងៃទី១ មករា​ដល់​ថ្ងៃ​ទី៣១ កក្កដា ឆ្នាំ ២០១៩ នេះ មាន​កើត​ជំងឺកញ្រឹ្ជល​ចំនួន ៣៦៤ ៨០៨ករណី ពោល​ច្រើន​ជាង​ជិត ៣ដង បើ​ធៀប​នឹង​ឆ្នាំ ២០១៨ ក្នុង​រយៈពេល​ដូច​គ្នា​ដែល​មាន​តែ ១២៩ ២៣៩ករណី។ តាម​អង្គការ WHO នេះ​ជា​តួលេខ​មួយ​ដ៏​ខ្ពស់​ខ្លាំង​មិន​ធ្លាប់​មាន​គិត​តាំង​ពី​ឆ្នាំ ២០០៦ ហើយ​អាហ្រ្វិក​ជា​ទ្វីប​ដែល​មាន​កើត​ជំងឺកញ្ជ្រឹល​ច្រើន​ជាង​គេ។


តាម​អង្គការ​សុខភាពពិភពលោក សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ ម៉ាដាហ្កាស្កា និង​អ៊ុយក្រែន​ជា​ប្រទេស​ដែល​មាន​កើត​ជំងឺកញ្ជ្រឹល​ច្រើន​ជាង​គេ។ បន្ទាប់​មក នៅ​មាន​ប្រទេស​អង់ហ្គោឡា កាមេរូន ឆាដ កាហ្សាក់ស្ថាន នីហ្សេរីយ៉ា ស៊ូដង់ខាងត្បូង ស៊ូដង់ ហ្វីលីពីន និង​ប្រទេស​ថៃ។ តែ WHO បាន​សម្កាល់​ឃើញ​ថា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ និង​ដោយ​មាន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺកញ្ជ្រឹល​ជា​បន្ទាន់ ចំនួន​ករណី​ជំងឺកញ្ជ្រឹល​នៅ​ម៉ាដាហ្កាស្កា​បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ចំណែក​សហរដ្ឋអាមេរិក​បាន​ស្គាល់​កំណើន​ករណី​ជំងឺកញ្រ្ជឹល​មិន​ធ្លាប់​មាន គិត​តាំង​ពី ២៥ឆ្នាំ។

នៅ​ក្នុង​តំបន់​អឺរ៉ុប​សម្រាប់ ៦ខែ​ក្នុង​ឆ្នាំ ២០១៩ នេះ ចំនួន​ករណី​ជំងឺកញ្ជ្រឹល​មាន​ជិត ៩០ ០០០ករណី ពោល​មាន​ច្រើន​ជាង​ពេញ​មួយ​ឆ្នាំ ២០១៨ ដែល​មាន​ចំនួន ៨៤ ៤៦២ករណី។ បើ​និយាយ​ជា​លក្ខណៈ​ទូទៅ​នៅ​តាម​តំបន់​វិញ តំបន់​អាហ្រ្វិក​បាន​ស្គាល់​កំណើន​ករណី​ជំងឺកញ្ជ្រឹល​គុណ ១ ជា ១០ តំបន់​អាស៊ីប៉ាស៊ីហ្វិកខាងលិច​មាន​កំណើន ២៣០% និង ៥០% នៅ​ក្នុង​តំបន់​មេឌីទែរ៉ាណេខាងកើត។ ដោយឡែក​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​អាមេរិក អង្គការ​សុខភាពពិភពលោក​បាន​កត់សម្កាល់​ឃើញ​ការ​ធ្លាក់​ចុះ​ករណី​ជំងឺកញ្ជ្រឹល​ចំនួន ១៥%។

តែ WHO បាន​យល់​ឃើញ​ថា ចំនួន​ករណី​ជំងឺកញ្ជ្រឹល​ពិតប្រាកដ​នៅ​ក្នុង​លោក​អាច​នឹង​មាន​ច្រើន​ជាង​តួលេខ​ផ្លូវការ ព្រោះ​ក្នុង​ចំនួន ១០ករណី មាន​មិន​ដល់ ១ករណី​ផង​ដែល​ត្រូវ​បាន​គេ​ប្រកាស​ឲ្យ​ដឹង​ជា​ផ្លូវការ។ គួរ​ជម្រាប​ថា កញ្ជ្រិល​ជា​ជំងឺ​មួយ​ក្នុង​ចំណោម​ជំងឺ​ឆ្លង​ខ្លាំង​ក្នុង​លោក ហើយ​ការ​ស្លាប់​ភាគច្រើន​ដោយ​កញ្រ្ជឹល​ក៏​ដោយសារ​តែ​ការ​ព្យាបាល​ជួប​ផលវិបាក​ផ្សេងៗ​ទៀត។ តាម​អង្គការ​សុខភាពពិភពលោក ជំងឺឆ្លងរាត្បាត​មួយ​នេះ​ច្រើន​ផ្ទុះ​ខ្លាំង​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​មិន​សូវ​មាន​ការ​ចាក់​ថ្នាំវ៉ាក់សាំង។ WHO បាន​យល់​ឃើញ​ថា មនុស្ស​គ្រប់រូប​មាន​អាយុ​ពី​ជាង ៦ខែ​ឡើង​ទៅ​ត្រូវ​ចាក់​ថ្នាំវ៉ាក់សាំង​ប្រឆាំង​កញ្រ្ជឹល​មុន​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ដែល​មាន​វត្តមាន​ជំងឺកញ្ជ្រឹល។ អង្គការ​សុខភាពពិភពលោក​បាន​ផ្តល់​អនុសាសន៍​ឲ្យ​អ្នកដំណើរ​គ្រប់រូប​ត្រូវ​ចាក់​ថ្នាំវ៉ាក់សាំង​ប្រឆាំង​កញ្រ្ជឹល​ឲ្យ​បាន​យ៉ាង​តិច ១៥ថ្ងៃ មុន​នឹង​ធ្វើ​ដំណើរ៕